មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅសប្ដាហ៍នេះ ដែលនេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់លោកទៅកាន់ប្រទេសចិនតាំងពីពេលដែលលោកបានឡើងកាន់អំណាចបន្ទាប់ពីបានធ្វើរដ្ឋប្រហារនៅឆ្នាំ ២០២១ មក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើការបញ្ជាក់របស់ប្រទេសទាំងពីរកាលពីថ្ងៃចន្ទ។
លោក Min Aung Hlaing នឹងធ្វើដំណើរទៅកាន់ទីក្រុង Kunming នៅភាគខាងត្បូងប្រទេសចិននៅថ្ងៃពុធខាងមុខដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់ក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គ (GMS) ដែលមានប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម និងកម្ពុជាជាសមាជិក។
របបយោធាមីយ៉ាន់ម៉ាបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា លោក Min Aung Hlaing «នឹងជួបពិភាក្សាជាមួយនឹងមន្ត្រីរដ្ឋាភិបាលចិនអំពីមិត្តភាពរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរដើម្បីអភិវឌ្ឍនិងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពហុវិស័យ»។
ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅចំពេលដែលយោធាមីយ៉ាន់ម៉ាប្រឹងប្រែងយ៉ាងត្រដាបត្រដួសដើម្បីបង្ក្រាបការតស៊ូប្រដាប់អាវុធរបស់ក្រុមជាតិសាសន៍ភាគតិចផ្សេងៗនិងក្រុម «កងកម្លាំងប្រជាការពារ» ដែលបានលេចឡើងប្រឆាំងនឹងការក្ដោបក្ដាប់អំណាចរបស់ខ្លួន។
ចិនក៏បានបញ្ជាក់ផងដែរថាមេដឹកនាំរបបយោធាមីយ៉ាន់ម៉ានឹងចូលរួមនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គនោះ។
កិច្ចប្រជុំនេះនឹងដឹកនាំដោយនាយករដ្ឋមន្ត្រីចិនលោក Li Qiang។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning កាលពីថ្ងៃចន្ទ៕
វេទិកាបញ្ចេញមតិ