ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​កម្ពុជា​ចង់ឃើញ​រដ្ឋបាល​ថ្មី​អាមេរិក​កុំទាញ​កម្ពុជា​ចូលក្នុង​ការ​ប្រកួត​ប្រជែង​ភូមិសាស្រ្ត​នយោបាយ


រូបឯកសារ៖ លោក​ សុខ ឥសាន​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក នៅ​ទីស្នាក់​កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា​ ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​ ៦ កក្កដា​ ឆ្នាំ​ ២០២៣។ (ពិន ស៊ីសុវណ្ណ/វីអូអេ)
រូបឯកសារ៖ លោក​ សុខ ឥសាន​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក នៅ​ទីស្នាក់​កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា​ ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​ ៦ កក្កដា​ ឆ្នាំ​ ២០២៣។ (ពិន ស៊ីសុវណ្ណ/វីអូអេ)

លោក ​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​បាន​ស្នើ​សុំ​រដ្ឋបាល​ថ្មី​របស់​សហ​រដ្ឋ​អាមេរិក​កុំ​ទាញ​កម្ពុជា​ចូល​ក្នុង​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្រ្ត​នយោបាយ ​ហើយ​ថា​ កម្ពុជា​ចង់​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រទេស​មហា​អំណាច។​

លោក ​សុខ ឥសាន​ ថ្លែង​បែប​នេះ ​ខណៈ​សហ​រដ្ឋ​អាមេរិក​កំពុង​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ថ្មី ​ទី​ ៤៧ ​របស់​ខ្លួន ​នៅ​ថ្ងៃ​ទី​ ៥ ​ខែ​វិច្ឆិកា ឆ្នាំ​ ២០២៤ ​នេះ។​

លោក ​សុខ ឥសាន​ ថ្លែង​ថា​ ការ​បោះ​ឆ្នោត​នៅ​អាមេរិក​ជា​រឿង​ផ្ទៃ​ក្នុង​របស់​ប្រទេស​មួយ​នេះ ​ហើយ​ជា​សិទ្ធិ​សម្រេច​របស់​ប្រជាជន​អាមេរិក។​ ប៉ុន្តែ​លោក​មើល​ឃើញ​ថា​ ការ​បោះ​ឆ្នោត​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ​មាន​ឥទ្ធិ​ពល​នៅ​ក្នុង​នយោបាយ​ពិភព​លោក។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា៖​ «វា​ច្បាស់​ជា​មាន​ឥទ្ធិពល​ហើយ ​ព្រោះ​យើង​ដឹង​ថា​ ប្រទេស​អាមេរិក​ជា​ប្រទេស​មហា​អំណាច​ទីមួយ​នៅ​លើ​ពិភព​លោក ​ដូច្នេះ​រាល់​ការ​ផ្លាស់​ប្តូរ​របត់​នយោបាយ​នៅ​អាមេរិក​នេះ ​វា​មាន​ការ​ជះ​ឥទ្ធិពល​ចៀស​មិន​រួច​ទៅ​លើ​សភាព​ការណ៍​អន្តរ​ជាតិ​ ទៅ​លើ​សភាព​ការណ៍​ពិភព​លោក»។​

សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ក៏​ស្នើ​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ដែល​នឹង​ជាប់​ឆ្នោត​នា​ពេល​ខាង​មុខ ​កុំ​ទាញ​កម្ពុជា​ចូល​ទៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ភូមិសាស្រ្ត​នយោបាយ។​

លោក​ថ្លែង​ថា៖​ «ការ​ចង់​ឃើញ​គឺ​ចង់​ឃើញ​ថា​ ធ្វើ​ម៉េច​ខ្មែរ​ដែល​ជា​ប្រទេស​តូច​ ទន់​ខ្សោយ​នេះ ​គឺ​ចង់​បាន​សេចក្ដី​សុខ​ពី​ប្រទេស​ធំៗ​ពី​ប្រទេស​មហា​អំណាច ​ដូចជា​សហ​រដ្ឋ​អាមេរិក​ជាដើម។ ​អ៊ីចឹង​ទេ​គឺ​ថា​ ក្រោយ​ពេល​ដែល​បោះឆ្នោត​ជ្រើស​រើស​បាន​ប្រធានាធិបតី​ហើយ ​សូម​ឱ្យ​នយោបាយ​របស់​ប្រធានាធិបតី​ថ្មី​ហ្នឹង ​គឺ​កុំ​ចាត់​ទុក​ខ្មែរ​ជា​អរិភាព​ជាមួយ​ខ្លួន​ ពី​ព្រោះ​ខ្មែរ​ជា​ប្រទេស​តូច​ណា ស់​ ហើយ​ខ្សោយ​ទៀត។​ អ៊ីចឹង​ទេ​ សុំ​ឱ្យ​គាត់​ឱ្យ​ខ្មែរ​ដែល​ជា​ប្រទេស​តូច​ប្រទេស​ទន់ខ្សោយ​ហ្នឹង​បាន​រស់​ប្រកប​ដោយ​សុខ​សន្តិភាព​នៅ​ក្នុង​បរិបទ​នៅ​កម្ពុជា​ផង​ កុំ​ឱ្យ​គាត់​យក​កម្ពុជា​ហ្នឹង​ធ្វើ​ជា​ភូមិ​សាស្រ្ត​នយោ​បាយ​ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ហ្នឹង​ប្រទេស​ដទៃ។​ ខ្មែរ​សុំ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ប្រជា​ពលរដ្ឋ​ជាង​ ១៧ ​លាន​នាក់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ទេ»។​

លោក ​សុខ ឥសាន ​បន្ថែម​ថា​ ​កម្ពុជា​និង​សហ​រដ្ឋ​អាមេរិក​មាន​ទស្សនៈ​ផ្ទុយ​គ្នា​ខ្លះ។​

លោក ​ប៉ែន បូណា ​អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​ មើល​ឃើញ​ថា​ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក​ជា​ «សិទ្ធិ​ស្វ័យ​សម្រេច»​ របស់​ប្រជា​ពល​រដ្ឋ​អាមេរិក​នៅ​ក្នុង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​មួយ។ ​លោក​បន្ត​ថា​ ទោះ​បី​ជា​ប្រធានាធិបតី​រូប​ណា​កាន់​តំណែង​ក៏​ដោយ ​ក៏​ទំនាក់​ទំនង​កម្ពុជា ​និង​សហ​រដ្ឋអាមេរិក​នៅ​តែ​បន្ត​ជា​ធម្មតា។​

លោក​ថ្លែង​ថា៖​ «បើ​ទោះ​បី​ជា​ពេល​ខ្លះ ​យើង​មើល​ឃើញ​ខុស​គ្នា​ទៅ​លើ​បញ្ហា​មួយ​ចំនួន​ក៏​ដោយ​ ក៏​ប៉ុន្តែ​ទំនាក់​ទំនង​កម្ពុជា ​និង​សហ​រដ្ឋ​អាមេរិក​ គឺ​ជា​ទំនាក់​ទំនង​មួយ​ល្អ​ប្រសើរ​ អត់​មាន​បញ្ហា​ទេ​ ហើយ​យើង​នៅ​តែ​បន្ត​ទំនាក់​ទំនង​ល្អ​នេះ​ត​ទៅ​មុខ​ទៀត ​និង​ខិត​ខំ​ពូន​ជ្រុំ​ធ្វើ​យ៉ាង​ណា​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​លោក ​Wesley Holzer​ បាន​នៅ​ឡើយ​ទេ។​

ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​អាមេរិក​មាន​ភាព​រកាំ​រកូស​ជា​បន្ត​បន្ទាប់​ ហើយ​ចុង​ក្រោយ​នេះ​ សហ​រដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​លោក ​លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ ការ​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម​ដោយ​ខុស​ច្បាប់​និង​ការ​បោក​ប្រាស់​តាម​អនឡាញ។ ​ក្រសួង​ការ​បរទេស​កម្ពុជា​ចាត់​ទុក​ថា ​ការ​ដាក់​ទណ្ឌកម្ម​លើ​លោក​ លី យ៉ុងផាត់ ​ដែល​ជា​ទី​ប្រឹក្សា​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​«មាន​ចេតនា​នយោបាយ ​និង​ផ្ទុយ​ទាំង​ស្រុង​ពី​ស្មារតី​នៃ​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី ​និង​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក»​រវាង​ប្រទេស​ទាំង​ពីរ។​

ប្រទេស​កម្ពុជា​ត្រូវ​បាន​មើល​ឃើញ​ថា​ កាន់​តែ​ស្និទ្ធ​នឹង​ប្រទេស​ចិន​ ដែល​បង្ក​ក្តី​ព្រួយ​បារម្ភ​ដល់​សហ​រដ្ឋ​អាមេរិក។​

កាល​ពី​កន្លង​ទៅ ​សហ​រដ្ឋ​អាមេរិក​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ ក្រោម​ជំនួយ​របស់​ចិន។ ​សហ​រដ្ឋ​អាមេរិក​បាន​បង្ហាញ​ក្តី​សង្ស័យ​ថា​ ចិន​នឹង​ប្រើប្រាស់​មូលដ្ឋាន​ទ័ពរាម​នេះ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន។ ​ទោះជា​យ៉ាងណា​ រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ថា​ កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​ទ័ព​បរទេស​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ឡើយ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG