ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.ស្នើ​ឱ្យ​គណបក្ស​ពីរ​ចុង​ក្រោយ​កែតម្រូវ​ឯកសារ​ចុះ​បញ្ជី


សន្លឹក​ឆ្លោត​និង​ឈ្មោះ​គណបក្ស​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨។
សន្លឹក​ឆ្លោត​និង​ឈ្មោះ​គណបក្ស​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨។
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​ហៅ​កាត់​ថា​គ.ជ.ប. ​បាន​តម្រូវ​ឲ្យ​គណបក្ស​ចំនួន​ពីរ​ដែល​បាន​ស្នើសុំ​ចុះបញ្ជី​ចុងក្រោយ​គេ​ឲ្យ​ធ្វើ​ការ​កែតម្រូវ​នូវ​ឯកសារ​ចាំបាច់​របស់ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក​ទេព នីថា ​អគ្គលេខាធិការ​គ.ជ.ប. ​ឲ្យ​ដឹង​ថា​គណបក្ស​ទាំងពីរ​មាន​កំហុស​ផ្នែក​អក្ខរាវិរុទ្ធ​ គ្មាន​ បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ដ្រ​និង​គ្មាន​បង្កាន់ដៃ​បង់​ប្រាក់​ចូល​រតនាគារ​ជាតិ។

«ព្រឹក​មិញ​នេះ​គ.ជ.ប. ​បាន​សម្រេច​លើ​គណបក្ស​ពីរ​ទៀត​គឺ​គណបក្ស​ខ្មែរ​ឈប់​ក្រ​និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែល​តម្រូវ​ឲ្យ​គាត់​ធ្វើ​ការកែ​តម្រូវ​នូវ​ឯកសារ​ខ្វះខាត​ក្នុង​រយៈពេល​ប្រាំ​ថ្ងៃ​ទៀត»។

គណបក្ស​ទាំងពីរ​នេះ​ទើប​នឹង​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ឈ្មោះ​គណបក្ស​កាលពី​ថ្ងៃ​ច័ន្ទ​ទី១៣​ខែឧសភា ​ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​រយៈពេល​១៥​ថ្ងៃ​សម្រាប់​ការដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​គណបក្ស​និង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ដ្រ។

លោក​ស៊ីន វណ្ណារិទ្ធ ​អគ្គលេខាធិការ​គណបក្ស​ខ្មែរ​ឈប់​ក្រ ​មាន​ប្រសាសន៍​ថា​លោក​បាន​ទៅ​យក​សំណុំ​ឯកសារ​ពី ​គ.ជ.ប. ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ហើយ​លោក​បញ្ជាក់​ថា​កំហុស​ភាគច្រើន​នៃ​ឯកសារ​ទាំងនោះ​គឺជា​កំហុស​អក្ខរាវិរុទ្ធ។

«ខ្ញុំ​សង្ឃឹមថា​ធ្វើ​ទាន់​ពីព្រោះ​ឯកសារ​ដែល​ច្រើន​លើសលប់​យើង​អត់​តម្រូវ​ឲ្យ​មេឃុំ​បញ្ជាក់​សារជាថ្មី​ទេ»។

គណបក្ស​ខ្មែរ​ឈប់​ក្រ​មាន​បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្ដ្រ​នៅក្នុង​២៣​ខេត្ត​ក្រុង​ក្នុង​ចំណោម​ខេត្ត​ក្រុង​សរុប​ចំនួន២។

ដោយឡែក​លោក​លឹម សំណាង ​អនុប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែល​មិនទាន់​មាន​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ដ្រ ​អះអាង​ថា​គណបក្ស​របស់​លោក​នឹង​កែតម្រូវ​នូវ​ឯកសារ​នេះ​និង​ប្រគល់​ជូន​គ.ជ.ប. ​វិញ​នៅ​ថ្ងៃទី១៨​ខែឧសភា​ខាងមុខ។

គ.ជ.ប.​ក៏​បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឡើង​រួមគ្នា​ដោយ​លោក​សម រង្ស៊ី ​និង​លោក​កឹម សុខា ​ឲ្យ​កែតម្រូវ​លើ​ឈ្មោះ​បេក្ខជន​ចំនួន​ជាង២០ រូប។ បេក្ខជន​ទាំងនេះ​មាន​កំហុស​ផ្នែក​អក្ខរាវិរុទ្ធ​ ខ្វះ​ទិន្នន័យ​អំពី​ភេទ​ឬ​ថ្ងៃខែ​កំណើត​ជាដើម​ហើយ​គណបក្ស​ជំទាស់​នេះ​នៅ​មិនទាន់បាន​បញ្ជូន​ត្រឡប់​ទៅកាន់​គ.ជ.ប.​ វិញ​នូវ​ឯកសារ​ទាំងនេះ​ទេ។

បើ​តាម​ច្បាប់​បោះឆ្នោត​ គ.ជ.ប.​ មាន​រយៈពេល​មួយ​សប្តាហ៍​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​និង​សម្រេច​លើ​ពាក្យ​ស្នើសុំ​ចុះបញ្ជី​គណបក្ស​និង​បញ្ជី​បេក្ខជន​តំណាងរាស្ដ្រ។ ហើយ​ប្រសិនបើ​មាន​បញ្ហា​បែបណា​នោះ​ គ.ជ.ប. ​នឹង​បញ្ជូន​សំណុំ​ឯកសារ​ទាំងនោះ​ទៅកាន់​គណបក្ស​សាម៉ី​វិញ​ដើម្បី​កែសម្រួល។ គណបក្ស​សា​ម៉ី​មាន​រយៈពេល​ប្រាំ​ថ្ងៃ​សម្រាប់​ធ្វើការ​កែតម្រូវ​នូវ​ឯកសារ​របស់​ខ្លួន។

លោក​ទេព នីថា ​ឲ្យ​ដឹងថា​ប្រសិនបើ​គណបក្ស​ណាមួយ​បំពេញ​នូវ​ឯកសារ​របស់​ខ្លួន​មិន​គ្រប់គ្រាន់​ក្រោយពី​ការកែ​តម្រូវ​នោះ​ គ.ជ.ប. ​មាន​សិទ្ធិ​បដិសេធ​ចុះបញ្ជី​ឈ្មោះ​គណបក្ស​នោះ​សម្រាប់​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចំ​ថ្ងៃអាទិត្យ​ទី២៨​ខែកក្កដា​ឆ្នាំ២០១៣​នេះ។

រហូត​មក​ទល់​ពេល​នេះ​ក្នុង​ចំណោម​គណបក្ស​សរុប​ចំនួន​ប្រាំបី​ដែល​បាន​ស្នើសុំ​ចុះបញ្ជី​គណបក្ស​និង​បញ្ជី​បេក្ខជន​តំណាងរាស្ដ្រ​មាន​គណបក្ស​ចំនួន​ប្រាំ​ត្រូវ​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ ​គ.ជ.ប.។ ក្នុងនោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​គណបក្ស​ហ្វ៊ុន​ស៊ីន​ប៉ិច របស់​លោក​ញ៉ឹក ប៊ុនឆៃ​ គណបក្ស​សញ្ជាតិ​កម្ពុជា ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ៕
XS
SM
MD
LG