មន្ត្រីបោះឆ្នោតក្នុងប្រទេសបង់ក្លាដែសបានបញ្ជាក់នៅថ្ងៃចន្ទនេះថា គណបក្សសម្ព័ន្ធភាពមួយ ដែលដឹកនាំដោយលោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina បានឈ្នះការបោះឆ្នោតក្នុងសំឡេងភាគច្រើនលើសលប់ ដែលបើកផ្លូវឲ្យលោកស្រីកាន់តំណែងជានាយករដ្ឋមន្ត្រីនៅអាណត្តិទី ៣ ជាបន្តទៀត ស្របពេលដែលគណបក្សប្រឆាំងជំទាស់ទៅនឹងលទ្ធផលបោះឆ្នោត។
ក្រុមគណបក្សដែលដឹកនាំដោយគណបក្សសម្ព័ន្ធភាព Awami របស់លោកស្រី Sheikh Hasina បានឈ្នះអាសនៈ ២៨៨ ក្នុងចំណោមអាសនៈដាក់ប្រកួតចំនួន ៣០០ នៃរដ្ឋសភា។ រដ្ឋសភាបង់ក្លាដែសមានអាសនៈសរុបចំនួន ៣៥០ ប៉ុន្តែ អាសនៈចំនួន ៥០ គឺរក្សាទុកសម្រាប់ស្ត្រី។
សម្ព័ន្ធភាពគណបក្សប្រឆាំងដែលដឹកនាំដោយលោក Kamal Hossain បានឈ្នះអាសនៈយ៉ាងតិច ៦។ នេះបើយោងតាមការបញ្ជាក់របស់គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសបង់ក្លាដែស។
លោក Hossain បានហៅការបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញនេះថាមានលក្ខណៈ «គួរឲ្យចង់សើច» និងបាននិយាយថា លោកនឹងបដិសេធលទ្ធផលនៃការបោះឆ្នោតនេះ។ លោកក៏បានអំពាវនាវផងដែរឲ្យមានការបោះឆ្នោតឡើងវិញ ដែលរៀបចំដោយអាជ្ញាធរឯករាជ្យមួយ។
អំពើហិង្សារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដែលបានប៉ះពាល់ដល់យុទ្ធនាការឃោសនាបោះឆ្នោត បានបន្តរហូតដល់ថ្ងៃបោះឆ្នោត ទោះបីជាមានការពង្រឹងសន្តិសុខតឹងតែងនៅទូទាំងប្រទេសក៏ដោយ។ មនុស្ស ១៣ នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។
លោកស្រីអតីតនាយករដ្ឋមន្ត្រី Khaleda Zia មេដឹកនាំគណបក្សជាតិនិយមបង់ក្លាដែស ដែលជាគូប្រជែងដ៏ចម្បងរបស់លោកស្រី Hasina កំពុងជាប់ពន្ធនាការពីបទពុករលួយ ហើយតុលាការបានរារាំងលោកស្រីមិនឲ្យចូលប្រកួតនៅក្នុងការបោះឆ្នោត៕