ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន និង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ខ្វែង​គំនិត​គ្នា​រឿង​កញ្ចប់​ថវិកា​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩


លោក Mitch McConnell​ ប្រធាន​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​រដ្ឋសភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី ២៧ ខែ​កក្កដា ឆ្នាំ​២០២០ អំពី​សំណើ​កញ្ចប់ថវិកា​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩។

មន្ត្រី​សេតវិមាន និង​សមាជិក​សភា​កំពូលៗ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គ្រោង​នឹង​ចាប់ផ្ដើម​ជា​ថ្មី​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នូវ​ការ​ពិភាក្សា​របស់​ពួកគេ​អំពី​កញ្ចប់​ថវិកា​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩ ដែល​ក្នុង​នោះ​មាន​ទាំង​ជំនួយ​សម្រាប់​ពលរដ្ឋ​រាប់​លាន​នាក់​ដែល​បាត់បង់​ការងារ​ធ្វើ​ផង​ដែរ។

ការ​ពិភាក្សា​នេះ​ធ្វើ​ឡើង បន្ទាប់ពី​ប្រាក់​ជំនួយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ចំនួន ៦០០ ដុល្លារ​ក្នុង​មួយ​សប្ដាហ៍ សម្រាប់​ពលរដ្ឋ​បាត់បង់​ការងារ ដែល​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថវិកា​ជំនួយ​លើក​ដំបូង បាន​ផុត​កំណត់។

ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា​លោក Chuck Schumer រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក Steven Mnuchin និង​នាយក​ខុទ្ទកាល័យ​សេតវិមាន​លោក Mark Meadows បាន​ជួប​ពិភាក្សា​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដើម្បី​ព្យាយាម​បំបែក​ភាព​ជាប់​គាំង ដែល​បាន​លេចឡើង​រវាង​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​អំពី​ពេលវេលា និង​ទំហំ​នៃ​ប្រាក់​ជំនួយ​ពេល​បាត់បង់​ការងារ ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ដោះស្រាយ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

អ្នកស្រី Pelosi និង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដទៃទៀត​ចង់​ឲ្យ​ប្រាក់​ជំនួយ​នោះ​បន្ត​រហូត​ដល់​ចុង​ឆ្នាំ ២០២០ នេះ ចំណែក​ឯ​លោក​ប្រធានាធិបតី Donald Trump និង​រដ្ឋបាល​របស់​លោក​វិញ ចង់​កាត់​ប្រាក់​ជំនួយ​ចំនួន ៦០០ ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​នោះ ឲ្យ​មក​នៅ​ត្រឹម ២០០ ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​វិញ ហើយ​ស្រប​ពេល​នោះ​ដែរ​ចង់​កំណត់​ប្រាក់​ជំនួយ​ឲ្យ​នៅ​ត្រឹមតែ ៧០% ប៉ុណ្ណោះ​នៃ​ប្រាក់​បៀវត្សរ៍​ដែល​អ្នក​ធ្វើការ​ទទួល​បាន​មុន​ពេល​បាត់បង់​ការងារ។

ភាគី​ទាំងពីរ​នៅ​ខ្វែង​គំនិត​គ្នា​ខ្លាំង​លើ​ទំហំ​នៃ​កញ្ចប់​ថវិកា​ជំនួយ​នេះ ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ចង់​ឲ្យ​កញ្ចប់​ថវិកា​ជំនួយ​នេះ​មាន​ទំហំ ៣ លាន​លាន​ដុល្លារ ចំណែក​ឯ​គណបក្ស​សាធារណរដ្ឋ​វិញ​ចង់​ឲ្យ​កញ្ចប់​ថវិកា​ជំនួយ​មានទំហំ​ត្រឹមតែ ១ លាន​លាន​ដុល្លារ​ប៉ុណ្ណោះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG