ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​ជំទាស់​ស្នើ​ឲ្យ​មាន​អាជ្ញា​កណ្តាល​ឯករាជ្យ​ក្នុង​កិច្ច​ចរចា​កំពូល​លើក​ក្រោយ​

  • ហេង រស្មី

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង លោក សម រង្ស៊ី ចាប់​ដៃ​នៅ​មុន​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​ពីរ​នៅ​​វិមាន​រដ្ឋសភា​កាល​​ពី​ថ្ងៃ​ទី​១៧ កញ្ញា ២០១៣។
មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៏​នេះ​បាន​ទាមទារ​ឲ្យ​មាន​អាជ្ញាកណ្តាល​ឯករាជ្យ​មួយ​ដើម្បី​សម្រេច​សេចក្តី​ក្នុង​ការ​ចរចា​រវាង​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​គោល​បំណង​បញ្ចប់​ភាព​ទាល់​ច្រក​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​ ២៨​ ខែ​កក្កដា។​

ថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​គ្រោង​នឹង​ជួប​ចរចា​សារ​ជា​ថ្មី​នៅ​ដើម​ខែ​ក្រោយ​នេះ​ បើ​ពុំ​មាន​អ្វី​ប្រែប្រួល​ទេ។​

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ព្រហស្បតិ៏​នេះ​ថា​ សម្រាប់​ការ​ចរចា​លើក​ក្រោយ​នេះ​ គណបក្ស​របស់​លោក​ចង់​ឲ្យ​មាន​អាជ្ញាកណ្តាល​ឯករាជ្យ​មួយ​ដើម្បី​សំរេច។​

លោក​បញ្ជាក់​ថា​ អាជ្ញាកណ្តាល​ឯករាជ្យ​នោះ​អាច​ជា​រូបមន្ត​មួយ​ នៅ​ពេល​ដែល​គណបក្ស​ទាំង​ពីរ​បាន​ជួប​គ្នា​ផ្ទាល់។​

លោក​បាន​បញ្ជាក់ថា​អាជ្ញាកណ្តាល​អាច​មក​ពី​ស្ថាប័ន​អង្កការ​សហប្រជាជាតិ​ ថ្នាក់​ជាតិ​និង​អន្តរជាតិ។​

លោក​និយាយ​ជា​អាទិ​ថា៖​ «អាជ្ញាកណ្តាល​អាច​ជា​ថ្នាក់​ជាតិ​អន្តរជាតិ​ឬចម្រុះ​ ប៉ុន្តែ​មាន​អ្នក​ដែល​ទទួល​ខុស​ត្រូវ។​ ចំពោះ​យើង​ យើង​នឹង​លើក​ហើយ​ សុំ​ឲ្យ​អង្កការ​សហ​ប្រជាជាតិ។​ តែបើ​គណបក្ស​ប្រជាជន​មាន​គំនិត​អ្វី​ណា​ផ្សេង​ យើង​ជជែក​គ្នា​ពេល​នោះ»។​

គណបក្ស​សង្គ្រោះជាតិ​បាន​ដាក់​លក្ខខណ្ឌ​ចំនួន​បី​ចំណុច​ មុន​និង​ចាប់​ផ្តើម​បើក​ការ​ចរចា​សារ​ជា​ថ្មី​ជា​មួយ​និង​គណបក្ស​ប្រជាជន​កម្ពុជា។​

លក្ខខណ្ឌ​ទាំង​នោះ​រួម​មាន​៖ ការ​បង្កើត​គណកម្មការ​ឯករាជ្យ​មួយ​ស្វែងរក​ការ​ពិត​អំពី​ភាព​មិន​ប្រក្រតី​ក្រោយ​ការ​បោះឆ្នោត​ ទាមទារ​ឲ្យ​រំលាយ​សមាសភាព​ថ្នាក់​ដឹក​នាំ​នៃ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ និង​ កំណែ​ទម្រង់​ស៊ីជម្រៅ​នៃ​គ.ជ.ប.​តាម​អនុសាសន៏​របស់​អង្កការ​សហប្រជាជាតិ​ សហភាព​អឺរ៉ុប​ វិជ្ជាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​NDI​ និង​អង្កការ​ក្នុង​ស្រុក​ ដែល​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត។​

លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា​ ការ​ចរចា​លើក​ក្រោយ​នេះ​និង​ត្រូវ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ដើម្បី​ឲ្យ​មាន​តម្លាភាព​និង​ឲ្យ​មហាជន​ទូទៅ​បាន​ដឹង​ឮ។​

លោក​និយាយ​ថា៖​ «អ្វី​ដែល​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​នេះ​គឺ​ការ​តស៊ូ​មតិ។​ តស៊ូ​មតិ​មាន​ច្រើន​រូបភាព​ណាស់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ តាម​រយៈ​បាតុកម្ម​ តាម​រយៈ​កូដកម្ម​ តាម​រយៈ​ញាតិ​ សុទ្ធ​តែ​ជា​និតិវិធី​នៅ​ក្នុង​ការ​តស៊ូ​មតិ​របស់​ពលរដ្ឋ»។​

ថ្នាក់​ដឹក​នាំ​កំពូល​ខាង​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​សមាសភាព​ម្ខាងៗ​ចំនួន​៦​រូប​ កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា​ បាន​បើក​ការ​ចរចា​គ្នា​ចំនួន​ពីរ​ថ្ងៃ​ ដើម្បី​បញ្ចប់​ភាព​ទាល់​ច្រក​ផ្នែក​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត។​ ក៏ប៉ុន្តែ​ការ​ចរចា​នោះ​មិន​អាច​បញ្ចប់​ភាព​ទាល់​ច្រក​ផ្នែក​នយោបាយ​បាន​ទេ។​

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា​ យើង​រងចាំ​បើក​ចំហរ​ជានិច្ច​ដើម្បី​ចាំ​ទទួល​ឲ្យ​មាន​ការ​ចរចា​សារជាថ្មី។​

លោក​ថ្លែង​ជាអាទិ​ថា៖​ «បញ្ហា​ត្រង់​ថា​គាត់​ជា​អ្នក​ទាមទារ​ បញ្ហា​នេះ​ បញ្ហា​នោះ​ហូរហែ​ អញ្ចឹង​ប្រសិន​ណា​ជា​គាត់​មិន​មាន​យោបល់​ជាក់​លាក់​មក​យើង​ក៏​មិន​ដឹង​ថា​កំណត់​ថា​យ៉ាង​ម៉េច​វា​នៅ​គាំង​ត្រឹម​ហ្នឹង​ទៅ​ណា»។​

គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ជំហរ​រួច​ហើយ​ថា​ ការ​ចរចា​លើក​នេះ​មាន​គោល​បំណង​តែ​មួយ​គត់​ គឺ​រក​យុត្តិធម៌​ជូន​ម្ខាស់​ឆ្នោត​ មិន​មែន​ការ​ចរចា​ដើម្បី​បែង​ចែក​មុខ​តំណែង​ទេ៕
XS
SM
MD
LG