ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​កឹម សុខា៖ ​បាតុកម្ម​អហិង្សា​ជា​ជម្រើស​ចុង​ក្រោយ ​ព្រោះ​ខ្លាច​គេបន្លំ​បញ្ចូល​មនុស្ស​បង្ក​ហិង្សា


លោកកឹម សុខា​អនុប្រធានគណបក្ស​សង្គ្រោះ​ជាតិ​​​ប្រាប់អ្នក​គាំទ្រថា​ ​បាតុកម្ម​អហិង្សា​ជា​ជម្រើស​ចុង​ក្រោយ។​
លោកកឹម សុខា​អនុប្រធានគណបក្ស​សង្គ្រោះ​ជាតិ​​​ប្រាប់អ្នក​គាំទ្រថា​ ​បាតុកម្ម​អហិង្សា​ជា​ជម្រើស​ចុង​ក្រោយ។​
មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិបាន​ធានា​អះអាង​នៅ​ថ្ងៃ​ព្រហស្បតិ៍ថា ​ការ​ធ្វើ​មហា​បាតុកម្ម​ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​មិន​ទាន់​ស្ថិត​ក្នុង​អាទិភាព​នៅ​ឡើយ​ទេ។​

លោក​កឹម ​សុខា​ អនុ​ប្រធាន​គណបក្ស​ជំទាស់​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ជំនួប​ផ្លាស់​ប្តូរ​យោបល់​ជា​លើក​ដំបូង​ជា​មួយ​អ្នក​បោះឆ្នោត​នៅ​ជុំវិញ​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការ​បោះឆ្នោត។​

លោក​និយាយថា៖​ «(ជា)​ជំហាន​ចុង​ក្រោយ​គេ​ ដែល​យើង​ធ្វើ​មហា​បាតុកម្ម​នោះ។​ មិន​មែន​យើង​ធ្វើ​មហា​បាតុកម្ម​ភា្លម​ទេ»។​

លោក​កឹម ​សុខាថ្លែង​យ៉ាង​ដូច្នេះ​ស្រប​ពេល​ដែល​មាន​ការ​ព្រួយបារម្ភ​ទំនង​ជា​បាន​កើន​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ជុំវិញ​ចលនា​មហាជន​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​ដែល​ធ្លាប់​បាន​ទទួល​រង​ការ​បង្រ្កាប​ពី​អាជ្ញាធរ​យ៉ាង​ជូរ​ចត់កាល​ពី​ឆ្នាំ​១៩៩៨។​

ក្នុង​ពេល​នេះ​រដ្ឋាភិបាល​ចាំ​ផ្ទះ​បាន​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​ពាន់​នាក់​និង​រថពាស​ដែក​ចូល​រាជធានី​ភ្នំពេញ​រួម​ទាំង​កំពុង​ត្រៀម​ទប់ស្កាត់​ចលនា​ប្រជា​ពលរដ្ឋ​ចេញ​ចូល​ខេត្ត​និមួយៗ​ក្នុង​ទិស​ដៅ​មក​ក្រុង​ភ្នំពេញ។​ នេះ​បើ​យោងតាម​សេចក្តី​រាយ​ការណ៍​នានា។​

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ការ​អះអាង​បញ្ច្រាស​គ្នា​ដោយ​គណបក្ស​និមួយៗ​សុទ្ធតែ​បាន​អះអាង​ថា​ ​ឈ្នះ​រៀងៗ​ខ្លួន។​

គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា ​ខ្លួន​ឈ្នះ​បាន​៦៣​អាសនៈ​ក្នុង​រដ្ឋ​សភា​ដែល​មាន​១២៣​កៅអី។​ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា​ ខ្លួន​ឈ្នះ​បាន​៦៨​កៅអី​ទល់​នឹង​៥៥​កៅអី​ខាង​គណបក្ស​ជំទាស់។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​មួយ​ដើម្បី​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត។ ​ក៏ប៉ុន្តែ​នៅ​មិនទាន់​មាន​ការ​ឯកភាព​គ្នា​នៅ​ឡើយ។​

លោក​កឹម​ សុខា​ព្រមាន​ជា​ថ្មី​ថា​ ប្រសិន​បើ​មិនមាន​ការ​ព្រមព្រៀង​ណា​មួយ​ក្នុង​ការ​បង្កើត​គណៈ​កម្មការ​នេះ​ទេ ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ចូល​ប្រជុំ​សភា​ជា​លើក​ដំបូង​ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី​ស្រប​ច្បាប់​នោះ​ទេ។​

កិច្ច​ប្រជុំ​សភា​ដំបូង​ដែល​តាម​គោល​ការណ៍​ច្បាប់​តម្រូវ​ឲ្យ​មាន​វត្តមាន​តំណាង​រាស្ដ្រ​ជាប់​ឆ្នោត​ទាំង​១២៣​រូប។ ​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​ថា​ កិច្ច​ប្រជុំ​ដំបូង​នោះ​មិន​តម្រូវ​តាម​គោល​ការណ៍​នេះ​ពិត​ប្រាកដ​នោះ​ទេ។​

ជា​មួយ​គ្នា​នេះ​លោក​កឹម ​សុខា​បាន​បង្ហើប​ថា ​ប្រសិន​បើ​ចលនា​ប្រជាជន​បះបោរ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ដែល​ពួក​គេ​គិត​ថា​ បង្ក​ឲ្យ​មាន​អំពើ​អយុត្តិធម៌​នោះ ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​គាំទ្រ​ជំហរ​នេះ។​

លោក​និយាយថា៖​ «បើ​ប្រជាពលរដ្ឋ​ថា​ទេ ​មិន​បាន​ទេ ​គេ​ប្លន់​សិទ្ធិ​គាត់​ហើយ ​គេ​យក​កៅ​អី​តំណាង​រាស្ដ្រ​គាត់​ ហើយ​គាត់​ត្រូវ​តែ​ទៅ​យក​មក​វិញ។ ​បើ​បងប្អូន​ក្រោយ​ឈរ​ឡើង​ធ្វើ​មហា​បាតុកម្ម​ យើង​ខ្ញុំ​ជា​អ្នក​ដឹកនាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​គាំទ្រ​ប្រជា​ពលរដ្ឋ។ ​បើ​យើង​ធ្វើ​បាតុកម្ម​អហិង្សា​ ហើយ​ គាត់​បង្កប់​មនុស្ស​មក​នៅ​ក្នុង​បាតុករ​យើង ហើយបង្ក​ជា​អំពើ​ហិង្សា​ នោះ​គឺ​ដល់​ថ្ងៃ​អន្សារ​គាត់​ហើយ»។​

មាន​អ្នក​ចូលរួម​ប្រមាណ​ជាង​១០០​នាក់​ដែល​មាន​ក្រុម​យុវជន​អ្នក​បោះឆ្នោត​និង​ប្រជា​ពលរដ្ឋ​សាមញ្ញ​ក្នុង​រាជធានី​ភ្នំពេញ។ ពួកគេភាគ​ច្រើន​គឺ​ជា​និស្សិត​មក​ពី​សកលវិទ្យាល័យ​នានា​ ហើយ​បាន​ឡើង​ចោទ​ជា​សំណួរ​ពី​ដំណើរ​ការ​នយោ​បាយ​និង​ដំណោះ​ស្រាយ ​ហើយ​មិន​មាន​ការផ្តល់​ជា​យោបល់​ទៅ​រក​ដំណោះ​ស្រាយ​នោះ​ទេ។​

លោក​គឹម​ វីរ៉ាត់​ និស្សិត​សកលវិទ្យាល័យ​ភូមិន្ទ​និតិសាស្ដ្រ​និងវិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច​បាន​លើក​ពី​ការ​ព្រួយ​បារម្ភ​របស់​ប្រជា​ពលរដ្ឋ​ចំពោះ​ការ​ចល័ត​កងទ័ព​របស់​រដ្ឋាភិបាល​និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម។​

លោក​ទេព ​នីថា ​អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ ក្នុង​សប្តាហ៍​នេះ ​បាន​បញ្ជាក់​ថា ​គ.ជ.ប.​មិន​អាច​សម្រប​សម្រួល​បង្កើត​គណៈកម្មការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ជាមួយ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ទេ ​ពីព្រោះ​លទ្ធផល​ឆ្នោត​បណ្តោះ​អាសន្ន​ត្រូវ​បាន​ប្រកាស​រួច​ហើយ ហើយ​គណៈ​កម្មការ​នេះ​ក៏​មិន​អាច​បង្កើត​បាន​តទៅ​ទៀត​ដែរ។​

នៅ​ថ្ងៃ​នេះ​ដែរ​ លោក​សុន ​ឆ័យ​ ប្រធាន​ក្រុម​ចរចា​ពី​ការ​បង្កើត​គណៈ​កម្មការ​នេះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​លិខិត​មួយ​ទៅ​សមភាគី​របស់​លោក​ខាង​គណបក្ស​ប្រជាជន​គឺ​លោក​ជាម យៀប ​ដើម្បី​ស្នើ​ការ​បញ្ជាក់​ពី​លទ្ធភាព​ជួប​ចរចា​គ្នា​ជំហាន​បន្ត​ដើម្បី​ដោះស្រាយ​ភាព​មិន​ប្រក្រតី។​

ប៉ុន្តែ​លោក​ជាម​ យៀប​មាន​ប្រសាសន៍​តប​ថា ​ជំនួប​ណាមួយ​អាច​ធ្វើ​ទៅ​បាន​លុះណា​តែ​ស្ថិត​នៅ​ក្រោម​អាជ្ញា​កណ្តាល​របស់​គ.ជ.ប.។​

លោក​កឹម​ សុខា ​ថ្លែង​ក្នុង​ជំនួប​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​ដោយ​គូស​បញ្ជាក់​ថា​ គណបក្ស​ជំទាស់​បដិសេធ​វត្តមាន​របស់​គ.ជ.ប. ​ក្នុង​កិច្ច​ចរចា​នោះ​ ដោយ​លោក​ចោទ​ប្រកាន់​ថា ​គ.ជ.ប.​បាន​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG