ចាប់តាំងពីអ្នកនាង ទួន សាវន វ័យ ៣៧ ឆ្នាំ ធំដឹងក្តីនៅក្នុងឃុំកំពង់ព្រះស្រុកសង្កែ ថ្នាក់ដឹកនាំមូលដ្ឋានក្នុងឃុំនេះ គឺសុទ្ធតែជាបុរសនិងមានវ័យចំណាស់។ ប៉ុន្តែនៅឆ្នាំ ២០១២ អ្នកនាង ទួន សាវនបានឈរឈ្មោះជាបេក្ខជនលេខរៀងទី ១ របស់គណបក្សប្រជាជនកម្ពុជា និងបានក្លាយជាមេឃុំស្រីវ័យក្មេងដំបូងគេនៅក្នុងឃុំនេះក្នុងខេត្តបាត់ដំបង។
យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ច្បាប់ស្តីពីការបោះឆ្នោតនិងនីតិវិធីសម្រាប់បោះឆ្នោតក្នុងអាណត្តិនេះ កម្ពុជាមិនទាន់មានកំណត់ចំនួនកូតាបេក្ខភាពជាស្ត្រី ឬការកំណត់ឲ្យគណបក្សនីមួយៗ រៀបចំបញ្ជីឆ្លាស់រវាងបេក្ខភាពបុរសនិងស្ត្រីនោះទេ។ ហើយការកំណត់លេខរៀងរបស់បេក្ខជនជាស្ត្រី គឺអាស្រ័យលើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំនៃគណបក្សនយោបាយនីមួយៗ។ រីឯការស្នើឲ្យដាក់បញ្ចូលធាតុផ្សំនៃសមភាពយេនឌ័រទៅក្នុងច្បាប់បោះឆ្នោតនានានោះ គឺនៅស្ថិតក្រោមការពិភាក្សានៅឡើយ។
ដូច្នេះ វាជារឿងកម្រមួយ ដែលបេក្ខជនជាស្ត្រីដូចជាអ្នកនាង សាវន អាចក្លាយជាបេក្ខជនលេខរៀងទី ១ របស់គណបក្សនយោបាយដែលចូលរួមឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតដើម្បីទទួលបានតួនាទីនិងតំណែងជាអ្នកដឹកនាំទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ សមិទ្ធផលបែបនេះទាមទារច្រើនពីបេក្ខជនជាស្ត្រី រួមមានបទពិសោធន៍ប្រឡូកក្នុងសង្គមនិងនយោបាយ ទំនាក់ទំនងជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាប្រិយភាពរបស់ខ្លួនក្នុងចំណោមមន្ត្រីបក្សផ្សេងទៀត កម្រិតចំណេះដឹង ភាពឈ្លាសវៃ ព្រមទាំងការគាំទ្រពីពលរដ្ឋក្នុងសហគមន៍និងក្រុមគ្រួសារផងដែរ។
មុនពេលទទួលបានឱកាសជាប់ឆ្នោតជាមេឃុំនេះអ្នកនាង ទួន សាវនធ្លាប់ជាមន្ត្រីរាជការស្ត្រីតែម្នាក់គត់ដែលបានបំពេញតួនាទីជាជំនួយការរដ្ឋបាលឃុំ ទទួលបន្ទុកផ្នែកអត្រានុកលដ្ឋានបានរយៈពេលជាង ២ ឆ្នាំ។ អ្នកនាងបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ VOA តាមទូរសព្ទ កាលពីដើមខែមីនានេះថា៖
«[កាលនោះ]ដោយសារក្រុមប្រឹក្សាឃុំមានស្ត្រីតែម្នាក់ មេឃុំបានហៅឲ្យខ្ញុំឈរឈ្មោះជាតំណាងក្រុមប្រឹក្សាឃុំម្នាក់ទៀត ឲ្យបានស្ត្រី ២ នាក់។ ហើយខ្ញុំក៏ឈរទៅ។ ដល់ពេលបោះឆ្នោតសំឡេងយើងបានច្រើនជាងគេទៅ គេក៏ដាក់យើងជាប់បេក្ខភាពមេឃុំលេខរៀងទី ១។ សប្បាយហ្នឹងហើយគិតថា បើជាប់ទៅ នឹងអាចជួយបម្រើអភិវឌ្ឍភូមិឃុំយើងឲ្យល្អ»។
អ្នកនាង ទួន សាវន បានបញ្ចប់ការសិក្សាត្រឹមថ្នាក់វិទ្យាល័យប៉ុណ្ណោះ។ ក្រោយចូលកាន់តំណែងជាមេឃុំ អ្នកនាងឆ្លៀតពេលបន្តការសិក្សាផ្នែកគ្រប់គ្រងធនធានមនុស្សនៅសាកលវិទ្យាល័យក្ នុងខេត្តបាត់ដំបង និងបានបញ្ចប់បរិញ្ញាបត្រនៅឆ្នាំ ២០១៦។
អ្នកនាង សាវន បានជាប់ឆ្នោតជាមេឃុំកំពង់ព្រះ បានពីរអាណត្តិ ដោយបម្រើកិច្ចការសាធារណៈដល់ប្រជាពលរដ្ឋក្នុងឃុំបានរយៈពេល ១០ ឆ្នាំ ជាពិសេសយកចិត្តទុកដាក់លើការបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពអប់រំរបស់ក្មេងស្ត្រី និងស្ត្រីក្នុងឃុំ។ ក៏ប៉ុន្តែ អ្នកនាងមិនត្រូវបានចាត់តាំងជាបេក្ខជនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនេះទេ ដោយអ្នកនាងបានលើកឡើងថា ប្រជាប្រិយភាពរបស់អ្នកនាងក្នុងបក្សមានការថមថយ។
លោកស្រី សឹម ពៅ អាយុ ៦០ ឆ្នាំ ជាមេឃុំរការ ស្រុកសង្កែខេត្តបាត់ដំបងមកពីគណបក្សប្រជាជនកម្ពុជាមួយរូបទៀត។ លោកស្រីបានជាប់ឆ្នោតជាមេឃុំ ២ អាណ្ណតិចុងក្រោយ និងកំពុងឈរឈ្មោះជាបេក្ខភាពលេខរៀងទី ១ សម្រាប់ការបោះឆ្នោតខាងមុខនេះទៀត។
នៅក្នុងការអនុវត្តកិច្ចការងារជាមេឃុំ លោកស្រី សឹម ពៅ បានប្រាប់ VOA ថា លោកស្រី ព្យាយាមបង្កើតបរិយាកាសស្និទ្ធស្នាលនិងកក់ក្តៅក្នុងឃុំឲ្យមានលក្ខណៈបែបគ្រួសារ។ លោកស្រីថា ការណ៍នេះជួយឲ្យអ្នកភូមិអាចបើកចំហ និងពិភាក្សាជាមួយមន្ត្រីមូលដ្ឋានដើម្បីដោះស្រាយបញ្ហា ដែលកើតមានទាំងក្នុងគ្រួសារនិងសហគមន៍។
លោកស្រី សឹម ពៅ ថ្លែងតាមទូរសព្ទយ៉ាងដូច្នេះ៖ «យើងជាមេដឹកនាំយើងដូចជាម្តាយចឹង។ យើងខ្នះខ្នែងគិតគូពីកូនចៅយើង ពេលជួបបញ្ហានានា មិនថាគ្រោះមហន្តរាយ ផ្សព្វផ្សាយពីកិច្ចការសង្គមនានាជំរុញឲ្យពេលគាត់ពេលមានបញ្ហាអី ឲ្យមកពិភាក្សាជាមួយយើង ដើម្បីអាចជួយដោះស្រាយបាន»។
លោកស្រីបន្ថែមថា៖ «សំខាន់ទី ១ ជំរុញឲ្យស្ត្រីចូលរួមការងារសង្គមជួយឲ្យស្ត្រីមានការងារធ្វើក្នុងឃុំ។ ទី ២ ឲ្យស្ត្រីខិតខំរៀនសូត្រ។ ទី ៣ រកយុត្តិធម៌ជូនស្ត្រីក្នុងឃុំដែលជួបការលំបាក ដោយអំពើហិង្សាក្នុងគ្រួសារ ដោះស្រាយអំពើហិង្សាការជួញដូរស្ត្រី និងកុមារ។ ការផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព»។
ក្រៅពីសមត្ថភាពដឹកនាំនិងភាពឈ្លាសវៃការជ្រោមជ្រែងពីស្វាមី ក្នុងការរ៉ាប់រងកិច្ចការងារផ្ទះនិងការធ្វើដំណាំកសិកម្មក្នុងគ្រួសារ ដើម្បីជីវភាព ក៏ជួយឲ្យលោកស្រីដែលមានកូន ៧ នាក់រូបនេះ អាចចុះមូលដ្ឋានបំពេញការងារបានពេញលេញ។
តំណាងនិងតំណែងដឹកនាំរបស់ស្ត្រី
មេឃុំស្ត្រីដែលមកពីគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទាំង ២ រូបនេះស្ថិតក្នុងចំណោមជិត ១៧% ឬស្មើនឹងជិត ២ ពាន់នាក់នៃស្ត្រីដែលកំពុងកាន់តួនាទីជាក្រុមប្រឹក្សាឃុំសង្កាត់នៅកម្រិតមូលដ្ឋាននាពេលបច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា។ ក្នុងអាណត្តិនេះ គណបក្សប្រជាជនកម្ពុជាបានចុះឈ្មោះបេក្ខជនរបស់ខ្លួន ចំនួនជាង ២ ម៉ឺន ៨ ពាន់នាក់ ក្នុងនោះមានស្ត្រីចំនួនត្រឹមតែជាង ៧ ពាន់រូប ឬស្មើនឹងជិត ២៦%។
ការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រនារីរតនៈ ដើម្បីបង្កើនសមាមាត្រស្ត្រីក្នុងវិស័យសាធារណៈ និងនយោបាយ ព្រមទាំងអភិវឌ្ឍសមត្ថភាពស្ត្រីក្នុងការបំពេញមុខងារសាធារណៈ។ ក៏ប៉ុន្តែ កាលពីឆ្នាំ ២០១៥ កន្លងទៅ កម្ពុជាមិនបានសម្រេចគោលដៅអភិវឌ្ឍសហស្សវត្សនៃអង្គការសហប្រជាជាតិក្នុងការលើកកម្ពស់ស្ត្រីក្នុងឆាកនយោបាយ ដែលធានាឲ្យមានការកើនឡើងតំណាងស្ត្រីក្នុងសភាជាតិឱ្យបានដល់ ៣០% (ឬ ៣៦ រូប) នោះទេ។
នៅក្នុងសភាជាតិកម្ពុជាបច្ចុប្បន្ន បេក្ខភាពស្ត្រីមានចំនួន ២៥ នាក់ ក្នុងចំណោមតំណាងរាស្ត្រ ១២៥ រូប ឬស្មើនឹង ២០%។ គិតត្រឹមឆ្នាំ ២០១៩ ស្ត្រីកាន់តំណែងជារដ្ឋមន្ត្រីរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការមានចំនួន ២១% រីឯនៅកម្រិតមូលដ្ឋាន ស្ត្រីកាន់តួនាទីជាក្រុមប្រឹក្សាឃុំសង្កាត់មានចំនួនត្រឹមជិត ១៧% ប៉ុណ្ណោះ។
នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៤ ឆ្នាំ២០១៧ កន្លងទៅ មានតែគណបក្សចំនួន ២ ប៉ុណ្ណោះដែលមានការប្រកួតប្រជែងខ្ពស់។ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានតំណែងមេឃុំចំនួន ១១៥៦ និងអាសនៈក្រុមប្រឹក្សា ៦៥០៣ ហើយគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ទទួលបានតំណែងមេឃុំចំនួន ៤៨៩ និងអាសនៈក្រុមប្រឹក្សាចំនួន ៥០០៧។ ក៏ប៉ុន្តែ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ តុលាការកំពូលកម្ពុជា បានរំលាយគណបក្សជំទាស់ដ៏ធំជាងគេនៅកម្ពុជាមួយនេះចោល ដែលបានធ្វើឲ្យអ្នកដឹកនាំតាមមូលដ្ឋានមានទាំងក្រុមប្រឹក្សាជាស្ត្រីរបស់គណបក្សជំទាស់នេះ បាត់បង់ឱកាសដឹកនាំរបស់ខ្លួន។
អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្ស៊េត គឺអតីតចៅសង្កាត់អូចារមកពីអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោលនោះ។ កាលពីពេលថ្មីៗនេះ អ្នកនាងបានសម្រេចចូលរួមជីវភាពនយោបាយសារជាថ្មីជាមួយគណបក្សភ្លើងទៀននិងកំពុងឈរឈ្មោះជាបេក្ខភាពលេខរៀងទី ១ សម្រាប់ការបោះឆ្នោតឃុំសង្កាត់នេះ។ អ្នកនាង ចាន់ពៅរ៉ូហ្ស៊េត បានប្រាប់ VOA តាមទូរសព្ទនាពេលថ្មីៗនេះ អំពីនីតិវិធីនៃការដាក់លេខរៀងបេក្ខជនក្នុងបក្សថា៖
«យើងមានការប្រកួតប្រជែងគ្នាក្នុងផ្ទៃក្នុងគណបក្សមានន័យថា ទាំងវ័យចំណាស់ទាំងយើងជាស្ត្រីវ័យក្មេងមុននឹងយើងទៅឈរឈ្មោះជាចៅសង្កាត់ យើងត្រូវមានសកម្មភាពសកម្មនៅមូលដ្ឋាន។ ចឹងលុះត្រាតែយើងមានសកម្មភាពល្អ មានការគាំទ្រពីពលរដ្ឋ មានសកម្មភាពខ្លាំងនៅមូលដ្ឋាន ទើបយើងទទួលបានការគាំទ្រពីសកម្មជនដូចគ្នាក៏ដូចជាពលរដ្ឋ»។
គណបក្សភ្លើងទៀនដែលមានសមាជិកភាគច្រើនមកពីអតីតគណបក្សសង្គ្រោះជាតិបានចុះឈ្មោះបេក្ខជនរបស់ខ្លួនចំនួនជាង ២ ម៉ឺន ៣ ពាន់នាក់ ក្នុងនោះមានស្ត្រីចំនួនជាង ៥ ពាន់រូប ឬស្មើនឹងជាង ២២%។
បញ្ជីបេក្ខជនបណ្តោះអាសន្នដែលចេញផ្សាយដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត កាលពីថ្ងៃទី ៨ ខែមីនា បង្ហាញថា ក្នុងចំណោមបេក្ខជនសរុបចំនួនជាង ៨ ម៉ឺន ៤ ពាន់រូប ក្នុងនោះមានស្ត្រីសរុបចំនួនជាង ២ ម៉ឺន ៦ ពាន់រូប ឬស្មើនឹងជាង ៣១%។
កត្តាប្រឈម និងឆន្ទៈផ្លាស់ប្តូរ
អង្គការសង្គមស៊ីវិលដែលឃ្លាំមើលនិងចូលរួមបណ្តុះបណ្តាលអ្នកនយោបាយស្រ្តីវ័យក្មេង មើលឃើញពីការផ្លាស់ប្តូរឥរិយាបថ និងការកើនឡើងនៃចំនួនស្រ្តីចូលរួមក្នុងវិស័យនយោបាយ និងសាធារណៈ ប៉ុន្តែថា កម្ពុជាមិនទាន់កំណត់សមភាពយេនឌ័រជាអាទិភាព ចំពោះបេក្ខភាពចូលរួមការបោះឆ្នោតនៅឡើយ។ បន្ថែមពីនេះ ពួកគេយល់ថា កម្ពុជាក៏មិនទាន់ត្រៀមរៀបចំបរិមាណឲ្យគ្រប់គ្រាន់ និងកសាងសមត្ថភាពស្ត្រីឲ្យពេញលេញ ដើម្បីប្រកួតក្នុងការបោះឆ្នោតនិងប្រឡូកនយោបាយផងដែរ។
លោកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំនិងយេនឌ័រនៃខុមហ្វ្រែល និងជាសមាជិកស្ថាបនិកនៃគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ ថ្លែងថា ដើម្បីអាចឲ្យស្ត្រីចូលរួមក្នុងការបោះឆ្នោត និងនយោបាយទាំងថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានឲ្យបានពេញលេញ លុះត្រាតែមានការរុះរើរចនាសម្ព័ន្ធគណបក្ស ការកំណត់កូតាស្ត្រីឲ្យបានជាក់លាក់ក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ព្រមទាំងការកែប្រែច្បាប់បោះឆ្នោតដោយដាក់បញ្ចូលធាតុផ្សំនៃសមភាពយេនឌ័រជាដើម។
លោកស្រីថ្លែងថា៖ «ធ្វើជាយន្តការធ្វើច្បាប់ជាពិសេសក្នុងច្បាប់បោះឆ្នោតតែម្តង ដើម្បីឆ្លើយតបហ្នឹងយេនឌ័រ ទើបគណបក្សទាំងអស់ហ្នឹង គាត់គិតគូរជាពិសេសការដាក់បេក្ខភាពជាស្ត្រីឈរឈ្មោះបេក្ខជន សម្រាប់ការបោះឆ្នោត។ ហើយនៅមានយន្តការវិធានការពិសេសនានាក្នុងបក្សនយោបាយ ដែលគាត់ត្រូវមានគោលនយោបាយសមភាពយេនឌ័រក្នុងបក្សគាត់។ ត្រូវការការតាំងចិត្តខ្ពស់ពីមេដឹកនាំគណបក្សនិងមេដឹកប្រទេសផងដែរ ទើបអាចធ្វើឲ្យការចូលរួមរបស់ស្ត្រីមានចំនួនច្រើនជាអ្នកនយោបាយហ្នឹង ដែលគាត់អាចក្លាយជាអ្នកជាប់ឆ្នោតជាអ្នកដឹកនាំថ្នាក់មូលដ្ឋានក៏ដូចថ្នាក់ជាតិដែរ»។
លោកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ បានគូសបញ្ជាក់ថាបច្ចុប្បន្ននេះ នៅតែមានគណបក្សនយោបាយមួយចំនួននៅបារម្ភថា ការដាក់បញ្ចូលបេក្ខភាពស្ត្រីទៅក្នុងបញ្ជីឈរឈ្មោះបេក្ខជនខ្លួន បានបង្កការលំបាកក្នុងការស្វែងរកបេក្ខភាពជាស្ត្រីមកឈរឈ្មោះមិនអាចរកបានគ្រប់ចំនួនស្ត្រី ដែលមានសមត្ថភាព ឬអាចធ្វើឲ្យគណបក្សចាញ់ឆ្នោតឬបាត់បង់ប្រជាប្រិយភាពជាដើម។
«គ្រាន់តែកម្រិតនៃការចូលរួមនោះមានកម្រិត អាស្រ័យលើឋានៈនិងតួនាទី គឺថា តួនាទីនយោបាយកាន់តែធំ ការចូលរួមរបស់ស្ត្រីកាន់តែតិច។ សម្រាប់ខ្ញុំវិញ ស្ត្រីបានចូលរួមយ៉ាងសកម្មតាមរយៈការធ្វើការរបស់យើងនៅកម្រិតមូលដ្ឋានមែនទែន។ យើងឃើញថា គាត់ជាអ្នករកប្រជាប្រិយភាពឲ្យបក្សច្រើនមែនទែន ប៉ុន្តែស្ត្រីតែងត្រូវបានគេផាត់ចេញ នៅពេលមានការសម្រេចចិត្តលើបញ្ជីបេក្ខភាពទៅវិញ»។
លោកស្រី សេង រាសី ក៏បានសង្កត់ធ្ងន់ថា ឆន្ទៈនយោបាយច្បាប់និងគោលនយោបាយដែលមិនទាន់ផ្តោតសំខាន់លើសមភាពយេនឌ័រ កង្វះការគាំទ្រពីក្រុមគ្រួសារ និងកង្វះការបណ្តុះផ្នត់គំនិតនិងត្រៀមសមត្ថភាពស្ត្រីឲ្យរួចរាល់ ដើម្បីឈានជើងចូលវិថីនយោបាយ គឺជារនាំងឃាំងស្ត្រីពីការប្រឡូកនយោបាយឲ្យបានពេញលេញនិងមានប្រសិទ្ធិភាព។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យនិងជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថា ការកំណត់បញ្ជីបេក្ខភាពឈរឈ្មោះបោះឆ្នោត គឺជាការសម្រេចចិត្តរបស់គណបក្សដោយផ្អែកទៅតាមសមាជិក និងធនធានមនុស្សក្នុងបក្ស។ ក៏ប៉ុន្តែលោកថា គ.ជ.ប តែងណែនាំនិងលើកទឹកចិត្តឲ្យគណបក្សនយោបាយផ្តល់អាទិភាពដល់បេក្ខភាពជាស្ត្រីដែលមានសមត្ថភាព។
លោក ហង្ស ពុទ្ធា ថ្លែងថា៖ « គ.ជ.ប ត្រូវអនុវត្តដោយស្មើភាពរវាងបុរសនិងនារី។ […]ក្នុងការអនុវត្តក្នុងការជ្រើសរើសស្ត្រីអី គ.ជ.ប តែងតែផ្តល់ជាអាទិភាពជូនដល់ស្ត្រី។ តែការកំណត់ជាគោលការណ៍តែម្តង គ.ជ.ប អត់មានកំណត់ទេ។ ប៉ុន្តែមានជាការលើកទឹកចិត្ត បើសិនជាពិន្ទុ ឬការវាយតម្លៃឃើញថាស្មើគ្នាចឹង»។
បើតាម គ.ជ.ប បញ្ជីឈរឈ្មោះបេក្ខជនផ្លូវការនឹងចេញផ្សាយនាចុងខែមេសាខាងមុខ បន្ទាប់ពីបិទបញ្ជប់ការដោះស្រាយពាក្យបណ្តឹងលើបញ្ជីបេក្ខជនបឋម។ ការបោះឆ្នោតឃុំសង្កាត់អណត្តិទី ៥ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ ដោយមានការចូលរួមពីគណបក្សនយោបាយចំនួន ១៧៕