ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិក​១,២​លាន​ទៀត​​សុំ​ជំនួយ​អត់ការងារ​ខណៈ​ជំនួយ​ថ្មី​ពី​រដ្ឋាភិបាល​សហព័ន្ធ​​ចរចា​មិន​ទាន់​ចេញ


រូបឯកសារ៖ បុគ្គលិក​ផ្នែក​បដិសណ្ឋារកិច្ច​ដែល​បាន​បាត់បង់​ការងារ បំពេញ​ពាក្យ​សុំ​ជំនួយ​អត់ការងារ​ពី​រដ្ឋ កាលពី​ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ នៅ​ទីក្រុង Los Angeles រដ្ឋ California។

អ្នក​តាក់តែង​ច្បាប់​គណបក្ស​ប្រជាធិបតេយ្យ​​ ចង់​ឲ្យ​​មាន​ការ​បន្ត​ប្រាក់​ជំនួយ​សហព័ន្ធ​៦០០​ ដុល្លារ​ក្នុង​មួយ​សប្តាហ៍​​រហូត​ដល់​​ចុង​ឆ្នាំ​២០២០ ប៉ុន្តែ​អ្នក​តាក់តែង​ច្បាប់​គណបក្ស​សាធារណរដ្ឋ​ចង់​ឲ្យ​បន្ថយ​ចំនួន​ប្រាក់​ជំនួយ​នេះ​ មក​ត្រឹម​២០០​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​វិញ។

ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា មាន​ពលរដ្ឋ​អាមេរិកាំង​១,២​លាន​នាក់​បន្ថែម​ទៀត បាន​ដាក់​ពាក់​សុំ​ជំនួយ​រដ្ឋ​ពេល​អត់​ការងារ​ធ្វើ ​កាល​ពី​សប្តាហ៍មុន ខណៈ​ដែល​ជំងឺ​រាតត្បាត​កូវីដ១៩​ បន្ត​បំផ្លិច​បំផ្លាញ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក។​

តួលេខ​នេះ​ ជា​តួលេខ​សប្តាហ៍​ទី​២០​ជាប់ៗ​គ្នា​ ដែល​មាន​ចំនួន​អ្នក​សុំ​ជំនួយ​រដ្ឋ​ពេល​អត់ការងារ​ថ្មី​ មាន​លើសពីមួយ​លាន​នាក់។ ប៉ុន្តែ​ចំនួន​កាល​ពី​សប្តាហ៍​មុន​ ជា​ការ​ថយ​ចុះ មួយ​ផ្នែក​អាច​ដោយ​សារ​កម្មវិធី​ផ្តល់​ជំនួយ​បន្ថែម​៦០០​ ដុល្លារ​ក្នុង​មួយ​សប្តាហ៍របស់​រដ្ឋាភិបាល​សហព័ន្ធ​អស់​៤​ខែ​មក​នេះ​ ​បានបញ្ចប់​ជា​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។​

មក​ទល់​នឹង​ពេល​នេះ​ រដ្ឋបាល​លោក​ប្រធានាធិបតី ​ដូណាល់​ ត្រាំ និង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ប្រឆាំងនៅ​ក្នុង​សភា​ មិន​អាច​ឈាន​ដល់ការ​ឯកភាព​គ្នា​អំពី​ថា ​តើ​គួរបន្ត​ជំនួយថវិកា​នេះ​ដល់​ពេល​ណា ​និង​ក្នុង​ចំនួន​ប៉ុន្មាន បន្ទាប់ពី​ខែ​កក្កដា។

អ្នក​តាក់តែង​ច្បាប់​គណបក្ស​ប្រជាធិបតេយ្យ ចង់​ឲ្យមាន​ការ​បន្ត​ប្រាក់​ជំនួយ​សហព័ន្ធ​៦០០​ ដុល្លារ​ក្នុង​មួយ​សប្តាហ៍រហូត​ដល់ចុង​ឆ្នាំ​២០២០ ប៉ុន្តែ​អ្នក​តាក់តែង​ច្បាប់​គណបក្ស​សាធារណរដ្ឋ​ចង់​ឲ្យ​បន្ថយ​ចំនួន​ប្រាក់​ជំនួយ​នេះ​ មក​ត្រឹម​២០០​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​វិញ ហើយ​ថា ​នៅ​ទី​បំផុត​ ពួក​គេ​ចង់កំណត់​ចំនួន​ប្រាក់​ជំនួយ​នេះ​ឲ្យ​ស្មើ​នឹង​៧០%​ នៃ​ប្រាក់ខែ​ចុងក្រោយ​របស់​អ្នក​ដែល​បាន​បាត់បង់​ការ​ងារ​នោះ។​

ភាគី​ទាំង​ពីរ​គ្រោង​សម្រេច​ឲ្យ​បាន​កិច្ច​ព្រមព្រៀង​ត្រឹម​ថ្ងៃ​សុក្រ​សប្តាហ៍ ប៉ុន្តែ​នៅ​មាន​ការ​ខ្វែង​គំនិត​ខ្លាំង​នៅ​ឡើយ។ លោក​ត្រាំ​បាន​ថ្លែង​ក្នុង​សប្តាហ៍​នេះ​ថា លោក​នឹងធ្វើ​ការ​កំណត់​ខ្លះ​លើ​ប្រាក់​ជំនួយ​នេះ ​តាម​រយៈ​ការ​ប្រើ​បទ​បញ្ជា​ ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​ មិន​អាច​ឈាន​ដល់​ការ​ព្រមព្រៀង​ណា​មួយ​នោះ៕

អត្ថបទ​ទាក់ទង

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG