ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កម្ពុជានិយម​ចង់​បាន​តំណែង​មេឃុំ​ចៅ​សង្កាត់​ដែល​បាត់​បង់​ក្រោយ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ


លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម ផ្តល់បទសម្ភាសន៍ដល់វីអូអេ​នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម ផ្តល់បទសម្ភាសន៍ដល់វីអូអេ​នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)

ប្រធាន​គណបក្ស​កម្ពុជា​និយម​ដែល​ជា​អតីត​តំណាង​រាស្រ្ត​ម្នាក់​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ឲ្យ​ដឹង​ថា​គណបក្ស​កម្ពុជា​និយម​ចង់​បាន​តំណែង​មេឃុំ​ចៅ​សង្កាត់​ត្រឡប់​មក​វិញ​ទើប​សម្រេច​ចិត្ត​ចូល​រួម​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥​ខែ​មិថុនា ឆ្នាំ​២០២២​ខាង​មុខ។​

លោក​ យ៉ែម បុញ្ញឫទ្ធិ​ ជា​ប្រធាន​គណបក្ស​កម្ពុជានិយម​និង​ជា​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រូប​ដែល​ស្និទ្ធ​នឹង​លោក​កឹម សុខា​ដែល​កំពុង​ជាប់​ក្តីក្តាំង​នៅ​តុលាការ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​ដែល​ធ្វើ​ឲ្យ​លោក​មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​បាន។​

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក ​យ៉ែម បុញ្ញឫទ្ធិ ​ថ្លែង​ថា​គណបក្ស​កម្ពុជា​និយម​ចង់​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​រស់​ឡើង​វិញ និង​ចង់​បាន​តំណែង​មេឃុំ​ចៅ​សង្កាត់​និង​ក្រុម​ប្រឹក្សា​សរុប​ប្រមាណ​៥​ពាន់​នាក់​អាច​ត្រឡប់​មក​វិញ​ ប៉ុន្តែ​ការ​តស៊ូ​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មិន​ទទួល​បាន​ជោគជ័យ​ឡើយ។​

លោក​ថ្លែង​ថា៖ ​«យើង​ទាមទារ​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​៥.០០៧​រូប​ ក៏​ប៉ុន្តែ​ការ​ខិតខំ​ព្យាយាម​តស៊ូ​មតិ​ទាមទារ​ផ្នែក​ផ្លូវ​នយោបាយ​របស់​យើង​ពីឆ្នាំ​២០១៧​រហូត​ដល់​ឆ្នាំ​២០២០​នៅ​តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ។យើង​យល់​ឃើញ​ថាមិន​ត្រូវ​ឲ្យ​រំលង​ផុត​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២​នេះ​ទេ»។​

លោក​បន្ថែម​ថា​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។​ ប៉ុន្តែ​លោក​សង្ឃឹម​ថា​វា​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​នៅ​ពេល​ខាង​មុខ។​

លោក​បន្ត​ថា៖ ​«ការ​ដឹកនាំ​ឃុំ​សង្កាត់​របស់​គណបក្ស​កម្ពុជា​និយម​ក្រោយ​ការ​បោះឆ្នោត​ប្រសិន​ណា​គាត់​ដឹកនាំ​ឃុំ​សង្កាត់​ត្រូវ​បើក​លម្ហ​ប្រជាធិបតេយ្យ​ការ​គោរព​សិទ្ធិ​មនុស្ស​ហើយ​ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ហ្នឹង​ លោក​ត្រូវ​តែ​ចូល​រួម​ផ្តល់​យោបល់​ វាយ​តម្លៃ​ទៅ​លើ​ការ​ដឹកនាំ​របស់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។​ ហ្នឹង​ជា​ចំណុច​សំខាន់»។​

គួរ​បញ្ជាក់​ថា​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៧​គណបក្ស​សង្គ្រោះ​ជាតិ​ដណ្ដើម​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​៥.០០៧​និង​ទទួល​បាន​តំណែង​ជា​មេ​ឃុំ​ចៅ​សង្កាត់​ចំនួន​៤៨៩ ​ក្នុង​ចំណោម​១.៦៤៦​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​កាល​ពី​ពេល​នោះ។​ប៉ុន្តែ​តំណែង​ទាំង​នេះ​ត្រូវ​បាន​បែង​ចែក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោយ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។​

បើ​តាម​លោក ​យ៉ែម បុញ្ញឫទ្ធិ គណបក្ស​កម្ពុជា​និយម​មិន​ផ្តោត​លើ​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​ឡើយ​ប៉ុន្តែ​ផ្តោត​លើ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​ដែល​គណ​បក្ស​យល់​ថា​មាន​ឱកាស​និង​លទ្ធភាព​ដើម្បី​រៀបចំ​កម្លាំង​ប្រកួត​ប្រជែង​ឈ្នះ​ក្នុង​ពេល​ខាង​មុខ។​ ក្នុង​នោះ​មាន​ឃុំ​នៅ​ក្នុង​ស្រុក​ព្រះ​ស្តេច​នៅក្នុង​ខេត្ត​ព្រៃវែង។​ ចំណែក​នៅ​រាជធានី​ភ្នំពេញ​មាន​សង្កាត់​បឹង​ទំពុន​ទីពីរ​និង​មាន​ឃុំ​សង្កាត់​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​និង​ខេត្ត​សៀមរាប​ផង​ដែរ។​

លោក ​យ៉ែម បុញ្ញឫទ្ធិ​ ឲ្យ​ដឹង​ទៀត​ថា​សកម្មជន​របស់​គណបក្ស​ក៏​រង​ការ​គាប​សង្កត់​ផង​ដែរ​ពី​សំណាក់​មេ​ភូមិ​ក៏​ដូច​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជា​ដើម​ក្នុង​នោះ​មាន​ការ​ព្រមាន​មិន​ផ្តល់​បណ្ណ​ក្រីក្រ​ឲ្យ​ជា​ដើម។​

លោក​បញ្ជាក់​ថា៖ «ពាក្យ​ដែល​គេ​ប្រើ​ដូចៗ​គ្នា​គឺ​ពាក្យ​ថា​បើ​សិន​ណា​នៅ​តែ​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​កម្ពុជា​និយម​ គេ​នឹង​ដក​បណ្ណ​ក្រីក្រ។​ ដូច្នេះ​ហើយ​ជា​ចំណុច​មួយ​ដែល​យើង​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​មែន​ទែន»។​

ដូច​គ្នា​ផង​ដែរគណ​បក្ស​ភ្លើង​ទៀន​ក៏​បាន​រាយ​ការណ៍​ថា​សកម្មជន​របស់​ខ្លួន​យ៉ាង​តិច​១០​នាក់​នៅ​ក្នុង​ខែ​មីនា​ឆ្នាំ​២០២២​ត្រូវ​បាន​ប៉ូលិស​មូលដ្ឋាន​ហៅ​ទៅ​សួរនាំ​ដោយ​គ្មាន​បង្ហាញ​ដីកា​ឬ​បញ្ជាក់​មូលហេតុ​អ្វី​ឡើយ។គណ​បក្ស​ភ្លើង​ទៀន​ក៏​បាន​រាយ​ការណ៍​ថា​សកម្ម​ជន​គណបក្ស​ជា​ច្រើន​នាក់​ទៀត​រង​ការ​បំភិត​បំភ័យ​គ្រប់​រូប​ភាព​ពី​មន្ត្រី​មូលដ្ឋាន​ជា​ពិសេស​មេ​ភូមិ​មេឃុំ។​

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​ប្រាប់​វីអូអេ​ថា​គណបក្ស​ផ្សេង​មាន​ចេតនា​មិន​ល្អ​ដែល​លោក​ថាចង់​បង្កើត​រឿង​ឡើង ដើម្បី​បង្ហាញ​គេ​ថា​បរិយាកាស​នយោបាយ​មិន​អំណោយ​ផល​នៅ​មុន​ការ​បោះ​ឆ្នោត។​

លោក ​កន សាវាង្ស​ អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល​ដែល​ឃ្លាំមើល​កិច្ចការ​បោះឆ្នោត​ធ្លាប់​បាន​ប្រាប់​វីអូអេ​ថាលោក​ចង់​ឃើញ​ការ​ស្តារ​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ធានា​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ​ដែល​អាច​ទទួល​យក​បាន។លោក​បន្ថែម​ថា​គណបក្ស​ប្រឆាំង​ដែល​នឹង​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​មិន​ទាន់​មាន​ឥទ្ធិពល​ធំ​ដុំ​នៅ​ឡើយ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។​

គួរ​បញ្ជាក់​ថា​ការ​បោះឆ្នោតក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ នឹង​ជ្រើស​រើស​ក្រុម​ប្រឹក្សា​សរុប​ទាំងអស់​ជាង​១១.០០០​នាក់ នៅ​ក្នុង​ឃុំ​សង្កាត់​សរុប​ចំ​នួន​១.៦៥២៕

XS
SM
MD
LG