ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រាប់​បែក​ចំណាស់​មួយ​គ្រាប់​ស្ថិត​នៅ​ក្បែរ​វេទិកា​គណ​បក្ស​សង្គ្រោះ​ជាតិ​​នៅ​ក្រុង​សៀមរាប


នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប​កាលពី​ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០១៣ នេះ​ លោក សម រង្ស៊ី ត្រូវ​បាន​អ្នកគាំទ្រ​គណបក្ស​របស់​លោករាប់​ពាន់​អ្នក​ចេញ​មក​ស្វាគម។
នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប​កាលពី​ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០១៣ នេះ​ លោក សម រង្ស៊ី ត្រូវ​បាន​អ្នកគាំទ្រ​គណបក្ស​របស់​លោករាប់​ពាន់​អ្នក​ចេញ​មក​ស្វាគម។
ភ្នំពេញ៖ គ្រាប់​បែក​ចំណាស់​មួយ​គ្រាប់​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វេទិកា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃព្រហស្បតិ៍​នេះ ក្នុង​ក្រុង​សៀមរាប។ នេះ បើ​តាម​ការឲ្យ​ដឹង​របស់​អជ្ញាធរ​ខេត្ត និង​មន្ត្រី​គណបក្ស​ជំទាស់។

មន្ត្រី​គណបក្ស​ជំទាស់​និង​មន្ត្រី​សិទ្ធិ​មនុស្ស​ បាន​សំដែង​កង្វល់​ចំពោះ​សន្តិសុខ​ក្រោយ​ពី​ការរកឃើញ​គ្រាប់​បែក​នេះ។

លោក​ សម ​រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​លោក ​កឹម ​សុខា​ អនុ​ប្រធាន​គណបក្សនេះ បាន​ចុះ​ជួប​ក្រុម​ប្រជាពលរដ្ឋ​អ្នកគាំទ្រ​រ​បស់​ខ្លួន​នៅ​ក្នុង​វត្ត​គង់​ម៉ុច ​ក្នុង​ភូមិ​កក្រាញ់ ​នៃ​សង្កាត់​សៀមរាប​ ក្រុង​សៀមរាប​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស្វែង​រក​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោតសម្រាប់​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត។ ​លុះ​វេទិកា​ជិត​ឈាន​ដល់​ទី​បញ្ចប់​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១១​ព្រឹកភ្នាក់ងារ​របស់​គណបក្សបាន​ប្រទះ​ឃើញ​គ្រាប់​បែក​មួយ​គ្រាប់​ស្ថិត​នៅ​ក្បែរ​របង​វត្ត ដែល​ស្ថិត​នៅ​ចម្ងាយ​ចន្លោះ​ពី​២៥​ទៅ​៥០ម៉ែត្រ​ពី​អង្គ​វេទិកា​នេះ​បើ​តាម​ប្រភព​ផ្សេងៗ​គ្នា។

គ្រាប់​បែក​នេះ​មាន​រាង​មូល​និង​ផ្នែក​គន្លឹះ​សម្រាប់​ផ្ទុះ​រុំពទ្ធ័​ដោយ​ច្រេះ​និង​ដី។

លោក​ស្រី កែ​ សុវណ្ណរ័ត្ន​ បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ដ្រ​ខេត្តសៀម​រាប​មាន​ប្រសាសន៍​ថា គ្រាប់​បែក​នេះ ​ទំនង​ជា​ត្រូវ​គេ​យក​មក​ផ្លុង​ចោល​នៅ​ទី​នេះ។

«​ជា​កន្លែង​របង​វត្ត​និង​សាលា​រៀន​ដែល​កូន​ក្មេង​ទៅ​រៀន​រាល់​ថ្ងៃ​ ហេតុ​អ្វី​បាន​ជា​ទើប​តែ​មាន​នៅ​ថ្ងៃ​នេះ?​ពី​មុន​មក​ហេតុ​អ្វី​ក៏​មិន​មាន?។​ បើ​យើង​វិភាគ​ទៅ​លើ​ដី​ដែល​ប្រឡាក់​គឺ​មិន​មែន​ដី​នៅ​ទី​នេះ។ ​ដូច្នេះ​យើង​មាន​ការ​សង្ស័យ​ថា ​តើ​ហេតុ​អ្វី​បាន​ជា​គ្រាប់​បែក​នេះ​មក​នៅ​កន្លែង​នេះ។ ​ហើយ​កន្លែង​នេះ​ យើង​បាន​ទៅ​មើល​ពី​ល្ងាច​ម្សិល​មិញ»។

នេះ​ ជាការ​រក​ឃើញ​សំណៅ​គ្រាប់​បែក​ដៃ​លើក​ទី​៣​ក្រោយ​ពី​ការបោះ​ឆ្នោត​ថ្ងៃ​ទី​២៨​ខែ​កក្កដា។ ការ​រក​ឃើញ​ចំនួន​ពីរ​ដង​មុន​ស្ថិត​នៅ​រាជធានី​ភ្នំពេញ។

លោកស្រី​កែ​ សុវណ្ណរ័ត្ន ​ចាត់​ទុក​ថា​ គ្រាប់​បែក​នេះ​ជា​ការ​គំរាម​ដល់​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​មក​ចូល​រួម​វេទិកា​របស់​គណបក្ស​ជំទាស់។

«វា​ជា​ការ​គំរាម​ស្មារតី។ ខ្ញុំ​សុំ​ឲ្យ​អជ្ញាធរ​មាន​សមត្ថកិច្ច​និង​អ្នក​ជំនាញ​ត្រូវ​តែ​សិក្សា​បញ្ហា​នេះ។ រឿង​នេះ​មិន​មែន​ជា​រឿង​លេង​សើច​ទេ​ គឺជា​ការ​គំរាម​ស្មារតី​របស់​ប្រជា​ពលរដ្ឋ។ ​ពី​ព្រោះ​កន្លែង​នេះ​ ជា​ផ្លូវ​ធ្វើ​ដំណើរ​ទៅវិញ​ទៅមក​។ មិន​មែន​ជា​កន្លែង​ដែល​គេ​បោះ​បង់​ចោល​ទេ។ ​ហេតុ​អ្វី​បាន​ជា​ទើប​នឹង​មាន​ថ្ងៃ​នេះ?»។

ប៉ុន្តែ​លោក​ឧត្តមសេនីយ៍ ស៊ត ​ណាឌី ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប​អះអាង​ថា ​នេះ​ជា​គ្រាប់​បែក​ដែលដោយ​មក​តាម​ដី​បាត​ស្ទឹងសៀមរាប ​ដែល​ប្រជាពលរដ្ឋ​អ្នកភូមិស្តារយក​ចេញពី​បាតស្ទឹង។

លោក​ស្នងការ​បញ្ជាក់​ថា​ គ្រាប់​បែក​នេះ​មិន​អាច​បង្ក​គ្រោះ​ថ្នាក់​នោះ​ទេ។

«ខាង​ខ្ញុំ​និង​ខាង​ស៊ីម៉ាក់​បាន​យក​គ្រាប់​នោះ​ហើយ។ ​នេះ​ជា​កន្លែង​ស្តារ​ស្ទឹង​សៀមរាប។ ​វា​ដោយ​តាម​ដី​តាម​អី​មក។ យូរ​ដែរ​ហើយ។ ​ដូច​ជា​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ទេ​ព្រោះ​វា​ច្រេះ​អស់​ហើយ។​ បាត់​គន្លឹះ​អស់​ហើយ»។

ដោយ​ឡែក​លោក ​នូ ​ពុទ្ធិ ​អ្នក​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​សៀមរាប​ឲ្យ​ដឹង​ថា ​អង្គការ​របស់​លោក​បាន​ដឹង​និង​ឃើញ​គ្រាប់​បែក​ដែល​ត្រូវ​បាន​រក​ឃើញ​នោះ។ ​ហើយ​អង្គការ​របស់​លោក​កំពុង​ស៊ើប​អង្កេត​អំពី​ភាព​ជាក់​ច្បាស់​នៃគ្រាប់​បែក​នេះបន្ថែម​ទៀត។

«ឥឡូវ​នេះ​ក្រុម​ការងារ​លីកាដូ​កំពុង​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​ថែម​ទៀត​នៅ​ជុំវិញ​ទីតាំង​ប្រទះ​ឃើញ​គ្រាប់​បែក​នោះ។​ ពិសេស​ផ្អែក​ទៅ​លើ​ពត៌មានដែល​យើង​កំពុង​សិក្សា​បន្ថែម​ទៀត»។​

គណបក្ស​សង្គ្រោះជាតិ​ បាន​ដាក់​ផែន​ការ​ធ្វើ​មហាបាតុកម្ម​ចំនួន​បីថ្ងៃ​ជាប់​គ្នានៅ​ចុង​សប្តាហ៍​នេះ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ដែល​គណបក្ស​នេះ​អះអាង​ថា​ មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​បាន​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត។

ហើយ​នៅ​ក្នុង​ពេល​នេះ​មេដឹក​នាំ​គណបក្ស​នេះ ​គឺ​លោក​សម រង្ស៊ី ​និង​លោក​កឹម​ សុខា​ កំពុង​ស្ថិត​ក្នុង​យុទ្ធនាការ​ចុះ​ជួប​អ្នកគាំទ្រ​របស់ខ្លួន​ក្នុង​ខេត្ត​សៀមរាប​ បន្ទាយ​មានជ័យ​ បាត់ដំបង​និងខេត្ត​ពោធិ៍សាត់៕
XS
SM
MD
LG