គ្រួសារសពលោក កែម ឡី ត្រៀមចេញទៅប្រទេសទី៣ និងពលរដ្ឋចូលរួមពិធីបង្សុកូលនៅឯគេហដ្ឋានលោក កែម ឡី ក្នុងខេត្តតាកែវ
នៅពេលកំពុងរង់ចាំចេញដំណើរពីកន្លែងមានសុវត្ថិភាពទៅកាន់ប្រទេសទី៣មួយនោះ ក្រុមគ្រួសារសពលោក កែម ឡី កំពុងត្រៀមប្រារព្ធបុណ្យខួបមួយឆ្នាំ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។ លោក កែម ឡី ជាអ្នកវិភាគនិងស្រាវជ្រាវ សង្គមដ៏ល្បីល្បាញហើយនឹងហ៊ាននិយាយរិះគន់ឥតសំចៃមាត់អំពីរឿងអយុត្តិធម៌សង្គមនោះ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្តាលក្រុងភ្នំពេញកាលពីឆ្នាំទៅ។ លោក សុខ ខេមរា នៃ VOA បាន ជួបសម្ភាសន៍ជាមួយអ្នកស្រី ប៊ូ រចនា ភរិយារបស់សពលោក កែម ឡី នៅកន្លែងលាក់ខ្លួនបណ្តោះអាសន្នកាលពីថ្ងៃទី២ ខែកក្កដា អំពីស្ថានភាពសុំសទ្ធិជ្រកកោណនៅក្រៅប្រទេស ការរស់នៅ ការត្រៀមរៀបចំពិធីបុណ្យសពគម្រប់ខួបមួយឆ្នាំ។ ក្នុងពេលជួបសម្ភាសន៍ អ្នកស្រី ប៊ូ រចនា បានស្នើសុំ VOA មិនឲ្យប្រាប់ទីកន្លែង និងប្រទេស ដែលនឹងទទួលអ្នកស្រី និងក្រុមគ្រួសារនោះទេ។ ហើយចំណែកឯនៅគេហដ្ឋានរបស់លោក កែម ឡី ក្នុងខេត្តតាកែវ មានរៀបចំពិធីបង្សុកូលដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ នៅថ្ងៃទី២ ខែកក្កដាកន្លងទៅនេះ។ សូមលោកអ្នកនាងទស្សនាបទសម្ភាសនេះដូចតទៅ៕