ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេឃុំ​​ជាប់​ឆ្នោត​របស់​​គណបក្ស​ភ្លើងទៀន​៤​នាក់ ប្តេជ្ញា​​បម្រើ​ប្រជា​ពលរដ្ឋ និង​លុប​បំបាត់​អំពើ​ពុករលួយ


រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​ថ្ងៃចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់អាណត្តិទី ៥ ​របស់​គណបក្ស​ភ្លើងទៀន​ ​នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ថ្ងៃ​ទី ០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​ថ្ងៃចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់អាណត្តិទី ៥ ​របស់​គណបក្ស​ភ្លើងទៀន​ ​នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ថ្ងៃ​ទី ០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

មេឃុំ​ជាប់​ឆ្នោត​របស់​គណ​បក្ស​ភ្លើង​ទៀនចំនួន​៤​នាក់​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ពល​រដ្ឋ​ឱ្យ​មាន​ប្រសិទ្ធ​ភាព ដោយ​លុប​បំបាត់​អំពើ​ពុក​រលួយ និ​ង​ធ្វើ​ទៅ​តាម​តម្រូវ​ការ​ជាក់​ស្តែង​របស់​ពលរដ្ឋ ដោយ​មិន​រើស​អើងនិន្នាការ​នយោបាយ​ណា​មួយឡើយ។

​លទ្ធផល​បឋម​នៃ​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ​បង្ហាញ​ថា គណ​បក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​បាន​ឈ្នះ​តំណែងមេ​ឃុំ​នៅ​ក្នុង​ឃុំ​ចំនួន​៤ ក្នុង​ខេត្ត​កំពង់ធំ​ចំនួន​៣ និង​ខេត្ត​កំពង់​ចាម​មួយ ដែល​អតីតគណ​បក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​ឈ្នះ​កាល​ពី​ឆ្នាំ​២០​១៧។ បើ​តាម​លទ្ធ​ផល​បោះឆ្នោត​បឋម​ ​ឃុំ​ដែល​គណ​បក្ស​ភ្លើង​ទៀន​ជាប់​ឆ្នោត​ធ្វើ​ជា​មេ​ឃុំ​ គឺនៅឃុំ​ផ្តៅ​ជុំ ស្រុក​ជើង​ព្រៃ ​ខេត្ត​កំពង់​ចាម ​និងឃុំ​ចំណារ​លើ ស្រុក​ស្ទោង ហើយ​នឹងឃុំ​ដូង និង​ឃុំ​ក្រយានៃ​ស្រុក​ប្រាសាទ​បល្ល័ង្គ ខេត្ត​កំពង់​ធំ។

មេ​ឃុំ​ចំនួន​៤​នាក់ មាន​កូតា​មក​ពី​គណ​បក្ស​ភ្លើង​ទៀន ដែល​ទទួល​សំឡេង​គាំទ្រ​ច្រើន​ឱ្យ​ធ្វើ​ជា​មេឃុំ​ បាន​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បម្រើ​ប្រជា​ពល​រដ្ឋ ដោយ​ភាព​ស្មោះ​ត្រង់ មិន​ពុក​រលួយ និង​ចង់​ធ្វើ​ឱ្យ​ឃុំ​របស់​ពួកគេ​ក្លាយ​ជា​ឃុំ​គំរូ។

លោក ពឹង សុហន់ អាយុ​៥៤​ឆ្នាំ ជា​បេក្ខជន​មេឃុំ​មក​ពី​គណ​បក្ស​ភ្លើង​ទៀន ក្នុង​ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្គ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោកនឹង​បម្រើ​សេវា​សាធារ​ណៈ និ​ង​សេវា​រដ្ឋ​បាល​ដល់​ព​លរដ្ឋ​ក្នុង​ឃុំ​ដូង​ឱ្យ​បាន​ទាន់​ពេល​វេលា​ ដោយ​ភាព​ស្មោះត្រង់ និងមិន​ពុក​រលួយ។ លោកបន្ថែម​ថា លោក​ចង់​ធ្វើ​ជា​មេឃុំ​គំរូ ដោយមិន​រើស​អើង​និន្នា​ការ​នយោ​បាយ​ណា​មួយ​ឡើយ។

លោក​ថ្លែង​ថា៖ «​បើ​យើង​ធ្វើ​មេភូមិ ប្រកាន់​បក្សពួក យើង​រើស​អើង វានៅ​តែ​អ៊ីចឹង​ មិន​ចេះ​ចប់​ទេ។ ចំពោះខ្ញុំ​មួយ​ ខ្ញុំ​អត់​ប្រកាន់​រើស​អើង​គណបក្ស​ណា​ទេ។ ក្នុង​នាម​ខ្ញុំ​ធ្វើ​ការ​ងារ​ឱ្យ​រដ្ឋាភិបាល ខ្ញុំ​អត់​មាន​ធ្វើ​ការ​ងារ​បម្រើ​បុគ្គល​ណា​ម្នាក់ ឬ​បម្រើ​បក្ស។ បក្ស​ខ្ញុំ​បម្រើ​ដែរ​ ប៉ុន្តែ​មាន​ពេល​ផ្សេង​ដែល​ខ្ញុំ​ត្រូវ​បម្រើ។ ខ្ញុំ​ទៅ​សាលា​ឃុំ គឺ​ខ្ញុំ​បម្រើ​ប្រជា​រាស្ត្រ​ទូទៅ អត់ប្រកាន់​រើស​អើង​គណ​បក្ស​ណា​ទេ ឱ្យ​តែ​ប្រជា​ពល​រដ្ឋ​ខ្មែរ»។

បើ​តាម​លោក​ ពឹង សុហន់ ​ឃុំ​ដូងមាន​ចំនួន​៥​អាសនៈ ហើយ​គណ​បក្ស​ភ្លើង​ទៀន ទទួល​បាន​សំឡេង​គាំទ្រ​ជាង​១.២០០​សំឡេង។ ចំណែក​ឯ​គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជាង​៩០០​សំឡេង។

​បេក្ខ​ជន​មេឃុំ​ អាយុ​៥៤​ឆ្នាំ​មក​ពី​គណ​បក្ស​ភ្លើង​ទៀន​រូប​នេះ ដែល​ធ្លាប់​ជាប់​ជា​មេឃុំ​កាល​ពីឆ្នាំ​២០១៧​របស់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា ​លោក​មិន​នឹក​ស្មាន​ថា​ប្រជា​ពល​រដ្ឋ​នៅ​តែ​ស្រឡាញ់ និង​គាំទ្រ​ស្នាដៃ​របស់​លោក ដែល​បាន​បម្រើ​ប្រ​ជា​ពល​រដ្ឋ កាល​ពី​កន្លង​ទៅ​នោះ​ទេ។

ដោយ​ឡែក​បេក្ខ​ជន​មេឃុំ​ម្នាក់​ទៀតមក​ពី​គណបក្ស​ភ្លើង​ទៀន ​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​សម្រាប់​ធ្វើ​ជា​មេ​ឃុំ​ក្រយា ស្រុក​ប្រាសាទ​បល្ល័ង្គ​ ​លោក យ៉ាប់ យ៉ូត ប្រាប់​វីអូអេ​ថា​លោក​នឹង​បម្រើ​ប្រជាពលរដ្ឋ​ទៅ​តាម​តម្រូវ​ការ​ជាក់​ស្តែង និង​សំណូមពរ​របស់​ប្រជា​ពលរដ្ឋ​ក្នុ​ង​ឃុំ​ ជា​ពិសេស​ជួយ​ដោះ​ស្រាយ​បញ្ហា​នានា​ដែល​ពល​រដ្ឋ​ប្រឈម ដោយ​ចុះ​ផ្ទាល់​ជាមួយពលរដ្ឋ និងមិន​មាន​ការ​រើស​អើង​និន្នា​ការ​នយោបាយ​ណា​មួយ​ទេ។

លោក​បញ្ជាក់​ថា៖ ​«នៅ​ពេល​ខាង​មុខ​ទៀត​នេះ ខ្ញុំ​នឹង​ប្តេជ្ញា​បម្រើ​ប្រជា​ពលរដ្ឋ​ ហើយ​ពេល​ដែល​មាន​បញ្ហា​អ្វី​មួយ យើង​នឹង​ប្រកាន់ ការ​ពារ​ប្រជា​ពល​រដ្ឋ​ ដែល​បាន​បោះ​ឆ្នោត​ឱ្យ។ ហើយ​យើង​មិន​លូក​ដៃ​ លូក​ជើង​ទៅ​ក្នុង​ការ​ងារ​ដទៃ​ ដែល​នាំ​ឱ្យ​ប្រជា​ពល​រដ្ឋ​របស់​យើង​អន្ត​រាយ ឬ​មាន​ការ​ពិបាក​ចិត្ត​ផ្សេងៗ គឺ​យើង​មិន​ធ្វើ​បែប​នោះ​ទេ គឺ​យើង​នឹង​ឈរ​នៅ​ខាង​ប្រជា​ពល​រដ្ឋ​របស់​យើង»។

បុរស​វ័យ​៥២​ឆ្នាំ ដែល​ធ្លាប់​ជាប់​ឆ្នោត​ជា​មេឃុំ​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ឆ្នាំ​២០១៧​ដែរ​នោះ បន្ថែម​ថា​ ឃុំ​ក្រយា ​មាន​៧​អាសនៈ ដោយ​គណបក្ស​ភ្លើង​ទៀន​ទទួល​បាន​៤​អាសនៈ។ លោក​បន្ថែម​ថា​ លោក​នឹងផ្តល់​សេវា​រដ្ឋ​បាល​ដល់​ប្រជា​ពលរដ្ឋឱ្យ​បាន​ឆាប់​រហ័ស​ និង​មាន​ប្រសិទ្ធភាព​ ហើយ​លោក​នឹងមិន​យក​កម្រៃ​ក្រៅ​ផ្លូវ​ការ ឬ​ប្រព្រឹត្ត​អំពើពុក​រលួយ​ណា​មួយ​នោះ​ទេ ​ដោយ​យក​តម្លៃ​សេវារដ្ឋ​បាល ​ឬ​សេវា​សាធារណៈ​ តាម​ការ​កំណត់​របស់​រដ្ឋ​តែ​ប៉ុណ្ណោះ។

​បេក្ខជន​មេ​ឃុំ​រូប​នេះ​ចង់​ឱ្យ​រដ្ឋ​ផ្តល់​លុយ​បន្ថែម​ទៀត​ ​ដល់​ការ​អភិវឌ្ឍ​ភូមិ​ឃុំ និងមូល​ដ្ឋាន​របស់​លោក។

ចំណែក​បេក្ខជន​មេ​ឃុំ​ចំណារ​លើ​ ក្នុង​ខេត្ត​កំពង់ធំ​ របស់​គណ​បក្ស​ភ្លើង​ទៀន លោក ញឹម សារ៉ុម អាយុ​៥២​ឆ្នាំ ថ្លែង​ថា​ កាល​ពី​ឆ្នាំ​២០១៧ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ធ្លាប់​ឈ្នះ​តំណែង​មេឃុំ​ចំណារ​លើ ក្នុង​ស្រុក​ស្ទោង​ដែរ។ លោក​បន្ត​ថា ​គណបក្ស​ភ្លើង​ទៀ​នបន្ត​ទទួល​បាន​សំឡេង​ឆ្នោតច្រើន​ជាង​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​អាណត្តិ​ទី​៥​នេះ។

លោក​បាន​ប្តេជ្ញា​ថា នៅ​ពេល​លោក​បាន​ចូល​កាន់​តំណែង​ពេញ​សិទ្ធិ លោក​នឹង​ដោះ​ស្រាយ​បញ្ហា​ប្រឈម ឬ​ការ​ត្អូញត្អែរ​របស់​ប្រជា​ពលរដ្ឋ​ និង​កសាង​ផ្លូវ​ថ្នល់​បន្ថែម​ទៀត​ បូករួម​ការ​ផ្តល់​សេវា​រដ្ឋ​បាល​ជូន​ពលរដ្ឋ ដោយ​ត្រឹម​ត្រូវ​ ទៅ​តាម​គោលការណ៍ច្បាប់​ ដោយ​មិន​យក​កម្រៃ​សេវា​រដ្ឋ​បាល​លើស​កម្រៃ​រដ្ឋកំណត់​នោះ​ទេ។ ​

លោក​ថ្លែង​ថា៖ «ពួក​ខ្ញុំ​នឹង​ប្តេជ្ញា​បម្រើ​ជូន​បងប្អូន​ដោយ​ត្រឹមត្រូវ​តាម​គោល​នយោបាយ​របស់​ពួក​ខ្ញុំ​ បាន​ផ្សាយ​កាល​ពី​ឃោសនា​រួច​ហើ​យ​ថា គឺ​ធ្វើ​ទៅ​តាម​ច្បាប់​កំណត់ កន្លែង​ណា​ដែល​ច្បាប់​មិន​បាន​កំណត់ គឺ​ពួក​ខ្ញុំ​នឹង​មិន​យក​កម្រៃ​ពី​បង​ប្អូន​ទេ»។

លោក​មាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​ដូច​ជា​ខ្លាចការ​ផ្តល់​កញ្ចប់​ថវិកា​រដ្ឋ​ក្នុង​ការ​អភិវឌ្ឍភូមិ​ឃុំ មាន​ការ​យឺត​យ៉ាវ​ និង​កា​រ​មិ​ន​យក​ចិត្ត​ទុក​ដាក់​សហការ​ជាមួយ​រូប​លោក​ ដែល​ជា​បេក្ខជន​មេ​ឃុំមក​ពី​គណបក្ស​ភ្លើង​ទៀន​ជា​ដើម។

ចំណែក​លោក ឆាង ផល្លា បេក្ខ​ជន​ជាប់​ឆ្នោត​ក្នុង​ឃុំ​ផ្តៅ​ជុំ ស្រុក​ជើង​ព្រៃ ខេត្ត​កំពង់​ចាម ក៏​មិន​ខុស​ពីបេក្ខជន​ជាប់​ឆ្នោត​ផ្សេង​ទៀត​ដែរ។ លោក​ធ្លាប់​ជាប់​ជា​បេក្ខជន​មេ​ឃុំ​របស់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ដោយធ្វើ​ជា​មេឃុំ​បាន​ជាង​៣​ខែ​ កាល​ពី​ឆ្នាំ​២០​១៧ មុន​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ។ លោក​ក៏ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បម្រើ​ប្រជា​ពល​រដ្ឋ​ដោយ​ភាព​ស្មោះត្រង់ និង​មិន​ពុក​រលួយ​ផង​ដែរ។

លោក ឡាញ់ ធឿន បច្ចុប្បន្ន​ជា​មេឃុំ​ផ្តៅ​ជុំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​វីអូអេ​ថា​ ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​នេះ លោក​មិន​មែន​ជា​បេក្ខជន​ឈរ​ឈ្មោះ​លេខ​រៀង​ទី​មួយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ហើយលោក​ឈរ​នៅ​លេខ​រៀង​ទី​ពីរ។ លោក​បន្ថែមថា​លោកជាប់​ឆ្នោត​ជា​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ ហើយ​នឹង​ត្រូវ​ធ្វើ​ការ​ជាមួយ​មេ​ឃុំ​ដែល​ត្រូវ​ឡើង​ថ្មី ​មក​ពី​គណ​បក្ស​ភ្លើង​ទៀន។ លោក​ថា​លោក​មិន​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​អ្វី​នោះ​ទេ ហើយ​នឹង​ព្យាយាម​ធ្វើ​ការ​ជា​មួយ​មេឃុំ​ថ្មី ក្នុង​ការ​អភិវឌ្ឍ​ភូមិ​ឃុំ​ឱ្យ​កាន់​តែ​ល្អ​។

លោក​បន្ថែម​ថា​ លោក​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេវា​រដ្ឋបាល​ជូន​ប្រជា​ពល​រដ្ឋ​បាន​ល្អ​ផងដែរ​ ប៉ុន្តែ​វា​អាច​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ដោះ​ស្រាយ​ទំនាស់​មួយ​ចំនួន​ផង​ដែរ​ ដូច​ជា​រឿង​ដីធ្លី ​ដោយ​សារ​តែ​មាន​ករណី​ច្រើន​។ លោកថា​ការចាញ់​ឈ្នះ គឺ​ជា​រឿង​ធម្មតា តែ​វា​ក៏​អាច​ទំនង​មក​ពី​ប្រជា​ពលរដ្ឋ​មិន​ពេ​ញ​ចិត្តរឿង​មួយ​ចំនួន​ ដែល​បាន​កើត​ឡើង​ក្នុង​មូល​ដ្ឋាន​របស់​លោក ដោយ​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​ចុះ​គាប​សង្កត់​ប្រជា​ពល​រដ្ឋ។

លោក​បញ្ជាក់​ថា៖ ​«មន្រ្តី​ជំនាញ​ផ្សេងៗ ចុះ​គាប​សង្កាត់​លើ​ប្រជាពល​រដ្ឋ​ ដែល​ធ្វើ​អាជីវកម្ម​ ​ដូច​ជា​ភ្ជួរ​រាស់ ភ្ជូរ​រាស់​ដីធ្លី ​ដាំដំឡូង​ ដាំស្វាយ​ គឺ​ចុះ​យក​លុយ​យក​កាក់​អី ​ជា​ញឹកញាប់។ ចាប់​ឈើ​ចាប់​អី ក្នុង​លក្ខណៈ​គ្នាដឹក​មក​ធ្វើ​ជា​របង​ លក្ខណៈ​លក់​ដូរ​តិច​តួច​គ្រួសារ​...ចៀស​មិន​ផុត​ទេ បញ្ហា​ហ្នឹង​ ​ប្រជាពល​រដ្ឋ​ ​គាត់​ខឹង​ហើយ​»។

គណ​បក្ស​ភ្លើង​ទៀន​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ពី​គណបក្ស ​សម រង្ស៊ី ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ដែល​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​ កឹម សុខា​ ដើម្បី​បង្កើត​គណ​បក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ឆ្នាំ​២០១២។​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​បាន​ឈ្នះ​តំណែង​មេ​ឃុំ​ចៅ​សង្កាត់ ប្រមាណ​៥០០ និង​ឈ្នះ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ប្រមាណ​៥​ពាន់​នៅ​ទូទាំង​ប្រទេស​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG