ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន ជំរុញ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ៊ាន​និយាយ​ការពិត​និង​រិះគន់​ក្នុង​ន័យ​ស្ថាបនា


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយ​កិច្ចប្រជុំមួយ​នៅ​រដ្ឋសភាជាតិ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយ​កិច្ចប្រជុំមួយ​នៅ​រដ្ឋសភាជាតិ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤។

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​បាន​ជំរុញ​ឲ្យ​អ្នកសារ​ព័ត៌មាន​រាយការណ៍​ពី​ព័ត៌មាន​ពិត​និង​រិះគន់​ក្នុង​ន័យ​ស្ថាបនា​។​ ​ការជំរុញ​នេះ​ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​បាន​បង្ក្រាប​យ៉ាង​ដំណំ​ទៅ​លើ​សារព័ត៌មាន​ឯករាជ្យ​មួយចំនួន​ដែល​តែង​រាយការណ៍​រិះគន់​ការដឹកនាំ​របស់​រដ្ឋាភិបាល។

បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​រង​ការ​បង្រ្កាប​យ៉ាង​ដំណំ​ពី​រដ្ឋាភិបាល​កម្ពុជា​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​នៅ​សប្តាហ៍​នេះ ​លើក​ឡើង​ថា​ រដ្ឋាភិបាល​ចង់​ឲ្យ​អ្នក​សារ​ព័ត៌មាន​ហ៊ាន​និយាយ​ការពិត ​និង​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ ដើម្បី​រួមចំណែក​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

​លោក​ ​ហ៊ុន​ ​សែន​ ​លើកឡើង​បែប​នេះ​ក្នុង​សារលិខិត​មួយ​ ដែល​លោក​ផ្ញើ​ទៅ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​ស្តី​ពី​ «ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ» ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃសុក្រ។

សារលិខិត​របស់​លោក​នាយក​រដ្ឋមន្រ្តី​ដែល​មាន​ចុះ​ថ្ងៃទី១៩​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​បញ្ជាក់​ថា​ ​នៅ​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ ​និង​កំពុង​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន ​បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ភាព​ចលាចល​ និង​កំពុង​ជួបប្រទះ​បញ្ហា​អសន្ដិ​សុខ​ដ៏​គួរឲ្យ​ព្រួយ​បារម្ភ។​ លោក​បន្ថែម​ថា​ ​កម្ពុជា​ក៏​បាន​និង​កំពុង​ប្រឈម​យ៉ាង​ក្ដៅ​គគុក​ទៅ​នឹង​ព័ត៌មាន​ក្លែងក្លាយ​ ​ដែល​លោក​ថា​ បង្កឡើង​ដោយ​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង ​និង​ជន​ឱកាស​និយម​ ​ក្នុង​គោលដៅ​ប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​តាមរយៈ​ការ​ធ្វើ​បដិវត្តន៍​ពណ៌។​

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​បន្ថែម​ក្នុង​លិខិត​នោះ​ថា​ រដ្ឋាភិបាល​កម្ពុជា​តែង​យក​ចិត្ត​ទុកដាក់​ក្នុង​ការលើក​តម្កើង​សិទ្ធិ​សេរីភាព​សារព័ត៌មាន ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ស្របតាម​រដ្ឋធម្មនញ្ញ​កម្ពុជា​ ​និង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ និង​បាន​ផ្ដល់​អាទិភាព​ជា​ចម្បង​ក្នុង​កម្មវិធី​នយោបាយ​យុទ្ធសាស្ដ្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល។

​លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

​«រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ការ​នូវ​សារព័ត៌មាន​ ដែល​មាន​ថាមពល​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ និង​មាន​ភាព​ស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ​ គឺ​ទាមទារ​ឲ្យ​អ្នក​សារ​ព័ត៌មាន​របស់​យើង​ស្តាប់​គ្រប់​សំឡេង ​ហ៊ាន​និយាយ​ការពិត​ ហ៊ាន​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ ​[...]​ ​ជៀសវាង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​តែមួយ​ជ្រុង​ ឬ​ព័ត៌មាន​ក្លែងក្លាយ​ ដើម្បី​រួមចំណែក​ប្រឆាំង​អំពើ​ពុក​រលួយ​ ការ​កែ​ទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​សង្គម​ ​ការ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ ការ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​ ​ការ​គោរព​សិទ្ធិមនុស្ស​ ​ការ​កសាង​សង្គម​មួយ​ប្រកប​ដោយ​ភាព​យុត្តិធម៌​ ​សុខ​សន្តិភាព​ ​និង​ការ​អភិវឌ្ឍ​យូរ​អង្វែង»។

​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣ទសវត្សរ៍​មក​ហើយ​នោះ​ ​បាន​បន្ថែម​ដោយ​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​ជាតិ​-​អន្ដរ​ជាតិ​នៅ​កម្ពុជា​ក្នុង​ន័យ​ដើម​ថា៖

«ត្រូវ​យកចិត្ត​ទុកដាក់​អនុវត្ត​ឲ្យបាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ ​គោរពច្បាប់​រដ្ឋ​ ​និង​ជៀសវាង​នូវ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ​ឬ​ព័ត៌មាន​តែមួយ​ជ្រុង ឬ​ដោយសារតែ​គំនុំ​ ដោយ​ពុំ​គិត​អំពី​ក្បួន​ខ្នាត​ក្រឹត្យក្រម​នៃ​សារព័ត៌មាន​ ហើយ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​បំប៉ោង​សភាព​ការណ៍​ ​ញុះញង់​ឲ្យ​មាន​ជម្លោះផ្ទៃក្នុង​រុញច្រាន​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​ភាព​វឹកវរ​ ​អសន្ដិ​សុខ ​ឬ​បង្ក​ឲ្យ​កើតមាន​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ប្រទេស​ជិតខាង​ធ្វើឲ្យ​អន្តរាយ​ដល់​ជាតិ​ ដែល​ជា​អំពើ​ខុស​ខុស​ច្បាប់​ មិន​អត់អោន​ឲ្យ​ជា​ដាច់ខាត»។​

​នៅ​ថ្ងៃសុក្រ​ ​ទី២១​ ​ខែធ្នូនេះ​ ​ក្រុម​និពន្ធ​នាយក​ ​និង​តំណាង​អ្នកដឹកនាំ​ស្ថាប័ន​សារព័ត៌មាន​ចំនួន​ជិត៤០​ ​បាន​រៀបចំ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​លើក​ទី១៥​ ​លើ​ប្រធានបទ​ «ពង្រឹង​តួនាទី​អ្នកសារ​ព័ត៌មាន​អាជីព​ដើម្បី​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ»។​

​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​លើក​ទី១៥​ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយនៅ​ថ្ងៃ​សុក្រ​នេះ​ ​ដោយ​លើកឡើង​ថា​ ​ព័ត៌មាន​ក្លែងក្លាយ​ ឬ​ ​Fake News​ ​កំពុង​បង្ក​បរិយាកាស​អាប់អួរ​ដល់​សង្គម​ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជំនឿ​របស់​មហាជន​ទៅលើ​សារព័ត៌មាន​អាជីព។ ​វេទិកា​និពន្ធ​នាយក​នោះ​ក៏​បាន​បន្ថែម​ថា​ ​អ្នក​សារព័ត៌មាន​អាជីព​ត្រូវ​ពង្រឹង​គុណភាព​ព័ត៌មាន​ ​និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ​ដើម្បី​រក្សា​ជំនឿ​ទុកចិត្ត​ពី​មហាជន​ ធ្វើ​យ៉ាងណា​ឲ្យ​មហាជន​យល់​ថា​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ពិត​ ​គេ​ត្រូវ​ពឹង​សារព័ត៌មាន​អាជីព។ ពួកគេ​ក៏​បាន​អំពាវនាវ​ឲ្យ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​ជន​ណា​ ដែល​មាន​ចេតនា​ផលិត​ ​និង​ចែកចាយ​ព័ត៌មាន​ផង​ដែរ។​

វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​ដែល​ភាគច្រើន​មក​ពី​ស្ថាប័ន​ព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​បញ្ជាក់​តាមន័យ​ដើម​ថា៖​

​«សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​អគ្គមហា​សេនាបតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ​ដែល​បាន​ចាត់ទុក​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​ថា​ ​ជា​វេទិកា​មាន​សារៈសំខាន់​ ​ជាពិសេស​សម្តេច​បាន​យក​ឱកាស​នេះ​ដើម្បី​ថ្លែង​សារ​ទៅកាន់​អ្នក​សារ​ព័ត៌មាន​ ​ដោយ​បាន​បង្ហាញ​ឆន្ទៈ​មោះមុត​របស់​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​លើកស្ទួយ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ ​ក៏​ដូចជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ»។

​ការ​ចេញ​លិខិត​របស់​លោក​ ​ហ៊ុន​ ​សែន​ ​បង្ហាញ​អំពី​ការ​លើកស្ទួយ​វិស័យ​សារព័ត៌មាន​ ​ដោយ​ជំរុញ​ឲ្យ​មានការ​រាយការណ៍​ព័ត៌មាន​ពិត​ ​និង​រិះគន់​ដើម្បី​ស្ថាបនា​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​បង្ក្រាប​លើ​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ ដែល​តែង​រិះគន់​ការដឹកនាំ​របស់​រដ្ឋាភិបាល​ ​ព្រមទាំង​បាន​ចាត់ទុក​សារព័ត៌មាន​មួយ​ចំនួន​នោះ​ថា​ មាន​និន្នាការ​ប្រឆាំង​ជាដើម។

​កាលពី​ឆ្នាំ២០១៧​ ​ខណៈ​ដែល​កម្ពុជា​មាន​ស្ថានភាព​នយោបាយ​តានតឹង​ ​ក្នុង​នោះ​មានការ​ចាប់ខ្លួន​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ ​លោក​ ​កឹម​ ​សុខា​ ​និង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ ​ក៏​មាន​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ក្នុង​ពេល​ជាមួយគ្នា​ ​ដូចជា​កាសែត​ឌឹខេមបូឌា​ ​ដេលី​ ​និង​វិទ្យុ​អាស៊ី​សេរី​ ​ព្រមទាំង​ការ​បិទ​វិទ្យុ​ជាច្រើន​ដែល​ជួល​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ ​និង​ ​VOA។​ ​ក្រោយមក​មានការ​ចាប់​ខ្លួន​អ្នកយក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់​ ​ដែល​ពួកគេ​រង​ការ​ចោទប្រកាន់​ពី​ការ​ផ្តល់​ព័ត៌មាន​ឲ្យ​បរទេស។

​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​មាន​អាយុកាល​ជិត៣០ឆ្នាំ​ ​ក៏​ត្រូវ​បាន​លក់​ឲ្យ​ទៅ​ម្ចាស់​ថ្មី​ ​ដែល​ជា​ជនជាតិ​ម៉ាឡេស៊ី​ ​ស្រប​ពេល​ដែល​មានការ​បារម្ភ​ថា​ ​ការ​លក់​នា​ពេលនោះ​ ​គឺ​ជា​សញ្ញា​បញ្ចប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​មុន​ការបោះឆ្នោត។

​នៅដើម​ខែកុម្ភៈ​ ​ឆ្នាំ២០១៨​ ​រដ្ឋាភិបាល​បាន​ចេញ​សៀវភៅ​មួយ​ក្បាល​ឈ្មោះថា​ ​សៀវភៅ​ ​«ស»​ ​ដែល​មាន​កម្រាស់​១៣២ទំព័រ​ ​ដោយ​រៀបរាប់​ថា​ ​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​ជាច្រើន​ ​ដូចជា​វិទ្យុ​អាស៊ី​សេរី​ ​(RFA)​ ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ ​(VOD)​ ​សំឡេង​សហរដ្ឋអាមេរិក​ ​(VOA)​ ​វិទ្យុ​សំបុកឃ្មុំ​ ​វិទ្យុ​ស្រ្តីជា​ដើម​ ​គឺជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​ ​ផ្សាយ​ព័ត៌មាន​លម្អៀង​ខុសពី​ការពិត​ ​និង​ជា​ឧបករណ៍​បម្រើ​នយោបាយ​ឲ្យ​គណបក្ស​ប្រឆាំង​ផ្កាប់មុខ​ ​ក្រោម​លេស​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​សិទ្ធិ​មនុស្ស។

ស្រប​ពេល​ដែល​ចំនួន​សា​ព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​មានការ​ថយ​ចុះ​ ​គេ​ឃើញថា​សារព័ត៌មាន​ដែល​ស្និទ្ធ​ ​និង​រណប​ទៅ​នឹង​រដ្ឋាភិបាល​ក៏​មានការ​កើនឡើង​កាន់តែ​ច្រើន។

សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ ​បាន​ធ្លាក់ចុះ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំមុន​ ​ដោយសារ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ក្នុង​ប្រទេស​ ​នៅ​មុន​ការបោះឆ្នោត​សកល​កាលពី​ខែកក្កដា​ ​ឆ្នាំ២០១៨។​ ​នេះ​បើ​យោង​តាម​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ ​ដែល​បាន​ទម្លាក់​ចំណាត់ថ្នាក់​នៃ​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​រហូតដល់​លំដាប់​ទី១៤២​ ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០​ទូទាំង​ពិភពលោក​ ​គឺ​បាន​ធ្លាក់ចុះ​១០កម្រិត​ថែមទៀត​ ​បើ​ធៀប​នឹង​ចំណាត់ថ្នាក់​កាលពី​ឆ្នាំ២០១៧៕

XS
SM
MD
LG