ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប៖ ប្រទេស​បង់ក្លាដែស​កំពុង​ប្រឈម​នឹង​បញ្ហា​អំពើ​ហិង្សា និង​ការ​គាបសង្កត់​នៅ​ក្នុង​ការ​បោះឆ្នោត


សកម្មជន​បិទ​មាត់​របស់​ខ្លួន​ជាមួយ​នឹង​ក្រណាត់​ខ្មៅ នៅ​ពេល​ពួកគេ​ចូលរួម​ក្នុង​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​ថ្មី នៅ​ក្នុង​ក្រុង Dhaka ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩។
សកម្មជន​បិទ​មាត់​របស់​ខ្លួន​ជាមួយ​នឹង​ក្រណាត់​ខ្មៅ នៅ​ពេល​ពួកគេ​ចូលរួម​ក្នុង​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​ថ្មី នៅ​ក្នុង​ក្រុង Dhaka ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩។

ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អ.ស.ប កំពុង​អំពាវនាវ​ដល់​អាជ្ញាធរ​បង់ក្លាដែស​ឲ្យ​បង្ក្រាប​លើ​អ្នក​គាំទ្រ​បក្ស​ដែល​ត្រូវ​បាន​ចោទ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​អំពើ​ហិង្សា និង​ការ​វាយប្រហារ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ ទៅ​គូ​ប្រឆាំង​នយោបាយ​ ដែល​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​សភា​នា​ពេល​ថ្មីៗ​នេះ។

ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​ក្តីបារម្ភ​ដ៏​ខ្លាំង​អំពី​ការ​បង្ក្រាប​ដោយ​ហិង្សា​ប្រឆាំង​នឹង​សមាជិក​នៃ​ក្រុមប្រឆាំងនយោបាយ​ក្នុង​ប្រទេស​បង់ក្លាដែស ដែលបានកើត​ឡើងនៅ​មុន ក្នុង​កំឡុងពេល និង​បន្ទាប់​ពី​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃទី៣០ ខែធ្នូ។ ក្រុម​ប្រឆាំង​បាន​អះអាង​ថា​ការ​ឈ្នះ​ដ៏​ភ្លូកទឹក​ភ្លូក​ដី​របស់​គណបក្ស​កាន់​អំណាច Awami Leagueនេះ គឺជា​ការ​ក្លែង​បន្លំ និង​បាន​ចេញ​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវនានា។

ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អ.ស.ប.​បាន​និយាយ​ថា ខ្លួន​មាន​របាយការណ៍​ដែល​អាច​ទុក​ចិត្ត​បានអំពី​ភាព​ឃោរឃៅ ការ​រងរបួស ការ​គំរាមកំហែង​ក្នុង​ទ្រង់ទ្រាយ​ធំ រួម​មាន​ការ​ចាប់​ខ្លួន​ដោយ​បង្ខំ ការ​បៀតបៀន និង​ការ​បាត់​ខ្លួន​សមាជិក​ក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល និង​ក្រុម​ជនជាតិភាគតិច។ ទីភ្នាក់ងារ​នេះ​និយាយ​ថា របាយការណ៍​ទាំង​នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា វិធានការ​បង្ក្រាប​ដ៏ឃោរឃៅ​ទាំង​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ ពួក​សកម្មជន​គណបក្ស​កាន់​អំណាច​ រួម​ទាំង​មន្ត្រី​អនុវត្ត​ច្បាប់​ផងដែរ។

លោកស្រី Ravina Shamdasani អ្នក​នាំពាក្យ​របស់​ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា អ្នក​សារព័ត៌មាន អ្នក​ការពារ​សិទ្ធិ​មនុស្ស គណបក្ស​ប្រឆាំង និង​អ្នក​រិះ​គន់​រដ្ឋាភិបាល​កំពុង​ប្រឈម​នឹង​ការ​រឹតត្បិត​មិន​ឲ្យ​ធ្វើ​ការ​បកស្រាយ​អ្វី​នោះ​ទេ។ លោកស្រី​បាន​ប្រាប់ VOA ផ្សាយ​ជា​ភាសា​បង់ក្លាដែស​ថា ស្ថាប័ន​នានា​ រួមមាន​គណកម្មការ​បោះឆ្នោត និង​គណកម្មការ​សិទ្ធិ​មនុស្ស​ថ្នាក់​ជាតិ​ត្រូវ​បាន​គេ​រាយការណ៍ថា​ មិន​មាន​ភាព​ឯករាជ្យ​គ្រប់គ្រាន់​នោះ​ទេ។

លោកស្រី​បាន​និយាយ​ថា «យើង​ចង់​សង្កត់​ធ្ងន់​ថា វា​មាន​សារសំខាន់​ណាស់​ដែល​ត្រូវ​មាន​យន្តការ​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំង​នេះ។ ត្រូវ​បង្កើត​ស្ថាប័ន​មួយ​សម្រាប់​ដោះស្រាយ​ជូន​ដល់​ពលរដ្ឋ ដើម្បី​ឲ្យ​ពួកគេ​ហ៊ាន​បង្ហាញ​ពី​ទុក្ខព្រួយ​របស់​ពួកគេ និង​ដើម្បី​ចៀសវាង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​បន្ថែម​ទៀត»។

ទីភ្នាក់ងារ​អ.ស.ប.​កំពុង​ជំរុញ​ឲ្យ​អាជ្ញាធរ​បើក​ការ​ស៊ើបអង្កេត​ឯករាជ្យ​ភ្លាមៗ ចំពោះ​ការ​ចោទប្រកាន់​អំពើ​ហិង្សា និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត​ ទាក់ទង​នឹង​ការ​បោះឆ្នោត។ ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​បំពាន​នេះ​ត្រូវ​តែ​នាំ​មក​កាត់​ទោស ដោយ​មិន​គិត​ពី​នយោបាយ​នោះ​ទេ។

ទីភ្នាក់ងារ​នេះ​បាន​ព្រមាន​ថា សេរីភាព​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សមាជិក​សង្គម​ស៊ីវិលផ្សេង​ទៀត​កំពុង​តែ​រួម​តូច​ទៅៗ និង​ថា​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ការពារ​សិទ្ធិ​របស់​ពួកគេ ក្នុងការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិភាព»៕

ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG