ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះជាតិ​​កែតម្រូវ​បញ្ជី​បេក្ខជន


ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះជាតិ​។ (រូបថត៖ គណបក្ស​សង្គ្រោះជាតិ)
ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះជាតិ​។ (រូបថត៖ គណបក្ស​សង្គ្រោះជាតិ)
គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ធំជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​បាន​ដាក់​ឯកសារ​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស​ និង​បញ្ជី​បេក្ខជន​តំណាង​រាស្ដ្រ​ជាថ្មី​នៅ​ថ្ងៃ​ពុធ​នេះ​ជូន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.)​ដើម្បីចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ។​

លោក​យ៉ែម ប៉ុញ្ញឫទ្ធិ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ក្រោយ​ពី​ដាក់​ឯកសារ​នោះ​ថា សំណុំ​ឯកសារ​ដែល​មាន​កំហុស​ត្រូវ​បាន​កែសម្រួល​រួច​រាល់​ហើយ។​

«អ្វី​ដែល​គ.ជ.ប.​ស្នើ​ឱ្យ​កែ​តម្រូវ​ យើង​យក​មក​ជូន​គាត់​គ្រប់​អស់​ហើយ។​ យើង​ពិនិត្យ​ឯកសារ​ម្តង​មួយៗ​ទៅ​លើ​ឈ្មោះ​ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ​ភេទ។ ​យើង​ពិនិត្យ​ម្តង​មួយៗ​ទៅ​តាម​បញ្ជី​បេក្ខជន​ ​តាម​មណ្ឌល​ផង ​បញ្ជី​ទូទៅ​ទូទាំង​ប្រទេស​ផង ​ហើយ​នឹង​លិខិត​បញ្ជាក់​ពី​សាលា​ឃុំ​សង្កាត់​ផង ​និង​សេចក្តី​ប្រកាស​របស់​បេក្ខ​ជន​ផង»។​

គណបក្ស​សង្គ្រោះ​ជាតិបាន​ចុះបញ្ជីឈ្មោះ​គណបក្ស​ និង​បញ្ជីបេក្ខជន​តំណាងរាស្ត្រ​របស់​ខ្លួន​កាល​សប្តាហ៍​មុន​នេះ ​ប៉ុន្តែ​គ.ជ.ប​មិន​ទាន់​បាន​ទទួល​ស្គាល់​បេក្ខភាព​របស់​គណបក្ស​នេះ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ​ដោយ​សំអាង​ថា​ ឈ្មោះបេក្ខជន​ចំនួន​ជាង​២០​រូប ​មាន​កំហុស​ផ្នែក​អក្ខរាវិរុទ្ធ ​ខ្វះ​ទិន្នន័យ​ពី​ភេទ ​ឬ​ថ្ងៃខែ​ឆ្នាំ​កំណើត​ជាដើម។​

សន្លឹក​ឆ្លោត​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨
សន្លឹក​ឆ្លោត​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨
គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​បេក្ខជន​សរុប​ចំនួន​៣៨៧រូប​សម្រាប់​មណ្ឌល​ឈរ​ឈ្មោះ​ទាំង​២៤​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស​ ក្នុង​នោះ​បេក្ខជន​ពេញ​សិទ្ធិ​មាន​ចំនួន​១២៣​នាក់។​
លោក​ទេព នីថា អគ្គ​លេខាធិការគណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្លែងថា​ ​នាយកដ្ឋាន​ជំនាញនៅ​ថ្ងៃ​ពុធ​នេះ​ ​បាន​ទទួល​ និង​កំពុង​ពិនិត្យ​មើល​ឯកសារ​កែ​តម្រូវរបស់​គណបក្ស​សង្គ្រោះ​ជាតិ ​ហើយ​នឹង​បញ្ជូន​ទៅ​កាន់​ថ្នាក់​ដឹកនាំ​គ.ជ.ប.​នៅ​ព្រឹក​ថ្ងៃ​ស្អែក​ដើម្បី​ពិភាក្សា។

«ពី​ព្រឹក​មិញហ្នឹង ​គណបក្ស​បាន​យក​ឯកសារ​ដែល​ត្រូវ​កែ​តម្រូវ​ហ្នឹង​មក​ដល់​នាយកដ្ឋាន​ជំនាញ​ដែល​សុំ​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ហើយ​ ហើយ​ក្រុម​ជំនាញ​បាន​ទទួល​និង​កំពុង​ធ្វើ​ការ​ពិនិត្យ។ ​ហើយ​ឯកសារ​ទាំង​អស់​ហ្នឹង​ នៅ​ថ្ងៃ​ស្អែក​ នឹង​ត្រូវ​រៀប​ចំ​ជូន​គ.ជ.ប​ដើម្បី​ធ្វើ​ការ​សម្រេច»។​

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ។​

លោក​ ទេព នី​ថា​ បញ្ជាក់​បន្ថែម​ថា ​ការ​ទទួល​ស្គាល់​ ឬ​បដិសេធ​ចោល​បេក្ខភាព​របស់​គណបក្ស​នេះ​នឹង​ត្រូវ​សម្រេច​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។​ ហើយ​ប្រសិន​បើ​ឯកសារ​បំពេញ​បន្ថែម​នៅតែ​មាន​ការ​ខ្វះ​ខាត​ គ.ជ.ប.​មាន​សិទ្ធិ​មិន​ទទួល​ស្គាល់​បេក្ខភាព​របស់​គណបក្ស​នេះ។​

ហើយ​គណបក្ស​សាម៉ី​មាន​រយៈ​ពេល​៥​ថ្ងៃ​ដើម្បី​ប្តឹង​ទៅ​កាន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​តវ៉ា។​
រហូត​មក​ទល់​ពេល​នេះ​ក្នុង​ចំណោម​គណបក្ស​សរុប​ចំនួន​ប្រាំបី​ដែល​បាន​ស្នើ​សុំ​ចុះបញ្ជី​គណបក្ស​ និង​បញ្ជី​បេក្ខជន​តំណាងរាស្ដ្រ​មាន​គណបក្ស​ចំនួន​ប្រាំ​ត្រូវ​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​គ.ជ.ប.។ ​ក្នុងនោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​គណបក្ស​ហ៊្វុនស៊ីន​ប៉ិច​របស់​លោក​ញ៉ឹក ប៊ុនឆៃ​ គណបក្ស​សញ្ជាតិ​កម្ពុជា ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ៕
XS
SM
MD
LG