ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តំណាងរាស្ត្រ​ប្រមូលស្នាម​មេ​ដៃ​ទាម​ទារ​អាសនៈ​រដ្ឋ​សភា​វិញ

  • គង់ សុឋានរិទ្ធ

ស្ត្រី​ម្នាក់​កាន់បដា​ស្លាក​គណ​បក្ស​សង្គ្រោះជាតិ។​
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ជំទាស់​ធំជាង​គេ​សម្រាប់​ការ​បោះឆ្នោត​ខែ​កក្កដា​ខាង​មុខ​នេះ ​បាន​ឲ្យដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​គណបក្ស​របស់​ខ្លួន​កំពុង​ប្រមូល​នូវ​ស្នាម​មេដៃ​ពី​សកម្មជន​នយោបាយ​តាម​មូលដ្ឋាន​ដើម្បី​ដាក់​ញ្ញត្តិ​ទាមទារ​ឲ្យ​រដ្ឋ​សភា​ជាតិ​ប្រគល់​អាសនៈ​តំណាង​រាស្ដ្រ​ឲ្យ​ដល់​មន្ត្រី​គណបក្ស​របស់​ខ្លួន​វិញ។​

កាល​ពីដើម​ខែ​មិថុនា​នេះ​ គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​សម្រេច​ដក​សមាជិក​ភាពតំណាង​រាស្ដ្រ​គណបក្ស​សម រង្ស៊ី​របស់​លោក​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា​សរុប​យ៉ាង​តិច​ចំនួន​២៧​រូប​ ដែល​ត្រូវ​បាន​បណ្តេញចេញ​ដោយសារ​តែ​តំណារាស្ត្រ​គណបក្ស​ទាំង​ពីរ​បាន​ចូល​រួម​បង្កើត​គណបក្ស​ថ្មី​មួយ​គឺ​គណបក្ស​សង្រ្គោះ ជាតិ។ ​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជូន​ញ្ញត្តិ​ទៅ​កាន់​សកម្មជន​របស់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ដើម្បី​ផ្តិតមេដៃ​ជំរុញ​ឲ្យ​រដ្ឋសភា ដែលមាន​សមាជិក​ពី​គណបក្ស​កាន់​អំណាច​យ៉ាង​លើស​លុប ​ប្រគល់​កៅអី​តំណាង​រាស្ត្រ​ដល់​គណបក្ស​ជំទាស់​វិញ។​

លោក​យឹម សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​សមាជិក​សភា​មួយរូប​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​កៅអី​ក្នុង​រដ្ឋសភា​ មាន​ប្រសាសន៍​ថា​ មាន​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ​និង​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ស្នាម​មេដៃ​របស់គេ​មក​គណបក្ស​រួច​ហើយ។​

​លោក​និយាយ​ថា៖​ «ឥឡូវ​បាន​ជិត​៧០០០​នាក់​ហើយ។ ​យើង​គ្រោង​២ម៉ឺន​នាក់​ជំហាន​ដំបូង ​ដើម្បី​សុំ​ឲ្យ​គណៈកម្មការ​អចិន្ត្រៃយ៍​សភា​ពិនិត្យ​លើ​សេចក្តី​សម្រេច​របស់​ខ្លួន ​ពីព្រោះ​សេចក្តី​សម្រេច​នេះ​បាន​ធ្វើ​ឲ្យ​បាត់បង់​តួនាទី​តំណាង​រាស្ត្រ​ដែល​នេះ​ជា​ការ​រំលោភ​សិទ្ធិ​ប្រជា​ពលរដ្ឋ។ ​មាន​ប្រជា​ពលរដ្ឋ​រាប់​លាន​នាក់​ដែល​បាន​បោះឆ្នោត​ឲ្យ​តំណាងរាស្ដ្រ»។​

មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ជំទាស់​ដដែល​ព្រមាន​ថា ​ប្រសិន​បើ​រដ្ឋសភា​មិន​ព្រម​ប្រគល់​តួនាទី​ដល់​តំណាង​រាស្ត្រ​បក្ស​ជំទាស់​វិញ​នោះ​ទេ ​គណបក្ស​ជំទាស់​នឹង​ជំរុញ​ឲ្យ​មាន​ការ​ផ្តិត​មេដៃ​ទាមទារ​កាន់​តែ​ច្រើន​ថែម​ទៀត។​

ជាមួយ​គ្នា​នេះ​ញ្ញតិ្ត​ ដែល​បាន​ធ្លាក់​ដល់​ដៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ បាន​ព្រមាន​ថា​ នឹង​មាន​មហា​បាតុកម្ម​ធំ​មួយ ​ប្រសិន​បើ​រដ្ឋសភា​មិន​ព្រម​ផ្តល់​កៅអី​តំណាងរាស្ដ្រ​ដល់​គណបក្ស​ជំទាស់​វិញ​នោះ​ទេ។​

លោក​ឈាង វុន ​សមាជិក​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​គណៈ​កម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋ​សភា​ បញ្ជាក់​ថា​ ការបាត់បង់​សមាជិក​ភាព​នៃ​មន្ត្រី​គណបក្ស​ជំទាស់​ទាំងពីរ​គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះជាតិ​នោះ​ គឺជា​ការ​បាត់បង់​សមាជិក​ភាព​តំណាង​រាស្ដ្រ​ជា​ស្វ័យ​ប្រវត្តិ​តាម​ច្បាប់​ដែល​មាន​ចែង​ស្រាប់។​

លោក​ឈាង វុន​លើក​ឡើង​ថា ​ញ្ញត្តិ​របស់​គណបក្ស​ជំទាស់​នឹង​មិន​មាន​ឥទ្ធិពល​នោះ​ទេ។​

លោក​និយាយ​ថា៖ «ញ្ញ​តិ្ត​នេះ​មិន​មែន​ជា​ច្បាប់​ទេ។​ ហើយ​ការ​កៀប​សង្កត់​រដ្ឋ​សភា​គឺជា​ការ​យល់​ច្រឡំ»។​

លោក​ឈាង វុន​បាន​លើក​ករណី​លោក​សម រង្ស៊ី ​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ និង​លោក​ខឹម វាសនា​ ដែល​ត្រូវ​បណ្តេញ​ពី​គណបក្ស​សម រង្ស៊ី។​ ហើយ​អ្នក​នយោបាយ​ទាំងពីរ​ត្រូវ​បាត់បង់​សមាជិក​ភាព​តំណាង​រាស្ដ្រ​ដូច​គ្នា។​

ប៉ុន្តែ​លោក​យឹម សុវណ្ណ​ឆ្លើយតប​មកវិញ​ថា​ ធ្លាប់​មាន​សមាជិក​សភា​បាន​រត់​ចេញពី​គណបក្ស​សម រង្ស៊ី​ចូល​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ​ប៉ុន្តែ​មិនត្រូវ​បាន​ដក​កៅអី​តំណាង​រាស្ដ្រ​នោះ​ទេ​ ដោយសារអ្នក​ផ្តាច់​ខ្លួន​រូប​នោះ​ត្រូវ​ការពារ​ដោយ​គណបក្ស​កាន់​អំណាច។​ ​មួយវិញ​ទៀត​លោក​យឹម សុវណ្ណ​លើក​ឡើង​ថា ​តាមច្បាប់ ​បើ​តំណាងរាស្ត្រ​ចេញពី​បក្ស​របស់ខ្លួន​ក្រោយ​រយៈពេល​ប្រាំ​មួយ​ខែ​មុន​ការ​បោះឆ្នោត​ នោះ​សមាជិក​ភាព​សភា​រប​ស់​ខ្លួន​នឹង​មិន​ត្រូវ​បាត់បង់​នោះ​ទេ ​ពោល​គឺ​ដូច​ករណី​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ក្នុង​ពេល​នេះ។​

នេះ​គឺជា​ចលនា​នយោបាយ​មួយ​ទៀត​ក្នុង​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​ថ្ងៃ​ទី២៨​ខែកក្កដា​កាន់តែ​ខិតជិត​មក​ដល់។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​ពី​បញ្ហា​នយោបាយ​ខ្មែរ​ មាន​ប្រសាសន៍​ថា​ ទោះជា​មាន​ការ​បណ្តេញ​តំណាង​រាស្ដ្រ​ជំទាស់​ចេញ​ពី​តួនាទី​ ប៉ុន្តែ​ការ​តវ៉ា​របស់​ក្រុម​ប្រជា​ពលរដ្ឋ​ជា​សិទ្ធិ​ស្រប​ច្បាប់​ដើម្បី​ឲ្យ​មាន​ការ​កែប្រែ​ការ​សម្រេច​ចិត្ត​នេះ។ ទោះជា​យ៉ាងណា​ បញ្ហា​ត្រង់​ថា ​មិន​មាន​ច្បាប់​ចែង​ថា​ សមាជិក​សភា​ដែល​ត្រូវ​បណ្តេញ​ចេញ​អាច​នឹង​វិល​ចូលធ្វើ​ការងារ​របស់ខ្លួន​វិញ​នោះ​ទេ។​

លោក​និយាយ​ថា៖ ​«ក្នុង​បរិបទ​នយោបាយ​សព្វថ្ងៃ សភា​ដែល​មាន​សមាជិក​សឹង​សុទ្ធតែ​គណបក្ស​តែ​មួយ ​ហើយ​គណបក្ស​នេះ​កំពុង​តតាំង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដូច្នេះ​លទ្ធ​ភាព​(ជោគជ័យ)​ សឹង​តែ​សូន្យ (សម្រាប់​ការទាមទារ​របស់​សមាជិក​សភា​ទាំង​នេះ)»។​

ទោះជា​បែបនេះ​ក្តី​ លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ជឿថា ​ការ​បណ្តេញ​តំណាងរាស្ត្រ​ជំទាស់​ចេញពី​សភា​អាច​ជា​ប្រធានបទ​សម្រាប់​ការ​ឃោសនាបោះឆ្នោត​ដើម្បី​បង្ហាញ​ពី​ការ​កៀប​សង្ក​ត​ផ្នែក​នយោបាយ​លើ​គណបក្ស​គូ​ប្រជែង​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​លក្ខណៈ​សេរី ​និង​យុត្តិធម៌​សម្រាប់​ការ​បោះឆ្នោត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG