ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខួប២៥ឆ្នាំ​នៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖ បញ្ហា​សេសសល់ ​(ភាគទីពីរ)


រូបឯកសារ៖ បាតុករ​ជា​ច្រើន​រយ​នាក់​បាន​ដើរ​ដង្ហែរ​ក្បួន​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា​ ឆ្នាំ​២០១៤​ ទាម​ទារឲ្យ​អ្នក​នាំ​ពាក្យ​នៃ​ស្ថាន​ទូត​វៀតណាម​ ចេញ​មក​សុំ​ទោស​ជា​សាធារណៈ​ជុំ​វិញ​ការ​លើក​ឡើង​ថា​ ទឹក​ដី​កម្ពុជា​ក្រោម​គឺ​ជា​របស់​វៀតណាម​តាំង​ពី​យូរ​ណាស់​មក​ហើយ។ (ស៊ុយ ហ៊ាមខេមរា/VOA)
រូបឯកសារ៖ បាតុករ​ជា​ច្រើន​រយ​នាក់​បាន​ដើរ​ដង្ហែរ​ក្បួន​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា​ ឆ្នាំ​២០១៤​ ទាម​ទារឲ្យ​អ្នក​នាំ​ពាក្យ​នៃ​ស្ថាន​ទូត​វៀតណាម​ ចេញ​មក​សុំ​ទោស​ជា​សាធារណៈ​ជុំ​វិញ​ការ​លើក​ឡើង​ថា​ ទឹក​ដី​កម្ពុជា​ក្រោម​គឺ​ជា​របស់​វៀតណាម​តាំង​ពី​យូរ​ណាស់​មក​ហើយ។ (ស៊ុយ ហ៊ាមខេមរា/VOA)

នៅឯ​កិច្ចប្រជុំ​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៦ ប្រទេស​ជិត​៤០​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

កំណត់​និពន្ធ៖ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​២៥​ឆ្នាំ​មុន បាន​នាំ​មក​នូវ​ការ​រីកចម្រើន​ និង​ការ​ទទួលស្គាល់​ជា​អន្តរជាតិ​ដល់​ប្រទេស​កម្ពុជា ដែល​ធ្លាប់​តែ​ហែកហួរ​ដោយសារ​សង្គ្រាម។ ប៉ុន្តែ​ ការ​អភិវឌ្ឍ​ក្នុង​រយៈពេល​នេះ​ក៏​បាន​មក​ដោយ​សារ​ការ​បណ្តេញ​ពលរដ្ឋ​ក្រីក្រ​ចេញ​ពី​លំនៅដ្ឋាន​ផងដែរ។ នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ ដូចជា​សិទ្ធិ​សេរីភាព​ នៅ​តែ​ជា​បញ្ហា​ប្រឈម។ រីឯ​បញ្ហា​ព្រំដែន​ត្រូវ​បាន​អ្នក​ជំនាញ​មើល​ឃើញ​ថា​ មិន​ត្រូវ​បាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​នោះ​នៅ​ឡើយ​ទេ។ លោក​ ម៉ែន គឹមសេង​ នៃ​វីអូអេ​ បាន​ផលិត​វីដេអូ​ឯកសារ​ដែល​មាន​ចំណងជើង​ថា​«បញ្ហា​សេសសល់‍»។ ​ខាងក្រោម​នេះ​ជា​អត្ថបទ​ភាគទីពីរ​នៃ​សេចក្តី​រាយការណ៍​ ដែល​មានបី​ភាគ​ដក​ស្រង់​ពី​ឯកសារ​វីដេអូ​នេះ។

រូប​ឯកសារ៖ ព្រះ​បាទនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ជាមួយ​ភាគី​ជម្លោះ​នៅ​កម្ពុជា នៅ​ក្នុងសន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ ដែល​បាន​ធ្វើឡើង​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។
រូប​ឯកសារ៖ ព្រះ​បាទនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ជាមួយ​ភាគី​ជម្លោះ​នៅ​កម្ពុជា នៅ​ក្នុងសន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ ដែល​បាន​ធ្វើឡើង​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

... ផ្នែក​មួយ​ទៀត​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ទាមទារ​ឱ្យ​មាន​ការ​គោរព​ព្រំដែន​ និង​បូរណភាព​ទឹក​ដី​កម្ពុជា​ ត្រូវ​បាន​អ្នក​ជំនាញ​ព្រំដែន​ ដូច​ជា​លោក ​ស៊ាន ប៉េងសែ ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ​យល់​ថា ​គឺជា​ការ​ខកចិត្ត។

នៅក្នុង​បទសម្ភាស​ជាមួយ​នឹង​វីអូអេ​នៅ​គេហដ្ឋាន​របស់​លោក ​ក្នុង​ប្រទេស​បារាំង​ លោក ​ស៊ាន ប៉េងសែ​ បាន​បញ្ជាក់​ថា៖

«សន្និសញ្ញា​ទីក្រុង​ប៉ារីស​ អត់​បាន​ការ​អី​សោះ!‍»

មិន​បាន​ការ​ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​ មិន​បាន​លុបចោល​កិច្ចព្រមព្រៀង​ព្រំដែន​មួយ​ចំនួន​ ដែល​បាន​ចុះ​ជាមួយ​នឹង​ប្រទេស​វៀតណាម​នៅ​មុន​ពេល​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស។

លោក ​ស៊ាន ប៉េងសែ ​បាន​បន្ថែម​ថា៖

«ការ​លុបចោល​ហ្នឹង​ត្រូវតែ​ធ្វើ​ ដើម្បី​ឱ្យ​វាស្រួល ​គឺ​យើង​នៅភាព​ស្មើ​គ្នា ​គឺយើង​គោរព​នូវ​អ្វី​ដែល​មាន​ពី​ដើម​មក ​ដែល​ជំនាន់​បារាំង​ធ្វើ​បាន។ ប៉ុន្តែ​ បើ​ធ្វើ​ក្រោយ​មក​ចាប់តាំងពី​ឆ្នាំ​១៩៧៩​ហ្នឹង​ គឺ​ខុស​ទាំងអស់ ​ហើយ​ខុស​ទាំងអស់​ហ្នឹង​ ហើយ​ដែល​នាំ​ឱ្យ​ពិបាក‍»។​

គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​សម្តែង​ការ​មិន​ពេញចិត្ត​លើ​បញ្ហា​នេះ​ដែរ។ ពួកគេ​បាន​ដឹកនាំ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ចូល​រំលោភ​នានា​តាម​បណ្តោយ​ព្រំដែន​ និង​យុទ្ធនាការ​ទៅ​ពិនិត្យ​មើល​ព្រំដែន​រហូត​ដល់​មាន​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​ពលរដ្ឋ​វៀតណាម​ផងដែរ។ ប៉ុន្តែ​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បាន​និយាយ​បន្ធូរបន្ថយ​ពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​ ដែល​បាន​កើត​មាន​កន្លង​មក។

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/VOA​)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/VOA​)

លោក​ សុខ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា៖

«ចាប់​តាំង​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​អនុវត្ត​រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ​ យើង​ពិនិត្យ​មើល​ឃើញ​ថា​មិន​ទាន់​មាន​ការ​កោះ​ប្រជុំ​សហប្រធាន​ក៏​ដូច​ជា​សមាជិក​ជា​ហត្ថលេខី​នៅក្នុង​កិច្ច​ព្រមព្រៀង​នេះ​ទេ។ ដូច្នេះ​ យើង​អាច​សន្និដ្ឋាន​បាន​ថា​ សភាពការណ៍​វា​មិន​ទាន់​ដល់​ប្រកាស​អាសន្ន​ហើយ​ជាក់​ស្តែង ​ដូច​ជា​យើង​មាន​ទំនាស់​ជាមួយ​ប្រទេស​ថៃ​ ក្នុង​រយៈពេល​កន្លង​ទៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ​ទោះបី​ជា​មាន​ការ​ឈ្លានពាន​ពី​កម្លាំង​យោធា​ប្រទេស​ថៃ​ក៏ដោយ ​ក៏​សហប្រធាន​ក៏​ដូច​ជា​ប្រទេស​ហត្ថលេខី​ មិន​ទាន់​បាន​កោះប្រជុំ​ជាបន្ទាន់​ ដើម្បី​រាយការណ៍​ទៅ​ឱ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទេ‍»។​

នៅលើ​ជ្រុង​វិជ្ជមាន​ កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ បាន​បង្កើត​ឱ្យ​មាន​សង្គម​ស៊ីវិល​មួយ​ដែល​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា។

លោក សឺន សូប៊ែរិ៍ ​អតីត​អនុប្រធាន​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​បញ្ជាក់​ថា៖​

«អ្វី​ដែល​ជា​វិជ្ជមាន​ គឺ​ក្នុង​ការណ៍​ដែល​អ៊ុនតាក់​បាន​បង្កើត​នូវ​ប្រទេស​កម្ពុជា​ គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ជាពិសេស​អង្គការ​សិទ្ធិ​មនុស្ស ​ដូច​ជា​លីកាដូ ​អាដហុក ​និង​អង្គការ​ឯទៀតៗ​ ដែល​ជួយ​ណែនាំ​ប្រជាពលរដ្ឋ​ ជាពិសេស​ឱ្យ​យោបល់​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ហ្នឹង‍»។

រូបឯកសារ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​អំពើពុករលួយ​នៅមុខ​អង្គភាពប្រឆាំង​អំពើ​ពុករលួយ នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។ (ស៊ុយ ហ៊ាមខេមរា/VOA)
រូបឯកសារ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​អំពើពុករលួយ​នៅមុខ​អង្គភាពប្រឆាំង​អំពើ​ពុករលួយ នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។ (ស៊ុយ ហ៊ាមខេមរា/VOA)

ជាផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​នោះ​ផង​ដែរ​ គឺ​ការបន្ត​វត្តមាន​របស់​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា។ ប៉ុន្តែ ជាញឹកញាប់​រដ្ឋាភិបាល​កម្ពុជា​មិនសូវ​ផ្តល់​កិច្ច​សហការ​ទេ​ ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​មិន​សូវ​ជា​ពេញចិត្ត​លើ​អនុសាសន៍​របស់​ការិយាល័យ​នេះ​ប៉ុន្មាន​ទេ។

លោកស្រី​ ពុង ឈីវកេក​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ និង​ជាអ្នក​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​រៀបចំ​ឱ្យ​មាន​កិច្ចចរចា​សន្តិភាព​បាន​បញ្ជាក់​ថា៖

«បើសិន​ជា​យើង​ចង់​ឱ្យ​មាន​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ល្អ​ ដូច​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នុង​ យើង​ត្រូវតែ​ជំរុញ​អ្នក​រាយការណ៍​ពិសេស​ហ្នឹង​ឱ្យ​គាត់​បាន​ព័ត៌មាន​ឱ្យ​បាន​គ្រប់​គ្រាន់​ គ្រប់​វិស័យ​ខាង​សេរីភាព​ខាង​បញ្ចេញ​មតិ​ សេរីភាព​ខាងផ្តុំ​គ្នា​ សេរីភាព​ខាង​ទទួ​ល​ព័ត៌មាន។ល។និង។ល។ សុំ​ឱ្យ​គាត់​យក​ព័ត៌មាន​ត្រឹមត្រូវ​ធ្វើ​របាយការណ៍​ទៅ​អង្គការ​សហប្រជាជាតិ។ ហើយ​អ្នក​ដែល​អាច​ជំរុញ​បាន​ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ហ្នឹង‍»។

នៅឯ​កិច្ចប្រជុំ​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៦ ប្រទេស​ជិត​៤០​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក​ Keith Harper ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ​បាន​អាន​សេចក្តី​ថ្លែងការណ៍​រួម​ថា៖

«យើង​កត់​សម្គាល់​ការ​ព្រួយ​បារម្ភ​សម្តែង​ចេញ ​ដោយ​អ្នក​រាយការណ៍​ពិសេស​នៅដើម​ឆ្នាំ​នេះ​ អំពី​ការ​រារាំង​ចំពោះ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​ សិទ្ធិ​ក្នុង​ការ​ជួបប្រជុំ​ដោយ​សន្តិវិធី​ និង​សិទ្ធិ​សេរីភាព​នៃ​សមាគម។ យើង​គាំទ្រ​ការ​អំពាវនាវ​របស់​ពួកគេ​សុំ​ឱ្យ​អាជ្ញាធរ​កម្ពុជា​«ធានានូវ​បរិយាកាស​សុវត្ថិភាព ​និង​ធ្វើ​ការងារ​សម្រាប់​អ្នក​ការពារ​សិទ្ធិមនុស្ស​ និង​សង្គម​ស៊ីវិល​ ដែល​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ទទួល​ខុសត្រូវ​ និង​នាំ​មក​នូវ​ផលប្រយោជន៍​សិទ្ធិមនុស្ស​ដល់​សង្គម​ជាតិ​ទាំងមូល‍»។​

រូបភាព​ឯកសារ៖ ​លោក ​យី ​សុខ​សាន្ត ​(ឆ្វេង​) ​លោក​ ណៃ​ វ៉ង់ដា (​កណ្តាល​) លោក​ នី ​សុខា​ (​ស្តាំ​) មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក​ នៅ​ឯ​តុលាការ​កំពូល​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​។ (ហ៊ាន​ សុជាតា​/VOA)
រូបភាព​ឯកសារ៖ ​លោក ​យី ​សុខ​សាន្ត ​(ឆ្វេង​) ​លោក​ ណៃ​ វ៉ង់ដា (​កណ្តាល​) លោក​ នី ​សុខា​ (​ស្តាំ​) មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក​ នៅ​ឯ​តុលាការ​កំពូល​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​។ (ហ៊ាន​ សុជាតា​/VOA)

ការ​អំពាវនាវ​នេះ​មិន​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​សប្បាយ​ចិត្ត​ទេ។​

​លោក​ ប្រាក់​ សុខុន ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​បាន​ធ្វើ​ប្រតិកម្ម​តប​ថា៖

«ការណ៍​ដែល​និយាយ​ថា​ យើង​ធ្វើ​ទុក្ខបុកម្នេញ​ដល់​គណបក្ស​នយោបាយ​ ដល់​សង្គម​ស៊ីវិល ​គឺ​មិន​ត្រឹមត្រូវ ហើយ​មិន​យុត្តិធម៌​ទេ‍»។

មាន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​៤នាក់ ​និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ កំពុង​ជាប់​ពន្ធនាគារ​ក្នុង​សំណុំ​រឿង​មាន​លក្ខណៈ​នយោបាយ​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ រីឯ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ​កំពុង​រស់នៅ​នីរទេស​ខ្លួន​ក្រៅ​ប្រទេស​ និង​លាលែង​ចេញ​ពីតំណែង​ប្រធាន​បក្ស​ ហើយ​លោក កឹម សុខា​ អនុប្រធាន​បាន​រស់​នៅ​លាក់ខ្លួន​នៅទីស្នាក់ការ​គណបក្ស​អស់​ជាច្រើន​ខែ​ នៅក្នុង​សំណុំរឿង​ដែល​មាន​លក្ខណៈ​នយោបាយ។ អ្នកតំណាងរាស្រ្ត​ សមាជិក​ព្រឹទ្ធសភា​ និង​សកម្មជន​គណបក្ស​ប្រឆាំង ​ត្រូវ​ជាប់​ពន្ធនាគារ​ជាច្រើន​នាក់ ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ និង​ទាមទារ​សិទ្ធិសេរីភាព។

រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា ​នោះ​គឺ​ជា​ទំនាស់​បុគ្គល​ជាមួយ​នឹង​ស្ថាប័ន​ច្បាប់​តែ​ប៉ុណ្ណោះ។

លោក​រដ្ឋមន្ត្រី​ការបរទេស​ ប្រាក់​ សុខុន ​បន្ត​ថា៖

«ករណី​លោក​ សម រង្ស៊ី ​ករណី​លោក ​កឹម សុខា ​គឺ​ជា​ករណី​បុគ្គល​ដែល​មាន​បញ្ហា​ជាមួយ​នឹង​តុលាការ​ ហើយ​ដែល​ត្រូវ​ដោះស្រាយ​ជាមួយ​នឹង​តុលាការ។ តែ​គណបក្ស​របស់​លោក​ទាំងពីរ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​មិន​មាន​បញ្ហា​អ្វី​ទាំងអស់ ​គឺ​គាត់​នៅតែ​ដំណើរការ​ធម្មតា។ សមាជិក​ផ្សេង​ទៀត​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​នៅ​ធ្វើ​សកម្មភាព​ធម្មតា​ ទៅណា​មកណា​ធម្មតា​ មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ធម្មតា‍»។​

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​ មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)
រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​ មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)

រដ្ឋាភិបាល​បាន​លើកឡើង​ពី​ស្ថានភាព​ល្អ​ប្រសើរ​ខាង​សន្តិសុខ ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ថា ​ជា​ផ្លែផ្កា​មួយ​នៃ​កិច្ចព្រមព្រៀង​ និង​សន្តិភាព ​ដែល​កម្ពុជា​ទទួល​បាន​ក្រោយ​ពី​កិច្ចព្រមព្រៀង​នេះ។

​លោក ជុំ ប៊ុនរ៉ុង​ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ការពារ​សមិទ្ធិផល​របស់​រដ្ឋាភិបាល៖​

«អីចឹង​យើង​មាន​ការ​កសាង​ប្រទេស​មួយ​ក្នុង​សុខសន្តិភាព​ ហើយ​អភិវឌ្ឍន៍។ តើ​យើង​មើល​ឃើញ​ថា​ សព្វថ្ងៃ​យើង​អភិវឌ្ឍន៍​អ្វី​ខ្លះ​ គឺ​យើង​មើល​ឃើញ​ហើយ​ GDP ​យើង​១០ឆ្នាំ​នេះ​ យើង​មាន​ការ​កើន​ឡើង​៧​ភាគរយ​ ចំណូល​របស់​ប្រជាជន​យើង​មាន​ការ​កើនឡើង​រហូត​ដល់​ជាង​១.០០០​ដុល្លារ​ក្នុង​មួយឆ្នាំ​ ដែល​ពីមុន​មក​មាន​ក្រោម​២០០ ឬ​ក្រោម​៣០០​អី​ទេ‍»។

ប៉ុន្តែ ​ការ​អភិវឌ្ឍន៍​នេះ​ហាក់​មិន​បំពេញ​តាម​សេចក្តី​ត្រូវការ​របស់​អ្នក​បោះឆ្នោត​វ័យក្មេងៗ​ ដែល​មាន​ការ​ធុញទ្រាន់​នឹង​ភាព​អត់មាន​ការងារ​ធ្វើ​ ដែល​នាំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាង​មួយ​លាន​នាក់​ធ្វើ​ចំណាក​ស្រុក អំពើ​ពុករលួយ ​ការ​រឹបអូស​ដីធ្លី​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ជិត​មួយ​លាន​នាក់ ​និង​ប្រាក់ខែ​កម្មករ​តិចតួច​ជាដើម។

​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ​គឺ​ជា​ការ​ផ្លាស់ប្តូរ​ទិដ្ឋភាព​នយោបាយ​មួយ​សម្រាប់​កម្ពុជា។​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន​ បាន​ធ្លាក់​អាសនៈ​ពី​៩០​មក​នៅ​ត្រឹម​៦៨។ ប៉ុន្តែ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា​ គឺ​ខ្លួន​ជា​អ្នក​ឈ្នះ​ឆ្នោត​ហើយ​តវ៉ា​នាំ​ឱ្យ​ជាប់​គាំង​នយោបាយ​ មាន​រយៈ​ពេល​ជិត​មួយ​ឆ្នាំ។​

កំណត់​ត្រា​នៃ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ធ្លាក់​ចុះ​ជាថ្មី ​នៅពេល​ដែល​មាន​ការ​ធ្វើ​ឃាត​លោក ​កែម ឡី​ អ្នក​វិភាគ​នយោបាយ​ និង​សង្គម​ដ៏​មាន​ប្រជាប្រិយ៍ភាព​កាលពី​ខែកក្កដា។

(សូម​រង់ចាំ​អាន​ភាគទីបី​ជា​ភាគ​បញ្ចប់)

XS
SM
MD
LG