ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​និង​គណបក្ស​ប្រជាធិបតេយ្យ​សរសើរ​ដល់​ការ​ជឿនលឿន​ខ្លះ​ឆ្ពោះ​ទៅ​កាន់​កិច្ច​ព្រមព្រៀង​ស្តីពី​កញ្ចប់​ជំនួយ


លោក Chuck Schumer ថ្លែង​សុន្ទរកថា​នៅ​ក្នុង​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។

ពួក​មន្ត្រី​សេតវិមាន និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​រដ្ឋសភា​មាន​គម្រោង​ជួប​គ្នា​ម្តង​ទៀត​នៅថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​ភាគី​ទាំង២​សរសើរ​ដល់​ការជឿន លឿន​ខ្លះ​នៅក្នុង​ការ​ខំប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​ស្តីពី​កញ្ចប់​ជំនួយដោយសារ​មេរោគ​កូរ៉ូណា។

លោក​ស្រី Nancy Pelosi ប្រធាន​សភា​តំណាងរាស្ត្រ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ពួក​បុគ្គលិក​ នឹង​ជួប​គ្នា​នៅ​យប់​ថ្ងៃ​ចន្ទ ហើយ​ថា​លោកស្រី និង​លោក Chuck Schumer មេដឹកនាំព្រឹទ្ធសភាខាង​គណបក្ស​ប្រជាធិបតេយ្យ​ នឹង​ធ្វើការ​ពិភាក្សា​មួយ​លើក​ទៀត​នៅថ្ងៃ​អង្គារ​នេះ​ជាមួយ​លោក Steve Mnuchin រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ និង​លោក Mark Meadows នាយក​ខុទ្ទកាល័យ​របស់​សេតវិមាន។

លោកស្រី Pelosi បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​បន្ទាប់ពី​ការ​ចរចា​អស់​រយៈពេល​២ម៉ោង​កាលពី​ថ្ងៃ​ចន្ទ​ថា «យើង​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ។ យើង​នៅ​មាន​ការខ្វែង​គំនិត​គ្នា​នៅ​ឡើយ។ យើង​កំពុង​ព្យាយាម​ឱ្យ​មាន​ការ​យល់​គ្នា​កាន់​តែ​ខ្លាំង​ឡើង​អំពី​អ្វី​ដែល​ចាំបាច់​នោះ»។

ភាគី​ទាំង២ បាន​ខ្វែង​គំនិត​គ្នា​អំពី​ទំហំ​នៃកញ្ចប់​ជំនួយ​ដែល​បាន​ស្នើ​ឡើង​របស់​ពួកគេ​ ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ទាមទារ​ឱ្យ​មាន​ការចំណាយ​ថ្មី​ចំនួន​៣លាន​លាន​ដុល្លារ​ និង​គណបក្ស​សាធារណរដ្ឋ​ចង់​ឱ្យ​កម្រិត​ការ​ចំណាយ​ត្រឹម​ចំនួន​១លានលាន​ដុល្លារ។

បញ្ហា​ដែល​ត្រូវ​ពិភាក្សា​គឺ​ការ​ជួយ​ពួក​អ្នក​ជួល​ផ្ទះ​ បញ្ចៀស​ការ​ដេញ​ចេញ​ពី​ផ្ទះ ជំនួយ​ដល់​ប្រៃសណីយ៍​ និង​ដោះស្រាយ​ការ​បើក​ប្រាក់​ការ​គ្មាន​ការងារ​ធ្វើ​របស់​សហព័ន្ធ​ចំនួន​៦រយ​ដុល្លារ​ដែល​បាន​ផុត​កំណត់​កាលពី​សប្តាហ៍​មុន។

ពួក​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ បាន​លើក​ឡើង​ពី​គំនិត​នៃ​ការ​អនុម័ត​កញ្ចប់​កម្មវិធី​ជំនួយ​តូច​ជាង​ដែល​ដោះស្រាយ​បញ្ហា​ខ្លះ​ខណៈ​ដែល​ទុក​បញ្ហា​ខ្លះ​សម្រាប់​ធ្វើ​ការ​ចរចា​នៅ​ពេល​ក្រោយ​ ក៏ប៉ុន្តែ លោក Munchin រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ បាន​ផ្តល់​សញ្ញា​ពី​ភាព​ដែលអាច​ផ្លាស់ប្តូរ​បាន​កាលពី​ថ្ងៃ​ចន្ទ។

លោក​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា «យើង​បើក​ឱ្យ​មាន​កញ្ចប់​ជំនួយ​កាន់​តែ​ធំឡើង​ ប្រសិនបើ​យើង​អាច​ធ្វើ​ឱ្យ​សម្រេច​កិច្ចព្រមព្រៀង​នោះ»៕

XS
SM
MD
LG