កងកម្លាំងនគរបាលរបស់រដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីពាក់កណ្ដាលអាធ្រាធរំលងចូលថ្ងៃអាទិត្យជាមួយនឹងការចោទថាបានប្រព្រឹត្ត «អំពើក្បត់ជាតិ»។
ប៉ូលីសប្រមាណ១០០ទៅ២០០នាក់ បានសម្រុកចូលគេហដ្ឋានរបស់មេបក្សជំទាស់រូបនេះ ទាំងកណ្ដាលរាត្រី មុននឹងរៀបចំចាប់ខ្លួនភ្លាមៗ ដោយមិនមានបង្ហាញដីកាចាប់ខ្លួន ឬឆែកឆេរឡើយ។ នេះបើយោងតាម កញ្ញា កឹម មនោវិទ្យា អនុប្រធានផ្នែកកិច្ចការសាធារណៈរបស់បក្សជំទាស់ និងជាកូនស្រីរបស់លោក កឹម សុខា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ្រ បានប្រាប់VOAនៅព្រឹកថ្ងៃអាទិត្យនេះថា លោក កឹម សុខា ត្រូវបាននាំទៅសួរចម្លើយនៅមណ្ឌលអប់រំកែប្រែទី៣ (ម៣) ឬពន្ធនាគារត្រពាំងថ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំ ក្បែរព្រំដែន វៀតណាម។
រដ្ឋាភិបាលខ្មែរបានចោទប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថាបានប្រព្រឹត្តបទល្មើសជាក់ស្ដែង ពីបទដែលគេអះអាងថា ពាក់ព័ន្ធនឹងការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
តាមរយៈខ្សែអាត់វីដេអូមួយដែលគ្មានកាលបរិច្ឆេទ មានការថ្លែងរបស់លោកកឹម សុខា ទៅកាន់អ្នកគាំទ្រក្នុងប្រទេសអូស្ត្រាលី ដែលលើកឡើងអំពីយុទ្ធសាស្ត្រនយោបាយរបស់បក្សជំទាស់ តទល់នឹងគណបក្សប្រជាជនកម្ពុជា។
ក្រោយការចាប់ខ្លួនលោក កឹម សុខា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) មានប្រតិកម្មភ្លាមៗលើចំណាត់ការដ៏តក់ក្រហល់របស់រដ្ឋាភិបាលកម្ពុជា ក្រោយការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក John Sifton នាយកនៃអង្គការសិទ្ធិមនុស្ស Human Rights Watch ផ្នែកការតស៊ូមតិសម្រាប់តំបន់អាស៊ីបានថ្លែងថា៖
«ការចាប់ខ្លួនលោក កឹម សុខា គឺជាដំណើរការដើរថយក្រោយដ៏មហន្តរាយសម្រាប់ស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា»។
លោក Sifton បន្ថែមថា ការចោទប្រកាន់របស់រដ្ឋាភិបាលទាំងឡាយ ខ្វះភាពដែលគួរឲ្យទុកចិត្តបាន ហើយកំណត់ត្រាជាយូរលង់របស់ខ្លួន គឺការប្រើប្រាស់ប្រព័ន្ធច្បាប់ខុសឆ្គងក្នុងការបំបិទសំឡេង ឬគំរាមកំហែងក្រុមអ្នករិះគន់ និងក្រុមអ្នកនយោបាយជំទាស់។
«អស់រយៈពេល៣៣ឆ្នាំនេះ លោកហ៊ុន សែន បានប្រើប្រាស់អំពើហិង្សា គំរាមកំហែង អំពើពុករលួយ និងការចោទប្រកាន់បែបប្រឌិតតាមច្បាប់ ដើម្បីបន្តកាន់អំណាច ហើយជាក់ស្តែងកាលពីឆ្នាំទៅ លោកហ៊ុន សែន កាន់តែពង្រីកការវាយប្រហារទៅលើក្រុមអង្គការសង្គមស៊ីវិល និងអ្នកនយោបាយជំទាស់។
លោក John Sifton បានទទូចឲ្យមានអន្តរាគមន៍ជាបន្ទាន់ពីសហគមន៍អន្តរជាតិ៖
«សម្ព័ន្ធមិត្ត និងប្រទេសផ្តល់ជំនួយសម្រាប់កម្ពុជាត្រូវតែថ្កោលទោសចំពោះការវាយប្រហារចុងក្រោយលើដំណើរការប្រជាធិបតេយ្យនេះ ហើយកោះហៅឯកអគ្គរាជទូតកម្ពុជានៅក្រៅប្រទេស ដើម្បីពន្យល់អំពីទង្វើរបស់រដ្ឋាភិបាល។ សហគមន៍អន្តរជាតិ ដែលផ្តល់ជំនួយយ៉ាងច្រើនដល់រដ្ឋាភិបាលកម្ពុជាជាប្រចាំឆ្នាំ ត្រូវតែប្រាប់លោក ហ៊ុន សែន ថា ប្រសិនបើលោកមិនលុបចោលទង្វើនេះវិញទេ នោះនឹងមិនអាចមានការបោះឆ្នោតមួយ ដោយសេរីនិងយុត្តិធម៌ទេនៅឆ្នាំ២០១៨ខាងមុខនេះ»។
ដោយឡែក លោក Sebastian Strangio អ្នកវិភាគនយោបាយកម្ពុជា និងជាអ្នកនិពន្ធសៀវភៅ«ប្រទេសកម្ពុជារបស់លោក ហ៊ុន សែន» បាននិយាយថា ការចាប់ខ្លួនលោក កឹម សុខា នេះ គឺជាការភ្ញាក់ផ្អើលមួយ ហើយបានផ្ញើរជាសញ្ញាមួយថា រដ្ឋាភិបាលកម្ពុជាកំពុងតែបោះបង់ចោលវិធីសាស្ត្រនៃការគាបសង្កត់ ឬក៏ការមិនអើពើអ្វីច្រើន ដែលរដ្ឋាភិបាលកម្ពុជាក្រោមលោក ហ៊ុន សែន ធ្លាប់បានអនុវត្តពីមុនមក។
លោក Strangio បាននិយាយ៖ «ពួកគេទំនងជាមិនគោរពតាមក្រមនីតិវិធីនៃលទ្ធិប្រជាធិបតេយ្យដែលស្រពិចស្រពិលរបស់កម្ពុជា ដែលកម្ពុជាចង់សម្រេចបានក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមកនេះ»។
ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការចាប់ខ្លួនរបស់លោក កឹម សុខា ទាកទងនឹងផែនការសម្ងាត់របស់លោក កឹម សុខា និងជនបរទេស ដែលប៉ះពាល់ដល់ប្រទេសកម្ពុជា តាមរយៈវីដេអូក្លីបមួយ។
«អំពើនៃការឃុបឃិតគ្នាជាសម្ងាត់ខាងលើនេះ គឺជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រ ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី ២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»។
បទចោទនេះអាចនាំឱ្យប្រធានគណបក្សជំទាស់រូបនេះជាប់ពន្ធនាគារក្នុងចន្លោះ១៥ឆ្នាំទៅ៣០ឆ្នាំ ប្រសិនជាតុលាការរកឃើញថាមានទោសកំហុសពិតប្រាកដមែន។
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ បានចាត់ទុកការចាប់ខ្លួនលោក កឹម សុខា នេះ ជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញ ដោយសារតែការចាប់ខ្លួននេះបានធ្វើឡើងទាំងកណ្តាលយប់អាធ្រាត (ម៉ោង ១២:៣៥ នាទី) និងទាំងលោក កឹម សុខា នៅមានអភ័យឯកសិទ្ធិជាតំណាងរាស្ត្រកម្ពុជាម្នាក់។
ក៏ប៉ុន្តែរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានការពារការចាប់ខ្លួននេះ ដោយថាលោក កឹម សុខា បានប្រព្រឹត្ត «បទល្មើសជាក់ស្ដែង» ដែលមិនអាចត្រូវបានការពារដោយអភ័យឯកសិទ្ធិសភានោះទេ។
ក្ដីសង្ស័យអំពីការរួមគំនិតប៉ុនប៉ងប្រព្រឹត្តអំពើទុច្ចរិត
ការចាប់ខ្លួនលោក កឹម សុខា ប្រព្រឹត្តទៅក្នុងអំឡុងពេលនៃការចេញផ្សាយជាបន្តកន្ទុយគ្នារបស់ បណ្ដាញសារព័ត៌មាន Fresh News ដែលស្និទ្ធនឹងឥស្សរជននយោបាយក្នុងអំណាច នូវរបាយការណ៍ដែលមិនបញ្ជាក់ប្រភព អំពីចំណងទាក់ទងប្រទាក់ក្រឡារវាង ទីភ្នាក់ងារចារកម្មសហរដ្ឋអាមេរិច CIA ស្ថានទូតអាមេរិចនៅភ្នំពេញ អង្គការមិនមែនរដ្ឋាភិបាល អ្នកសារព័ត៌មានឯករាជ្យ «ក្រុមជ្រុលនិយម» មានមូលដ្ឋាននៅកោះតៃវ៉ាន់ ហើយនិងក្រុមគ្រួសារមេដឹកនាំបក្សជំទាស់ ក្នុងការរៀបចំគំរោង«បដិវត្តន៍ពណ៌»ផ្ដួលរំលំរដ្ឋាភិបាលគណបក្សប្រជាជនដែលស្ថិតក្នុងអំណាចតាំងពីឆ្នាំ១៩៧៩មក។
ពាក្យ «បដិវត្តន៍ពណ៌» សំដៅទៅលើ ចលនាប្រជាធិបតេយ្យដែលបានរីករាលដាលពាសពេញ ដែលមានលេចចេញជាការតស៊ូកម្លាំងអហិង្សារបស់មហាជនដើម្បីផ្តួលរំលំរបបដឹកនាំដាច់ណាត់ នៅតាមរដ្ឋដែលមានអតីតជាផ្នែកនៃសហភាពសូវៀត រដ្ឋនៅតំបន់បាល់កង់ និងរដ្ឋនៅតំបន់មជ្ឈិមបូព៌ា។
ក៏ប៉ុន្តែស្ថានទូតអាមេរិកនៅភ្នំពេញបានច្រានចោលការចោទប្រកាន់នេះ ហើយប្រាប់សារព័ត៌មានភ្នំពេញប៉ុស្ដិ៍កាលពីសប្ដាហ៍មុនថា ការចោទនេះ «មានចេតនាបង្វែរចំណាប់អារម្មណ៍ពីការធ្លាក់ចុះយ៉ាងគំហុកនាពេលថ្មីៗ នេះនៃបរិយាកាសនយោបាយនៅកម្ពុជា»។
ការបង្ក្រាបលើការបញ្ចេញមតិដោយសេរី
ព្រមពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលក្រុងភ្នំពេញក៏បាននឹងកំពុងបើកការបង្ក្រាបលើសម្លេងសេរី ដែលរួមមានការបិទវិទ្យុ និងកាសែតឯករាជ្យដែលមិនចំណុះឱ្យបក្សកាន់អំណាច និងការបណ្ដេញបុគ្គលិកបិទការិយាល័យប្រចាំប្រទេសនៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI។
ព្រឹត្តិការណ៍នៃការបង្ក្រាបជាបន្តបន្ទាប់នេះ កើតមាននៅក្រោយពេលដែលប្រទេសកម្ពុជាទើបតែបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីខែមិថុនាកន្លងទៅ ជាការបោះឆ្នោតដែលគណបក្សជំទាស់បានកើនសំឡេងគាំទ្រយ៉ាងច្រើន ហើយដែលអ្នកវិភាគខ្លះ យល់ថា ការណ៍នេះបានធ្វើឲ្យគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការបារម្ភចំពោះលទ្ធផលនៃការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ដែលអ្នកបោះឆ្នោតភាគច្រើនជាយុវជនវ័យក្មេង។
លោក ហ៊ុន ម៉ានិត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបឡើងបុណ្យស័ក្ដិជាអគ្គនាយកចារកម្មយោធានៃក្រសួងការពារជាតិ បានសរសេរលើបណ្ដាញសង្គមភ្លាមៗក្រោយការចាប់ខ្លួនលោក កឹម សុខា ថា៖ «កឹម សុខា បានក្បត់ប្រទេសកម្ពុជា។ លោក [កឹម សុខា] បាននិយាយសារភាពថា បានមានគម្រោងរយៈពេលវែងជាមួយសហរដ្ឋអាមេរិក… អរគុណគាត់ហើយ ឥឡូវនេះយើងដឹងហើយ ថានរណាដែលធ្លាប់ជា(និងជា)បាតដៃទីបីនោះ…»៕
ព័ត៌មាននេះត្រូវបានធ្វើបច្ចុប្បន្នភាពត្រឹមម៉ោង ១រសៀល