ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​មិន​អើពើ​សឹងតែ​ទាំង​ស្រុងអំពី​ការ​ក្លែងបន្លំ​សន្លឹក​ឆ្នោត​ដែល​ត្រូវគេ​ចោទ​ប្រកាន់​​នៅ​បង់ក្លាដែស


រូបឯកសារ៖ សកម្មជននាំគ្នាចងបិទមាត់របស់ពួកគេនឹងក្រណាត់ខ្មៅក្នុងបាតុកម្មមួយ ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដោយមានការឃ្លាំមើលពីរដ្ឋាភិបាល នៅទីក្រុងដាក្កា ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ សកម្មជននាំគ្នាចងបិទមាត់របស់ពួកគេនឹងក្រណាត់ខ្មៅក្នុងបាតុកម្មមួយ ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដោយមានការឃ្លាំមើលពីរដ្ឋាភិបាល នៅទីក្រុងដាក្កា ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩។

ស្ថាប័ន​ព័ត៌មាន​ក្នុងស្រុក​ច្រើន​លើសលប់​បាន​ជៀសវាង​ការ​សរសេរ​ព័ត៌មាន​ពីអំពើ​ហិង្សា​និង​ការ​សង្ស័យ​លើ​ការ​ប្រព្រឹត្ត​ខុសច្បាប់​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នា​នា។ អ្នកសារព័ត៌មាន​មួយ​ចំនួន​លើក​ឡើង​ពី​ការភ័យ​ខ្លាច​ចំពោះ​ការ⁣ដាក់​ទោសទណ្ឌ។

បន្ទាប់​ពីការ​បោះ​ឆ្នោត​ជាតិ​នាពេល​កន្លង​ទៅ​ថ្មីៗ​ក្នុង​ប្រទេស​បង់ក្លាដែស​ ​សម្ព័ន្ធ⁣បក្សប្រឆាំង​និង​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​បង្ហាញ​ពី​ការ​ខកចិត្ត​ចំពោះ​សារព័ត៌មាន​ក្នុង​ស្រុកដែល​មិន​បាន​ផ្សព្វផ្សាយ​សឹងតែ​ទាំង​ស្រុង⁣អំពី​ការបន្លំ​សន្លឹក​ឆ្នោត​ដែល​ជារឿង​ត្រូវ​គេ​ចោទ​ប្រកាន់។

ក៏ប៉ុន្តែ​អ្នក​សារព័ត៌មាន​ជាច្រើន​បាន​ពន្យល់​តប​ថា​ ភាព​ភ័យខ្លាច​ពី​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​បាន​នាំ​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ជា​ច្រើន​ព្យាយាម​មិន​ផ្សព្វផ្សាយ​នូវ​ការ​ក្លែងបន្លំ​ដែលត្រូវ​ចោទ​ប្រកាន់​ទាំងនោះ។​

​លោក​ ​Ruhul Kabir Rizvi Ahmed​ ​អគ្គលេខាធិការ​រួម​ជាន់ខ្ពស់​របស់​គណបក្ស​ជាតិ និយម​បង់ក្លាដែស​ ​BNP​ ​បានប្រាប់​ ​VOA​ ​ថា៖​

«កម្រិត​នៃ​ការប្លន់​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​៣០​ខែធ្នូ ​គឺ​មិនធ្លាប់​មាន​ពី​មុន​នោះ​ទេ​ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្ស​ជាតិ។​ ​នៅ​មុន​ការ​បង្កើត​ឱ្យ​មាន​ការ​បោះឆ្នោត​តាម​របៀប​ក្លែងបន្លំ​ដ៏​ធំ​នោះ​ ​រដ្ឋាភិបាល​បាន​បង្កើត​ឡើង​នូវ​ច្បាប់​កខ្វក់​មួយ​ចំនួន​ដូចជា​ច្បាប់​សន្តិសុខ​ឌីជីថល​ ​ដែល​រឹតត្បិត​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ»។​

​លោក​បន្តថា​៖

«​ម្យ៉ាងវិញ​ទៀត​រដ្ឋាភិបាល​ ​ធ្វើ​ការ​គំរាម​កំហែង​ជា​ច្រើន​ដល់​ស្ថាប័ន​ព័ត៌មាន​ក្នុងស្រុក​ដើម្បី​កុំ​ឱ្យ​ពួក​គេ​រាយការណ៍​ព័ត៌មាន​ដោយ​សេរី​ ​ហើយ​នឹង​មិន​អនុញ្ញាត​ឱ្យ​ពិភពលោក​ដឹងឮ​ពី​ការ​លួចបន្លំ​សន្លឹក​ឆ្នោត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ»។​

ផលិតករ​កម្មវិធី​ព័ត៌មាន​របស់​ទូរទស្សន៍​ជាតិ​ប្រចាំទីក្រុង​ដាក្កា​ បាន​និយាយ​ថា​ ស្ថាប័ន​ព័ត៌មាន​ជា​ច្រើន​មិនអាច​អនុវត្តការងា​របស់​ពួកគេ​ដោយ​សេរី​នោះ​ទេ​ ​អំឡុង​ពេល​បោះ​ឆ្នោត។​

​«​មុន​ការ​បោះឆ្នោត​ជាតិ​ ​គណៈកម្មការ​បោះឆ្នោត​បាន​ចេញ​គោល​ការណ៍​ថ្មីៗ​មួយ​ចំនួន​ ​ដែល​ដាក់​កំហិត​ដល់​សកម្មភាព​ពាក់ព័ន្ធ​នានា​ ​ក្នុង​ការ⁣យក​ព័ត៌មាន​របស់​អ្នក​កាសែត​នា​ពេល​បោះឆ្នោត។⁣ ជា​លើក​ដំបូង​ហើយ​ដែល​មាន​ការ​រារាំង​មិន​ឱ្យ​ថតរូប​ ​ថតវីដេអូ​ ​ឬក៏​ធ្វើ​ការ​ផ្សាយផ្ទាល់​រាល់​សកម្មភាព​ផ្សេងៗ​ទាក់​ទង​នឹង​បោះឆ្នោត​ក្នុង​ការិយាល័យ​បោះឆ្នោត»។

នេះ​បើ​តាម​សម្តី​របស់​ផលិតករ​កម្មវិធី​ព័ត៌មាន​របស់​ទូរទស្សន៍​ជាតិ​ប្រចាំ​ទីក្រុង​ដាក្កា​មួយរូប​ដែល​សុំមិន​បញ្ចេញ​ឈ្មោះ​ដោយ​ភ័យខ្លាច​ការ​គំរាម​កំហែង​របស់​រដ្ឋាភិបាល។

លោក​បាន​បន្ថែម​ថា៖​

«អ្នក​កាសែត​ទទួល​សារ​ដ៏​គួរឱ្យ​តក់ស្លុត​មួយ​ថា​ ប្រសិន​បើ​ពួកគេ​រំលោភ​លើ​គោល​ការណ៍​ទាំង​នោះ​ ​ពួក​គេ​អាច​នឹង​ប្រឈម​ការ​ដាក់ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ពី​រដ្ឋាភិបាល។​ ​ស្ថិត​ក្នុង​ស្ថាន​ការណ៍​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​នេះ​ធ្វើ​ឱ្យ​សកម្មភាព​នា​នា​ទាក់ទិន​នឹង​ការ​បន្លំ​សន្លឹក​ឆ្នោត​មិនត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​សឹងតែ​ទាំង​ស្រុង»។​

​អ្នក​សារព័ត៌មាន​ផ្សេងៗ​ទៀត​ ​ដែល​បាន​ប្រាប់​រឿងរ៉ាវ​ស្រដៀង​គ្នា​ដល់​ ​VOA​ ​បាន​សុំ​មិនឱ្យ​ស្រង់​សម្តី​ផ្ទាល់​របស់​ពួកគេ​ដោយ​ភ័យ​ខ្លាច​ពី​ការ​គំរាម​កំហែង​របស់​រដ្ឋាភិបាល។​

«ពួក​គេ​កំពុង​ប្រឈម​នឹង​សម្ពាធ​យ៉ាង​ធ្ងន់ធ្ងរ​ជាច្រើន​ចំពោះ​មុខ​ ​រួមទាំង​ការចាប់​ឃុំខ្លួន​តាម​អំពើ​ចិត្ត ​និង​ការ​វាយដំ​ដោយ​ប៉ូលិស​ ​ការ​ចាប់​បំបាត់​ខ្លួន​និង​បទលើ្មស​ព្រហ្មទណ្ឌបរិហារកេរ្តិ៍​ដ៏​តឹងរ៉ឹង​និង​ច្បាប់​ស្តីពី​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជាដើម​ បាន​ធ្វើឱ្យ​អ្នក​សារ​ព័ត៌មាន​ជាច្រើន​ជាប់​ពន្ធនាគារ»។​

​នេះ​បើតាម​ការ​លើក​ឡើង​របស់​ ​លោក​ ​Steven Butler​ ​អ្នក​សម្រប​សម្រួល​គម្រោង​អាស៊ី​របស់​គណៈកម្មការ​ការពារ​អ្នកសារព័ត៌មាន​ ​(CPJ)​ ​ដែល​មាន​ទីតាំង​ក្នុង​រដ្ឋ ញូវយ៉ក។

រូបឯកសារ៖ សកម្មជននាំគ្នាធ្វើបាតុកម្មទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដោយមានការឃ្លាំមើលពីរដ្ឋាភិបាល នៅទីក្រុងដាក្កា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ សកម្មជននាំគ្នាធ្វើបាតុកម្មទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដោយមានការឃ្លាំមើលពីរដ្ឋាភិបាល នៅទីក្រុងដាក្កា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩។

លោក​ ​Butler​ ​បាន​បន្ថែម​ថា៖​

«ពួក​គេ​ក៏​បាន​ទទួល​ការ​ផ្តល់​ឱវាទ​បែប​គំរាម​កំហែង​ជា​បន្តបន្ទាប់​ ​តាមរយៈ​ទូរសព្ទ​ពី​ក្រុម​ប៉ូលិស​ ​ក្រុម​អ្នក​ស៊ើប​ការ​យោធា​ ​និង​រដ្ឋាភិបាល។​ ​ជារួម​គឺ​ជា​ការ​បំភិតបំភ័យ​ផ្លូវ​អារម្មណ៍​។​ ​អីច៊ឹង​ហើយ​ ​វាមិន​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ​ដែល​ពួក​គេ​ភ័យខ្លាច​ក្នុង​ការ​សរសេរ​ព័ត៌មាន​អំពី​ភាព​មិន​ប្រក្រតី​ពី​ការ​បោះឆ្នោត​ ​ដែល​ពួកគេ​បាន​ឃើញ​ ​ហើយ​ពួកគេ​មើល​ស្រាល​ជំហរ​របស់​រដ្ឋា​ភិបាល​លើ​ការ​បោះឆ្នោត»។​

ការ​ចោទ​ប្រកាន់​នានា​ពី​ការ​បន្លំ​សន្លឹក​ឆ្នោត​

ក្រោយ​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ត្រូវ​បាន​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត​បង់ក្លាដែស​ ​ប្រកាស​ឱ្យ​ដឹង​នៅ​ដើម​ខែធ្នូ​ ​រដ្ឋាភិបាល​បាន​បញ្ជាក់​ជាថ្មី​ទៀត​ថា​ ការ​បោះឆ្នោត​នឹង​ដំណើរការ​ប្រកប​ដោយ​ភាព​សេរី​និង​យុត្តិធម៌​សម្រាប់​គ្រប់ភាគី។​

ក៏ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​មុនការ​បើក​ការិយាល័យ​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃទី​៣០​ ខែធ្នូ​ ​សម្ព័ន្ធ​បក្ស​ប្រឆាំង​បាន​ចោទ​ថា​ សកម្មជន​មួយ​ចំនួន​របស់​បក្សកាន់​អំណាច​ សម្ព័ន្ធ​ ​Awami​ ​(AL)​ ​បាន​ដាក់​សន្លឹក​ឆ្នោត​ដោយ​ខុស​ច្បាប់​ចូល​ក្នុង​ហឹប​ឆ្នោត​នានាក្នុង​មណ្ឌល​បោះ ឆ្នោត​ជា​ច្រើន​ទូទាំង​ប្រទេស​ នៅ​មុខ​មន្ត្រី​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​និង​កងរក្សា​សន្តិសុខ។​​

​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោតនោះ​ ​គណបក្ស​សម្ព័ន្ធនៃ​ក្រុម​ជំទាស់​ក៏​បាន​ចោទផង​ដែរ​ថា​ភ្នាក់ងារ​របស់​ខ្លួន​រាប់​សិបពាន់​នាក់​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ទូទាំង​ប្រទេស​ ​ត្រូវ​បាន​ក្រុម​អ្នក​គាំទ្រ​បក្សកាន់​អំណាច​ ​AL​ ​គំរាម​កំហែង​និង​ត្រូវ​បាន​ដេញ​ចេញ​ឆ្ងាយ​ពី​មណ្ឌល​បោះឆ្នោត។​

​ក្រោយ​ពេល​ដែល​គណៈកម្មការ​រៀបចំ​បោះឆ្នោត​បាន​ប្រកាស​ថា​ ​គណបក្ស​សម្ព័ន ​Awami​ ​និង​គណបក្ស​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​បាន​ទទួល​សន្លឹកឆ្នោត​យ៉ាង​ច្រើនសន្ធឹក​ សន្ទាប់​ឈ្នះ​អាសនៈ​ចំនួន​ ​២៨៨​ ​ក្នុង​ចំណោម​៣០០​អាសនៈ​ក្នុង​សភា​ ​ក្រោយការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី៣០ ខែធ្នូ។​ តែ​ រណសិរ្ស​ ​Jatiya Oikya​ ឬ​ ​(JOF)​ ​ដែល​ជា​សម្ព័ន្ធ​បក្ស​ជំទាស់​ធំជាងគេ​ ​បាន​ទាត់​ចោល​លទ្ធផល​បោះឆ្នោតដោយ​និយាយ​ថា​ «​នេះ​គឺ​ជា​ការ​បោះ​ឆ្នោត​តាម​របៀបក្លែង​បន្លំ​ដ៏​ធំ​ គួរ​ឱ្យ​អស់​សំណើច»។

រូបឯកសារ៖ លោកប្រធានាធិបតីបង់ក្លាដែស M. Abdul Hamid ចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ដែលបានជាប់ឆ្នោតនៅទីក្រុងដាក្កា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកប្រធានាធិបតីបង់ក្លាដែស M. Abdul Hamid ចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ដែលបានជាប់ឆ្នោតនៅទីក្រុងដាក្កា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។

ទោះយ៉ាង​ណា​ ​ថ្នាក់ដឹកនាំ​គណបក្ស​សម្ព័ន្ធ​ ​AL​ ​និយាយ​ថា​ ការចោទ​ពី​ការ​ក្លែងបន្លំ​សន្លឹកឆ្នោត​គឺ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ទេ។​

«តើពួកគេ​អាច​បង្ហាញ​ភស្តុតាង​បាន​ទេ​ ​ថា​តើ​បន្ទប់​បោះឆ្នោត​មួយ​ណា​ដែល​ត្រូវ​បាន​រារាំង​ដោយ​បង្ខំ​ឬ​ ​មនុស្ស​ណា​ខ្លះ​ដែល​គូស​សន្លឹក​ឆ្នោត​បន្លំ?​ ​ពួកគេ​មិន​អាច​បង្ហាញ​ភស្តុតាង​អ្វី​ទាំងអស់​ ​ដើម្បី​គាំទ្រ​ការ​ចោទ​ប្រកាន់​របស់​ពួក​គេ​នោះ​ទេ។​ ​តែ​ពួក​គេ​បានត្រឹម​តែ​ស្រែក​ថា​សន្លឹក​ឆ្នោត​ត្រូវ​បាន​គេ​ក្លែងបន្លំ​តែប៉ុណ្ណោះ»។​

​មេដឹកនាំរណសិរ្ស​ ​JOF​ ​លោក​ ​Iqbal ​Hasan ​Mahmud ​Tuku​ ​ថ្លែង​ថា​ ភស្តុតាងពី​ការ​ក្លែងបន្លំ​សន្លឹក​ឆ្នោត​នោះគឺ​ពិតជា​តិច​ហើយ​ចេញពី​ការ​បោះឆ្នោត​នេះ​ ​ដោយ​មូលហេតុ​សឹងតែ​ទាំងស្រុង​នោះ​គឺ​អ្នក​សារព័ត៌មាន​ជា​ច្រើន​ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ការងារ​ដោយ​សេរី​ក្នុង​អំឡុង​ពេល​បោឆ្នោត។​

​លោក​ ​Tuku​ ​បានប្រាប់​ VOA​ ​ថា៖​

«នៅ​ពេល​ដែល​ការ​បន្លំ​កំពុង​កើត​មាន​ឡើង​ក្នុង​មណ្ឌល​បោះ​ឆ្នោត​ស្ទើរតែ​ទាំង​អស់​គឺកើត​ឡើង ​ដោយ​មាន​វត្តមាន​របស់​មន្ត្រី​នៃ​គណៈ​កម្មការ​បោះឆ្នោត​និង​កង​រក្សា​ សន្តិសុខ​នៅ​ទីនោះ​ផងដែរ​ ​យើង​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ទៅ​យក⁣ព័ត៌មាន​ពី​ហេតុការណ៍​ទាំង​នោះ។​ ​ក៏ប៉ុន្តែ​ពួក​គេ​និយាយ​ថា​ ពួកគេ​ខ្លាច​ក្នុង​ការ​សរសេរ​ព័ត៌មាន​ពី​ការ​ប្រព្រឹត្ត​ខុសឆ្គង​ទាំង​នោះ​ណាស់​ ​ហើយ​ព្យាយាម​នៅ​ឱ្យ​ឆ្ងាយ​ពី​មណ្ឌល​បោះឆ្នោត​ទាំង​នោះ»។

សកម្ម​ភាព​លើ​បណ្ដាញ​សង្គម​

ទោះ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើនបញ្ឈប់​ការ​រាយការណ៍​សឹងតែ​ទាំង​ស្រុង​លើ​ការ ចោទ​នា​នា​អំពី​ការ​បន្លំ​សន្លឹក​ឆ្នោត​ក៏​ដោយ​ ​តែ​បណ្ដាញ​សង្គម​នៅ​តែ​ផ្សព្វផ្សាយ​សកម្ម​យ៉ាងខ្លាំង។​ ​មនុស្សម្នា​ជាច្រើន​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​ការ​ជួប​ប្រទះ​របស់​ខ្លួន​ ​នៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោត​នានា​កាល​ពី​ថ្ងៃទី​៣០​ ខែធ្នូ។​

​វីដេអូខ្លីៗ​រាប់រយ​វីដេអូ​ ​ដែល​ពលរដ្ឋ​អះអាង​ថា ​ពួកគេ​ត្រូវ​បាន​ហាមប្រាម​មិន​ឱ្យ​ទៅ​បោះឆ្នោត​ដោយ​សកម្មជន​បក្ស​សម្ព័ន្ធភាព​ ​AL​ ត្រូវ​បាន​ចែក​រំលែក​ពេញ​បណ្ដាញ​សង្គម។​ ​វីដេអូខ្លីៗ​ជា​ច្រើន​ដែល​អះអាង​ពី​ការ​លួចបន្លំ​សន្លឹក​ឆ្នោត​ដោយ​ខុសច្បាប់​របស់​សកម្មជន​បក្ស​សម្ព័ន្ធភាព​ ​AL​ ​ក៏​ត្រូវ​បាន​បង្ហោះ​ពេញ​ហ្វេសប៊ុក​និង​ធ្វីតធឺ​ ​(Twitter)​ ​ផង​ដែរ។​

​សកម្មជន​ប្រជាធិបតេយ្យ​ ​Pinaki Bhattacharya​ ​និយាយ​ថា​ ការ​គំរាម​កំហែង​របស់​ច្បាប់​ស្តីពី​សន្តិសុខ​ឌីជីថល​ក៏​បាន​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន​ជាច្រើន​ត្រូវ​រារាំង​នៅ​ឆ្ងាយ​ពី​ការ​បោះឆ្នោត​នេះ​ដែរ។​

​«អ្នក​សារព័ត៌មាន​ក្នុង​ប្រទេសបង់ក្លាដែស​ជាច្រើន​ភ័យខ្លាច​ពី​ការ​ទម្លាក់​កំហុស​ក្រោម​បណ្ដឹង​នានា​តាមច្បាប់​ស្តីពី​សន្តិសុខ​ឌីជីថល។​ ​អីច៊ឹង​ហើយ​ពួក​គេ​តម​ ​មិន​ធ្វើ​សេចក្តី​រាយការណ៍​អំពី​ការពិត​ក្នុង​ករណី​ជាច្រើន​ដែល​បាន​កើត​ឡើង​អំឡុង​ការ​បោះឆ្នោត​ថ្ងៃ​ទី​៣០​ ខែធ្នូ។​ ​ច្បាប់​នេះ​បាន​ប្លន់ស្មារតី​និង​សេរីភាព​សារព័ត៌មាន​ក្នុងប្រទេស​បង់ក្លាដែស»​។

នេះ​បើ​តាម​ ​លោក​ ​Bhattacharya​ ​ដែល​គេ​ស្គាល់​ថា​ មាន​ប្រជាប្រិយភាព​លើ​បណ្តាញ​អ៊ីនធឺណិត ​បាន​ប្រាប់​ ​VOA។​

​សកម្មជន​ប្រចាំ​ក្រុង​ដាក្ការូប​នេះ​ ​ដែល​បាន​លាក់ខ្លួន​ចាប់តាំង​ពី​ខែ​សីហា​ ​បន្ទាប់​ពី​លោក​ត្រូវ​គេ​រាយការណ៍ថា​ លោកត្រូវ​តាម​ប្រមាញ់​ដោយ​អ្នក​ស៊ើប​ការ​យោធា​ ​បាន​ប្រើប្រាស់​ទំព័រ​មួយ​ចំនួន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និង​ធ្វីតធឺ​ ​Twitter​ ​សរសេរ​ពី​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​ទាំងនេះ​អំឡុង​ពេល​បោះ​ឆ្នោត។

រូបឯកសារ៖ សកម្មជននាំគ្នាចងបិទមាត់របស់ពួកគេនឹងក្រណាត់ខ្មៅក្នុងការដើរហែរក្បួនមួយទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដោយមានការឃ្លាំមើលពីរដ្ឋាភិបាល នៅទីក្រុងដាក្កា ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ សកម្មជននាំគ្នាចងបិទមាត់របស់ពួកគេនឹងក្រណាត់ខ្មៅក្នុងការដើរហែរក្បួនមួយទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដោយមានការឃ្លាំមើលពីរដ្ឋាភិបាល នៅទីក្រុងដាក្កា ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩។

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​ការ​បោះឆ្នោតទេ​ ដោយសារ​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើនបាន​ព្យាយាម​នៅ​ឱ្យ​ឆ្ងាយ​ពី​ការ​សរសេរ​ព័ត៌មាន​ ​រឿង​ការ​ក្លែងបន្លំ​សន្លឹក​ឆ្នោត​សឹងតែ​ទាំងស្រុង។​ ​នេះ​បើ​តាម​សម្តី​របស់​លោក​ ​Bhattacharya។​

«គ្មានអ្នក​ឃ្លាំមើល​ការ​បោះឆ្នោតអន្តរជាតិ​ណាមួយ​ចុះ​អង្កេត​ការណ៍​ក្នុង​អំឡុង​ពេល​បោះឆ្នោត​នោះ​ទេ។ ក្នុង​ស្ថាន​ការណ៍​នេះ​ ​របាយការណ៍​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សំខាន់ៗ​ជាច្រើន​របស់​បង់ក្លាដែស​គួរ​ត្រូវ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​កត់ត្រា​អំពីការ​បោះឆ្នោត។​ ​៩៥​ ​ភាគ​រយ​ឬ​ក៏​ច្រើន​ជាង​នេះ​នៃ​មណ្ឌល​បោះឆ្នោត​ ​ មាន​សន្លឹក​ឆ្នោត​ត្រូវ​បាន​គេ​បន្លំ។​ ​ប៉ុន្តែ​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​ទាំង​នេះ​ ​ភាគ​ច្រើន​លើស​លប់​មិន​ត្រូវ​បាន​កត់ត្រា​ ​ដោយ​សារតែ​អវត្តមាន​នៃ​សេចក្តី​រាយការណ៍​ព័ត៌មាន​ ​ដែល​មាន​វិជ្ជាជីវៈ​ព័ត៌មាន​ត្រឹមត្រូវ»។​ ​

នេះ​បើតាម​សម្តី​របស់​លោក​ ​Bhattacharya។

​សកម្មជន​សិទ្ធិ​មនុស្ស​ក្នុង​ទីក្រុង​ហុងកុង​នៃ ​Asian Legal Resource Centre​ ​លោក​ Mohammad Ashrafuzzaman​ ​និយាយ​ថា​ ​«ការ​មិន​ដំណើរ​ការ»​ ​របស់​ប្រព័ន្ធ⁣ផ្សព្វ ផ្សាយ​សំខាន់ៗ​ជាច្រើន​ក្នុង​អំឡុង​ពេល​បោះឆ្នោត​គឺ​«មិន​អាច​វាស់ស្ទង់​និង​កែប្រែ​វិញ​បានឡើយ»។​

​លោក​ថា​ ការចោទ​ពីការ​បន្លំ​ក្នុង​ពេល​បោះឆ្នោត​ ​«គួរ​ត្រូវ​បាន​គេ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សំខាន់ៗ​ទាំងឡាយ​ដែល​មានបណ្តាញ​ទូលំ​ទូលាយ​គ្របដណ្តប់​ទូទាំង​ប្រទេស។​ ​ការ​ធ្វើ​ដូច្នោះ​បាន​ វា​អាច​ជួយ​ឱ្យ​ពិភព​លោក​ទាំង​មូល​បាន​ដឹង​ ​ពីវិធី​ដែល​រដ្ឋាភិបាល​មួយ​ត្រូវ​បាន​លើក​បន្តុប​ ក្នុង​ប្រទេស​បង់ក្លាដែស ​តាម​រយៈ​ការ​បោះឆ្នោត​ក្លែងបន្លំ​យ៉ាង​ធ្ងន់​ធ្ងរ​នេះ»។​

Iqbal Sobhan Chowdhury​ ​ទីប្រឹក្សា​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​នាយក​រដ្ឋ​មន្ត្រី​បង់ក្លាដែស​ ​ Sheikh Hasina​ ​បាន​ថ្លែង​ថា​ មាន​អ្នក​សារព័ត៌មាន​ ​«ម្នាក់​ ពីរនាក់»​ ​តែ​ប៉ុណ្ណោះ​ដែល​ទំនង​ជា​«ប្រឈម​នឹង​ការ​រឹត​ត្បិត»​ក្នុង​ប្រទេស​បង់ក្លាដែស។​

​«ប៉ុន្តែ​បើ​លោក​អ្នក​សន្និដ្ឋាន​ពី​អត្ថាធិប្បាយ​ដែលថា​ ​អ្នកសារ​ព័ត៌មាន​ជា​ច្រើន​ក្នុង​ប្រទេស​បង់ក្លាដែស​គឺ​ធ្វើ​ការ​ក្រោម​ឥទ្ធិពល​នៃ​ការគំរាម​កំហែង​ឬក៏​រឹតបន្តឹង​ វា​មិន​ត្រឹមត្រូវ​នោះ​ទេ​ ​ពីព្រោះ​ថា​វា​អាច​កើត​ឡើង​ចំពោះ​តែ​អ្នក​សារព័ត៌​មាន​ម្នាក់​ ​ពីរ​នាក់​ ​បី​ឬ​បួននាក់​តែ​ប៉ុណ្ណោះ»។​

​នេះបើ​តាម​សម្តី​ ​Chowdhury​ ​ដែល​ថ្លែង​ប្រាប់​ ​VOA ​ហើយ​លោក​បាន​បន្ត​ថា ​បើ​អ្នក​សារព័ត៌មាន​ណា​រង​ការ⁣គំរាម​កំហែង​ពី​ប៉ូលិស​ ​ភ្នាក់​ងារ​ស៊ើបការ​យោធា​ ​គាត់​គួរ​ដាក់​ពាក្យ​បណ្ដឹង​ជា​ផ្លូវការ​ជូន​សមត្ថកិច្ច​ក្នុង​ប្រទេស​នេះ។​

«ក្នុង​ប្រទេស​បង់ក្លាដែស)​ ​មាន​ស្ថាប័ន​វិជ្ជាជីវៈ​ជា​ច្រើន​ដូច​ជា​ក្រុមប្រឹក្សា​និពន្ធ​ ​វិទ្យាស្ថាន​សារព័ត៌មាន និង​ក្រុម​ប្រឹក្សា​សារព័ត៌មាន​ជាដើម។​ ​ប្រសិន​បើ​វាអីច៊ឹង​មែន​ ​ហើយ​ពួកគេ​ត្រូវ​បាន​រឹតត្បិត​ ​ពួក​គេរង​ការ​គំរាម ដោយ​ភ្នាក់ងារ​ស៊ើបការ​យោធា​នា​នា​ ​ឬក៏​ប៉ូលិស​ ​ខ្ញុំមិន​ដឹង​ថា​តើ​ពួក​គាត់​បាន​ប្តឹង⁣ស្ថាប័ន​ទាំង​នេះ​ហើយ​ឬ​នៅ?​ ខ្ញុំ​មិនគិត​ថា​មាន​ពាក្យ​បណ្ដឹង​ណា​មួយ​ត្រូវ​បាន​ទទួល​ដោយ​ស្ថាប័ន​ទាំង​នេះទេ។​ ​ហើយ​ ​នៅ​ទីនេះ​ពួកគេ​ក៏​អាច​ដាក់​ពាក្យ​បណ្ដឹង​ប្រឆំាង​នឹង​ក្រុម​ភ្នាក់​ងារ​ទាំង​នោះ​ទៅ​កាន់​តុលាការ​បាន​ដែរ»។​

​លោក​បន្តថា៖​

«ខ្ញុំ​សូម​មិន​ធ្វើ​ការ​អធិប្បាយ​លើអ្វី​ដែល​អ្នក​រាយការណ៍​ឬ​សារព័ត៌មាន​ទាំងនេះ​បាន​និយាយ​ជាមួយ​មនុស្ស​ឬ​ស្ថាប័ន​ក្រៅ​ស្រុក​ ​(រួមVOA​ ឬក៏CPJ)​ ​នោះ​ទេ។​ ​យ៉ាងហោច​ណាស់ ប្រសិន​បើ​យើង​មិន​បាន​ទទួល​ពាក្យ​បណ្ដឹង​ណា​មួយ​ពី​អ្នក​សារព័ត៌មាន​ណា​ទេ​ ​យើង​មិនអាច​និយាយ​អ្វី​លើ​បញ្ហា​នេះ​បាន​នោះ​ទេ»៕​

​ប្រែសម្រួល​ដោយ​ ​លោក​ ​នៅ វណ្ណារិន​ ​នៃ​ ​VOA

XS
SM
MD
LG