អយ្យការសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃចន្ទ បង្គាប់ឲ្យលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ចូលសវនាការនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។
ដីកាចេញកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដោយលោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានផ្សព្វផ្សាយបន្តដោយស្ថាប័នព័ត៌មានក្នុងស្រុកបញ្ជាក់ថា សវនាការលោក កឹម សុខា ខាងមុខនេះ គឺពាក់ព័ន្ធទៅនឹងបទ«សន្ទិដ្ឋិភាពជាមួយបរទេស» ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
ក្នុងដីកានោះបង្គាប់ថា៖ «ឲ្យឈ្មោះ កឹម សុខា ភេទប្រុស […] ចូលមកសាលាដំបូងរាជធានីភ្នំពេញ សាលសវនាការទី១ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨ៈ៣០នាទីព្រឹកដើម្បីចូលរួមសវនាការ»។
ការប្រកាសឲ្យលោក កឹម សុខា ចូលសវនាការនេះ ធ្វើឡើងបន្ទាប់ពីសវនាការលោក កឹម សុខា ដែលបានធ្វើឡើងនៅដើមឆ្នាំ២០២០ អស់រយៈពេលជាច្រើនសប្តាហ៍នោះត្រូវបានលើកពេលជាងមួយឆ្នាំកន្លងមក ដោយបារម្ភអំពីការរីករាលដាលជំងឺកូវីដ១៩។
លោក ចាន់ ចេន មេធាវីមួយរូបដែលការពារក្តីឲ្យលោក កឹម សុខា ប្រាប់វីអូអេថាលោកបានឃើញដីកាកោះហៅកូនក្តីរបស់លោកចូលសវនាការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ តាមរយៈសារព័ត៌មានក្នុងស្រុក ប៉ុន្តែលោកថា លោកមិនទាន់បានទទួលដីកានេះពីសាលាដំបូងរាជធានីភ្នំពេញនៅឡើយទេ។
លោក ចាន់ ចេន សុំមិនធ្វើអត្ថាធិប្បាយអំពីដីកាកោះនេះ ដោយលោកគ្រាន់តែបញ្ជាក់ថា៖
«សហមេធាវីទាំងអស់ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារក្តីកូនក្តីនៅអង្គសវនាការ»។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ ពីបទក្បត់ជាតិ។ ក្រោយចាប់ខ្លួន លោកត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំអស់រយៈពេលជាងមួយឆ្នាំ។ ក្រោយមក លោកត្រូវបានដោះលែង តែដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយដាក់កំហិតការធ្វើដំណើរ មិនអនុញ្ញាតឲ្យទៅក្រៅប្រទេស និងមិនឲ្យធ្វើនយោបាយ៕