ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​ច្រានចោល​និង​ថ្កោល​ទោស​ ​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​ ​លោក​ ​កឹម សុខា​ពី​បទ​ចារកម្ម​និង​ក្បត់ជាតិ


រូបឯកសារ៖ រូបថតលោក កឹម សុខា ត្រូវបានទុកលើឆាកធ្វើសន្និសីទកាសែតនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ រូបថតលោក កឹម សុខា ត្រូវបានទុកលើឆាកធ្វើសន្និសីទកាសែតនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ (អូន ឆេងប៉រ/VOA)

គណបក្ស​ជំទាស់​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ ​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចាប់​ខ្លួន​ ​ប្រធាន​គណ​បក្ស​របស់​ខ្លួន​ គឺ​លោក​ ​កឹម សុខា​ ​និង​ ​ប្រកាស​ច្រានចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​ប្រធាន​គណបក្ស​របស់​ខ្លួន​មាន​គម្រោង​សម្ងាត់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន។​ ​នេះ​បើ​យោង​តាម​ការលើក​ឡើង​របស់​មន្ត្រី​និង​សេចក្ដី​ថ្លែង​ការណ៍​របស់គណ​បក្ស​ជំទាស់​កាល​ពី​ថ្ងៃអាទិត្យ។​

​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​មនុស្ស​ជំនិត​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​កាល​ពី​រំលង​អាធ្រាត្រថ្ងៃ​សៅរ៍​ឈាង​ចូល​ថ្ងៃ​អាទិត្យ​ ​តាម​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ថា​ ជា​បទ​ល្មើស​ជាក់​ស្ដែង​ ក្នុង​ការឃុបឃិត​ជា​មួយ​បរទេស​ ​រៀប​គម្រោង​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

​ភ្លាមៗ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចាប់ខ្លួនលោក​ ​កឹម សុខា​ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ប្រកាស​ថ្កោលទោស​ជា​បន្ទាន់​ ចំពោះ​ការ​ចាប់​ខ្លួន​អ្នក​នយោបាយ​និង​ជា​តំណាង​រាស្ត្រ​ក្នុង​អភ័យ​ឯក​សិទ្ធ​ដោយ​តក់​ក្រហល់​នេះ​។ ​សេចក្ដី​ថ្លែង​ការណ៍​ដដែល​ ​ដែល​ចេញ​នា​ព្រឹក​ថ្ងៃ​អាទិត្យ​ ​ក៏​បាន​បន្ត​ថា ​ការ​ចាប់​ខ្លួន​នេះ​ ​«គឺ​ធ្វើ​ឡើង​ក្នុង​ហេតុផល​នយោបាយនិង​ជា​ទង្វើ​រំលោភ​បំពាន​ច្បាប់​និង​រដ្ឋ​ធម្មនុញ្ញ​ដោយ​សារ​ថា​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ទាំង​កណ្ដាល​អធ្រាត្រ​និង​ក្នុង​ខណៈ​ពេល​ដែល​លោក​ ​កឹម សុខា​ ​គឺ​ជា​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​អភ័យ​ឯក​សិទ្ធ»។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

អ្នកស្រី​ ​មូរ សុខហួ​ ​តំណាង​រាស្ត្រ​និងអនុ​ប្រធាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ប្រាប់​ ​VOA​ ថា​ ការ​ចាប់​ខ្លួន​ លោក​ ​កឹម សុខា​ ​ចំ​ពេល​ការ​បោះឆ្នោត​ជាតិ​ ​២០១៨ខិត​ជិត​មក​ដល់​ ​អាច​បង្ក​ស្ថានភាព​នឹង​ការ​ប្រឈម​ ​ផ្នែក​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​បោះឆ្នោត​ដោយ​សេរី​ ​និង​យុត្តិធម៌​ ​នា​ពេល​ខាង​មុខ។

«យើង​ខ្ញុំ​មាន​ការសោកស្តាយ​ជា​អនេក​ចំពោះ​ការ​ចាប់​ខ្លួន​នេះ​ ហើយ​សភាពការណ៍​នេះ​ ​ជា​សភាព​ការណ៍​យ៉ាង​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ប្រទេសជាតិ​យើង។​ ​ហើយ​យើង​ឃើញ​ថា​ការ​ចាប់​លោក​ប្រធាន​កឹម សុខា​ដោយ​ខុស​នីតិវិធី​ ​ដោយ​ខុស​ច្បាប់​ ​ហើយ​រំលោភ​សិទ្ធិ​ ​អ្វី​ដែល​ជា​សិទ្ធ​លោក​ ​ក្នុង​នាម​ជា​តំណាង​រាស្ត្រ»។​

​អ្នកស្រី​ ​មូរ​ សុខ​ហួ​ ​បាន​អំពាវនាវ​បន្ត​យ៉ាង​ដូច្នេះ៖​

«ដូច្នេះ​យើង​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ប្រធាន​ ​កឹម សុខា ​ជា​បន្ទាន់​ ​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​យើង​អាច​ឈាន​មក​នូវ​ភាព​មួយ​ដែល​គ្មាន​ការ​ប្រឈម​មុខ​ក្នុង​ឆាក​នយោបាយ​ ​តែ​ផ្ទុយ​ទៅ​វិញ​ជា​ផ្លូវ​មួយបើក​ផ្លូវ​ឱ្យ​យើង​ទាំង​អស់​គ្នា​ ​ជា​ពិសេស​ម្ចាស់​ឆ្នោត​អាច​ចូល​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ ​នៅ​ពេលនេះ​ហើយ​ក៏​ឈាន​ទៅ​រក​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌»។​

​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ ​នាយ​ឧត្ដម​សេនីយ៍​ ​ខៀវ សុភ័គ​ ​បាន​ឱ្យ​ ​VOA​ ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​ថា​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​ចាប់​ខ្លួន​និង​បញ្ជូន​ខ្លួន​ភ្លាមៗ​ទៅ​កាន់​មជ្ឈមណ្ឌល​អប់រំ​កែប្រែ​ ​ត្រពាំងផ្លុង​ ​ឬ​ម៣​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។​ ​អ្នកនាំ​ពាក្យ​រូប​នេះ​បន្ត​ថា​ ​ក្រៅ​ពី​ឃាត់ខ្លួន​លោក​ ​កឹម សុខា​ ​មន្ត្រី​មាន​សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​អង្គរក្ស​របស់​លោក​ ​កឹម សុខា​ ​ជិត​១០នាក់​ ដែល​ព្យាយាម​រារាំង​ការងារ​របស់​សមត្ថកិច្ច។​ នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​បញ្ជាក់​ថា​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​លោក​ ​កឹម សុខា​ ​ជា​ផ្លូវ​ការ​ណា​មួយ​នៅ​ឡើយ​នោះ​ទេ​ ​ក៏ប៉ុន្តែ​ ​លោក​ថា​ការ​ចាប់​ខ្លួន​នេះ​គឺ​ស្របតាម​ច្បាប់​កម្ពុជា​ ​ដោយ​មាន​ភស្តុតាង​ត្រឹម​ត្រូវ។

នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គថ្លែង​ថា៖

​«បច្ចុប្បន្ន​នេះ​យើង​មិនទាន់​មាន​ការ​ចោទ​ប្រកាន់​នោះ​ទេ។​ ​អាស្រ័យ​លើ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ ​និង​ការ​កាត់​ទោស​របស់​តុលាការ។​ ​នេះ​គ្រាន់​តែ​យើង​រៀបចំ​សំណុំ​រឿង​ជូន​ទៅ​តុលាការ​ដើម្បី​លោក​ពិនិត្យ​និង​សម្រេច​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ណា​មួយ។​ ក៏ប៉ុន្តែ​យើង​បាន​រក​ឃើញ​ហើយ​ ​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​រាជ​រដ្ឋាភិបាល​នោះ​គឺ​ជា​បទល្មើស​ដែល​ថា​នៅ​ក្នុង​មាត្រា​ ​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ»។​

យោង​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​កម្ពុជា​ ​ដែល​ចេញផ្សាយ​ភ្លាមៗ​ក្រោយ​ការ​ចាប់​ខ្លួន​ ​លោក​ កឹម សុខា​ ​ឱ្យ​ដឹង​ថា​ វីដេអូ​ខ្លី​ ​មួយ​ដែល​ចែក​ចាយ​តាម​បណ្ដាញ​សង្គម​ ​និង​ភស្តុតាងប្រមូល​បាន​ដោយ​សមត្ថកិច្ច​បញ្ជាក់​ថា​ លោក​ ​កឹម សុខា​ ​បាន​រៀបចំ​ផែន​ការ​សម្ងាត់​ ​ឃុបឃិត​គ្នា​ជា​មួយ​បក្ស​ពួក​បរ​ទេស​ដែល​នេះ​គឺ​ជា​អំពើ​ចារកម្ម​ ​ក្បត់​នឹង​ជាតិ​តាម​បញ្ញាត្តិ​ច្បាប់​៤៤៣​ ​នៃ​ក្រម​ព្រហ្មទណ្ឌ។​ ​សេចក្ដី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ដដែល​ អំពាវនាវ​ឱ្យ​មាន​ការ​ស្ងៀមស្ងាត់​នឹង​ទុក​ករណី​នេះ​ជូន​តុលាការ​កម្ពុជា​ដើម្បី​បន្ត​នីតិវិធី​របស់​ខ្លួន។

ស្រដៀង​គ្នា​នោះ​ដែរ​ ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ ​បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​តាម​បណ្ដាញ​សង្គម ដែល​អះអាង​ថា​ជា​សុន្ទរ​កថា​ពិត​របស់​លោក​ ​កឹម សុខា​ ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​លោក។​ ​ក៏​ប៉ុន្តែ​អង្គភាព​ដដែល​នេះ​មិន​បាន​បញ្ជាក់​ពេល​វេលា​ច្បាស់​លាស់​នៃ​វីដេអូ​ខ្លី​នោះ​ទេ។​

​ក្នុង​វីដេអូ​ខ្លី​ដែល​ចម្លង​និង​កាត់​ចេញ​ពី​ ​បណ្ដាញ​ព័ត៌មាន​ ​CBN​ ​Cambodia Broadcast Network​ ​លោក ​កឹម សុខា​ ​បាន​ថ្លែង​ថា​លោក​ត្រូវ​បាន​ឧបត្ថម្ភ​និង​បង្ហាត់​បង្រៀន​ដោយ​សហ​រដ្ឋ​អាមេរិក​ ​ក្នុង​ដំណើរ​ការ​នយោបាយ​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា។​

​ក្នុង​វីដេអូ​ខ្លី​រយៈ​ពេល​ប្រហែល​២នាទី​ ​ដែល​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​អះអាង​ថា​ជា​សម្ដី​ពិត​របស់​លោក​ ​កឹម សុខា​ ​និង​បាន​បញ្ជាក់​ពី​ការ​ឱ្យ​យោបល់​របស់​ដៃ​គូរ​លោក​នៅ​សហ​រដ្ឋ​អាមេរិក​ ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​៖​

«គេ​ថា​បើ​ចង់​ប្តូរ​អ្នក​ដឹក​នាំ​ ​យើង​មិន​អាច​ទៅ​ជល់​ខាង​លើ​ទេ​ ​ដូរ​ខាង​លើ​បាន​ហ្អេ។​ ​មុន​នឹង​ដូរ​ខាង​លើ​បាន​ ​ទាល់​តែ​គាស់​ហ្អា​ខាង​ក្រោម​សិន​ ​ទាល់​ដូរ​ពី​ក្រោម​ទៅ​មុន​សិន។​ ​ជា​យុទ្ធសាស្ត្រ​នយោបាយ​របស់​ប្រទេស​ប្រជាធិបតេយ្យ​គេ​ធ្វើ​ ​ហើយ​សហរដ្ឋ​អាមេរិក​ ​ដែល​គេ​ជួយ​ខ្ញុំ​នេះ​ ​គេ​ឱ្យ​ខ្ញុំ​យក​ម៉ូដែល​តាម​នៅ​ប្រទេស​ ​Yugoslavia ​(យូហ្គោ​ស្លាវី)​ ​Serbia​ ​(ស៊ែប៊ី)​ ​ដែល​គេ​ប្តូរ​មេដឹក​នាំ​ផ្តាច់​ការ Milosevic (ម៊ីលឡូស៊ូវិក)​បាន​នោះ​»។​

ទោះ​ជា​យ៉ាង​ណា​ក៏​ការ​ចាប់​ខ្លួនលោក​ ​កឹម សុខា​ ​យ៉ាង​តក់ក្រហល់​នឹង​ក្នុង​អភ័យ​ឯកសិទ្ធិ​សភា​ ​ដូច្នេះ​ បាន​រង​ការថ្កោល​ទោស​ជា​បន្ត​បន្តាប់​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរ​ជាតិ​ ​និង​ជា​អ្វី​ដែល​គេ​មើល​ឃើញ​ថា​ ជា​ការ​បំបាក់​ដៃ​គូរ​នយោបាយ​របស់​គណ​បក្ស​កាន់​អំណាច​ ​មុន​ការ​បោះឆ្នោត​២០១៨​ឈាន​ចូល​មក​ដល់។​

លោក​ ​John Sifton​ ​នាយក​នៃ​អង្គការ​សិទ្ធិមនុស្ស​ ​Human Rights Watch​ ​ផ្នែក​ការ​តស៊ូ​មតិ​សម្រាប់​តំបន់​អាស៊ី​បាន​ថ្លែង​ថា​ ​ការ​ចាប់ខ្លួន​លោក​ ​កឹម សុខា​ ​គឺ​ជា​ «ការ​ដើរ​ថយក្រោយ​ដ៏​មហន្តរាយ​សម្រាប់​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា»។​ ​លោក​បន្ថែម​ថា​ ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ទាំងឡាយ​ខ្វះ​ភាព​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ ​ហើយ​កំណត់​ត្រា​ជា​យូរលង់​របស់​ខ្លួន​ ​គឺ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ខុសឆ្គង​ក្នុង​ការ​បំបិទ​សំឡេង​ ​ឬ​គំរាម​កំហែង​ក្រុម​អ្នក​រិះគន់​ ​និង​ក្រុម​អ្នក​នយោបាយ​ជំទាស់។​

​លោក​ ​ឆាល សាន់ទីអេហ្គោ​ ​(​Charles Santiago)​ ​ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​ ​ដើម្បី​សិទ្ធិ​មនុស្សហៅ​កាត់​ថា​ APHR​ ​បាន​ថ្លែង​នា​ថ្ងៃ​អាទិត្យ​នេះថា​ ការ​ចាប់ឃាត់​ខ្លួន​ប្រធាន​បក្ស​ជំទាស់​ដ៏​ធំ​ក្នុង​អភ័យ​ឯកសិទ្ធិ​សភា​នេះ​គឺ​ជា​សកម្មភាព​ ​បង្ក្រាប​ថែម​មួយ​កម្រិត​ទៀត​របស់​គណបក្ស​កាន់​អំណាច​ដ៏​គួរ​ឱ្យ​បារម្ភ​ ​ស្របពេល​ដែល​ការ​បោះឆ្នោត​ជាតិ​ ​២០១៨​ខិត​ជិត​មក​ដល់។

លោក​ ​ឆាល សាន់ទីអេហ្គោ​ ​(​Charles Santiago)​ ​បាន​សរសេរ​ក្នុង​សារ​អេឡិច​ត្រូនិច​ឬ​Email​ ​យ៉ាង​ដូច្នេះ៖​

«​ក្នុងរយៈ​ពេល​ប៉ុន្មាន​ខែ​នេះ​ ​យើង​បាន​ឃើញ​ពី​ការ​រឹតត្បិត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​ឱ្យគណ​បក្ស​ជំទាស់​ជាប់​គាំង​ ​ប៉ុន្តែ​វា​បង្ហាញ​នៅ​ពេល​នេះ​ថា​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​គឺ​មាន​ការ​ភ័យខ្លាច​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​នឹង​អាច​កើត​មាន​ឡើង​នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​ឥត​ក្លែង​បន្លំ​មួយ​នា​ពេល​ខាង​មុខ​ ដែល​លោក​នឹង​មិន​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ណា​មួយ​នោះ​ទេ»។

លោក​ថា​ លោក​ ​កឹម សុខា​ គួរ​តែ​ត្រូវ​បាន​គេ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ ​ហើយ​អង្គការ​សង្គម​ស៊ីវិល​ ​ម្ចាស់​ជំនួយ​និង​សមាជិក​សភា​គួរ​តែ​ជួយ​អំពាវនាវ​រឿង​នេះ​ផង​ដែរ។​

ទោះជា​យ៉ាង​ណា​ក្តី​ ​នាយ​ឧត្ដម​សេនីយ៍​ ​ខៀវ សុភ័គ​ ​បាន​ថ្លែង​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ដោយ​លើក​ឡើង​ថា​ ​អាជ្ញាធរ​មាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ថា​លោក​ ​កឹម សុខា​កំពុង​ដើរ​លើ​គន្លង​ចាស់​របស់​ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ​ សិរីមតៈ​ ​ដែល​ផ្ដួល​រំលំ​រដ្ឋាភិបាល​ ​សម្ដេច​ព្រះ​បិតា​ ​ព្រះ​បរមកោដ្ឋ​ នរោត្តម សីហនុ។​

«ដូច្នេះ​យើង​ក៏​មាន​ប្រវត្តិ​ហ្នឹង​ សូម​ឱ្យ​បងប្អូន​ទាំង​អស់​លោក​ពិចារណា​ថា​នេះ​គឺ​ជា​កំហុស​មួយ​យ៉ាង​ធ្ងន់ធ្ងរ​មិន​មែន​ត្រឹមតែ​បក្ស​គេ​ទេ​ តែ​ប្រទេស​ជាតិ​ទាំង​មូល​ក្លាយ​ទៅ​ជា​ជួប​វិវត្ត​ឡើង​វិញ​ ​ទៅ​ជា​សង្គ្រាម​វឹកវរ​ឡើង​វិញ​ ​ដោយ​ការ​ទទួល​ការ​បង្គាប់​បញ្ជា​ពី​បរទេស​នោះ​ឯង​ ​យក​មក​ធ្វើ​កិច្ច​ការងារ។​ ដូច​យើង​ដឹង​ហើយ​ថា​យើង​ទាំង​អស់​គ្នា​ទទួលរងគ្រោះ​ទាំងអស់​គ្នា​ដោយ​សារ​តែ​អ្នក​នយោបាយ​ធុន​ហ្នឹង»។​

​ការ​ចាប់​ខ្លួន​ ​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​គេ​ដឹង​ថា​ជា​ដៃ​គូរ​ប្រជែង​ដ៏​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ​ហ៊ុន សែន​ ​បាន​ធ្វើ​ឡើង​មិន​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ពី​មាន​ការ​ចែក​ចាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចោទ​ប្រកាន់​លោក​ ​កឹម សុខា​ ​និង​កូនស្រី​ ​ទាំង​ពីរ​ថា​មាន​ពាក់​ព័ន្ធ​និង​បណ្ដាញ​សម្ងាត់​របស់​CIA​ ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ទទួល​ជំនួយ​ពី​សហរដ្ឋ​អាមេរិក។

រូបឯកសារ៖​លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
រូបឯកសារ៖​លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

ប្រទេស​កម្ពុជា​ ​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ឆ្នាំ​ ​២០១៨​ ​ខាងមុខ​ ​ជា​ពេល​ដែល​អ្នក​ឃ្លាំ មើល​នយោបាយ​ធ្លាប់​បាន​គិត​ថា​ជា​ការ​បោះឆ្នោត​ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង​យ៉ាង​ស្វិតស្វាញ​រវាង​គណ​បក្ស​ជំទាស់​សង្គ្រោះ​ជាតិ​និង​គណបក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន។​ ​ក៏ប៉ុន្តែ​ការ​ចាប់​ខ្លួនលោក​ ​កឹម សុខា​ និង​ការ​វិវត្ត​ថ្មី​នៃ​ការ​រឹត​បន្តឹង​សិទ្ធិ​មនុស្ស​និង​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​ធ្វើ​ឱ្យ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ពី​សំណាក់​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិចំពោះ​ការ​បោះឆ្នោតដោយ​សេរី​នឹង​យុត្តិធម៌​នា​ឆ្នាំ​ខាងមុខ៕

XS
SM
MD
LG