ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​ដាក់​ឱសានវាទ​សម្រាប់​ការ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ


លោក​ យឹម សុវណ្ណ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក ព្រំ​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជាអ្នក​ដឹក​នាំ​គណៈប្រតិភូ​មក​ពី​គណបក្ស​ប្រជាជន​ នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ក្រោយ​​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ​ទី​០៥ វិច្ឆិកា ២០១៣ នៅ​វិមាន​រដ្ឋសភាជាតិ។ (វីអូអេ/សាយ​ មុន្នី)
លោក​ យឹម សុវណ្ណ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក ព្រំ​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជាអ្នក​ដឹក​នាំ​គណៈប្រតិភូ​មក​ពី​គណបក្ស​ប្រជាជន​ នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ក្រោយ​​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ​ទី​០៥ វិច្ឆិកា ២០១៣ នៅ​វិមាន​រដ្ឋសភាជាតិ។ (វីអូអេ/សាយ​ មុន្នី)
គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ដាក់​ឱសានវាទ​ឱ្យគណបក្ស​ប្រជាជន​កម្ពុជា​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​រហូត​ដល់​ដាច់​ឆ្នាំ​២០១៣​ដើម្បី​ដោះស្រាយ​ការទាមទារ​របស់​ខ្លួន​ចំនួន​៣​ចំណុច​បើមិន​ដូច្នេះ​ទេ​នឹង​មាន​មហា​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​ជាង​ពេល​មុនៗ​ដើម្បី​ទាមទារ​រក​យុត្តិ​ធម៌​សម្រាប់​ម្ចាស់​ឆ្នោត។​

ការ​ដាក់​ឱសានវាទ​ លាយ​ឡំ​ជាមួយ​នឹង​ការព្រមាន​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កើត​មាន​ឡើង​ក្រោយ​ពេល​មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​ការ​ងារ​ពិសេស​នៃ​គណបក្ស​គូរ​ជម្លោះ​ទាំង​ពីរ​បាន​បរាជ័យ​សារជា​ថ្មី​ម្តង​ទៀត​មិន​អាច​ឈាន​ទៅ​រក​ចំណុច​ត្រូវ​គ្នា​បាន​ដើម្បី​ទម្លុះ​ទម្លាយ​ភាព​ទាល់​ច្រក​នយោបាយ​ក្រោយ​ពី​ការ​បោះឆ្នោត។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​លក្ខខណ្ឌ​ចំនួន​បី​ចំណុច​សំខាន់ៗ​សម្រាប់​ការ​ចរចា​គឺ​ទាមទារ​ឱ្យបង្កើត​គណៈកម្មការ​ពិសេស​ស្វែង​រក​ការ​ពិត​ដើម្បី​ស៊ើប​អង្កេត​លទ្ធផលក្រោយ​ការ​បោះឆ្នោត​ ស្នើ​សុំ​ឱ្យថ្នាក់​ដឹកនាំ​គ.ជ.ប​ទាំង​៩​រូប​លាឈប់​ចេញ​ពី​មុខ​តំណែង​ និង​ ធ្វើ​កំណែ​ទម្រង់​គ.ជ.ប​យក​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​NDI​ និង​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា។​

លោក​កឹម សុខា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ផ្តល់​បទ​សម្ភាសន៍​ពិសេស​ជាមួយ​នឹង​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​ទី​ស្នាក់​ការ​គណបក្ស​នៅ​ខណ្ឌ​ទួល​គោក​ក្នុង​ខណៈ​ពេល​ដែល​លោក​កំពុង​ដឹកនាំ​ធ្វើ​ពិធី​បុណ្យ​កឋិនទាន​ថា​ចាប់​ពីពេល​នេះ​រហូត​ដល់​ដំណាច់​ឆ្នាំ​នៅ​សល់​ពេល​ជាង​មួយ​ខែ​ទៀត​ដើម្បី​ទុក​លទ្ធភាព​ឱ្យគណបក្ស​ប្រជាជន​ដោះ​ស្រាយ​បើសិន​ជា​មិន​អាច​រក​ច្រក​ចេញ​បាន​ទេ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មាន​ផែន​ការ​យុទ្ធសាស្ត្រ​ថ្មី​ទ្រង់​ទ្រាយ​ធំជាង​ពេល​មុនៗ។​

លោក​ កឹម សុខា​ មិន​បាន​បញ្ជាក់​ថា​តើ​ផែន​ការ​យុទ្ធសាស្ត្រ​ដែល​គណបក្ស​សង្គ្រោះជាតិ​គ្រោង​នឹង​រៀប​ចំធ្វើ​នៅ​ថ្ងៃ​ក្រោយ​នោះ​មាន​អ្វី​ខ្លះទេដោយ​លោក​គ្រាន់តែ​បាន​ឱ្យដឹង​ថា​នឹង​មាន​មហា​បាតុកម្ម​សារ​ជាថ្មី​នៅ​ទូទាំង​ប្រទេស​និង​ការ​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ​ពី​មន្ត្រី​រាជ​ការ​និង​កម្មករជាដើម។​

លោក​និយាយ​ថា៖ «​យើង​ដាក់​កំណត់​ពេល​យើង​មិន​អាច​ឱ្យគណបក្ស​ប្រជាជន​អូស​បន្លាយ​ការ​ចរចា​នេះ​ឱ្យប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​ជាតិ​ ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​យូរ​អង្វែង​ទេ។ ខ្ញុំ​ជាមួយ​លោក​សម រង្ស៊ី​ទើប​ជជែក​គ្នា​ថ្ងៃ​មិញ​ថា​យើង​ត្រូវ​កំណត់​ពេល​យ៉ាង​យូរ​បំផុត​ដាច់​ឆ្នាំ​នេះ​អត់​មាន​ទុក​ឱ្យហួស​ហ្នឹង​ទៀតទេ។ ​យើង​នឹង​ធ្វើ​សកម្មភាព​មួយ​ធំ​ណាស់​ ធំមែន​ទែន​ ធំ​ជាង​លើក​មុន​ទៀត»។​

លោក​ កឹម សុខា​បាន​បញ្ជាក់​ទៀត​ថា​នៅ​ពេល​ហួស​កំណត់​ឱសានវាទគណបក្ស​សង្គ្រោះជាតិ​នឹង​បិទ​ផ្លូវ​លែង​ចូល​រួម​តុ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត​ហើយ​គឺ​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ដោយ​គ្មាន​ការ​កំណត់​ដើម្បី​ទាម​ទារ​រក​យុត្តិ​ធម៌​ជូន​ម្ចាស់​ឆ្នោត​ឱ្យទាល់​តែ​បាន។​

លោក​ ព្រំ សុខា​ រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​និង​ជា​ប្រធាន​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា​ការ​ចរចា​មិន​គួរ​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​លក្ខខណ្ឌ​ក្នុង​តុ​ចរចា​ទេ​ពីព្រោះ​ធ្វើ​ឱ្យដំណើរ​ការ​ចរចា​ជាប់​គាំង។​
លោក​បាន​បញ្ជាក់​ទៀត​ថា​ការ​ជួប​ចរចា​ជា​វិធី​មួយ​ល្អ​ជាជាង​ការ​ប្រើ​ប្រាស់​វិធី​មួយ​ផ្សេង​ទៀត​មក​ដោះ​ស្រាយ​បញ្ហា។​

លោក​និយាយ​ថា៖​ «ការ​ចារចា​ទោះ​បី​ជា​កម្រិត​ណា​ក៏ដោយ​គេមិន​គួរ​ដាក់​លក្ខខណ្ឌ​ទេ។ ​កាល​ណា​ដាក់​លក្ខខណ្ឌ​វាហាក់​បី​ដូច​ជាមាន​ន័យ​មិន​សូវ​មាន​ឆន្ទៈ​ក្នុង​ការ​រក​ដំដោះ​ស្រាយ។ ​យើង​ជួប​គ្នា​ទៅ​ ជជែក​គ្នា​ទៅ​ដូច​យើង​ធ្លាប់​ធ្វើ​កន្លង​មក»។​

ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨​ខែ​កក្កដា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​ចំនួន​៦៨​អាសនៈ​ចំណែក​ឯ​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​៥៥​អាសនៈ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG