ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា ការពារ​ខ្លួន​ថា​មិន​មាន​កំហុស មុន​សវនាការ​នៅ​សប្តាហ៍​ក្រោយ


រូបឯកសារ៖ លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​​គេហដ្ឋាន​របស់​លោក​ មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួមសវនាការ​សប្តាហ៍​ទីពីរលើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​​គេហដ្ឋាន​របស់​លោក​ មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួមសវនាការ​សប្តាហ៍​ទីពីរលើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

មុន​បង្ហាញ​មុខ​ក្នុង​សវនា​ការ​ជំនុំ​ជម្រះ​នៅ​សប្តាហ៍​ក្រោយ ក្នុង​សំណុំ​រឿង​«ក្បត់ជាតិ» លោក កឹម​ សុខា មេដឹកនាំ​បក្ស​ប្រឆាំង ថ្លែងការ​ពារ​ខ្លួ​ន​ជា​ថ្មី​ទៀត​ថា​ លោកមិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ ដូច្នេះ​ហើយ​ទើប​មាន​មន្រ្តី​ទូត ​និង​មន្រ្តី​ជាន់​ខ្ពស់​របស់​ប្រទេស​ផ្សេងៗ​មក​ជួប​សួរ​សុខទុក្ខ​លោក​ជា​បន្ត​បន្ទាប់។

បើ​មិន​មាន​អ្វី​ប្រែ​ប្រួល​ទេ សវនា​ការ​របស់​លោក កឹម សុខា នឹង​ត្រូវ​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ ក្រោយ​ពី​ពន្យារ​ពេល​ជិត​២​ឆ្នាំ​មក​ហើយ ក្រោម​ហេតុ​ផល​ថា​ បារម្ភ​អំពី​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩។

លោក ​កឹម​ សុខា ត្រូវ​បាន​តុលាការ​ចាប់ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ និង​បាន​ដាក់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ។ ក្រោយ​មកលោក ត្រូវ​បានដោះ​លែង​ តែ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ដោយ​មាន​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ មិន​អនុញ្ញាត​ឲ្យ​ទៅ​ក្រៅ​ប្រទេស ​និង​មិន​ឲ្យ​ធ្វើ​នយោបាយ​រហូត​ដល់​ពេល​បច្ចុប្បន្ន។

លោក​ កឹម សុខា ​អាច​ជួប​សន្ទនា​ជា​មួយ​អ្នក​ការ​ទូត​តំណាង​របស់​ប្រទេស​ធំៗ​ ពិភាក្សា​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស និង​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា លោក កឹម សុខា បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ថា​ ក្នុង​រយៈ​ពេល​ជាង​១០​ថ្ងៃ​មក​នេះ លោក​បាន​ជួបអ្នក​ការ​ទូត​សំខាន់​ៗ​របស់​សហគមន៍​អឺរ៉ុប ដែល​រួម​មាន​ឯក​អគ្គ​រាជ​ទូត​ជប៉ុន រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អាស៊ីនៃ​ក្រសួង​ការ​បរទេស​អង់​គ្លេស ឯកអគ្គ​រដ្ឋ​ទូត​ថ្មី​នៃ​សាធារណ​រដ្ឋ​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា ឯកអគ្គរដ្ឋ​ទូត​សាធារណ​រដ្ឋ​ឆែក ឯក​អគ្គរដ្ឋ​ទូត​សហព័ន្ធ​អាល្លឺ​ម៉ង់ និង​ឯក​អគ្គរដ្ឋ​ទូត​ស្តី​ទី​នៃគណៈ​ប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា។

លោក កឹម​ សុខា ឲ្យ​ដឹង​ថា ​បណ្តា​ប្រទេស​ទាំង​អស់នោះ​ ចង់​ឃើញ​កម្ពុជា​ មាន​ដំណោះ​សា្រយ​នយោ​បាយ​ដោ​យ​អហិង្សា ការ​បង្រួប​បង្រួមជាតិ និង​ការ​ផ្សះ​ផ្សា​ជាតិ​ ដើម្បី​ពង្រឹង​សាមគ្គី​ភាព​ ឯក​ភាព ​អធិប​តេយ្យ​ភាព ឯក​រាជ្យ សន្តិ​ភាព ស្ថិរ​ភាព វិបុល​ភាព ប្រជា​ធិ​តេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរី​ភាព​ជា​មូលដ្ឋាន​ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ​របស់​ប្រទេស​កម្ពុជា។

លោក កឹម សុខា ក៏​បាន​បង្ហាញ​ថា ​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី ដូច​ការ​ចោទ​ប្រកាន់​ថា​ លោក​ក្បត់​ជាតិ ហើយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយនោះទេ។

លោក​បញ្ជាក់​ថា៖ «ការ​ដែល​យើង​មិន​បាន​ធ្វើអ្វី​ខុស មិន​បង្ក​ការ​ឈឺចាប់​ដល់​អ្នក​ដទៃ និង​ដោយ​យើង​ប្រកាន់​យក​នូវ​គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ​នោះ យើង​មិន​នៅ​ឯកោ​ឡើយ»។

នៅ​ក្នុង​សារ​ដាច់​ដោយ​ឡែក​មួយ​ទៀត លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា បាន​ជួប​ជាមួយ​អ្នកស្រី Amanda Milling រដ្ឋមន្ត្រី​របស់​ចក្រភព​អង់គ្លេស​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា។ លោក កឹម សុខា បាន​ថ្លែង​ថា​ រដ្ឋមន្រ្តី​រូប​នោះ ប្រាប់​រូប​លោក​ថា ចក្រភព​អង់គ្លេស​ នឹង​បន្ត​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​អំពី​ដំណើរ​ការ និង​លទ្ធផល​នៃ​សវនាការ​នា​ពេល​ខាង​មុខ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ ផៃ ស៊ីផាន​ ប្រាប់​វីអូអេ​ថា ការ​លើក​ឡើង​របស់​លោក កឹម​ សុខា​ គ្រាន់​តែ​ជា​ការ​យល់​ឃើញ​ឯកជន​តែ​ប៉ុណ្ណោះ ហើយ​មាន​តែ​តុលាការ​ទេ​ ដែល​មានសមត្ថ​កិច្ច​ក្នុង​រឿង​នេះ​។

វីអូអេ​ មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​មេធាវី​របស់​លោក កឹម សុខា គឺ​លោក ផេង ហេង និង​អ្នកស្រី​ ម៉េង​ សុធារី បាន​នៅ​ឡើយ​ទេ។

លោក មាស នី ​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​ថ្លែង​ថា​ សំណុំ​រឿង​របស់​លោក កឹម សុខា មាន​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​សហរដ្ឋ​អាមេរិក។ ដូច្នេះ​លោក​ថា ​ការ​រក​ឃើញ​កំហុស​ណា​មួយ​លើ​លោក កឹម សុខា នឹង​បង្ក​ផល​លំបាក​ច្រើន​សម្រាប់​កម្ពុជា។

លោក​ថ្លែង​ថា៖ «ដូច្នេះ​បើ​ការ​ចោទ​ប្រកាន់​នេះ​ ចេញ​ជា​ផ្លូវការ​មែន​ វា​ទាម​ទារ​ឲ្យ​សហរដ្ឋ​អាមេរិក​ ត្រូវ​តែ​ការពារ​ខ្លួន​គេ​ដែរ​ តើគេ​ពិត​ជា​បាន​ជាប់​ពាក់​ព័ន្ធ​រឿង​អស់​ហ្នឹង​[ទេ​]។ ​ដូច​ដែល​ខ្ញុំ​គិត​ថា ​អ្នក​នៅ​ពីក្រោយ​ខ្នង​ ដូច​បាន​ចោទ​ប្រកាន់​ក៏​គេ​មិន​សុខ​ចិត្ត​ទទួល​យក​នូ​វ​ការ​ចោទ​ប្រកាន់​មួយ​មិន​មាន​ភស្តុតាង​ ឬឫស​គល់​អ្វី​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ការ​អះ​អាង​ដែរ​»។

លោក មាស នី កត់​សម្គាល់​ថា ​ករណី​របស់​លោក​ កឹម​ សុខា​នេះ គឺ​អាស្រ័យ​ទៅ​លើ​ចរន្ត​នៃ​របត់​នយោ​បាយ និង​អារម្មណ៍​របស់​អ្នក​នយោបាយ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​អ្នក​ពាក់​ព័ន្ធ​មាន​ចេតនា​ចង់​ដោះ​ស្រាយ​បញ្ហា​នេះ គឺ​មិន​ចំណាយ​ពេ​ល​វេលា​យូរ​ឡើយ៕

XS
SM
MD
LG