ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចលនា​ចល័ត​កងទ័ព​ធ្វើ​ឲ្យ​ពលរដ្ឋ​បារម្ភ​ខ្លាំង


ប៉ូលិស​​និងកងរាជអាវុធ​ហត្ថ​​ការពារ​សណ្តាប់ធ្នាប់​អំឡុង​ពេល​ឃោសនាបោះឆ្នោត។​
ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​ក្រោយ​ថ្ងៃបោះឆ្នោត ​ គេតែងតែ​ប្រទះ​ឃើញ​ការ​ចល័ត​កងទ័ព​ពី​ខេត្ត​នានា​ក្នុង​ទិសដៅឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ​និង​មក​កាន់​តំបន់​ច្រកចូល​ទីក្រុង។​

នៅ​ស្រុកពាមរ ​ខេត្តព្រៃវែង ​កងទ័ព​ជាច្រើន​ត្រូវដាក់​ពង្រាយ​ចំ​ផ្លូវឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ។​ នៅ​ចម្ងាយ​ប្រមាណ​ជា​ពីរ​គីឡូម៉ែត្រ​ពី​កំពង់​ចម្លង​អ្នកលឿង​ដ៏​មមារញឹក​ កងទ័ព​ដែល​ប្រដាប់​ដោយ​កាំភ្លើង​ស្វ័យប្រវត្តិ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ក្នុង​ឃុំ​ព្រែក​ខ្សាយ​ ស្រុក​ពាមរ​ ខេត្ត​ព្រៃវែង​ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជាង​៦០​គីឡូម៉ែត្រ​ខាងកើត​រាជធានី​ភ្នំពេញ។​

កងទ័ព​ប្រមាណ​ជិត​២០០​នាក់បាន​បោះ​ទីតាំង​នៅ​ទីនេះ​ចាប់​តាំងពី​ថ្ងៃទី​៥​ខែ​សីហា​មក​ម្ល៉េះ។​ ប៉ុន្តែ​ពួក​គេ​ហាក់​ដូចជា​ស្ថិត​ក្នុងភាព​លាក់​លៀម។​ កង​ប្រដាប់​អាវុធ​ទាំងនេះ​ស្ថិត​ទីតាំង​ចំណុច​ផ្សេងៗ​គ្នា​គឺ​នៅ​វត្ត​អ្នក​លឿង​ក្រោម ​វត្ត​ព្រៃ​ក​ខ្សាយ​ក​និង​អតីត​រោង​ម៉ាស៊ីន​អារ​ឈើ​របស់​រដ្ឋ។​ ទីតាំង​ទាំង​នេះ​គឺ​ជា​ចំណុច​យ៉ាង​សំខាន់​ឆ្ពោះ​មក​កាន់​រាជ​ធានី​ភ្នំពេញ។

នៅខាង​ក្រោមសាលា​ឆទាននិង​អគារ​មួយខណ្ឌ​ជាប់​គ្នា​ក្នុង​បរិវេណ​វត្ត​អ្នក​លឿង​ក្រោម​ គេ​ឃើញ​មាន​ក្រុម​ទាហាន​ប្រមាណ​៤០នាក់​កំពុង​ស្នាក់​នៅ។​ នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​វីអូអេ ​ខេមរភាសា​ដើរ​ចូល​កាន់​តែ​គៀក​ទី​នោះ​ ស្រាប់​តែ​មាន​បុរសបីនាក់​ស្លៀកពាក់ឯក​សណ្ឋាន​យោធា បាន​ចេញ​មក​ឃាត់​មិន​ឱ្យ​ចូល​ និង​ព្យាយាម​មិន​ឆ្លើយ​តប​នឹង​សំណួរ​អ្វី​ទាំង​អស់​ ដោយ​អះអាង​ថា​ ព្រោះ​គ្មានបញ្ជា​ពី​ថ្នាក់​លើ។​

ពួកគាត់និយាយថា៖​ «ប្រសិន​បើ​បង​ធ្លាប់​ធ្វើ​ការងារ​ទាហ៊ាន​ បង​យល់​ហើយ​ណា៎។​ ខ្ញុំ​មិន​អាច​ដឹង​អ្វី​ទាំង​អស់ ​គ្រាន់​តែ​មិន​អនុញ្ញាត​ឱ្យ​បង​ចូល​តែ​ប៉ុណ្ណឹង​ទេ។​ សូម​អធ្យាស្រ័យ​បង។ ​មេ​គាត់​អត់​នៅ​ដែរ។​ ដូច្នេះ​ការ​ផ្តល់​បទ​សម្ភាសន៍​អ្វី​គឺ​អត់​អាច​មាន​ទេ»។​

នៅ​ចម្ងាយ​ពី​វត្ត​អ្នកលឿង​ក្រោម​ប្រមាណ​ជា​បី​គីឡូម៉ែត្រ ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១១ ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រៃវែង​ គេឃើញ​មាន​ទាហានមួយ​ក្រុម​ទៀត​នៅវត្ត​ព្រៃ​ក​ខ្សាយ​ក។ ​ពេលមើល​ពី​ខាង​ក្រៅ​របង​វត្ត​ គេ​ឃើញ​មាន​ទាហាន​ពីរ​ទៅ​បី​នាក់​កំពុង​យាម​នៅ​តាម​ផ្លូវ​លំចូល​វត្ត​ដែល​មាន​សភាព​ដ៏​ស្ងាត់​ជ្រងំ។​

កងយោធា​នៅទីនេះ​យាមកាម​យ៉ាងប្រុង​ប្រយត្ន័​និង​ហាមឃាត់​មិន​ឲ្យ​មនុស្ស​ចម្លែក​ចូល​ក្នុង​ទីតាំង​របស់​ពួក​គេ​ទេ។​

ក្រុម​ប្រជា​ពលរដ្ឋ​នៅ​ជិត​នោះ​អះអាង​ថា​ មានទាហាន​ប្រហែល​៤០​នាក់កំពុង​ស្នាក់​នៅ​ក្នុងទី​អារាម​មួយនេះ។​

លោក​ជន សាវុធ​ អាយុ​៤២​ឆ្នាំ ​ពលរដ្ឋ​ម្នាក់​នៅ​ជិត​វត្ត​នោះ ​បាន​សម្តែង​ការ​ភ័យ​ខ្លាច​ នៅ​ពេល​ឃើញ​វត្តមាន​កង​កម្លាំង​ប្រដាប់​អាវុធ​ច្រើន​ក្នុង​ស្រុក​របស់​លោក។​

លោក​និយាយថា៖​ «ខ្ញុំ​សួរ​គេ​ដែរ។​ គេ​ថា​ មេ​គេ​ឱ្យ​មក​ឈរ​ជើង​នៅ​ហ្នឹង។​ គេ​អត់​ដឹង​អ្វី​ទេ។ ​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​នៅ​ម្តុំ​ហ្នឹង​ចេះ​តែ​ព្រួយ​បារម្ភ​ ទិញ​អង្ករ ​ទិញ​ស្បៀង​ទុក​គ្រប់ៗ​គ្នា។​ ភិត​ភ័យ​ខ្លាច​មាន​បញ្ហា​អ្វី​កើត​ឡើង»។​

លោក​ជន សាវុធ​បាន​ត្រៀម​អង្ករ​ និង​គ្រឿង​បរិភោគ​ចាំ​ចាច់​មួយ​ចំនួន​ ត្រៀម​ខ្លាច​មាន​សង្គ្រាម​ និង​ការ​ប្រើ​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​នៅ​ទី​នោះ។​

ចំណែក​ឯ​ពលរដ្ឋ​ម្នាក់​ទៀត​ក្នុង​ស្រុក​ជា​មួយ​គ្នា​គឺលោកជុំ ចាន់​ជា​គ្រូ​បង្រៀន​ ក៏​បាន​សម្តែង​ការ​ភ័យ​ខ្លាច​ដូច​គ្នា​ដែរ។​

លោក​និយាយថា៖​ «តាម​ការ​មើល​ឃើញ​របស់​ខ្ញុំ ​នៅ​ពេល​ជួប​ហេតុ​ការណ៍​ចម្លែក​បែប​នេះ​ ក្នុង​អន្តរកាល​នៃ​ការ​បោះ​ឆ្នោត​មិន​ទាន់​បាន​សម្រេច​លទ្ធផល​ណា​មួយ​នៅ​ឡើយ​នោះ​ អញ្ចឹង​មាន​ការ​ភ័យ​ខ្លាច​ច្រើន​ ដោយសារ​គាត់​មិន​ទាន់​បាន​យល់​ពី​ស្ថានភាព​នៃ​ការ​ដាក់​ទាហាន​ហ្នឹង។​ ហើយ​រដ្ឋាភិបាល​មិន​បាន​ផ្សព្វផ្សាយ​មក​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ប្រាប់​ប្រជា​ពលរដ្ឋ​ថា​ ពិត​ជា​មាន​បំណង​ល្អ​ ឬ​យ៉ាង​ណា»។​

ពេល​ដែល​ពលរដ្ឋ​សួរ ​ទាហាន​ខ្លះ​បាន​យក​លេស​ថា ​ពួកគេ​មក​ការពារ​មណ្ឌល​ប្រឡងនៅ​វិទ្យាល័យ​រស្មី​សាមគ្គី​ពាមរ។​ ខ្លះ​ទៀត​ថា ​ដើម្បី​ទប់​ទល់​បាតុកម្ម​ និង​ខ្លះ​ទៀត​ថា ​នេះ​ជាបញ្ជាពី​ថ្នាក់​លើរបស់​ខ្លួន​ប៉ុណ្ណោះ។​

ហួស​វត្ត​នេះ​បន្តិច ​ក្នុង​អគារ​ចាស់​មួយ​ខ្នង​នៅ​កន្លែងបណ្តុះ​កូន​ឈើ​របស់​រដ្ឋ​មួយ​កន្លែង​ គេ​ក៏​ឃើញ​មាន​ឡាន​ដឹក​ទាហានមួយ​គ្រឿង​និង​ទាហាន​ជា​ច្រើន​នាក់​ស្នាក់​នៅ​ទី​នោះ​ផង​ដែរ។​

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា ​ការ​ដាក់​ពង្រាយ​កងទ័ព​មិន​មែន​មាន​តែ​ក្នុង​តំបន់​នេះ​ទេ។​

ពួក​គេបាន​ឃើញ​មាន​ការ​ចល័ត​ទាហានប្រដាប់​អាវុធ​តាម​ខេត្ត​ក្រុង​ធំៗ​មួយ​ចំនួន​ផ្សេង​ទៀត​ ដូចជា​ខេត្ត​កំពង់​ធំ ​កំពង់ចាម ​និង​ខេត្ត​កំពង់ឆ្នាំង​ជា​ដើម។ ​គេក៏​ឃើញ​មាន​ការ​ដឹក​ជញ្ជូន​ទាហាន​ រថ​ពាស​ដែក​ដោយ​មាន​បំពាក់​កាំភ្លើង ​មាន​ការ​ដឹកជញ្ជូន​រនាំង​បន្លា​លួស​ប្រឆាំង​បាតុករ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ ​ស្រប​ពេល​ដែល​ក្នុង​បន្ទាយ​យោធានានា ​គេ​សង្កេត​ឃើញ​មាន​ការ​ប្រុង​ជើង​ការ​ខុស​ប្លែក​ពី​ធម្មតា។​

លោក​អំ សំអាត​ អ្នក​អង្កេត​ជាន់ខ្ពស់​ម្នាក់​របស់​អង្គការ​លីកាដូ ថ្លែង​ថា ​ការ​ចល័ត​ទ័ព​ ខណៈ​ដែល​សភាព​ការណ៍​នយោបាយ​ក្នុង​ប្រទេស​កំពុង​តានតឹង​បែប​នេះ ​ពុំគួរ​កើត​មាន​នោះ​ទេ ​ទោះ​ក្នុង​រូប​ភាព​ណា​ក៏​ដោយ។​

លោក​និយាយថា៖​ «ទាក់ទង​នឹង​ការ​ចល័ត​ ខ្ញុំ​គិត​ថា​ យើង​មិន​គួរ​ទេ​ ក្នុង​កាលៈទេសៈ​នេះ​ ពីព្រោះ​កាល​ណា​មាន​ការ​ចល័ត​ មាន​ការ​ប្រមូល​ផ្តុំ​ វា​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​យើង​មាន​ការ​ភ្ញាក់​ផ្អើល។​ កាល​ណា​យើង​ចល័ត​ទ័ព​ចូល​ក្នុង​ខេត្ត​ និង​រាជធានី ​នេះ​មិន​មែន​ជា​ការ​ការពារ​បូរណភាព​ទឹក​ដី​ទេ។​ វា​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​យើង​មាន​ការ​ភិត​ភ័យ ​និង​ភ្ញាក់​ផ្អើល»។​

ចំណែក​ឯ​លោកចាន់ សុវ៉េត​ មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក​ អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​សម្រាប់​ការ​ចល័ត​ទ័ព​នេះ​ ដើម្បី​កាត់​បន្ថយ​ការ​ភ័យ​ខ្លាច​របស់​ប្រជា​ពលរដ្ឋ។​

លោក​អំពាវនាវ​ថា៖​ «ប្រជា​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ អញ្ចឹង​រដ្ឋាភិបាល​ត្រូវ​តែ​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ឱ្យ​ប្រជា​ពលរដ្ឋ​យល់​និង​ជ្រាប​ថា​ វត្តមាន​យោធា​មាន​គោល​បំណង​អ្វី ​ដើម្បី​ទប់ស្កាត់​បទ​ល្មើស​ ឬ​ក៏​គ្រោះ​ធម្មជាតិ​ផ្សេងៗ​ ដែល​នឹង​អាច​កើត​មាន។​ យើង​និយាយ​ឱ្យ​បាន​ច្បាស់​ជាមួយ​ប្រជា​ពលរដ្ឋ​ទៅ ​វា​ជា​ការ​ល្អ»។​

លោក​យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ ថ្លែង​ថា ចលនាចល័ត​ទ័ព​ជា​ចំហ​បែប​នេះ​គឺ​ជា​ការ​បង្រ្កាប​ផ្នែក​សតិ​អារម្មណ៍​ចំពោះ​ពលរដ្ឋ​ដែល​ចង់​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត។​

លោក​និយាយថា៖​ «ការ​ប្រើ​ការ​បំភ័យ​ទាំង​ហ្នឹង​ វា​ហួស​សម័យ​កាល​ទៅ​ហើយ។​ គ្រាន់តែ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ​រក​យុត្តិធម៌​ឱ្យ​ប្រជា​ពលរដ្ឋ​ទៅ ​វា​ស្រេច​ទៅ​ហើយ ​មិន​ចាំ​បាច់​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​បន្ត​ភាព​ភ័យ​ខ្លាច​ទេ។​ មិន​ដឹង​មាន​អ្វី​ត្រូវ​ផ្ទុះ​សង្គ្រាម​ បើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​តែ​បាត​ដៃ​ទទេ ​រក​តែ​ចំពាម​កៅស៊ូ​មួយ​គ្មានផង»។​

គណបក្ស​សង្រោះ​ជាតិ ​ដែល​ដឹកនាំ​ដោយ​លោក​សម​ រង្ស៊ី ​បាន​ព្រមាន​ជា​ច្រើន​លើក​ច្រើន​សារ​អំពី​បាតុកម្ម​មហាជន​ដ៏​ធំ​មួយ​នៅ​ទូទាំង​ប្រទេស ​ប្រសិន​បើ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​តែ​មិន​បាន​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​ឱ្យ​មាន​ប្រសិទ្ធិ​ភាព។​

លោក​ស ខេង ឧបនាយករដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ​បាន​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​សុក្រនេះ​ថា ​គោលដៅ​ស្នូល​នៃ​ការ​ចល័ត​ទ័ព​នេះ​គឺ​ដើម្បី​ត្រៀម​ទប់ទល់​នឹង​មហា​បាតុកម្មរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ប្រជា​ពលរដ្ឋ​ក្នុង​ករណី​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG