ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មួយ​ឆ្នាំ​ក្រោយ​ពី​ការ​បាញ់​សម្លាប់​​លោក​កែម ឡី​ ​ភរិយា​និង​កូនៗ​នៅ​តែ​រង់ចាំ​យុត្តិធម៌​និង​​សិទ្ធិ​​ជ្រកកោន​នៅ​ប្រទេស​ទី​៣​


ភរិយា​របស់​លោក ​កែម ឡី​ បាន​ប្រាប់​​ VOA ​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ តុលាការ​ដែល​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ជឿ​ថា​ មិន​ឯករាជ្យ​នោះ​ ក៏​មិន​អាច​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​អ្នក​ស្រី​បាន​នោះ​ឡើយ។​

នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ​គឺ​ជា​ខួប​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ កែម ឡី ​ដ៏​គួរ​ឱ្យ​រន្ធត់​ នៅ​កណ្តាល​ថ្ងៃ​ក្នុង​ក្រុង​ភ្នំពេញ។​ លោក​ កែម ឡី​ អ្នក​វិភាគ​នយោបាយ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​ ត្រូវ​ខ្មាន់​កំាភ្លើង​បាញ់​ស្លាប់​ក្នុង​ថ្លុក​ឈាម​ ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​មួយ​កន្លែង​ ខណៈ​ដែល​អ្នក​វិភាគ​រូប​នេះ​កំពុង​ទទួលទានកាហ្វេ​ នា​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦។​

ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​ស្តាប់​ការ​អធិប្បាយ​របស់​លោក ​កែម ឡី​ និង​ពលរដ្ឋ​ដែល​ពុំ​សូវ​ស្គាល់​អ្នក​វិភាគ​រូប​នេះ​ច្បាស់​ និយាយ​ប្រាប់​ VOA ​ថា​ ​ឃាតកម្ម​លើ​លោក ​កែម ឡី ​មាន​ភាព​អាថ៌កំបាំង​ ​ជាង​ការ​កាប់​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​ទៅ​ទៀត​ ​ហើយ​ពួក​គេ​នៅ​តែ​មិន​ជឿ​ថា​ ជន​ដែល​តុលាការ​កាត់​ទោស​ឈ្មោះ ជួប សម្លាប់​ ​ឬ​អឿត អាង​នោះ​គឺ​ជា​ឃាតករ​ពិត​នោះ​ទេ។

អ្នកស្រី ​ថុន សឿន​ ពលរដ្ឋ​មក​ពី​ខេត្ត​កណ្តាល​ ដែល​ចូល​មើល​ផ្នូរ​របស់​លោក ​កែម ឡី​ នៅ​ឯ​គេហដ្ឋាន​របស់​លោក​ ស្ថិត​ក្នុង​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​ និយាយ​ថា៖​

«សម័យ​ខ្មែរក្រហម​ ​ដូច​ថា​ យក​ទៅ​អីចឹងដឹងមុខ​ថា ​ឥឡូវ​ជន​នេះ​យក​ទៅ​អីចឹងណ៎ា​ ហើយ​អា​នេះ​អត់​ដឹង​ អត់​ដឹង​ថា​ ឥឡូវ​អ្នកមួយ​ណា​ឃាតករ​ឲ្យ​ច្បាស់​ពិតប្រាកដ។​ ហើយ​បើ​ខ្មែរ​ក្រហម​ដឹង​ថា​ ឥឡូវ​ នែ៎​ អ្នក​នេះ​អត់​ខុស​ទេ​ ​ប៉ុន្តែ​ជន​នេះ​ឈ្មោះ​នេះ​ ប្រធាន​ភូមិនេះ​ ប្រធាន​ឃុំ​នេះ​ យក​ទៅ​ អីចឹងណ៎ា។​ អាហ្នឹង​ដឹង​មុខ​ច៎ា​ ហ្នឹង​ហើយ»។

អ្នកស្រី ​ឡុង ទូច​ អ្នក​មក​គោរព​ផ្នូរ​លោក​កែម ឡី​មួយ​រូប​ផ្សេង​ទៀត​ ប្រាប់​ VOA ​ថា ការ​បាញ់​សម្លាប់​លោក​កែម ឡី ​គឺ​ឃោរឃៅ​ជាង​នៅ​របប​ខ្មែរក្រហម​ ដែល​កាល​ពី​ក្នុង​យុគ​សម័យ​ខ្មៅ​ងងឹត​នោះ​ មុន​នឹង​មាន​ការ​សម្លាប់​នរណា​ម្នាក់​ គេ​មាន​ការ​ចាប់​យក​ទៅ​រៀន​សូត្រ​ជាមុន​ ទើប​ធ្វើការ​សម្លាប់​តាម​ក្រោយ។​ ​អ្នកស្រី​និយាយ​ថា​ ការ​បាញ់​សម្លាប់​លើ​អ្នក​រិះគន់​រដ្ឋាភិបាល​មិន​ត្រូវ​កើតឡើង​ម្តង​ទៀត​នោះ​ទេ។​

«ថ្ងៃ​ក្រោយ​កុំ​ឲ្យ​មាន​បាញ់​អីចឹង។​ សុខចិត្ត​ចាប់​ដាក់​គុក​ទៅ​ល្អ​ជាង»។​

លោក​អ៊ុំ​ប្រុស​ម្នាក់​ទៀត​ ដែល​សុំ​មិន​ចេញ​ឈ្មោះ​ ​ដោយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន និយាយ​ថា​ ពិបាក​នឹង​ប្រៀបធៀប​ការ​កាប់​សម្លាប់​ក្នុង​សម័យ​នេះ​ទៅ​នឹង​សម័យ​ខោអាវ​ខ្មៅ​ខ្មែរក្រហម។​

លោក​អ៊ុំ​និយាយ​ថា៖​

«អា​នេះ​ចូល​កន្លែង​ពិបាក​ដែរ​ហ្នឹង​ណា៎​ ​បើ​លេង​ដាក់​ លេង​ឆៅ​អីចឹង។ អត់​មាន​ដឹង​ថា​ អា​នេះ​ថា​ ដូច​អត់​ដឹង​ខ្លួន​មុន។ ​អានេះ​ដាក់​ ត្រូវ​គេ​ធ្វើ​ ធ្វើ​ភ្លែត​ បាទ។ ​អាហ្នឹង​វាសម័យ​ឥឡូវ ​វា​អី​ចឹង។ ​មិន​ដឹង​ធ្វើ​ម៉េច»។​

ការ​បាញ់​សម្លាប់​លោក​កែម ឡីកើត​មាន​ឡើង​ ក្រោយ​ពី​អ្នក​វិភាគ​រូប​នេះ​បាន​ផ្តល់​ការ​អធិប្បាយ​ដល់​បណ្តាញ​ព័ត៌មាន​អំពី​ការ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ច្រើន​សន្ធឹក​សន្ធាប់​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ​ដែល​បាន​សិ្ថត​ក្នុង​អំណាច​ជាង​បី​ទស​វត្សរ៍​ ក្រោយ​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម។ របាយ​ការណ៍​របស់​អង្គការ​ Global Witness ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ ទ្រព្យ​សម្បត្តិ​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ បើគិត​ជា​ទឹក​ប្រាក់​គឺមាន​ប្រមាណ​ជាង​២០០​លាន​ដុល្លារ​អាមេរិក។​

មិន​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បាញ់​សម្លាប់​លោក​ កែម ឡី យ៉ាង​ភ្ញាក់​ផ្អើល​នៅ​ទីក្រុង​ភ្នំពេញ​ ​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​អះអាង​ថា​ ខ្លួន​ឈ្មោះ​ជួប សម្លាប់​ តែ​ក្រោយ​មក​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បញ្ជាក់​ថា​ ជន​នោះ​ឈ្មោះ​អឿត អាង។​

តុលាការ​កម្ពុជា​បាន​កាត់​ទោស​បុរស​ឈ្មោះ​ជួប សម្លាប់​ ឬ អឿត អាងនេះ​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត ​ក្រោយ​ពី​បុរស​នោះ​សារភាព​ថា​ ខ្លួន​បាន​បាញ់​សម្លាប់​លោក​កែម ឡី​ កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១៦​ ដោយ​អះអាង​ថា​ ​លោក កែម ឡី​ មិន​ព្រម​សង​ប្រាក់​ជំពាក់​ចំនួន​ ៣.០០០​ដុល្លារ។​ ​ប៉ុន្តែ​ក្រុម​គ្រួសារ​លោក​កែម ឡី​ និង​សូម្បី​តែ​ក្រុម​គ្រួសារ​របស់​បុរស​នោះមិន​ជឿ​ថា ​ជា​ការណ៍​ពិត​នោះ​ទេ។​

អ្នកស្រីភោគ សេ ​វ័យ​៧៧​ឆ្នាំ​ បន្ត​មាន​អារម្មណ៍​ក្តុកក្តួល​នៅ​ក្នុង​ចិត្ត​ និង​សោក​ស្តាយមួយ​ឆ្នាំ​ ក្រោយពីឃាតករ​ផ្តាច់​យក​ជីវិត​កូនប្រុស​របស់​អ្នកស្រីគឺ​លោក​កែម ឡី ​ដែល​គេ​ដឹង​ថា​ បាន​បង្កើន​ការ​រិះគន់​លើ​រដ្ឋាភិបាល​កាន់​តែ​ខ្លាំង​ ខណៈ​ដែល​មាន​ការ​កើន​ឡើង​នូវ​ការ​រឹតត្បិត​ពី​អាជ្ញាធរ។​

អង្គុយ​នៅ​ក្បែរ​ផ្នូរ​សព​លោក​កែម ឡី​ ​អ្នកស្រីភោគ សេ​មាន​ប្រសាសន៍​ថា៖​

«ស្តាយ​ ​វា​ចេះ​តែ​ស្តាយ​ហើយ។​ ស្តាយ​គ្រប់​នាទី​ គ្រប់​ម៉ោង​ទាំងអស់​ អត់​មាន​ថា ​មិន​ស្តាយ​ទេ»។​

អ្នកស្រី​សុំ​មិន​អធិប្បាយ​បន្ថែម​ តែ​បាន​បញ្ជាក់​ថា​ នឹង​មាន​ការ​ធ្វើបុណ្យ​ខួបគម្រប់​នៃ​ការ​បាញ់​សម្លាប់​កូនប្រុស​អ្នកស្រីនៅ​គេហដ្ឋាន​របស់​អ្នកស្រីក្នុង​ខេត្ត​តាកែវ។​

លោក ​កែម រិទ្ធិសិត​ ប្អូនប្រុស​របស់​លោក​ កែម ឡី​ ​បាន​ឲ្យ​ដឹង​ថា​ ពិធី​បុណ្យ​គម្រប់​ខួប​មួយ​ឆ្នាំនៃ​ការ​បាញ់​សម្លាប់​លោក​កែម ឡី​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ថ្ងៃទី៩​ ​និង​១០ ​ខែ​កក្កដា​ខាង​មុខ​នេះ​ ​ដោយ​មាន​ព្រះសង្ឃ​ចំនួន៥១​អង្គ​ចូលរួម​ក្នុង​ពិធី​បុណ្យ​នេះ។ ​លោក​ថ្លែង​បន្ត​ថា​ ពិធី​បុណ្យ​ខួប​គម្រប់​១​ឆ្នាំ​នេះ​ក៏​ត្រូវ​បាន​គេ​រៀបចំ​នៅ​ទីស្នាក់​កណ្តាល​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ។​ ​ពីធី​បុណ្យ​ខួប​១​ឆ្នាំ​នៃ​ការបាញ់​សម្លាប់​លោក​កែម ឡី​ក៏​នឹង​ត្រូវ​បានគេ​ធ្វើ​ឡើង​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ ដែល​មាន​អ្នក​គាំទ្រ​លោក​កែម ឡី​ផង​ដែរ​ ​ដូច​ជា​ប្រទេស​អូស្ត្រាលី​ និង​សហ​រដ្ឋ​អាមេរិក​ ក្នុង​ថ្ងៃ​ផ្សេងៗ​គ្នា​ផង​ដែរ។​

លោក ​កែម រិទ្ធិសិត បាន​និយាយ​ថា៖

«យើង​មើល​បញ្ហា​យុត្តិធម៌​នេះ​ ​គឺ​យើង​មិន​ទទួល​បាន​សោះ​ គឺ​យើង​មិន​ទទួល​បាន​សោះ​ ដោយ​សារ​ ការ​កាត់​ក្តី​ហ្នឹង​វា​ ដូច​ជា​កាត់​ក្តី​ដូច​ជា​រាក់​ពេក។ រាក់​ពេក​ហ្នឹង​មាន​ន័យ​ថា​ យើង​មើល​ទាំង​អស់​គ្នា​ គឺ​យើង​មើល​ថា​ ប្រជាជន​នៅ​ទូទាំង​សាកលលោក​ គេ​ចង់​ឃើញ​យុត្តិធម៌​ ហើយយើង​ជា​ប្រព័ន្ធ​តុលាការ​ យើង​កាត់​ក្តី​ យើង​យក​តែជួប​សម្លាប់​មួយ​មក​កាត់​ក្តី​ក្នុង​តុលាការ​ ដោយ​សំអាង​ថា​ លោក​ជួប សម្លាប់​ហ្នឹង​គឺ​មាន​រឿង​ជាមួយ​លោកបណ្ឌិត​កែម ឡី​ ដោយ​ថា លោក បណ្ឌិត​កែម ឡី​ជំពាក់​លុយ​ ហើយ​ពេល​ដែល​សម្លាប់​ហ្នឹង​ គឺ​សម្លាប់​ដោយ​ចូល​ទៅ​ក្នុង​ Star​ mart ​(ឈ្មោះ​កន្លែង​លក់​ទំនិញ) ​ហ្នឹង​ គឺ​ មក​ពី​សៀមរាប​ហ្នឹង វាមក​ដោយ​ចៃដន្យ​ ហើយ​ចូល​ទៅ​ឃើញ​ក៏​សម្លាប់​ទៅ»។​

លោក​ថ្លែង​បន្ត​ថា៖​

«បើ​យើង​មើល​ វិភាគ​មើល​មូលហេតុ​ដែល​ចម្លើយ​របស់​សាក្សី​ ដែល​ជា​ឃាតករ​ហ្នឹង​ ​គឺ​វា​ដូចជា​ វា​ដូច​ជា​មិន​យុត្តិធម៌»។​

អ្នកស្រី ប៊ូ រចនា​ ភរិយា​របស់​លោក ​កែម ឡី​ បាន​ប្រាប់ VOA ​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ តុលាការ​ដែល​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ជឿ​ថា​ ​មិន​ឯករាជ្យ​នោះ​ ក៏​មិន​អាច​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​អ្នក​ស្រី​បាន​នោះ​ឡើយ។​

អ្នកស្រី​ ប៊ូ រចនា​ ដែល​ជា​ម្តាយ​កូនប្រុស​ប្រាំ​នាក់​ បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ ភ្លាមៗ​ ​ក្រោយ​ពី​ពិធី​បញ្ចុះ​សព​លោក ​កែម ឡី​ នៅ​ឃុំ​លាយ​បូ​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​ កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៦ ​ដោយ​បារម្ភ​ពី​បញ្ហា​សន្តិសុខ និង​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​និង​កូនៗ។​

ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA​ មុន​ការ​ធ្វើ​ពិធី​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ​កែម​ ឡី​ ​ ភរិយា​របស់​អ្នក​វិភាគ​រូប​នេះ​គឺ​អ្នកស្រីប៊ូ រចនា​បាន​ថ្លែង​ថា​ អ្នកស្រី​មិន​ដឹង​ថា​ ​តើ​នឹងមាន​យុត្តិធម៌​បែប​ណា​ចំពោះ​ការ​ស្លាប់​របស់​លោក ​កែម ឡី​ ដែល​បាន​ធ្វើ​ឲ្យ​អ្នកស្រី​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​សាច់ញាតិ​ និង​ប្រទេសកំណើត​របស់​អ្នកស្រី។ អ្នកស្រី​ក៏​មិន​ជឿ​ថា​ ឃាតករ​ដែល​ត្រូវ​បាន​កាត់ទោស​ដោយ​តុលាការ​ក្រុង​ភ្នំពេញ​រួច​ទៅ​ហើយ​នោះ​ គឺជា​អ្នក​បាញ់​សម្លាប់​ស្វាមី​របស់​អ្នកស្រី​នោះ​ដែរ។​

«និយាយ​ឲ្យ​ចំ​ទៅ​ ខ្ញុំ​តាំងពី​ថ្ងៃ​គាត់​ ដែល​គេ​បាញ់​សម្លាប់​រហូត​ដល់​ពេល​នេះ​ ខ្ញុំ​អត់​ទាន់​បាន​ទទួល​យុត្តិធម៌​អី​ សូម្បី​តែ​បន្តិច​ ហើយ​ដូច​ថា​ ឃាតករ​ដែល​ចាប់​បាន​ ហើយ​យក​មក​ផ្តន្ទា​ទោស​ ដាក់​ទោស​ក្នុង​មួយ​ជីវិត​អីហ្នឹង​ ក៏​ខ្ញុំ​អត់​ទទួល​ស្គាល់​ដែរ​ ព្រោះ​ខ្ញុំ​បាន​បដិសេធ​ ជា​រឿយៗ​ហើយ​ថា​ ឃាតករ​ឈ្មោះ​ថា​ ​ជួប សម្លាប់ដែល​បាន​សម្លាប់​ប្តី​ខ្ញុំហ្នឹង​ គឺ​ខ្ញុំ​អត់​ទទួល​ស្គាល់​ទេ​ ហើយ​មួយ​ទៀត​នោះ​ គឺ​ដូច​ថា​ ជួប សម្លាប់​ គាត់​សម្លាប់​ប្តី​ខ្ញុំ ក៏​ដោយ​សារ​ជំពាក់​លុយ​ ៣.០០០​ដុល្លារ។​ រឿង​នេះ​គឺខ្ញុំ​បដិសេធ​ ខ្ញុំ​អត់​ទទួល​ស្គាល់​ទាំងអស់»។​

អ្នកស្រី ប៊ូ រចនា​ ថ្លែង​បន្ត​ថា៖​

«ចា៎​ហើយ​ ខ្ញុំ​ចង់​ប្រាប់​ថា​ ចង់​តុលាការ​គាត់​កាត់​ទោស​ ជួប សម្លាប់ ​ហ្នឹង​មួយ​ជីវិត​ ក៏​ខ្ញុំ​អត់​មាន​ដូច​ថា​ គំនិត​អី​ ម៉េច​ផ្សេង​ដែរ​។ ​នេះ​គឺជា​រឿង​របស់​គាត់។ ​គាត់​បើក​ក៏​ខ្លួន​គាត់។​ គាត់​បិទ​ក៏​ខ្លួន​គាត់។​ អាហ្នឹង​ ខ្ញុំ​អត់​ទទួល​ស្គាល់​ទាំងអស់​ អីចឹងទៅ​ណ៎ា។​ ហើយ​យើង​ដឹង​ស្រាប់​ហើយ​ ដូច​ថា​ ប្រជា​ពលរដ្ឋ​ក៏​គាត់​បាន​ដឹង​ដែរ​ថា​ តុលាការ​នៅ​ស្រុក​ខ្មែរ​ គឺ​មិន​ផ្តល់​ភាព​យុត្តិធម៌​ឲ្យ​អ្នក​ដែល​រងគ្រោះ​ អ្នក​ដែល​ស្លួត​ត្រង់​ទេ​ គឺ​អត់​ដែល​បាន​ទទួល​ទាំង​អស់​ ច៎ា»។​

ការ​បាញ់​សម្លាប់​លោក​ កែម ឡី ​និង​ពិធី​ដង្ហែ​សព​របស់​លោកត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​ពិភពលោក​ធំៗ​ ​ដូចជា CNN ​និង​ Al Jazeera ​ជាដើម។​ ព័ត៌មាន​ស៊ើប​អង្កេត​ជាច្រើន​បាន​ធ្វើ​ឡើង​ផង​ដែរ​ ដើម្បី​រក​ចម្លើយ​ ​ទាក់ទិន​នឹង​ការស្លាប់​លោក ​កែម ឡី​ ​ខណៈ​ដែល​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរ​ជាតិ​ ​បាន​រិះគន់​យ៉ាង​ចាស់​ដៃ​ចំពោះ​ការ​បាញ់សម្លាប់​អ្នកវិភាគ​រូប​នេះ។​

ការ​ស៊ើប​អង្កេត​ដោយ​សារ​ព័ត៌មាន Al Jazeera ក្រោយ​ករណី​ឃាតកម្ម​នេះ​ ក៏​ដូច​ជា​ការឆ្លើយ​សារភាព​របស់ អឿត អាង​ ​បាន​បង្ហាញ​ថា​ អឿត អាង​ បាន​ជួប​មន្ត្រី​យោធា​ប៉ុន្មាន​សប្តាហ៍​ ​មុន​ពេល​ដែល​ជន​ដៃ​ដល់​បាន​បាញ់​សម្លាប់​លោក​កែម ឡី​ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​មិត្ត​ភ័ក្ត​ម្នាក់​របស់អឿត អាងបាន​បញ្ជាក់​ប្រាប់​សារ​ព័ត៌មាន​ ​Al Jazeera​ ថា ​អឿត អាង​ ​ត្រូវ​បានមន្ត្រី​យោធា​ជួល​ឲ្យ​ធ្វើការ។​

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch​ ​បាន​ចេញ​របាយ​ការណ៍​សង្ខេប​របស់ខ្លួន​កាល​ពី​ដើម​ឆ្នាំ​២០១៧​ ដោយ​បាន​លើកឡើង​ពី​ករណី​សម្លាប់​អ្នក​វិភាគ​សង្គម​លោក កែម ឡី​ ដែល​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ ហើយ​ការ​មិន​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ពិតប្រាកដ​ ក្នុង​ការ​ស្វែងរក​អ្នក​បញ្ជា​ឃាតករ​សម្លាប់​ឡើយ។

ថ្មីៗ​នេះ​ ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ អង្គការ​លីកាដូ​ បាន​ចេញ​របាយ​ការណ៍​សង្ខេប​ឈ្មោះហានិភ័យ​នៃ​សំឡេង​អ្នក​រិះគន់៖​ ​ការ​រំលោភ​បំពាន​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ដែល​បាន​ពណ៌នា​អំពី​ការ​រំលោភ​បំពាន​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​តាម​ច្បាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត​សេរីភាព​ និង​ប្រព័ន្ធ​តុលាការ​ ដែល​អង្គការ​នេះ​អះអាង​ថា​ នៅ​មិន​ទាន់​ឯករាជ្យនៅ​ឡើយ។​

របាយ​ការណ៍​នេះ​បាន​កត់​សម្គាល់​លើ​ការ​បាញ់​សម្លាប់​លោក​កែម ឡី​ ដោយ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«នៅ​ខណៈ​ដែល​មាន​ការ​កើន​ឡើង​នូវ​ការ​រឹតត្បិត​ពី​អាជ្ញាធរ​លើ​អ្នក​រិះគន់​ ​បុគ្គល​ម្នាក់​បាន ចំណាយ​តម្លៃ​មួយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ ក្នុង​ការ​បញ្ចេញ​មតិ​រិះ​គន់​របស់​លោក»។​

របាយ​ការណ៍​នោះ​បាន​ឲ្យ​ដឹង​អំពី​កង្វះ​ការ​ស៊ើប​អង្កេត​ត្រឹមត្រូវ​ទៅ​លើ​សំណុំ​រឿង​ឃាតកម្ម​លោក​កែម ឡី​ផង​ដែរ​ ស្រប​ពេល​ដែល​មាន​ការ​រិះគន់កើន​ឡើង​ជា​បន្តបន្ទាប់​ ​ហើយ​អាជ្ញាធរ​ក៏​តែង​តែ​បំបិទ​ការ​និយាយ​ និង​ការ​បញ្ចេញមតិពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​ដែរ។​

ក៏​ប៉ុន្តែ​លោក​នាយឧត្តម​សេនីយ៍ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ ថ្លែងប្រាប់​ VOA ​ក្នុង​សប្តាហ៍​នេះ​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ប្រមូល​ភស្តុតាង​ប្រគល់​ឲ្យ​តុលាការ ដើម្បី​បន្ត​រក​ការណ៍ពិត​នៃ​សំណុំ​រឿង​ឃាតកម្ម​លោក​កែម ឡី។ ​លោក​មាន​ប្រសាសន៍​ថា​ ការ​រិះគន់​តែងតែ​មាន​ ខណៈ​ដែល​ការស៊ើប​អង្កេត​រឿង​ក្តី​នេះនៅ​មិនទាន់​បញ្ចប់​នៅ​ឡើយ។​

លោក​នាយឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ ថ្លែង​ថា៖​

«អ្នក​ណា​គេថា​អី​ ថា​ទៅ!​ ​ប៉ុន្តែ​យើង​បាន​ប្រមែ​ប្រមូល​សំណុំរឿង​អី​ទាំងអស់​ បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ។​ តុលាការ​យើង​ក៏​បាន​ចាប់​អ្នកទោស​ដែល​ឈ្មោះ​ស្អីអឿតអាង​ហើយ។ យើង​រក​ឃើញ​អត្ត​សញ្ញាណ​ជន​ហ្នឹង​ហើយ​ ហើយ​តុលាការ​ក៏​បាន​ធ្វើការ​ចោទ​ប្រកាន់កាត់​ទោស។ ​ ហើយតុលាការ​ក៏​បាន​បញ្ជាក់​ដែរ​នៅ​មិន​ទាន់​ដូចជា​ សំណុំ​រឿង​ហ្នឹង​នៅ​នៅ​ធ្វើការ​ស៊ើប​អង្កេត»។​

លោកព្រះរាជ​អាជ្ញា​រង​លី សុផាណា​ អ្នក​នំាពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ មិន​ទាន់​ឆ្លើយ​សំណួរ​របស់​ VOA ​តាមរយៈ​សារ​ទូរស័ព្ទ​ចល័ត​ទាក់ទិន​នឹង​ភាព​លម្អៀង​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ​ក្នុង​ការ​កាត់​សេចក្តី​សណុំ​នៃ​ការ​បាញ់​សម្លាប់​លោក​កែម ឡី​នោះ​ទេ​ មកដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​ ដែល​បាន​ទៅ​គោរព​ផ្នូរ​សព​លោក​កែម ឡី​ បាន​ឲ្យ​ដឹង​ថា​ ​ការ​អធិប្បាយ​របស់​លោក​កែម ឡី ​តាម​បណ្តាញ​ព័ត៌មាន​នានា​បាន​បញ្ជាក់​ពី​តថភាព​ពិត​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ហើយការ​អធិប្បាយ​របស់​លោក​ទាំងអស់នោះ​បាន​តប​ស្នង​មក​លោក​វិញ​នូវ​សេចក្តី​ស្លាប់​នេះ​តែ​ម្តង។​

ដោយ​ឡែក​ អ្នកគាំទ្រ​មួយ​ចំនួន​ផ្សេង​ទៀត​របស់​លោក​កែម ឡី​បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​បាន​ដាក់​លិខិត​ទៅ​ក្រុម​ហ៊ុន​ម្ចាស់​ស្ថានីយ​ប្រេង​កាល់តិចដើម្បី​ធ្វើ​ពិធី​ដាក់​ផ្កា​ ​និង​ឧទ្ទិស​ដល់​ការ​ស្លាប់​របស់​លោក។​

ក្រៅ​ពី​ការ​វិភាគ​ដ៏​ស៊ី​ជម្រៅ​ ​លោក​បណ្ឌិត​កែម ឡី​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​សាស្ត្រាចារ្យ​ និង​ជា​អ្នក​ស្រាវ​ជ្រាវមួយ​រូប​ផង​ដែរ៕

XS
SM
MD
LG