ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កាត់​ទោស​ ជួប សំលាប់ ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត


ជួប សំលាប់ ឬ​គេ​ស្គាល់​ឈ្មោះ​ពិត​ថា​ អឿត អាង​ (អាវពណ៌ទឹកក្រូចពីខាង​ក្រោយ​ខ្នង) នៅ​ក្នុង​រថយន្ត​ដឹក​អ្នកទោស​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
ជួប សំលាប់ ឬ​គេ​ស្គាល់​ឈ្មោះ​ពិត​ថា​ អឿត អាង​ (អាវពណ៌ទឹកក្រូចពីខាង​ក្រោយ​ខ្នង) នៅ​ក្នុង​រថយន្ត​ដឹក​អ្នកទោស​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

តុលាការ​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​កាត់ទោស​ ជួប សំលាប់ ដែល​បាន​អះអាង​ថា​ខ្លួន​ជា​អ្នក​សម្លាប់​លោក​ កែម ឡី​ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ប៉ុន្តែ ភរិយា​របស់​លោក កែម ឡី ព្រម​ទាំង​ក្រុម​សមាគម សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ យល់ថា នីតិវិធី​នៃ​សវនាការ​របស់​តុលាការ​ មិន​អាច​ទទួល​យក​បាន។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​សម្រេច​កាត់​ទោស ជួប​ សំលាប់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ក្នុង​សំណុំ​រឿង​បាញ់​សម្លាប់​លោក កែម ឡី​ ដែល​ជា​អ្នក​វិភាគ​សង្គម​ដ៏​មាន​ប្រជាប្រិយ​ភាព​ កាលពី​ខែ​កក្កដា​កន្លង​ទៅ។​

លោក ​កែម ឡី​ អ្នក​សិក្សា​ស្រាវជ្រាវ ​និង​ជា​អ្នក​វិភាគ​សង្គម​ដែល​តែងតែ​រិះគន់​ការ​ដឹកនាំ​រដ្ឋបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​សំចៃ​មាត់ ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦ ​នៅ​ស្តា​ម៉ាត​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់តិច​ បូកគោ ​ក្នុង​រាជធានី​ភ្នំពេញ។

ក្រោយ​ការ​បាញ់​សម្លាប់​ភ្លាមៗ សមត្ថកិច្ច​ចាប់​បាន​បុរស​ម្នាក់​ដែល​អះអាង​ថា​ ខ្លួន​មាន​ឈ្មោះ​ ជួប សំលាប់ ហើយ​ថា ការ​បាញ់​សម្លាប់​លោក កែម ឡី គឺ​ដោយសារ​លោក កែម ឡី ជំពាក់​លុយ​ខ្លួន​ចំនួន​៣,០០០​ដុល្លារ​មិន​ព្រម​សង។

រូបឯកសារ៖ សាកសពលោកកែម ឡី អ្នកវិភាគនយោបាយឯករាជ្យត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅថ្ងៃអាទិត្យ ទី១០ ខែកក្ដដា ឆ្នាំ២០១៦ នៅស្ថានីយ៍ចាក់សាំងមួយនៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
រូបឯកសារ៖ សាកសពលោកកែម ឡី អ្នកវិភាគនយោបាយឯករាជ្យត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅថ្ងៃអាទិត្យ ទី១០ ខែកក្ដដា ឆ្នាំ២០១៦ នៅស្ថានីយ៍ចាក់សាំងមួយនៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

បន្ទាប់ពី​លោក កែម ឡី ត្រូវ​បាន​បាញ់​សម្លាប់​អស់​រយៈពេល​ជិត​៨ខែ តុលាការ​បាន​បើក​សវនាការ​មួយ​កាល​ពី​ដើម​ខែ​មីនា​នេះ ដោយ​បាន​បង្ហាញ​ភស្តុតាង និង​វីដេអូ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​មួយ​ចំនួន។ វីដេអូដែលតុលាការ​បញ្ចាំង​ក្នុង​សវនាការ​នោះ មិន​បាន​បង្ហាញ​ពី​មុខមាត់​ពិត​របស់​អ្នក​បាញ់ ហើយ​ក៏​មិនបាន​បង្ហាញ​ពី​សកម្មភាព​បាញ់​ប្រហារ​ចំៗ​លើ​លោក កែម ឡី នោះ​ទេ។

ក្រោយ​បញ្ចប់​សវនាការ ទាំង​ក្រុម​គ្រួសារ​របស់​លោក កែម ឡី និង​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​សង្គម​ លើក​ឡើង​ថា វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ដែល​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ​នោះ​ មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ ព្រមទាំងបាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​បន្ថែម។

ក្នុង​ការ​ប្រកាស​សាលក្រម​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ចៅក្រម លាង សំណាត់ ប្រកាស​ថា តុលាការ​សម្រេច​ដាក់ទោស​ឈ្មោះ​ ជួប សំលាប់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ឃាតកម្ម​គិត​ទុកជាមុន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត។

លោក លាង សំណាត់ ប្រកាស​បន្ថែម​ថា គ្រួសារ​របស់​ជន​រងគ្រោះ​អាច​ដាក់​បណ្ដឹង​រដ្ឋប្បវេណី​ ទាមទារ​សំណង​ជំងឺចិត្ត​បាន​គ្រប់​ពេល។ ចំណែក​ឈ្មោះ​ ជួប សំលាប់ មាន​សិទ្ធិ​ប្ដឹង​ឧទ្ធរណ៍​តាម​នីតិវិធី ដោយ​មិន​ឲ្យ​ផុត​រយៈពេល​មួយ​ខែ គិត​ចាប់​ពី​ថ្ងៃ​ប្រកាស​សាលក្រម។

បន្ទាប់ពី​ប្រកាស​សាលក្រម​ភ្លាម ចៅក្រម​បាន​បញ្ជា​ឲ្យ​ឆ្មាំ​ពន្ធនាគារ​នាំ ជួប សំលាប់​ ដែល​មាន​ទឹក​មុខ​ធម្មតា និង​ហាក់​គ្មាន​ការ​ភ្ញាក់​ផ្អើល ឬ​តក់ស្លុត​នឹង​ការ​កាត់​ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត​ពី​តុលាការ​នោះ ឲ្យ​ផ្ដិត​មេដៃ​លើ​សាលក្រម​ រួច​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ។

ក្រោយ​បញ្ចប់​ការ​ប្រកាស​សាលក្រម​ លោក យុង​ ផានិត មេធាវី​ការពារ​ក្ដី​ឲ្យ​ ជូប សំលាប់ ប្រាប់​អ្នក​សារព័ត៌មាន​នៅមុខ​តុលាការ​ថា ការ​សម្រេច​របស់​តុលាការមាន​ភាពអយុត្តិធម៌​ចំពោះ​កូន​ក្តី​របស់​លោក។ លោក​បន្ថែម​ថា កូន​ក្តី​របស់​លោក​គួរ​តែ​ទទួល​បាន​ស្ថាន​សម្រាល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើស​នេះ។

លោក​បញ្ជាក់​ថា៖ «គួរ​ឲ្យ​សោកស្ដាយ​ព្រោះ​ថា អត់​មាន​ស្ថាន​សម្រាល​ចំពោះ​កូន​ក្ដី​ខ្ញុំ។ បើ​យើង​ពិនិត្យ​ទៅ​តា​ម​ច្បាប់​នីតិវិធី ត្រូវ​តែ​មាន​ស្ថាន​សម្រាល​ទោស​ខ្លះ ទាក់ទង​នឹង​បញ្ហា​បទល្មើស​ផ្សេងៗ ទោះបី​គាត់​ល្មើស​នឹង​ទំហំ​ប៉ុន្មាន​ក៏​ដោយ ព្រោះ​យើង​ឃើញ​ថា អ្វី​ដែល​គាត់​បាន​ប្រព្រឹត្ត​ដូច​ខ្ញុំ​បាន​លើក​ក្នុង​សវនាការ គឺ​វា​មាន​មូល​ហេតុ​ច្រើន​ទាក់ទង​ទៅ​នឹង​កត្តា​បុគ្គល​របស់​គាត់»។

លោក យុង ផានិត បាន​លើកឡើង​ពី​ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ​ថា តុលាការ​បាន​យក​សំណុំ​រឿង​កូន​ក្តី​របស់​លោក ទៅ​បំបែក​ជា​ពីរ ដោយ​ថា​ សំណុំ​រឿង​ទី១ គឺ​ជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​ត្រូវ​បាន​យក​ទៅ​កាត់​ទោស​មុន និង​សំណុំ​រឿង​មួយ​ទៀត​គឺ​ការស៊ើប​អង្កេត​រក​ជន​ដែល​ពាក់ព័ន្ធ​តាម​ក្រោយ។

លោក​បន្ថែម​ថា អ្នក​ដែល​តុលាការ​កំពុង​ស៊ើបអង្កេត​រក​នោះ ​មាន​ឈ្មោះ ពូលីស ដែល​ត្រូវ​បាន​ ជួប សំលាប់ អះអាង​ថា ជា​អ្នក​នាំឲ្យ​ ជួប សំលាប់ ស្គាល់​លោក កែម ឡី និង​ម្នាក់​ទៀត​ឈ្មោះ ចក់ ដែល​ជា​អ្នក​លក់​កាំភ្លើង​ឲ្យ ​ជួប សំលាប់។

រូបឯកសារ៖ អ្នកស្រី ប៊ូ រចនា ភរិយា​សព​លោក​ កែម ឡី​ ​កាន់​ឱប​រូបថត​ស្វាមី​ ខណៈ​ពេល​អម​ដំណើរ​ដោយ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​រួម​ជូន​ដំណើរ​សពលោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​។​
រូបឯកសារ៖ អ្នកស្រី ប៊ូ រចនា ភរិយា​សព​លោក​ កែម ឡី​ ​កាន់​ឱប​រូបថត​ស្វាមី​ ខណៈ​ពេល​អម​ដំណើរ​ដោយ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​រួម​ជូន​ដំណើរ​សពលោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​។​

លោក យុង ផានិត បញ្ជាក់​ថា ក្នុង​ករណី​នេះ​ តុលាការ​ត្រូវ​ស៊ើប​អង្កេត​ និង​ចាប់​អ្នក​ពាក់ព័ន្ធ​យក​ទៅ​ផ្ដន្ទាទោស​ដូច​អ្នក​ប្រព្រឹត្ត​ផ្ទាល់​ដែរ។ ទោះ​ជា​យ៉ាង​ណា លោក​ថា លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្ដី​ដើម្បី​ប្ដឹង​ឧទ្ធរណ៍ និង​សុំ​តុលាការ​ឲ្យ​បន្ធូរបន្ថយ​ទោស​ដល់​កូន​ក្តី​របស់​លោក។

អ្នកស្រី ប៊ូ រចនា ភរិយា​របស់​លោក កែម ឡី ដែល​កំពុង​ភៀស​ខ្លួន​ទៅ​នៅ​បរទេស​ជាមួយ​កូន​ប្រុស​ចំនួន​៥​នាក់​ ប្រាប់ VOA នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អ្នកស្រី​គ្មាន​ជំនឿ​ក្នុង​ការ​សម្រេច​សេចក្ដី​របស់​តុលាការ​កម្ពុជា​នោះ​ទេ។ អ្នកស្រី​បាន​បន្ថែម​ថា វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ស្តាម៉ាត ​ដែល​ជា​កន្លែង​ដែល​ស្វាមី​របស់​អ្នក​ស្រី​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នោះ គឺ​ជា​វីដេអូ​ដែល​មិន​អាច​ទទួល​យក​បាន។

អ្នកស្រី​បញ្ជាក់​ថា៖ «បើសិនជា​ចង់​ឲ្យ​គេ​ជឿ​ថា​កាមេរ៉ា​សុវត្ថិភាព​ហ្នឹង​វា​មាន​ប្រសិទ្ធភាព នៅ​ក្នុង​រយៈពេល​កើត​រឿង​ភ្លាមៗ ក្នុង​រយៈពេល​១០​នាទី ឬ​១៥​នាទី​ក្រោយ​ យើង​បើក​ជា​សាធារណៈ​ទៅ​ នៅ​ក្នុង​ក្រោយ​ពី​ហេតុការណ៍​កើត​ឡើង​ហើយ គឺ​យើង​ធ្វើ​ដោយ​ឆន្ទៈ​របស់​យើង​ល្អ។ ប៉ុន្តែ​បើ​ទុក​រហូត​ដល់​៧-៨​ខែ​អញ្ចឹង​ហើយ គឺ​អត់​មាន​អី​ត្រឹមត្រូវ​ទេ។ ដូច​ខ្ញុំ​បាន​និយាយ​មួយ​ម៉ាត់​អញ្ចឹង តុលាការ​ស្រុក​ខ្មែរ​គឺ​ខ្ញុំ​អត់​ជឿជាក់​យូរ​ណាស់​មក​ហើយ មិន​ថា​តែ​ខ្ញុំ​ទេ ​ប្រជាពលរដ្ឋ​ទាំងអស់​ក៏​គាត់​អត់​ជឿ​ជាក់​ដែរ»។

ពាក់ព័ន្ធ​នឹង​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​នៅ​ស្តាម៉ាត​ក្នុង​ថ្ងៃ​ឃាតកម្ម​របស់​លោក កែម ឡី តុលាការ​សហរដ្ឋ​អាមេរិក​ បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ Chevron ប្រគល់​ឬ​ជំទាស់​ក្នុង​ការ​ប្រគល់​ត្រឹម​ថ្ងៃ​ទី​៣១ ​ខែ​មីនា​ខាង​មុខ។

ការ​សម្រេច​របស់​តុលាការ​អាមេរិក​ធ្វើ​ឡើង បន្ទាប់​ពី លោក សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅតុលាការ​នៅ​រដ្ឋ​កាលីហ្វញ៉ា ​ស្នើ​សុំ​វីដេអូ​ដែល​ថត​ពី​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ស្តាម៉ាត ដើម្បី​យក​ទៅ​ការពារ​ខ្លួន​ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍​ប្ដឹង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​អធិប្បាយ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក​ កែម ឡី។

កាលពី​ថ្ងៃពុធ​នេះ លោក ​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​ស្នើ​ឲ្យ​តុលាការ​កម្ពុជា​ពន្យាពេល​ប្រកាស​សាលក្រម​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក​ កែម ឡី ​ដែល​ជា​អ្នកវិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​ម្នាក់។

លោក​បាន​បន្ថែម​ក្នុង​សម្រង់​ន័យ​ដើម​ថា៖ «តុលាការ​នៅ​ប្រទេស​កម្ពុជា​ ត្រូវ​រង់ចាំ​សេចក្ដី​សម្រេច​របស់​ក្រុមហ៊ុន​ Chevron​ ដើម្បី​យល់​ដឹង​ពី​ការពិត ស្ដីពី​ឃាតកម្ម​លើ​រូប​លោក​បណ្ឌិត ​កែម ឡី ជាមុន​សិន​ មុន​នឹង​ចេញ​សាលក្រម​ណា​មួយ​លើ​ពាក្យ​បណ្ដឹង​ណា​មួយ​ស្ដីពី​ការ​ចោទ​ប្រកាន់​ណា​មួយ​ទាក់​ទង​ទៅ​នឹង​ឃាតកម្ម​នេះ‍»។

ការ​បាញ់​សម្លាប់​ លោក កែម ឡី ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយ​ការណ៍​ថ្មី​ចុង​ក្រោយ​មួយ​របស់​អង្គការ​ Global Witness ដែល​បាន​លាត​ត្រដាង​អំពី​អាជីវកម្ម​របស់​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​មាន​ទឹក​ប្រាក់​យ៉ាង​ហោច​ណាស់​២០០​លាន​ដុល្លារ។

ក្រោយ​ការ​ប្រកាស​សាលក្រម ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ចំនួន​៦៥ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួមគ្នា​មួយ ដោយ​លើក​ឡើង​ថា ការ​ស៊ើប​អង្កេត និង​សវនាការ​របស់​តុលាការ​ដំណើរការ​ទៅ​ដោយ​មិន​ពេញ​លេញ និង​ខ្វះ​តម្លាភាព។ ពួកគេ​បាន​ទាមទារ​ឲ្យ​មានការ​ស៊ើប​អង្កេត​ឯករាជ្យ​ជុំវិញ​ឃាតកម្ម​លើ​លោក កែម ឡី ​នេះ៕

XS
SM
MD
LG