នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងទៅចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៨ កិច្ចប្រជុំកំពូលអេកម៉ិក (ACMECS ) និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) នៅទីក្រុងគុនមិញ ប្រទេសចិន ថ្ងៃទី ៦ និង ៧ ខែវិច្ឆិកា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី ៤ ខែវិច្ឆិកា។
នាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រីថៃ នាយករដ្ឋមន្រ្តីវៀតណាម និងមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ត្រូវបានរាយការណ៍ថានឹងចូលរួមកិច្ចប្រជុំកំពូល ដែលចិនជាម្ចាស់ផ្ទះ។
ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំកំពូលទាំងនេះនឹងពិនិត្យលើសមិទ្ធផលដែលសម្រេចបាន និងកំណត់ទិសដៅអនាគតសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាការពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសសមាជិកដែលរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់។
ក្រសួងការបរទេសកម្ពុជាបន្ថែមថា កិច្ចប្រជុំកំពូលនោះក៏បង្ហាញអំពីសារៈសំខាន់នៃសន្តិភាពប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ក៏ដូចជាការរួមរស់ដោយសន្តិសហវិជ្ជមាន ក្នុងចំណោមប្រទេសសមាជិក។
អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បញ្ជាក់ថា ថ្នាក់ដឹកនាំនៃប្រទេស៥ចូលរួមកិច្ចប្រជុំកំពូលនេះ រួមមាន កម្ពុជា ឡាវ ថៃ វៀតណាម មីយ៉ាន់ម៉ា និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី។ នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់ក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ កិច្ចប្រជុំកំពូលនេះនឹងដឹកនាំដោយនាយករដ្ឋមន្ត្រីចិនលោក Li Qiang។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នរបស់រដ្ឋាភិបាល ប្រាប់វីអូអេថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ គឺជាយន្តការពហុភាគី ដែលលោកថា មានសារៈសំខាន់សំដៅដល់ការអភិវឌ្ឍក្នុងតំបន់ ដូចជាការប្រើប្រាស់ធនធានទឹក ការគ្រប់គ្រងបរិស្ថាន និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាប្រទេសក្នុងតំបន់មេគង្គ។ លោកយល់ថា កិច្ចសហប្រតិបត្តិការអេកម៉ិក និងកិច្ចសហប្រតិបត្តិការ CLMV គឺជាការរួមចំណែក ក្នុងការបង្រួមគម្លាតអភិវឌ្ឍន៍ និងជំរុញឱ្យមានកិច្ចសហការជិតស្និទ្ធជាមួយគ្នាក្នុងស្មារតីតំបន់និយម។
លោកប្រាប់វីអូអេថា៖ «ទាក់ទងអេកម៉ិក (ACMECS) និងកិច្ចសហប្រតិបត្តិការផ្សេងទៀតនេះ ខ្ញុំគិតថា ជាការរួមចំណែកក្នុងការបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងបណ្តាប្រទេសនៅក្នុងតំបន់អនុមេគង្គ ដែលសុទ្ធតែជាយន្តការពហុភាគី ដែលប្រទេសទាំងអស់ចាំបាច់លើកកម្ពស់ និងជំរុញឱ្យមានកិច្ចសហការជិតស្និទជាមួយគ្នា ធ្វើការជាមួយគ្នាក្នុងស្មារតីតំបន់និយម»។
បើតាមលោក គិន ភា ចិនបានដើរតួនាទីសំខាន់នៅក្នុងអនុតំបន់មេគង្គ ដោយសារចិនបានបោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងពាណិជ្ជកម្មច្រើនជាងគេ។
អំឡុងពេលស្នាក់ទីក្រុងគុនមិញ ប្រទេសចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រោងនឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងធុរជនបរទេសផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
លោក គិន ភា យល់ថា ជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំកម្ពុជានិងបណ្តាប្រទេសផ្សេង គឺជាឱកាសល្អដែលកម្ពុជាអាចបង្ហាញសក្តានុពលនៃការវិនិយោគ ពាណិជ្ជកម្ម និងការរកស៊ីនៅក្នុងប្រទេសកម្ពុជា ដោយបង្ហាញអំពីបរិយាកាសពាណិជ្ជកម្ម វិនិយោគល្អប្រសើរ សន្តិភាព ស្ថិរភាព និងការអនុគ្រោះនានា ដែលជាកាតាលីករជំរុញឱ្យមានការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនមកកាន់កម្ពុជា។ ក៏ប៉ុន្តែលោកថា កម្ពុជាត្រូវតែមានវិធានការ និងអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងចំពោះជនល្មើសទាំងឡាយណាដែលប្រព្រឹត្តបទល្មើសក្នុងទឹកដីកម្ពុជា ដើម្បីស្តារទំនុកចិត្តវិនិយោគគិនបរទេស និងភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា កត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋទៅក្រៅប្រទេស គឺតែងតែឃើញមានការទាញប្រយោជន៍ធំចំនួនពីរ គឺនយោបាយការបរទេស និងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ដោយក្នុងនោះ នយោបាយការបរទេស គឺជួយលើកមុខមាត់រដ្ឋាភិបាលកម្ពុជា និងជួយពង្រឹងទំនាក់ទំនងការទូតជាមួយប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀតកាន់តែរឹងមាំ។
លោកប្រាប់វីអូអេថា៖ «ដំណើរទស្សនកិច្ចហ្នឹង ប្រមុខរដ្ឋាភិបាល នាយករដ្ឋមន្ត្រីសម្តេចធិបតីក៏មានរដ្ឋមន្ត្រី អមមួយចំនួនដែលពាក់ព័ន្ធនឹងកិច្ចការសំខាន់ៗពាក់ព័ន្ធពាណិជ្ជកម្ម វិនិយោគជាដើម។ អ៊ីចឹងមានកិច្ចការអ្វីចាំបាច់បន្ទាន់អាចជជែក ប្រជុំ ឬក៏ចុះកិច្ចព្រមពៀងជាមួយគ្នាបានទាន់ពេលវេលា ឬក៏តាមការចាំបាច់។ នេះជាកិច្ចការមួយដែលកម្ពុជាចេញទៅក្រៅឆាក លើកណាក៏ដោយ ក៏មានសារៈប្រយោជន៍ផ្នែកនយោបាយការទូត និងផ្នែកពាណិជ្ជកម្មដែរ»។
លោក ឯម សុវណ្ណារ៉ា បន្តទៀតថា កម្ពុជាក៏ត្រូវជម្រះមន្ទិលសង្ស័យ ឬលុបបំបាត់នូវចំណុចអវិជ្ជមានមួយចំនួន ដូចជាការឆបោកតាមប្រព័ន្ធអ៊ិនធឺណិត (Scam) ការចាប់ជំរិត ឬអសុវត្ថិភាពផ្នែកពាណិជ្ជកម្ម ឬទេសចរណ៍ជាដើម។ បញ្ហាទាំងអស់នេះ គឺជាកិច្ចការមួយដែលវិនិយោគិនបរទេស និងអ្នកសង្កេតការណ៍អន្តរជាតិចាប់អារម្មណ៍។
ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូល អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មានក្នុងប្រទេសចិន កាលពីថ្ងៃចន្ទថា៖ «តាមរយៈកិច្ចប្រជុំកំពូលនេះ ប្រទេសចិនសង្ឃឹមថា នឹងមានការផ្លាស់ប្តូរស៊ីជម្រៅជាមួយបណ្តាប្រទេសដទៃ ដោយសង្កត់ធ្ងន់លើការបើកចំហ នវានុវត្តន៍ ការតភ្ជាប់ និងការសម្របសម្រួល ការខិតខំឆ្ពោះទៅរកវឌ្ឍនភាពថ្មីក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដែលរួមមានការតភ្ជាប់ក្នុងតំបន់ ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ និងរួមចំណែកកាន់តែប្រសើរក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់»៕
វេទិកាបញ្ចេញមតិ