ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេទិកា​ពិភាក្សា​«អ៊ីនធឺណិត​បើក​ទូលាយ»​ ជំរុញ​ឱ្យ​អ្នកប្រើ​អ៊ីនធឺណិត​ចូលរួម​​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ និង​យុត្តិធម៌​សង្គម


រូបឯកសារ៖ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ ​កំពុង​មើល​មុខងារ​ថ្មី​របស់​ហ្វេសប៊ុក​ ​ហៅ​ថា​ 'Explore feed'​ នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន​របស់​គាត់​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។​ ​(នៅ វណ្ណារិន/VOA)
រូបឯកសារ៖ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ ​កំពុង​មើល​មុខងារ​ថ្មី​របស់​ហ្វេសប៊ុក​ ​ហៅ​ថា​ 'Explore feed'​ នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន​របស់​គាត់​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។​ ​(នៅ វណ្ណារិន/VOA)

​វេទិកា​«ការ​ប្រើប្រាស់​អ៊ីនធឺណិត​ដើម្បី​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ និង​យុត្តិធម៌​សង្គម» បាន​លើកឡើង​ពី​តម្រូវ​ការ​នូវ​ការ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ ​ដើម្បី​រួម​ចំណែក​ក្នុង​ការ​ឆ្លើយតប​ឲ្យ​ទាន់​ពេលវេលា​ ​និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ពី​សំណាក់​មន្រ្តី​ និង​អាជ្ញាធរ​មូល​ដ្ឋាន​នៅ​កម្ពុជា។

វេទិកា​អ៊ឺនធឺណិត​បើក​ទូលាយ​ ​ក្រោម​ប្រធានបទ​ «ឱកាស​ និង​ហានិភ័យ​ចំពោះ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​សម័យ​ថ្មី»​ ​បាន​ជំរុញ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ឺនធឺណិត​ ​និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ និង​កែប្រែ​ប្រព័ន្ធ​ដ៏មាន​ឥទ្ធិពល​នេះ​ជាប្រយោជន៍​ដើម្បី​អភិវឌ្ឍ​សង្គម​ខ្មែរ។​

​នៅ​ក្នុង​វេទិកា​ពិភាក្សា​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ ​ដែល​រៀបចំ​ឡើង​ដោយ​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល មជ្ឈមណ្ឌល​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សមាគមចំនួន​០៧​បាន​បើក​ឱកាស​ឱ្យ​មាន​កិច្ច​ពិភាក្សា​លើ​ប្រធានបទ ​«ការ​ប្រើប្រាស់​អ៊ីនធឺណិត​ដើម្បី​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ និង​យុត្តិធម៌​សង្គម»។​ វា​គ្មិន​នៅ​ក្នុង​ព្រឹត្តិការណ៍អ៊ឺនធឺណិត​បើក​ទូលាយ​ឆ្នាំ​ ២០១៩ ​នេះ​បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ ​និង​ការ​បញ្ចេញ​មតិ​យោបល់​រិះគន់​បែប​ស្ថាបនា។​

​លោក​ សឹង សែន​ករុណា​ អ្នក​នាំពាក្យ​សមាគម​អាដហុក (ADHOC) ថ្លែង​ថា អភិបាល​កិច្ច​សំដៅ​ទៅ​លើ​សមត្ថភាព ឆន្ទៈ តម្លាភាព​ គណនេយ្យភាព និង​សមធម៌​នៃ​មន្រ្តី​ដែល​អនុវត្ត​ការងារ​នៅ​កម្ពុជា។ លោក​បាន​បន្ត​ថា ពលរដ្ឋ​មាន​តួនាទី​តាមដាន​ និង​ចូលរួម​ជាមួយការងារ​របស់​មន្រ្តី​ ដែល​បំពេញ​ការងារ ដោយបណ្តាញទំនាក់ទំនង​សង្គម​ដើរតួ​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​តាមដាន​នេះ។​

​លោក​ករុណា​បាន​និយាយ​ថា៖​

«យើង​ដឹង​ថា ជាទូទៅ​តួនាទី​របស់​អាជ្ញាធរ​ ប្រសិន​បើ​អ្នក​គេ​តាម​ដាន​គេ​ដឹង។ ឧទាហរណ៍​⁠ មេឃុំ​គាត់​ទទួល​ខុសត្រូ​វ​អី​គេ​ខ្លះ​នៅ​ក្នុង​មូលដ្ឋាន​ហ្នឹង។ ចុះ​បើ​គាត់​អត់​ទទួល​ខុសត្រូវ​ យើង​ធ្វើ​ម៉េច? អញ្ចឹង​យើង​ត្រូវ​តាមដាន​ពី​ការ​ទទួល​ខុសត្រូវ​របស់​គាត់។​ មុខងារ​របស់​មន្រ្តី​ទាំង​មេឃុំ​ក្តី សមត្ថកិច្ច​ដែល​មាន​ក្នុង​មូលដ្ឋាន​ហ្នឹង​ក្តី រហូត​ដល់​ថ្នាក់​មន្ទីរ​ក្រសួង​នានា​ដែល​គេ​មាន​បែង​ចែក​ស្ថាប័ន​នោះ។ ... ក្នុង​ន័យ​ហ្នឹង​គឺ​ពលរដ្ឋ​រួម​ចំណែក​ជាមួយ​ មិនមែន​ជា​កាតព្វកិច្ច​ទទួល​ខុសត្រូវ​ទេ។⁠ គឺ​អញ្ចឹង​ហើយ​ដែល​យើង​និយាយ​ថា អភិបាល​កិច្ច​ហ្នឹង​គឺ ទៅ​លើ​សមត្ថភាព​ដឹកនាំ​ អ្នក​ទាំង​អស់​ហ្នឹង​ តើ​គាត់​បាន​ឆ្លើយ​តប​នឹង​តួនាទី​របស់​គាត់​ឬ​អត់»។​

​ចំពោះ​កត្តា​ដែល​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ទៅ​លើ​អភិបាលកិច្ច​ល្អ និង​យុត្តិធម៌​សង្គមតាមរយៈ​ការ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនងសង្គម​ លោក​ សឹង​ សែនករុណា​ អ្នក​នាំពាក្យ​សមាគម​អាដហុក (ADHOC) បាន​មាន​ប្រសាសន៍​ថា កង្វះខាត​ចំណេះ​ដឹង​ផ្នែក​ការ​ប្រើប្រាស់​ ឬ​ការ​ចែករំលែក​ព័ត៌មាន​តាមប្រព័ន្ធ​បណ្តាញ​សង្គម​ ជាបញ្ហា​ចោទ​មួយ​ ដែលអាច​បណ្តាល​ឲ្យ​អ្នក​ចែករំលែក​ព័ត៌មាន​ប្រឈម​មុខ​នឹង​ច្បាប់។​

​លោក​បាន​និយាយ​ថា៖​

«ពលរដ្ឋ​នៅ​កម្ពុជា​យើង​គាត់​នៅ​អក្ខរកម្ម​នឹង​បញ្ហា​ហ្នឹង​ច្រើន។ ហើយ​រដ្ឋាភិបាល​យើង​ប្រើ​វិធាន​ច្បាប់⁠ ទៅ​ចាត់​វិធានការ​លើ​គាត់។ អញ្ចឹង​ការ​ប្រឈម​នេះ យើង​អាច​ចូល​មើល​ព័ត៌មាន​ឲ្យ​គ្រប់ ឲ្យ​ល្អិតល្អន់​តិច​ទៅ។ ហើយ​បើ​សិន​ជា​សង្ស័យ​ យើង​អាច​សួរ​គ្នា​មើល អាច​ទាក់ទង​ទៅ​មើល​ថា តើ​ម៉េច​ដែរ​ព័ត៌មាន​ហ្នឹង។ អ្នក​ណា​មួយ​ដែល​យើង​ទុក​ចិត្ត​អាច​ជា​ អ្នក​ច្បាប់​ក្តី ជា​អ្នក​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស​ ឬ​ក៏​សង្គម​អី​ហ្នឹង​ អាច​សួរ​គាត់​បន្ថែម​ទៅ។​ អញ្ចឹង​យើង​អាច​ជៀស​ដែរ មុន​នឹង​ចែក​រំលែក​អី​បន្ថែម»។​

​ចំពោះ​ការ​ចែក​រំលែក​ព័ត៌មាន​ដើម្បី​បង្កា​ហានិភ័យ​មក​លើ​អ្នក​ចែករំលែក​ វាគ្មិន​មួយ​រូប​ទៀត​ លោក​ស្រី​ ហុក ណារិន​ អ្នក​គ្រប់គ្រង​គម្រោង​នៃ​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) បាន​លើកឡើង​ថា អ្នក​ប្រើប្រាស់​អ៊ឺនធឺណិត​គួរ​បញ្ជៀស​ពី​ការ​ចែករំលែក​ព័ត៌មាន​ ដែល​បង្ក​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស ឬ​ចលាចល​នៅ​ក្នុង​សង្គម និង​ចែករំលែក​ព័ត៌មាន​ដែល​មាន​ប្រភពច្បាស់លាស់​ និង​ជឿជាក់​បាន។

​លោកស្រី​ណារិន​បាន​និយាយ​ថា៖​

«បើ​យើង​ចែករំលែក​ព័ត៌មាន​ដើម្បី​កុំ​ឲ្យ​មាន​ហានិភ័យ​គឺ ជៀសវាង​ព័ត៌មាន​ណា​ ដែល​បំផ្លាញ​ ឬ​បង្ក​ចលាចល​ដល់​សង្គម​ទៅ។ យើង​អត់​សូវ​ប្រឈម​ទេ។ អញ្ចឹង​កាលណា​ យើង​ចែករំលែក​ព័ត៌មាន​ យើង​ត្រូវ​ចែករំលែក​ព័ត៌មាន​ណា​ដែល​បង្ហាញ​ថា ព័ត៌មាន​នោះ​វា​ត្រឹមត្រូវ​មាន​ប្រភព​បង្ហាញ​ច្បាស់លាស់។ ហើយ​ព័ត៌មាន​ទាំងអស់​ហ្នឹង​គឺ​ចេញ​ដោយ​ស្ថាប័ន​ដែល​មាន​វីជ្ជាជីវៈ មាន​ស្ថាប័ន​គេ​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​យើង​គិត​ថា ពួកគេ​សរសេរ​ព័ត៌មាន​ ដែល​វិជ្ជាជីវៈ​ ហើយ​មាន​ប្រភព​មក​បញ្ជាក់​ផង​»។


លោក​ស្រី​បាន​បន្ត​ថា៖​

«ដាច់​ខាត​ពាក្យ​ចចាមរ៉ាម។ ពាក្យ​ចចាមរ៉ាម​ គឺ​គ្រោះថ្នាក់​ណាស់។ យើងស៊ែរ​តាម​គ្នា​។ យើង​ឮ​ពី​គេ។ ហើយ​ជា​ពិសេស​អា​ពាក្យ​ញុះញង់​ហ្អា។ ពាក្យ​ញុះញង់​គ្នា​ហ្នឹង​គឺ​យើង​ស្តាប់​មក។ ហើយ​យើង​ចង់​រិះគន់​ថ្នាក់​ដឹកនាំ​ផង។ ដល់​ពេល​ញុះញង់​ម្នាក់​ហ្នឹង​ផង​ ។ ត្រូវ​ចិត្ត​ទៀត​ អាហ្នឹង​ហើយ​ដែល​ហានិភ័យ​នោះ»។​

(ពីខាង​ឆ្វេង)៖ លោក​សឹង សែន​ករុណា​ អ្នក​នាំ​ពាក្យ​សមាគម​អាដហុដ (ADHOC) លោកស្រី ហុក​ណារិន អ្នក​គ្រប់គ្រង​គម្រោង​នៃ​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) លោក​ ម៉ៃ ណាក់ អ្នក​សម្របសម្រួល និង​លោក​ សន ជ័យ​ នាយកប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​សង្គមកម្ពុជា​ (ANSA) ចូលរួម​ពិភាក្សា​នៅ​ក្នុង​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ​ ២០១៩ នៅ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៧ ទី​០៣ ឆ្នាំ​២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
(ពីខាង​ឆ្វេង)៖ លោក​សឹង សែន​ករុណា​ អ្នក​នាំ​ពាក្យ​សមាគម​អាដហុដ (ADHOC) លោកស្រី ហុក​ណារិន អ្នក​គ្រប់គ្រង​គម្រោង​នៃ​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) លោក​ ម៉ៃ ណាក់ អ្នក​សម្របសម្រួល និង​លោក​ សន ជ័យ​ នាយកប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​សង្គមកម្ពុជា​ (ANSA) ចូលរួម​ពិភាក្សា​នៅ​ក្នុង​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ​ ២០១៩ នៅ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៧ ទី​០៣ ឆ្នាំ​២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

បណ្តាញ​ទំនាក់ទំនងសង្គម ជា​ពិសេស​ហ្វេសប៊ុក​ បាន​ក្លាយ​ជា​មធ្យោបាយ​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​រិះគន់​ឬ​តវ៉ា​ប្រឆាំង​នឹង​ចំណាត់ការ​ណា​មួយ​ដែល​បង្ហាញ​ពី​ភាព​យុត្តិធម៌​នៅ​ក្នុង​សង្គម​កម្ពុជា។ តួយ៉ាង​ដូចជា​ ករណី​វីដេអូ​ ឬ​រូបថត​ពាក់ព័ន្ធ​ហេតុ​ការណ៍​បាញ់បោះ​ ដែល​បាន​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស​ដោយ​គ្រាប់​កាំភ្លើង​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​កម្ពុជាចែករំលែក និង​បញ្ចេញ​មតិ​រិះគន់​យ៉ាង​ច្រើន។ ក្រោយ​មក​ គេ​ឃើញ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ចំណាត់ការ​បញ្ចប់មុខងារ​ ចៅហ្វាយខេត្ត​រងពីរ​រូប​ប្រចាំ​ខេត្ត​ព្រះសីហនុ​ ដែល​ជាអ្នក​ទទួល​ខុស​ត្រូវខ្ពស់​ក្នុង​ហេតុការណ៍​នេះ។

លោក​ សឹង​ សែនករុណា​ អ្នក​នាំពាក្យ​សមាគម​អាដហុក (ADHOC) បាន​លើកឡើង​ថា ចំពោះ​បញ្ហា​ដែល​មាន​លក្ខណៈ​រំញោច​ ឬ​ប្រឈមខ្លាំង​ លោក​បាន​ណែនាំឲ្យ​ពលរដ្ឋ​ស្វែងរក​ការ​ពិភាក្សា​ជាមួយ​អង្គការ​ ឬ​ស្ថាប័ន​ជំនាញ ដើម្បី​ពិគ្រោះ​យោបល់​⁠ជាជាង​ការ​បង្ហោះ​សារ​នៅ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម។ យ៉ាង​ណា​ក៏​ដោយ​ លោក​ក៏​បាន​លើកឡើង​ទឹកចិត្ត​ឲ្យ​មាន​ការ​ចែករំលែក​ព័ត៌មាន​ណា​ ដែល​មាន​បុព្វហេតុ​សម្រាប់​ប្រយោជន៍​សង្គម⁠ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​អយុត្តិធម៌​សង្គម។

​លោក​បាន​មាន​ប្រសាសន៍​ថា៖

«កាលណា​យើង​អត់​ចែករំលែក​វា​ទេ។ ឃើញ​រូបភាព​ដែល​អយុត្តិធម៌​ វា​ច្បាស់​ក្រឡែត​អញ្ចឹង​ហើយ។ យើង​អត់​ចែករំលែក​វា​ទេ វា​ប៉ះពាល់។ យើង​ឃើញ​កម្ពុជា​យើង​ខុស​ពី​គេ​។ ខ្ញុំ​ឧទារហរណ៍​នៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត​។ បើ​គេ​ឃើញ​រឿង​អយុត្តិធម៌​មួយ​ គេ​រួម​គ្នា​ធ្វើ។ ប៉ុន្តែ​យើង​ឃើញ​នៅ​ក្នុង​ប្រទេស​យើង​មួយ​ចំនួន​គឺ​គាត់​អត់​រវល់​ទេ។ អ្នក​ខ្លះ​គាត់​រងគ្រោះ​ដី​ធ្លី​ ដើរ​ពី​ខេត្ត​មក​ភ្នំពេញ ពី​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ​រុញ​ចុះ​រុញ​ឡើង។... អញ្ចឹង​ពាក្យ​ថា សង្គម​នេះ​គឺ​គេ​ចូលរួម​គ្នា​គេ​មើល​ទុក្ខធុរៈ​គ្នា​ អ្នក​ណា​ខ្លះ​ដែល​មាន​ទុក្ខ​ យើង​ត្រូវ​ចូលរួម​គ្នា»។

​លោក​ សន ជ័យ នាយកប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​កម្ពុជា (ANSA) និង​ជា​វាគ្មិន​មួយ​រូប​ទៀត​នៅ​ក្នុង​ការ​វេទិកា​ពិភាក្សា​ស្តី​ពី ​«ការ​ប្រើប្រាស់​អ៊ីនធឺណិត​ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ល្អ និង​យុត្តិធម៌​សង្គម» ​ គាំទ្រ​ការ​ដាក់​ឲ្យ​មាន​ការ​ប្រើប្រាស់​ជា​លក្ខណៈ​ឌីជីថល​នៅ​តាម​ថា្នក់​អាជ្ញាធរ​មូលដ្ឋាន​នានា​ ដើម្បី​ឆ្លើយ​តប​នឹង​សំណើរ​ផ្សេងៗ​ពី​ប្រជាពលរដ្ឋ។

​ដោយ​អាស្រ័យ​លើ​សមត្ថភាព​មាន​កម្រិត​នៃ​មន្រ្តី​ និង​អាជ្ញាធរ​តាម​មូលដ្ឋាន​ លោក​សន⁠ ជ័យបាន​និយាយ​ថា៖​

«យើង​មើល​ទិដ្ឋភាពឱកាស​នៃ​ការ​ឆ្លើយ​តប​ មធ្យោបាយ​នៃ​ការ​ឆ្លើយ​តប​ដូចជា​ នៅ​មាន​ការ​ខ្វះខាត។ ហើយ​ពេល​ខ្លះ​វា​ក៏​រារាំង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ដែរ។ ប្រជាពលរដ្ឋ​ថា «ស្នើ​ចង់​ងាប់​ មិនបាន​អី​ផង»។

​យោង​តាម​មូលហេតុ​ខាង​លើ​ លោក​សន ជ័យនាយកប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​កម្ពុជា (ANSA)​ ក៏​បាន​ជំរុញ​ឲ្យ​ឆន្ទៈ​នយោបាយ​ខ្លាំង​ជាង​មុន​ក្នុង​ចំណោម​មន្រ្តី និង​អាជ្ញាធរ​តាម​មូលដ្ឋាន​ ក៏​ដូចជា ការ​ផ្តល់​ថវិកា​បន្ថែម​ពី​ថ្នាក់​ជាតិ​ដល់​រដ្ឋបាល​ក្រោម​ជាតិ​ផង​ដែរ។

​ស្រប​ពេល​ដែល​ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​កំពុង​កើន​ឡើង​ជា​បន្តបន្ទាប់ តម្រូវការ​ការ​ផ្តល់​ព័ត៌មាន​ប្រាកដប្រជា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​តែជា​កត្តា​សំខាន់​ក្នុង​ការ​នាំ​មក​នូវ​ការ​ឆ្លើយ​តប​ពី​មន្រ្តី​រដ្ឋាភិបាល​ និង​អាជ្ញាធរ​មូលដ្ឋានទៅ​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​អភិបាល​កិច្ច និង​យុត្តិធម៌​សង្គម​ ដែល​ពី​មុន​មក​ធ្លាប់​រង​នូវ​មតិ​រិះគន់​ពី​សាធារណជន​ចំពោះ​ភាព​យឺតយ៉ាវ ឬ​ការ​ខកខាន​នានា៕​

XS
SM
MD
LG