ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ​បារម្ភ​ពី​ព័ត៌មាន​ក្លែងក្លាយ​ធ្វើ​ឲ្យ​ប៉ះពាល់​លទ្ធិ​ប្រជាធិបតេយ្យ


ក្រុម​ថ្នាក់​ដឹកនាំ​នៃបណ្តុំស្ថាប័ន​ដែល​រៀប​ចំ​សិក្ខា​​សាលា​​អំពី​ព័ត៌មាន​ស៊ើបអង្កេត​​អាស៊ី​លើក​ទី៣​ ​(The Third Asian Investigative Journalism Conference)​ ថ្លែងបើក​កម្មវិធី​ ​ដែល​ធ្វើឡើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង​ កាលពី​ថ្ងៃទី៥ ដល់​ថ្ងៃទី៧​ ​ខែតុលា ឆ្នាំ​២០១៨​។​ (កាន់ វិច្ឆិកា/VOA)

​ការ​រីកសាយ​ភាយ​ព័ត៌មាន​ក្លែងក្លាយ​លើ​បណ្តាញ​សង្គមពាសពេញ​ពិភពលោក​ ​ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ ​អាច​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​លទ្ធិ​ប្រជាធិប​តេយ្យ​ក្នុង​ប្រទេស​នា​នា​លើ​ពិភព​លោក។​ ​នេះ​បើ​តាមការ​លើកឡើង​ពី​ការ​បារម្ភ​របស់​ក្រុម​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​ ​ក្នុង​កិច្ច​ពិភាក្សា​កាល​ពី​សប្តាហ៍​កន្លង​ទៅ។

កិច្ច​ពិភាក្សា​មួយ​ស្តីពី​ព័ត៌មាន​ក្លែង​ក្លាយ​ ​និង​ព័ត៌មាន​បែប​ឃោសនា​ ​នៃ​សិក្ខាសាលា​អំពី​ព័ត៌មាន​ស៊ើប​អង្កេត​អាស៊ី​លើក​ទី៣​ ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​សេអ៊ូល​ ​ប្រទេស​កូរ៉េ​ខាងត្បូង។​ អ្នកចូលរួម​ប្រមាណ​ជា​៥០​នាក់​ និង​មាន​វាគ្មិនដែល​មក​ពី​ប្រទេស​ប៉ែក​ខាងលិច​ ​និង​វាគ្មិន​មក​ពី​អាស៊ី​ ​បាន​លើក​ឡើង​ផ្សេងៗ​គ្នា​ ​ពី​ផលវិបាក​ ​និង​ការ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ ​និង​ព័ត៌មាន​បែប​ឃោសនា​ដែល​កំពុង​កើតឡើង​ក្នុង​ពិភព​លោក។

​វាគ្មិន​មួយ​រូប​ដែល​ធ្វើ​បទ​បង្ហាញ​ពី​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​ការ​ពិភាក្សា​នោះ​ ​លោក​ ​Craig Silverman​ ​និពន្ធ​នាយក​ ​និង​ជា​ស្ថាបនិក​ស្ថាប័ន​ព័ត៌មាន​ ​BuzzFeed Canada​ ​នៅ​សហរដ្ឋអាមេរិក​ ​បាន​ប្រាប់​ ​VOA​ ​ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​នោះ​ថា​ ​ព័ត៌មាន​ក្លែងក្លាយ​បាន​និង​កំពុង​ធ្វើឲ្យ​សង្គម​ត្រូវ​បែក​ចេញ​ជា​ផ្នែក​ ​និង​ធ្វើឲ្យ​មនុស្ស​ពិបាក​ក្នុង​ការបែងចែក​ព័ត៌មាន​ណា​ពិត​ ​ហើយ​ព័ត៌មាន​ណា​មិន​ពិត។​ ​ទោះ​យ៉ាង​ណា​លោក​ថា​ ​ក្នុង​ពេល​បច្ចុប្បន្ន​មនុស្ស​ចាប់ផ្តើម​យល់ដឹង​បាន​ច្រើន​ ​និង​អាច​បែងចែក​នូវ​ព័ត៌មាន​ទាំងនោះ ​ស្រប​ពេល​ដែល​ពួកគេ​អាច​ត្រៀមខ្លួន​ក្នុង​ការ​ទប់​ស្តា​ត់​នូវ​បញ្ហា​ដែល​កើត​ឡើង​ដោយសារ​ព័ត៌មាន​ក្លែង​ក្លាយ​បាន។

លោក​ ​Craig Silverman​ ​និពន្ធ​នាយក​ ​និង​ជា​ស្ថាបនិក​ស្ថាប័ន​ព័ត៌មាន​ ​BuzzFeed Canada​ ​នៅ​សហរដ្ឋអាមេរិក​ ​បាន​ប្រាប់​ ​VOA​ ​ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​ស្តីពីអំពី​ព័ត៌មាន​ក្លែងក្លាយ​ ដែល​បាន​ធ្វើ​ឡើង​ក្នុង​សិក្ខាសាលាអំពី​ព័ត៌មាន​ស៊ើបអង្កេតអាស៊ី​លើក​ទី៣​ ​ដែល​ធ្វើឡើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង​ កាលពី​ថ្ងៃទី៥ ដល់​ថ្ងៃទី៧​ ​ខែតុលា ឆ្នាំ​២០១៨​។​ (កាន់ វិច្ឆិកា/VOA)
លោក​ ​Craig Silverman​ ​និពន្ធ​នាយក​ ​និង​ជា​ស្ថាបនិក​ស្ថាប័ន​ព័ត៌មាន​ ​BuzzFeed Canada​ ​នៅ​សហរដ្ឋអាមេរិក​ ​បាន​ប្រាប់​ ​VOA​ ​ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​ស្តីពីអំពី​ព័ត៌មាន​ក្លែងក្លាយ​ ដែល​បាន​ធ្វើ​ឡើង​ក្នុង​សិក្ខាសាលាអំពី​ព័ត៌មាន​ស៊ើបអង្កេតអាស៊ី​លើក​ទី៣​ ​ដែល​ធ្វើឡើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង​ កាលពី​ថ្ងៃទី៥ ដល់​ថ្ងៃទី៧​ ​ខែតុលា ឆ្នាំ​២០១៨​។​ (កាន់ វិច្ឆិកា/VOA)

លោក​បញ្ជាក់​ពី​ផលវិបាក​ប្រសិនបើ​ព័ត៌មាន​ក្លែងក្លាយ​បន្ត​រីកសាយ​ក្នុង​ពិភពលោក​ ​ដោយ​មិន​មាន​ការ​ទប់ស្កាត់​ ​តាមន័យ​ដើម​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖​

«គ្រោះថ្នាក់​នៃ​ការ​អនុញ្ញាត​ឲ្យ​ព័ត៌មាន​ក្លែងក្លាយ​ ​និង​ព័ត៌មាន​បែប​ឃោសនា​វាយលុក​ខ្លាំង​ ​នោះ​ពួក​យើង​នឹង​បាត់បង់ចង្កោម​សង្គម​ ​យើង​បាត់បង់​លទ្ធិ​ប្រជាធិបតេយ្យ​ ​ហើយ​គិតទៅ​វា​ពិតជា​រឿង​ដែល​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។​ ​ព័ត៌មាន​បែប​ឃោសនា​ ​និង​ការ​ត្រួតពិនិត្យ​ព័ត៌មាន​គឺជា​បំណែក​ស្នូល​នៃ​រដ្ឋា​ភិបាល​ផ្តាច់​ការ​ ​និង​រដ្ឋាភិបាល​បែប​ស្វ័យភាព។​ ​ដូច្នេះ​ប្រសិនបើ​វារី​ក​រាលដាល​កាន់តែ​ច្រើន​ ​នោះ​វា​នឹង​កាន់កាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ​ហើយ​ជា​ការពិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុង​ត្រូវ​បាន​រុញច្រាន​ឲ្យ​ធ្លាក់​ចុះ​ ​ហើយ​ហានិភ័យ​កាន់តែ​ច្រើន​ថា​យើង​មាន​សង្គម​មួយ​ដែល​ផ្តាច់​ការ»។​

សិក្ខាសាលា​ស្តី​អំពី​ព័ត៌មាន​ស៊ើបអង្កេតអាស៊ី​លើក​ទី៣ (The Third Asian Investigative Journalism Conference) ដែល​ធ្វើឡើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ កាលពី​ថ្ងៃទី៥ ដល់​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ ​រៀបចំឡើង​ដោយ​បណ្តាញ​សារព័ត៌មាន​ស៊ើបអង្កេត​ពិភពលោក (GIJN) មជ្ឈមណ្ឌល​កូរ៉េ​សម្រាប់​ព័ត៌មាន​ស៊ើបអង្កេត (Korea Center for Investigative Journalism) និង​មូលនិធិ​ខុន​រ៉ា​ត (Konrad Adenauer Stiftung) ព្រមទាំង​មានការ​សហការ និង​ចូលរួម​ពី​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ​មួយចំនួន​ទៀត។ សិក្ខាសាលា​នោះ​មាន​អ្នកចូលរួម​ចំនួន៤៤០នាក់ ភាគច្រើន​ជា​អ្នកសារព័ត៌មាន មក​ពី​៤៨​ប្រទេស ដើម្បី​រៀនសូត្រ កសាង​ទំនាក់ទំនង​បណ្តាញ និង​សហការ​គ្នា​រវាង​ក្រុម​អ្នកសារ​ព័ត៌មាន​ស៊ើបអង្កេត Data journalism តាមរយៈ​កិច្ចពិភាក្សា​ជាច្រើន​រូបភាព។

អ្នកស្រី Chay Hofilena និពន្ធ​នាយក និង​ជា​ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​សារព័ត៌មាន Rappler ប្រទេស​ហ្វីលីពីន ថ្លែង​ក្នុង​កិច្ចពិភាក្សា​នោះ​ដែរ​ថា ព័ត៌មាន​ក្លែងក្លាយ​ត្រូវ​បាន​ទទួលស្គាល់​ថា​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​ទូទាំង​ពិភពលោក ជាពិសេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ អ្នកស្រី​បន្ថែម​ថា បើ​ទោះបីជា​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​កំពុង​រីក​រាលដាល ជាពិសេស​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​ក្តី ប៉ុន្តែ​អ្នកស្រី​ថា ការ​សហការ និង​រួមគ្នា​រវាង​អ្នក​ពាក់ព័ន្ធ គឺជា​វិធី​សាស្រ្ត​ដ៏​សំខាន់ ក្នុង​ការទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ទាំងនោះ។

ខណៈ​ដែល​អ្នកជំនាញ​អន្តរជាតិ​កំពុង​បារម្ភ​ពី​ការ​រីក​រាលដាល​ព័ត៌មាន​ក្លែងក្លាយ​លើ​ពិភពលោក គេ​ឃើញថា​កម្ពុជា​ក៏​កំពុង​រង​ការវាយប្រហារ​ពី​ព័ត៌មាន​ក្លែងក្លាយ​នេះ​ផង​ដែរ។ ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា​បាន​កើនឡើង​យ៉ាង​គំហុក​លើ​អ៊ី​ន​ធឺ​ណេត ជាពិសេស​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក កាល​ពី​មុន និង​អំឡុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត អាណត្តិ​ទី៦ កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

ព័ត៌មាន​ក្លែងក្លាយ​ដែល​បាន​និង​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា ភាគច្រើន​កើតមាន​លើ​បណ្តាញ​អ៊ី​ន​ធឺ​ណេត ក្រោម​រូបភាព​នៃ​ការប្រើ​ប្រាស់​ចំណងជើង​ខុសពី​ការពិត​ដើម្បី​ទាក់ទាញ​អ្នកអាន ឬ​អ្នក​ទស្សនា ការបង្កើត​គេហ​ទំ​ព័រ​ថ្មីៗ​ដើម្បី​បង្កើត​ព័ត៌មាន​ក្លែងក្លាយ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ព័ត៌មាន​ដែល​បង្ខូច​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល វាយប្រហារ​ក្រុមប្រឆាំង ឬ​វាយប្រហារ​ក្រុម​សង្គម​ស៊ីវិល​ជាដើម។

​លោក ណុប វី នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ប្រាប់ VOA ក្នុង​សិក្ខាសាលា​រយៈពេល​បី​ថ្ងៃ​នោះ​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ជា​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹងន​យោ​បាយ។ លោក​បន្ថែម​ថា ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មនុស្ស​មួយ​ក្រុម​ដែល​មាន​គោល​បំណង​ទុច្ចរិត ក្នុង​ការ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​យល់​ច្រឡំ​ពី​ស្ថានការណ៍​សង្គម។

លោក ណុប វី ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ ​(VOD)​ ប្រាប់​ VOA ក្នុង​សិក្ខាសាលាអំពី​ព័ត៌មាន​ស៊ើបអង្កេតអាស៊ី​លើក​ទី៣​ ​ដែល​ធ្វើឡើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង​ កាលពី​ថ្ងៃទី៥ ដល់​ថ្ងៃទី៧​ ​ខែតុលា ឆ្នាំ​២០១៨​។ ​(កាន់ វិច្ឆិកា/VOA)
លោក ណុប វី ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ ​(VOD)​ ប្រាប់​ VOA ក្នុង​សិក្ខាសាលាអំពី​ព័ត៌មាន​ស៊ើបអង្កេតអាស៊ី​លើក​ទី៣​ ​ដែល​ធ្វើឡើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង​ កាលពី​ថ្ងៃទី៥ ដល់​ថ្ងៃទី៧​ ​ខែតុលា ឆ្នាំ​២០១៨​។ ​(កាន់ វិច្ឆិកា/VOA)

​លោក​បញ្ជាក់​ថា៖ «សង្គម​មួយ​នៅពេល​ដែល​ក្នុង​ប្រទេស អ្នក​ដែល​បង្កើត អ្នក​ដែល​ផ្តល់​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ​ហ្នឹង​កាន់តែ​បាត់បង់​បន្តិច​ម្តងៗ ដូចជា​ការបាត់បង់​អ្នកសារព័ត៌មាន​ធ្វើការ​ក្នុង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ការ​អត់មាន​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ដើម្បី​ផ្តល់​ព័ត៌មាន​ពិត ក៏ប៉ុន្តែ​ផ្ទុយទៅវិញ​ស្រាប់​តែ​មាន​ព័ត៌មាន​ក្លែងក្លាយ​ហ្នឹង​កើតឡើង​ច្រើន​ក្នុង​សង្គម ខ្ញុំ​គិតថា​ធ្វើឲ្យ​សង្គម​ហ្នឹង​អាច​នឹង​មាន​ហានិភ័យ រហូត​ដល់​មានការ​ច្របូក​ច្របល់​អី​ជាដើម»។

លោក ណុប វី បន្ថែម​ថា ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល​ត្រូវ​មាន​យន្តការ​មួយ​ជាក់លាក់​ក្នុង​ការ​ទប់​ស្តា​ត់ និង​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ តាមរយៈ​ការបង្កើត​យន្ត​ការ​ផ្ទៀ​ត​ផ្ទាត់​ព័ត៌មាន និង​ការអប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​កាន់តែ​ច្បាស់​ពី​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​បញ្ឈប់​រាល់​ការបង្កើត និង​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ។

កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ក្រសួង​ព័ត៌មាន ក្រសួង​មហាផ្ទៃ និង​ក្រសួង​ប្រៃសនីយ៍ បាន​ចេញ​ប្រកាស​រួម​មួយ ដើម្បី​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​រាល់​ខ្លឹមសារ​ព័ត៌មាន ឬសារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ និង​/​ឬ ទម្រង់​ផ្សេងៗ​ទៀត តាម​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​ដំណើរការ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា។ យ៉ាងណា​ក្តី រហូត​មក​ដល់​ពេលនេះ​មិនទាន់​មានការ​បញ្ជាក់​ជា​សាធារណៈ​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​បិទ ឬ​ផ្អាក​ការផ្សាយ​គេហទំព័រ​ដែល​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ ក្រៅតែ​ពី​ការ​បិទ​គេហទំព័រ​ដែល​តែង​ផ្សាយ​ពី​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ចំនួន១៥ជា​បណ្តោះ​អាសន្ន​រយៈពេល​ពីរ​ថ្ងៃ ក្នុង​អំ​ឡុង​ថ្ងៃ​ស និង​ថ្ងៃ​បោះឆ្នោត​ចុង​ចែក​ក្ក​ដា ឆ្នាំ២០១៨ ក្រោម​ហេតុផល​ថា «រំខាន​ដល់​ការបោះឆ្នោត»។

លោក អ៊ុ​ក គឹ​ម​សេង អ្នកនាំពាក្យ​ក្រសួងព័ត៌មាន​ប្រាប់ VOA នា​ថ្ងៃអាទិត្យ​នេះ​ថា ព័ត៌មាន​ក្លែងក្លាយ​ជាទូទៅ បង្កើត​ឡើង​ដោយក្រុម​បុគ្គល​ដែល​មិន​ពេញចិត្ត​នឹង​គោលនយោបាយ​របស់​ក្រុម​ណាមួយ។ លោក​បន្ថែម​ថា ព័ត៌មាន​ក្លែងក្លាយ​គឺជា​បញ្ហា​ទូទៅ​ទាំង​ក្នុង​តំបន់ និង​ពិភពលោក ប៉ុន្តែ​លោក​ថា កម្ពុជា​មិនទាន់​មាន​យន្តការ​ណាមួយ​ជាក់លាក់​ក្នុង​ការគ្រប់គ្រង​ព័ត៌មាន​ក្លែងក្លាយ​ទាំងនេះ​នៅឡើយ។

លោក​មានប្រសាសន៍​ថា៖ «យើង​ដឹង​ហើយ​ថា​បច្ចេកវិទ្យា​បច្ចុប្បន្ន​គឺ​ក្នុង​មួយ​វិនាទី វា​មិនដឹងជា​លោត​សារ​ប៉ុន្មាន​លាន អញ្ចឹង​គ្រប់​ស្ថាប័ន​ទាំងអស់​សុទ្ធតែ​មាន​ក្រុមការងារ​របស់​គាត់​ធ្វើការងារ​ហ្នឹង។ គ្មាន​អី​ក្រៅពី​ការ​ឆ្លើយតប​ទេ ចេញមុខ ឆ្លើយតប បំភ្លឺ។ យើង​គ្រាន់តែ​ឆ្លើយតប យើង​ត្រៀម Respond (ឆ្លើយតប) គ្រប់សព្វ​បែប​សព្វ​យ៉ាង តាមតែ​អាច​ធ្វើ​ទៅ​បាន ព្រោះអី​ពិភពលោក​គេ​កំពុងតែ​មមាញឹក​រឿង​ហ្នឹង​ដែរ អញ្ចឹង​យើង​ក៏​ទៅតាម​គេ​តាម​ឯង​ទៅ»។

កិច្ចពិភាក្សា​ក្នុង​តំបន់​មួយ​ដែល​ធ្វើឡើង​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ កាលពីដើម​ខែឧសភា ឆ្នាំ២០១៨ ពាក់ព័ន្ធ​នឹង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​តំបន់​ទន្លេមេគង្គ ឃើញថា ក្នុង​ប្រទេស​កម្ពុជា ថៃ និង​មីយ៉ាន់ម៉ា សេរីភាព​នៃ​ការ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​កំពុង​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​បទប្បញ្ញត្តិ​របស់​រដ្ឋាភិបាល ដែល​មាន​ដូចជា​ច្បាប់​ស្តី​ពី​ឧក្រិដ្ឋ​កម្ម​អ៊ីនធឺណិត ច្បាប់​ស្តី​ពី​ទូរគមនាគមន៍ និង​ច្បាប់​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ព្រះមហាក្សត្រ​ជាដើម។

បើ​តាម​តួលេខ​ចេញ​ដោយ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ក្នុង​ឆ្នាំ២០១៧ កម្ពុជា​មាន​អ្នកប្រើ​ប្រាស់​អ៊ីនធឺណិត​ចំនួន​ជាង៨លាន​នាក់ ក្នុង​នោះ​មាន​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ចំនួន​ជាង៦លាន​នាក់។

កន្លងទៅ​មានការ​ចាប់ខ្លួន​បុរស​ពីរ​រូប​ដែល​បាន​បង្ហោះ​សារ​មានន័យ​ប្រមាថ​ព្រះមហាក្សត្រ លើ​បណ្តាញ​សង្គម​ហ្វ​សប៊ុ​ក។ ក្រៅពី​ការ​ចាប់ខ្លួន​អ្នក​ដែល​បង្ហោះ​សារ​ពាក់ព័ន្ធ​នឹង​ព្រះមហាក្សត្រ ក៏​នៅ​មាន​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​ជាច្រើន​រូប​ទៀត ត្រូវ​បាន​ឃាត់ខ្លួន ចោទប្រកាន់ និង​ឃុំខ្លួន ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​ផ្សេងៗ ដែល​រដ្ឋាភិបាល​បញ្ជាក់​ថា ជា​ការប្រមាថ និង​ជា​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។

ប្រកាស​អន្តរក្រសួង​ដែល​មាន​ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសនីយ៍ ក្នុង​ការគ្រប់គ្រង ការចែកចាយ​ព័ត៌មាន​តាម​អ៊ន​ឡា​ញនេះ ធ្វើឡើង​ក្រោយ​ការ​បង្ក្រាប​ដ៏​ធ្ងន់ធ្ងរ ដល់​ក្រុម​ជំទាស់ អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល​កម្ពុជា៕

XS
SM
MD
LG