ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​ក្លែងក្លាយ​នៅ​តែ​ជា​បញ្ហា​ចោទ​ថ្មី​មួយ​ក្នុង​សង្គម​កម្ពុជា ខណៈ​ព័ត៌មាន​ឯករាជ្យ​មាន​ការ​ធ្លាក់​ចុះ


រូបឯកសារ៖ សារព័ត៌មានផ្សេងៗ ដែលបាន​ចុះផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ សារព័ត៌មានផ្សេងៗ ដែលបាន​ចុះផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

តំណាង​ស្ថាន​ទូត​សហរដ្ឋ​អាមេរិកថា ​តម្លាភាព​ជា​កត្តា​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ ​ហើយ​ការ​ឃោសនា​បែប​ប្រជា​ភិថុតិ ​និង​ការ​ផ្តល់​ឲ្យ​ព័ត៌មាន​មិន​ពិត​នឹង​ប៉ះពាល់​ទៅ​ដល់​ពលរដ្ឋ​ ​និង​ស្ថាប័ន​ផ្សេងៗ​ក្នុង​សង្គម។​

ខណៈ​ពេល​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​សហរដ្ឋអាមេរិកប្រព្រឹត្ត​ទៅ​នៅ​ដើម​ខែ​វិច្ឆិកា​នេះ​ លោក​ប្រធានាធិបតី​អាមេរិក​ ​ដូណាល់ ត្រាំ​ ​នៅ​តែ​មិន​បាន​បោះបង់​ចោល​វោហារ​សាស្រ្ត​របស់​លោក​នៅ​ក្នុង​ការ​ប្រើប្រាស់​ពាក្យ​ថា​ «ព័ត៌មាន​ក្លែងក្លាយ» ​ឬ​ ​Fake News​ ​រាល់ពេល​មាន​ព័ត៌មាន​ចេញ​ពី​បណ្តាញ​សារព័ត៌មាន​ដែល​រិះគន់​លោក​ ​និង​រដ្ឋបាល​របស់​លោក។ ​

លោក​ត្រាំ​⁠ ជា​មេដឹកនាំ​លើ​ពិភព​លោក​ ​ដែល​បាន​ចាប់​ផ្តើម​សង្កត់ធ្ងន់​ទៅ​លើ​ការ​ប្រើប្រាស់​ពាក្យ​ថា «ព័ត៌មាន​ក្លែងក្លាយ» ​ដែល​ការណ៍​នេះ​បាន​បង្ក​ឲ្យ​ជា​និន្នាការ​មួយ​ប្រើប្រាស់​ដោយ​មេដឹកនាំ​ផ្តាច់ការ​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ដូច​ជា​ ប្រធានា​ធិបតី​ស៊ីរី​លោក ​បាសា​ អាល់​⁠អាសាដ​ ដែល​បាន​លើកឡើង​ថាជា​«ព័ត៌មាន​ក្លែងក្លាយ»⁠នៅ​ពេល​មាន​របាយ​ការណ៍​ព័ត៌មាន​ពី​ការ​រំលោភសិទ្ធិ​មនុស្ស​ និង​សម្លាប់​ជន​ស៊ីវិល​នៅ​ស៊ីរី។​

ព័ត៌មាន​ក្លែងក្លាយ​ ​ឬ​ ​Fake News​ ​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​គគុក​មួយ និង​មាន​ការ​ជជែក​ដេញ​ដោល​ច្រើន​នៅ​ក្នុង​ចំណោម​អ្នក​ជំនាញ​សារព័ត៌មាន​ក៏​ដូច​ជា​ពលរដ្ឋ​ទូទៅក្នុង​ពិភព​លោក។​ ​សម្រាប់​កម្ពុជា ដែល​ជាប្រទេស​កំពុង​អភិវឌ្ឍន៍​ ព័ត៌មាន​ក្លែងក្លាយ​ត្រូវ​បាន​ប្រើ​ជា​មធ្យោបាយ​មួយ​ដើម្បី​ជះ​ឥទ្ធិពល​ទៅ​លើ​ផ្នត់​គំនិត​និង​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋដែល​មាន​ចាប់​ពី​ ផ្នែក​នយោបាយ រហូតដល់​ការ​ទិញលក់​ផលិតផល​តូចតាចតាម​បណ្តាញ​សង្គម​ឬ​អ៊ីនធឺណិត។​ ​ព័ត៌មាន​ក្លែងក្លាយ​ ​បាន​ក្លាយ​ជា​ក្តី​បារម្ភ​ថ្មី​មួយ​ទៀត​សម្រាប់​ អ្នក​ជំនាញ​ក្នុង​ប្រទេស​កម្ពុជា​ ​ខណៈ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​កំពុង​ធ្លាក់ចុះ។​

នៅ​ក្នុង​សិក្ខា​សិលា​ស្តី​ពី​ ​«ការ​ប្រឆាំង​ព័ត៌មានក្លែង​បន្លំ​សម្រាប់​អ្នក​សារព័ត៌មាន​កម្ពុជា»​ ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​នេះ​ ​លោក​ ​Michael Newbill​ ​តំណាង​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ថា​ព័ត៌មាន​ក្លែង​ក្លាយ​ជា​ការ​គំរាម​កំហែង​ទៅ​ដល់​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​តាមរយៈ​ការ​បំភ្លៃ​ព័ត៌មាន​ ​និង​តាម​ប្រភព​ដទៃ​ទៀត​ ​ដែល​បង្អាក់​ដល់​តួនាទី​ចម្បង​របស់​អ្នក​សារព័ត៌មាន។

លោក Michael Newbill អនុប្រធានបេសកកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងអំឡុងពេលសិក្ខាសិលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងបន្លំសម្រាប់អ្នកសារព័ត៌មានកម្ពុជា» កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅក្រុងភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
លោក Michael Newbill អនុប្រធានបេសកកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងអំឡុងពេលសិក្ខាសិលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងបន្លំសម្រាប់អ្នកសារព័ត៌មានកម្ពុជា» កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅក្រុងភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

លោក​ ​Newbill​ ​បាន​បន្ត​ថា​តម្លាភាព​ជា​កត្តា​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ ​ហើយ​ការ​ឃោសនា​បែប​ប្រជា​ភិថុតិ​ ​និង​ការ​ផ្តល់​ឲ្យ​ព័ត៌មាន​មិន​ពិត​នឹង​ប៉ះពាល់​ទៅ​ដល់​ពលរដ្ឋ​ ​និង​ស្ថាប័ន​ផ្សេងៗ​ក្នុង​សង្គម។​ លោក​ ​Newbill​ ​បាន​មាន​ប្រសាសន៍​ថា៖​

«ប្រទេស​មួយ​មិន​អាច​អភិវឌ្ឍ​បាន​ ប្រសិន​បើ​មិន​មាន​តម្លាភាព​នៅ​ក្នុង​សកម្មភាព​របស់​រដ្ឋាភិបាល។ ចំនួន​យុវជន​ដ៏ច្រើន​មិន​អាច​មាន​ភាព​ច្នៃ​ប្រឌិត​ និង​អ្នក​គិត​គូរ​ឲ្យ​បាន​ស៊ីជម្រៅ ប្រសិន​បើ​ពួកគេ​ទទួល​បាន​តែ​ការ​ឃោសនា​ប្រជាភិថុតិ។​ ​ពលរដ្ឋ​នឹង​បាត់បង់​សមត្ថភាព​នៅ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ចែក​រំលែក​ព័ត៌មាន​មិន​ពិត​ និង​ការ​ចែកចាយ​ព័ត៌​មាន​ខុស​ ដោយ​បំណង​ ចាប់​ពី​ការ​ចែកចាយព័ត៌មាន​លម្អៀង​ផ្នែក​នយោបាយ​រហូត​ដល់​ការ​ភូត​កុហក​ទាំងស្រុង​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​បង្អាក់​ប្រតិបត្តិការ​របស់​ស្ថាប័ន​នា​នា។​ ​នេះ​ជា​ការ​វាយប្រហារ​ទៅ​លើ​ការ​ណ៍ពិត។ យើង​ត្រូវ​តបត​ទៅ​វិញ»។​

​នាពេល​ថ្មីៗ​នេះ​ផង​ដែរ គេ​សង្កេត​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​លាបពណ៌​គ្នា​ទៅ​វិញ​ទៅក្នុង​ទម្រង់​ជា​វីដេអូឃ្លីប​បង្ហោះ​តាម​គេហទំព័រ​ដូចជា​ ហ្វេសប៊ុក​ និង​យូធូប​ជា​ដើម រវាង​អ្នក​គាំទ្ររដ្ឋា​ភិបាល⁠និង​អ្នក​គាំទ្រ​ក្រុម​ប្រឆាំង​នៅ​កម្ពុជា⁠ដោយ⁠មានវីដេអូ​ឃ្លីប ខ្លះ​ពាក់ព័ន្ធ​នឹង​មន្រ្តី​រដ្ឋាភិបាល​ឬ​សិល្បករ​មួយ​ចំនួន​ផង​ដែរ។​ ​ការណ៍​នេះ​បង្ក​ឲ្យ​មាន​មតិ​ចម្រូងចម្រាស​គ្នា​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់បណ្តាញ​សង្គម​នៅ​កម្ពុជា។​

​នៅ​ក្នុង​សិក្ខាសិលា​ស្តី​ពី​ ​«ការ​ប្រឆាំង​ព័ត៌មានក្លែង​បន្លំ​សម្រាប់​អ្នកសារ​ព័ត៌មាន​កម្ពុជា» ​លោក​ ​មាស សុភ័ណ ​អនុរដ្ឋ​លេខាធិការ​ក្រសួងព័ត៌មាន​⁠​បាន​និយាយ​ថា​ព័ត៌មាន​ក្លែងបន្លំ​មិនមែន​ជា​ការ​ព្រួយ​បារម្ភ​សម្រាប់​តែ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​ការក្តី​កង្វល់​សាកល។​ លោក​បាន​បន្ត​ថា​ក្រសួង​ព័ត៌មាន​កំពុង​យក​ចិត្តទុក​ដាក់ ដើម្បី​ធានា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រកប​ដោយ​គុណភាព​និង​ភាព​ជឿជាក់​ទៅ​ដល់​ប្រជា​ពល​រដ្ឋ។

​ចំពោះ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយព័ត៌មាន​ក្លែងក្លាយ​តាម​បណ្តាញផ្សព្វផ្សាយ​សង្គម លោក​ ​មាស សុភ័ណ​ ​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ អ្នក​សារ​ព័ត៌មាន​ និង​ពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ ​ជួយផ្តល់​ជា​យោបល់ ឬ​ចង្អុល​បង្ហាញ​ពី​ព័ត៌មាន​ក្លែងក្លាយ។លោក សុភ័ណ បាន​មាន​ប្រសាសន៍​ថា៖​

«ទន្ទឹម​នឹង​នោះ​ ដៃ​គូ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល រួម​ទាំង​អ្នកសារព័ត៌មាន ក៏​ដូច​ជា​⁠ សាធារណជន​ទូទៅ​ ក៏​ត្រូវ​ចូលរួម​ចំណែក​ផង​ដែរ​នៅ​ក្នុង​ការ​ទប់ស្កាត់​ព័ត៌មាន​ដូចដែល យើង​លើកឡើង​ខាង​ដើម​ហ្នឹង នៅ​ពេល​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​មិន​ពិត​នៅ​តាម​គេហ​ទំព័រ​⁠ ឬ​ក៏​នៅ​តាម​⁠ Account Facebook ​(គណនី​ហ្វេសប៊ុក)​ ណា​មួយ​នោះ ជា​ការ​រួម​ចំណែក​របស់​សាធារណជន​ ក៏​ដូច​ជា​អ្នក​សារព័ត៌មាន​ សូម​មេត្តា​យ៉ាង​ណា​ជួយផ្តល់​យោបល់​ ឬ​លើក​ Comment ​នៅ​ក្នុង​ផេក​នោះ​ឲ្យ​បាន​ច្រើន អ្វី​ដែល​អ្នក​ផ្សាយ​ វា​ប្រាក​ច្រាស​អំពី​អ្វី​ ដែល​ជា​ក្រម​សីលធម៌​របស់​អ្នក​សារព័ត៌មាន»។

លោក​ មាស សុភ័ណ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ថ្លែងអំឡុងពេលសិក្ខាសិលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងបន្លំសម្រាប់អ្នកសារព័ត៌មានកម្ពុជា» កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅក្រុងភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
លោក​ មាស សុភ័ណ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ថ្លែងអំឡុងពេលសិក្ខាសិលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងបន្លំសម្រាប់អ្នកសារព័ត៌មានកម្ពុជា» កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅក្រុងភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

កាល​ពី​ពេល​ថ្មីៗនេះ​ផង​ដែរ ក្រសួង​មហាផ្ទៃ​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ ​ស ខេង​ ​បាន​ប្រកាស​បិទ​គណនី​ហ្វេសប៊ុក​ចំនួន​ប្រាំ​មួយ​ផង​ដែរ។ ការ​បិទ​នេះ ក្នុង​គោលបំណង​បង្ការ​ភាព​អសនិ្តសុខ​ និងទប់ស្កាត់សកម្មភាព​ឆបោក តាមរយៈ​ការ​បង្ហោះ​ព័ត៌មាន​ផ្សេងៗ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ក្នុង​សង្គម​កម្ពុជា។ ​ក្នុង​ចំណោម​គណនីហេ្វសប៊ុក ដែល​បាន​បិទ​នោះ​គឺ​រួមមាន​គណនី​ចំនួន​បីដែល​យក​ឈ្មោះ​តាម​លោក​ ​ហ៊ុន ម៉ាណែត ​មេបញ្ជាការ​កង​ទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ផង​ដែរ។ ចំណាត់ការ​ពី​សំណាក់​ក្រសួង​មហាផ្ទៃ​នេះ​ធ្វើ​ឡើង​ នៅ​ស្រប​ពេល​ដែល​ពលរដ្ឋ​កម្ពុជា​កាន់​តែ​ច្រើន​ចាប់​ផ្តើម​ប្រើប្រាស់​បណ្តាញ​សង្គម​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ប្រឈម​នឹង​ព័ត៌មាន​ក្លែងក្លាយ​មាន​កាន់​តែ​ខ្លាំង​ឡើង។​

​ព័ត៌មាន​ក្លែងក្លាយ​ ​ត្រូវ​បាន​ឲ្យ​និយមន័យ​ជា​ទូទៅ​ថា​ជា​ប្រភេទ​ព័ត៌មាន​ឬ​ការ​ឃោសនា​ប្រជាភិថុតិ​ ដែល​បង្កប់​ទៅ​ដោយ​ព័ត៌មាន​មិន​ពិត ឬព័ត៌មាន​បោកបញ្ឆោត​ ដែល​ត្រូវ​បាន​ចែកចាយ​តាមរយៈ​ការ​បោះពុម្ព​ ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញព័ត៌មានឬ​បណ្តាញ​សង្គម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​

លោក​ ​ម៉ៃ ទិត្យថារ៉ា​ ​និពន្ធនាយក​កាសែត​ ​Khmer Times​ ​បាន​និយាយ​ថា​ព័ត៌មាន​ក្លែងក្លាយ​កំពុង​មាន​សន្ធឹក​យ៉ាង​ខ្លាំង​នៅ​កម្ពុជា។​ ​ហើយ​លោកបាន​បន្តថាកង្វះ​ខាត​ការ​ថ្លឹងថ្លែង​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​តែ​ជា​បញ្ហា​ចោទ​នៅ​ក្នុង​ចំណោម​ប្រជាពល​រដ្ឋ​កម្ពុជា។​ លោក​បាន​និយាយ​ថា៖

​«តាម​ពិត​ទៅ បើ​យើង​ក្រឡេក​មើល​ Fake News​ ​នៅ​កម្ពុជា​យើង គឺ​កំពុង​តែ​ពុះ​កញ្ជ្រោល​ខ្លាំង​ដូច​រលក​ស៊ូណាមិ​អញ្ចឹង។ ច្រើន​មែន​ទែន។​ ​ដោយសារ​អី? ដោយសារ​តែ​ពលរដ្ឋ​ យើង​ចាប់​ផ្តើម​ប្រើ​ប្រព័ន្ធ​ Social Media ​(បណ្តាញ​សង្គម)​ ​ជា​ពិសេស​គឺ ហ្វេសប៊ុក។... ​យើង​កំពុង​ស្ថិត​នៅ​ចំណុច​មួយ​ដ៏​គ្រោះថ្នាក់​បំផុត​ដោយសារ​តែ​ពលរដ្ឋ​យើង​គាត់​អត់​ទាន់​ចេះ​ថ្លឹង​ថ្លែង​ព័ត៌មាន»។​

​លោក​ ​គុណ ចិន្តា​ ​ការី​និពន្ធព័ត៌មាន​ ​និង​ជា​ផលិតករ​កម្មវិធី​ទូរទស្សន៍​នៅ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ (VOD)​ ​បាន​និយាយ​ថាផល​ប៉ះពាល់​រយៈពេល​វែង​នៃ​ព័ត៌មាន​ក្លែងក្លាយ​គឺ​ទៅ​លើ​ការ​សម្រេច​ចិត្ត​ ដែល​មាន​ចាប់​ពី​ថ្នាក់​ដឹកនាំ​ ​រហូត​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន។​ ​ហើយ​លោក​ចាត់​ទុក​ផលវិបាក​ពី​ការ​ចែកចាយ​និង​ទទួល​យក​ព័ត៌មាន​ក្លែងក្លាយជា​ការ​ប៉ះពាល់​មួយ​ទៅ​លើ​ប្រជាធិបតេយ្យ។​ លោក​ចិន្តា​បាន​និយាយ​ថា៖

​«បើ​យើង​និយាយ​អំពី​ផល​ប៉ះពាល់​រយៈពេល​វែង គឺ​ភាគច្រើន​ ការ​សិក្សា​ថ្ងៃ​នេះ​ គេ​និយាយ​អំពី​ការ​បោះឆ្នោត​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​ របស់ ​Supporters (អ្នកគាំទ្រ) របស់​ Citizen ​(ពល​រដ្ឋ)។ អញ្ចឹង បាន​ពេល​ខ្លះ​អ្នក​នយោបាយ​ គាត់​ព្យាយាម​ធ្វើ​ម៉េច​ឲ្យ​ទាមទារ​ឲ្យ​មាន​ការ​គាំទ្រ​ច្រើន។​⁠ ព្យាយាម​ប្រើសារ​យ៉ាង​ម៉េច​ឲ្យ​ទាក់ទាញ។ ប៉ុន្តែ​សារ​ដែល​ខុស ពលរដ្ឋ​ដែល​គាត់​ត្រូវ​យល់​ខុស​មាន​ន័យ​ថា គាត់​ចូល​ជា Victim ​(ជនរង​គ្រោះ)​ ​ចូល​បំផ្លាញ​ប្រជាធិបតេយ្យ​ហើយ​មិន​អញ្ចឹង?​ អញ្ចឹង​ផល​ប៉ះពាល់​ មិនមែនតែ​បី​បួន​ឆ្នាំ​ទេ⁠ វា​អាច​ទៅ​ដល់​មួយ​អាណត្តិ ឬ​ពីរ​អាណត្តិ​ទៅ»។

(ពី​ខាង​ឆ្វេង​) លោក​គុណ ចិន្តា លោក​ ​គុណ ចិន្តា​ ​ការី​និពន្ធព័ត៌មាន​ ​និង​ជា​ផលិតករ​កម្មវិធី​ទូរទស្សន៍​នៅ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ (VOD) លោក​ ​ផាក់ ស៊ាងលី​ ​អនុប្រធាន​ក្រុម​អ្នកសារព័ត៌មានកាសែត​ភ្នំពេញ​ប៉ុស្តិ៍ និងលោក​ ​ម៉ៃ ទិត្យថារ៉ា​ ​និពន្ធនាយក​កាសែត Khmer Times និង​អ្នកសម្របសម្រួលនៅក្នុង​សិក្ខាសិលា​ស្តី​ពី​ ​«ការ​ប្រឆាំង​ព័ត៌មានក្លែង​បន្លំ​សម្រាប់​អ្នកសារ​ព័ត៌មាន​កម្ពុជា» នៅក្រុងភ្នំពេញ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
(ពី​ខាង​ឆ្វេង​) លោក​គុណ ចិន្តា លោក​ ​គុណ ចិន្តា​ ​ការី​និពន្ធព័ត៌មាន​ ​និង​ជា​ផលិតករ​កម្មវិធី​ទូរទស្សន៍​នៅ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ (VOD) លោក​ ​ផាក់ ស៊ាងលី​ ​អនុប្រធាន​ក្រុម​អ្នកសារព័ត៌មានកាសែត​ភ្នំពេញ​ប៉ុស្តិ៍ និងលោក​ ​ម៉ៃ ទិត្យថារ៉ា​ ​និពន្ធនាយក​កាសែត Khmer Times និង​អ្នកសម្របសម្រួលនៅក្នុង​សិក្ខាសិលា​ស្តី​ពី​ ​«ការ​ប្រឆាំង​ព័ត៌មានក្លែង​បន្លំ​សម្រាប់​អ្នកសារ​ព័ត៌មាន​កម្ពុជា» នៅក្រុងភ្នំពេញ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

គួរ​រំឭក​ផង​ដែរ បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​កន្លង​ផុត​ទៅ​ហើយ​ការ​ប្រកាស​លទ្ធផល​បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​អាសនៈ​ក្នុង​សភា​ទាំងអស់​ចំនួន ១២៥ គណនី​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន ​ត្រូវ​បាន​មន្រ្តី​គណបក្ស​កាន់​អំណាច​អះអាង​ថា មានជនអនាមិក​លួច​ចូល​ និង​បាន​បង្ហោះ​សារ​ថា ​គណ​បក្ស​ប្រជាជន​កម្ពុជា​នឹង​ចែក​អាសនៈ​មួយ​ចំនួន​ទៅ​កាន់​គណ​បក្ស​ចំនួន​ពីរ​ទៀត​ គឺ​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ និង​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច​ដើម្បី​បុព្វហេតុ​លទ្ធិ​ប្រជាធិបតេយ្យ។​ ​សារ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​សម្តែង​មតិ​ទាំង​វិជ្ជមាន​ និង​អវិជ្ជមាន​នៅ​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ​មុន​ពេល​ត្រូវ​បាន​លុប​ចោល​វិញ។​

​លោក​ ​ផាក់ ស៊ាងលី​ ​អនុប្រធាន​ក្រុម​អ្នកសារព័ត៌មានកាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​និយាយ​ថា​ព័ត៌មាន​ក្លែង​ក្លាយ​ផ្សព្វផ្សាយ​បែប​ឃោសនា​ប្រជាភិថុតិ​ឲ្យ​បុគ្គល​ឬ​គណបក្ស​មួយ​គឺ​មាន​ច្រើន​នៅ​កម្ពុជា​និង​ជា​បញ្ហា​ចោទ​មួយ​ដែល​ពិបាក​នឹង​ដោះស្រាយ។ លោក​បាន​មាន​ប្រសាសន៍​ថា៖

​«នៅ​ស្រុក​យើង​ច្រើន​ហ្អា​ អាហ្នឹង ​(ការ​ឃោសនា​ប្រជាភិថុតិ)​ Fake News​ ​(ព័ត៌មាន​ក្លែងក្លាយ) ​តិច​ទេ ប៉ុន្តែ​មាន​ឥទ្ធិពល​ខ្លាំង។ ក៏​ប៉ុន្តែ​ព័ត៌មាន​ឃោសនា​ឲ្យ​បុគ្គល ទៅ​ឲ្យ​បក្ស​ ហ្នឹង​ច្រើន​ណាស់ ហើយ​ពិបាក​ដក​ខ្លួន​ណាស់​ នៅ​ក្នុង​បរិបទ​នា​ពេល​បច្ចុប្បន្ន​របស់​យើង​ហ្នឹង។​ វា​មិន​ខុស​អី ពី​ព័ត៌មាន​គាំទ្រ​ ដោយ​រដ្ឋ​ទេ។ យើង​ក្រឡេក​មើល​ទៅ​ស្ថាប័ន​នៅ​ស្រុក​ខ្មែរ​យើង​ទាំង​អស់​ ភាគច្រើន​គឺ​ចូល​លក្ខណៈ​ហ្នឹង​ហើយ»។

នៅ​កិច្ច​ពិភាក្សា​មួយ​ស្តីពី​ព័ត៌មាន​ក្លែង​ក្លាយ​ ​និង​ព័ត៌មាន​បែប​ឃោសនា​ ​នៃ​សិក្ខាសាលា​អំពី​ព័ត៌មាន​ស៊ើប​អង្កេត​អាស៊ី​លើក​ទី៣​ លោក​ ​Craig Silverman​ ​និពន្ធ​នាយក​ ​និង​ជា​ស្ថាបនិក​ស្ថាប័ន​ព័ត៌មាន​ ​BuzzFeed Canada​ ​នៅ​សហរដ្ឋអាមេរិក​ ​បាន​ប្រាប់​ ​VOA​ ថា​ ​ព័ត៌មាន​ក្លែងក្លាយ​បាន​និង​កំពុង​ធ្វើឲ្យ​សង្គម​ត្រូវ​បែក​ចេញ​ជា​ផ្នែក​ ​និង​ធ្វើឲ្យ​មនុស្ស​ពិបាក​ក្នុង​ការបែងចែក​ព័ត៌មាន​ណា​ពិត​ ​ហើយ​ព័ត៌មាន​ណា​មិន​ពិត។​ ​

លោក Craig Silverman ​បញ្ជាក់​ពី​ផលវិបាក​ប្រសិនបើ​ព័ត៌មាន​ក្លែងក្លាយ​បន្ត​រីកសាយ​ក្នុង​ពិភពលោក​ ​ដោយ​មិន​មាន​ការ​ទប់ស្កាត់​ ​តាមន័យ​ដើម​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖

​«គ្រោះថ្នាក់​នៃ​ការ​អនុញ្ញាត​ឲ្យ​ព័ត៌មាន​ក្លែងក្លាយ​ ​និង​ព័ត៌មាន​បែប​ឃោសនា​វាយលុក​ខ្លាំង​ ​នោះ​ពួក​យើង​នឹង​បាត់បង់ចង្កោម​សង្គម​ ​យើង​បាត់បង់​លទ្ធិ​ប្រជាធិបតេយ្យ​ ​ហើយ​គិតទៅ​វា​ពិតជា​រឿង​ដែល​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។​ ​ព័ត៌មាន​បែប​ឃោសនា​ ​និង​ការ​ត្រួតពិនិត្យ​ព័ត៌មាន​គឺជា​បំណែក​ស្នូល​នៃ​រដ្ឋា​ភិបាល​ផ្តាច់​ការ​ ​និង​រដ្ឋាភិបាល​បែប​ស្វ័យភាព។​ ​ដូច្នេះ​ប្រសិនបើ​វារី​ក​រាលដាល​កាន់តែ​ច្រើន​ ​នោះ​វា​នឹង​កាន់កាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ​ហើយ​ជា​ការពិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុង​ត្រូវ​បាន​រុញច្រាន​ឲ្យ​ធ្លាក់​ចុះ​ ​ហើយ​ហានិភ័យ​កាន់តែ​ច្រើន​ថា​យើង​មាន​សង្គម​មួយ​ដែល​ផ្តាច់​ការ»។

នៅ​ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ចុះផ្សាយ​ដោយ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters Without⁠ Borders) កម្ពុជា​ជាប់​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​ ១៤២ ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន ១៨០ នៅ​ឆ្នាំ​២០១៨។ ចំណាត់ថ្នាក់​នេះ​ គឺ​ធ្លាក់​ពី​ចំណាត់ថ្នាក់​លេខ ១៣២ កាល​ពី​ឆ្នាំ​២០១៧ បន្ទាប់​ពី​មាន​ការ​រឹតត្បិត ទៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន ដែល​មិន​ជិត​ស្និទ្ធនឹង​រដ្ឋាភិបាល។ ការ​រឹតត្បិត​នេះ​ក៏បាន​បង្កឲ្យ​មាន​ការ​ព្រួយបារម្ភ​ពី​តុល្យភាព​នៃ​ការ​បញ្ចេញ​មតិ​យោបល់ ក៏ដូចជា សិទ្ធិ​សេរីភាព​នៅ​ក្នុង​ការ​ទទួល​ព័ត៌មាននៅ​កម្ពុជា​ផងដែរ។

លោក​ ​Peter Starr​ ​គ្រូ​ឧទ្ទេស​ ​និង​ជា​អតីត​អ្នករាយការណ៍​ព័ត៌មាន​ ​AFP​ ​បាន​និយាយ​ថា​ព័ត៌មាន​ក្លែង​ក្លាយ​ប៉ះពាល់​ទៅ​លើ​មនុស្ស​គ្រប់​គ្នា មិន​ថា​នៅ​តំបន់​ណា​មួយ​ក៏​ដោយ​នៅ​លើ​ពិភពលោក។​ ​ដូច្នេះ​ទើប​លោក​លើកឡើង​ថា​ការ​អប់រំ​ស្តី​ពី​ការ​ចេះ​វែកញែក​ឲ្យ​ដាច់​រវាង​ព័ត៌មាន​ពិតប្រាកដ​និង​ព័ត៌មាន​ក្លែង​ក្លាយ​ជា​ការ​សំខាន់​ ជា​ពិសេស​សម្រាប់​ជនវ័យ​ក្មេង។​

​នៅ​ពេល​ ​VOA​ ​សួរ​ថា​តើ​ព័ត៌មាន​ក្លែង​ក្លាយ​ប៉ះពាល់​ដល់​តម្លៃ​លទិ្ធ​ប្រជាធិបតេយ្យ​យ៉ាង​ដូច​ម្តេច​នោះ​លោក​ ​Peter Starr​ ​បាន​និយាយ​ផង​ដែរ​ថា​លោក​ទទួល​ស្គាល់​ថា​អ្នក​នយោបាយ​តែង​និយាយ​ភូត​កុហក​ហើយ​លោក​បាន​បន្ត​ថា ព័ត៌មាន​ក្លែងក្លាយ​បាន​បង្ក​ឲ្យ​មាន​ការ​បែងចែក​ជា​ក្រុម​ផ្សេងៗ​ប្រឈម​នឹង​គ្នា​ ​នៅ​ក្នុង​សង្គម​មួយ ​ទោះ​បី⁠ជា​លោក​មិន​សូវ​ឃើញ​ការ​ប៉ះពាល់បែប​នេះ​ខ្លាំង​ទៅ​លើ​កម្ពុជា​ក៏​ដោយ​ក្តី។​

​«ប្រសិន​បើ​អ្នក​និយាយ​អំពី​នយោបាយ​ ខ្ញុំ​គិត​ថា អ្នក​នយោបាយ​តែង​និយាយ​ភូត​កុហក។ នេះ​មិនមែន​ជា​អ្វី​មួយ​ថ្មី​នោះ​ទេ។ វា​បាន​កើត​ឡើង​រាប់​រយ រាប់​ពាន់​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពី​ការ​បែងចែក​ជា​ក្រុម​ប្រឈម​នឹង​គ្នា​ ទៅ​វិញ​ទេ នៅ​ពេល​អ្នក​ឃើញ​មាន​ ការ​បែងចែក​មនុស្ស​ជា​ក្រុម​ផ្សេងៗ ​ហើយ​នេះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ភ័យ​ខ្លាច។ ខ្ញុំ​គិត​ថា វា​គ្រោះថ្នាក់​សម្រាប់​លទ្ធិ​ប្រជា​ធិបតេយ្យ។ ប៉ុន្តែ​ខ្ញុំ​មិន​ឃើញ​រឿង​នេះ​កើត​មាន​ច្រើន​ទេ​នៅ​កម្ពុជា»។​

​លោក​ ​Pierre Gillette​ ​អគ្គលេខាធិការ​ក្រុមហ៊ុន​ Confirel​ ​និង​ក្រុមហ៊ុន​ PPM និង​ជា​អតីត​និពន្ធនាយក​កាសែត​បារាំង​ Cambodge Soir​ ​បាន​និយាយ​ថា​ព័ត៌មាន​ក្លែងក្លាយ​ត្រូវ​បាន​ប្រើប្រាស់​ជា​មធ្យោបាយ​សម្រាប់​ទាញមតិ​សាធារណៈ​ ​ក៏​ដូច​ជា​ ​សេចក្តីសម្រេច​របស់​សាធារណជន។​ ​លោក​បាន​បន្ថែម​ថា ឥទ្ធិពល​របស់​ព័ត៌មាន​មិន​ពិត​គឺ​មាន​ខ្លាំង​នៅ​ពេល​ដែលកម្រិត​យល់​ដឹង​របស់​ប្រជាជន​នៅ​មាន​ទាប​នៅ​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា៖

​«​ធម្មតា​បើ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​គឺ​ជា​រឿង​ល្អ​មួយ។ ​ប៉ុន្តែវា​ក៏​បង្ក​បញ្ហា​ផង​ដែរ​ពី​ព្រោះ​នៅ​ពេល​ដែល​មនុស្ស​ទាំងអស់​នៅ​លើ​បណ្តាញ​សង្គម​គឺ​ជាការ​បំភ្លៃ ឬ​ អូសទាញ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ទាំង​នោះ។​ ​ដូចនេះ​⁠ សូម​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំង​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ»។​

(កណ្តាល​ពី​ខាង​ឆ្វេង) ​លោក​ ​Pierre Gilette​ ​អគ្គលេខាធិការ​ក្រុមហ៊ុន​ Confirel​ ​និង​ក្រុមហ៊ុន​ PPM និង​ជា​អតីត​និពន្ធនាយក​កាសែត​បារាំង​ Cambodge Soir និងលោក​ ​Peter Starr​ ​គ្រូ​ឧទ្ទេស​ ​និង​ជា​អតីត​អ្នករាយការណ៍​ព័ត៌មាន​ ​AFP និងអ្នក​សម្របសម្រួលនៅក្នុង​សិក្ខាសិលា​ស្តី​ពី​ ​«ការ​ប្រឆាំង​ព័ត៌មានក្លែង​បន្លំ​សម្រាប់​អ្នកសារ​ព័ត៌មាន​កម្ពុជា» នៅក្រុងភ្នំពេញ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
(កណ្តាល​ពី​ខាង​ឆ្វេង) ​លោក​ ​Pierre Gilette​ ​អគ្គលេខាធិការ​ក្រុមហ៊ុន​ Confirel​ ​និង​ក្រុមហ៊ុន​ PPM និង​ជា​អតីត​និពន្ធនាយក​កាសែត​បារាំង​ Cambodge Soir និងលោក​ ​Peter Starr​ ​គ្រូ​ឧទ្ទេស​ ​និង​ជា​អតីត​អ្នករាយការណ៍​ព័ត៌មាន​ ​AFP និងអ្នក​សម្របសម្រួលនៅក្នុង​សិក្ខាសិលា​ស្តី​ពី​ ​«ការ​ប្រឆាំង​ព័ត៌មានក្លែង​បន្លំ​សម្រាប់​អ្នកសារ​ព័ត៌មាន​កម្ពុជា» នៅក្រុងភ្នំពេញ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

លោក​ ​Gillette​ ​បាន​បន្ថែម​ថា​ លោក​បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ ​យុវជន​ និង​កីឡា​គឺ​លោក​ហង់ ជួនណារ៉ុន​ ​ដែល​លោក​រដ្ឋមន្រ្តី​បាន​ប្រាប់​លោក​ថា​មានតែ​២០​ភាគរយ​ប៉ុណ្ណោះ​នៃ​ប្រជាពល​រដ្ឋ​នៅ​កម្ពុជា​ ដែល​ចេះ​ប្រើប្រាស់​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​បាន​ត្រឹមត្រូវ​ ​និង​មាន​ប្រយោជន៍។​

​ស្រប​ពេល​ដែល​ការ​ចែកចាយ​ព័ត៌មានមាន​សន្ទុះ​យ៉ាង​ឆាប់រហ័សនា​ពេល​បច្ចុប្បន្ន​ ​ក្តី​កង្វល់​ពី​ការ​ផ្គត់​ផ្គង់​ព័ត៌មាន​ប្រាកដប្រជា​ ​និង​ជឿ​ទុក​ចិត្ត​បាន​នៅ​តែ​មានក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ និង​នៅ​ក្នុង​ស្ថាន​ភាព​មួយ​ចំនួន​ ដែល​ការណ៍​នេះ​ក៏​បាន​បង្ក​ឲ្យ​មាន​ការ​ចោទសួរ​ពី​ក្រម​សីលធម៌​និង​ឯករាជ្យ​ភាព​របស់​ស្ថាប័ន​និង​អ្នក​សារព័ត៌មាន​ផង​ដែរ៕​

XS
SM
MD
LG