ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្មករ​ចំនួន​១០​ម៉ឺន​នាក់នៅ​ចិន​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដែល​ជា​សញ្ញា​កើន​ឡើង​នៃ​ការ​អត់​ការងារ​


រូបឯកសារ៖ កម្មករ​ជីករ៉ែ​តម្រង់ជួរ​ដើម្បី​បង្ហាញ​មុខ​ក្នុង​ពេល​សម្រាក​នៅ​ជិត​អណ្តូង​រ៉ែ​មួយ​ក្នុង​ស្រុក Heshun ខេត្ត​ Shanxi ប្រទេស​ចិន។

ក្រុមហ៊ុន​ធ្យូង​ថ្ម​មួយ​របស់​រដ្ឋាភិបាល​​ចិន​ ទើប​តែ​បាន​ប្រកាស​កាត់​បន្ថយ​​កម្មករ​ចំនួន​១០ម៉ឺន​នាក់​ក្នុង​រយៈ​ពេល​បី​ខែ​ខាង​មុខ​ ដែល​ជា​ការ​កាត់​បន្ថយ​ការងារ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​ចិន។

ក្រុមហ៊ុន​ធ្យូង​ថ្ម​មួយ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ប្រទេស​ចិន​ ទើប​តែ​បាន​ប្រកាស​កាត់​បន្ថយ​បុគ្គលិក​កម្មករ​ចំនួន​១០ម៉ឺន​នាក់​ក្នុង​រយៈ​ពេល​បី​ខែ​ខាង​មុខ​ ដែល​ជា​ការ​កាត់​បន្ថយ​ការងារ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ។ ក៏​ប៉ុន្តែ​ទោះ​បី​ការ​កាត់​បន្ថយ​នេះ​ មាន​ទំហំ​ធំ​ក៏​ដោយ ក៏​វាគ្រាន់​តែ​ឧទាហរណ៍​មួយ​នៃ​សញ្ញាកើន​ឡើង​នៃ​បញ្ហា​អត់​ការងារ​ធ្វើ​ដែល​ប្រទេស​ចិន​កំពុង​ប្រឈម​ ខណៈ​ដែល​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​ទីពីរ​របស់​ពិភពលោក​មួយ​នេះ​នៅ​តែ​បន្ត​ថយ​ចុះ។

លោក Geoffrey Crothall នាយក​ខាង​ទំនាក់ទំនង​នៃ​អង្គការ China Labor Bulletin ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ បាន​និយាយ​ថា​ មាន​កម្មករ​ជា​ច្រើន​នឹង​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​នៅ​ក្នុង​វិស័យនិង​តំបន់​ជា​ច្រើន។

«យើង​បាន​ឃើញ​ការ​បញ្ឈប់​ពី​ការងារ​ស្រដៀង​គ្នា​នៅ​ក្នុង​ឧស្សាហកម្ម​ដែក​ថែប​និង​ឧស្សាហកម្ម​ធន​ធ្ងន់​ផ្សេង​ទៀត ​ដូច្នេះ​ខ្ញុំ​គិត​ថា​ដោយ​សារ​តែ​សេដ្ឋកិច្ច​ថយ​ចុះ​នៅ​ក្នុង​ប្រទេស​ចិន​ ជា​ពិសេស​ក្នុង​វិស័យ​គ្រប់​គ្រង​ដោយ​រដ្ឋ​ ដែល​កំពុង​មាន​បញ្ហា​ក្នុង​ការ​រក​ប្រាក់​ចំណេញ​ វា​ជៀស​មិន​ផុតដែល​យើង​នឹង​ឃើញ​មាន​ការ​បញ្ឈប់​ការងារ​បន្ថែមទៀត»។

កាល​ពី​សប្តាហ៍​មុន ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​រាយការណ៍​ថា​ក្រុមហ៊ុន Mining Group Longmay ដែល​ជា​ក្រុមហ៊ុន​ធ្យូង​ថ្ម​នៅ​ខេត្ត Heilongjiang ភាគ​ឦសាន​របស់​ប្រទេស​ចិន​ ដែល​មាន​បុគ្គលិក​ប្រមាណ ២៤០.០០០​នាក់​ ​បានកាត់​បន្ថយ​កម្លាំង​ពលកម្ម​របស់​ខ្លួន​ជិត​ដល់ពាក់​កណ្តាល។ លោក Wang Zhikui ប្រធាន​ក្រុមហ៊ុន Longmay បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋ​ថា ​ការ​សម្រេច​ចិត្ត​កាត់​បន្ថយ​កម្លាំង​ពលកម្ម​នេះ​ត្រូវ​បាន​ធ្វើ​ដើម្បី​ ​«បញ្ឈប់​ការ​ហូរ​ឈាម» របស់​ក្រុម​ហ៊ុន​ដែល​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​បំណុល​យ៉ាង​ធ្ងន់ធ្ងរ។

ខណៈ​ពេល​ដែល​ក្រុមហ៊ុន​នានា​បាន​និង​កំពុងបញ្ឈប់កម្មករ​ ការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​ធ្វើ​កូដកម្ម។ ក្រុម​អ្នក​វិភាគ​បាន​ឱ្យ​ដឹង​ថា​ ក្នុង​ករណី​ខ្លះ​ កម្មករ​រាប់​ពាន់​នាក់​បាន​តវ៉ា​ប្រឆាំង​នឹង​កាត់​បន្ថយ​ការងារ​ នៅរោង​ចក្រ​ដែក​ថែប​និង​រោង​ចក្រ​គ្រឿង​ចក្រ​ធន​ធ្ងន់​ដទៃ​ទៀត​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។

​លោក Li Hsiang Hong ​អ្នក​សម្រប​សម្រួល​កម្មវិធី​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​ត្រួត​ពិនិត្យ​តំបន់​អាស៊ី​បាន​ឱ្យ​ដឹង​ថា ខេត្ត​ក្វាងទុង (Guangdong)​ ដែល​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ចិន​ជា​មជ្ឈមណ្ឌល​សំខាន់​សម្រាប់​ការ​នាំ​ចេញ​និង​ផលិតកម្ម​រោងចក្រ​របស់​ចិន។ នៅ​ទី​នោះ​0មាន​ការ​កើន​ឡើង​ការ​បញ្ឈប់​ការងារ​កម្មករ​ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ទាំង​នេះ​ មាន​បញ្ហាការ​លក់​មាន​ការ​ធ្លាក់​ចុះ ហើយ​មាន​ការ​រៀបចំ​រចនាសម្ព័ន្ធឡើង​វិញ​ដែល​ជា​ការ​ផ្ដួចផ្ដើម​ដោយ​រដ្ឋាភិបាល​ចិន។

«មាន​និន្នាការ​នៃ​ការ​បញ្ឈប់​ការងារ​ ហើយ​យើង​គិត​ថា​ រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ទៅ​លើ​បញ្ហា​នេះ»។

​លោក Li បាន​ពន្យល់​ថា មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ត្រូវ​បញ្ឈប់​ពី​ការងារនៅ​ក្នុង​ឧស្សាហកម្ម​នាំ​ចេញ​ ដូច​ជា​រោងចក្រ​ផលិត​ឧបករណ៍​ក្មេង​លេង​និង​វាយនភណ្ឌ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន។

លោក Li ​បាន​និយាយ​ថា រដ្ឋាភិបាល​កំពុង​ផ្ទេរ​ប្រភេទ​ផលិតកម្ម​ខ្លះ​ពី​ទីក្រុង​ធំៗ​និង​មធ្យម​ ទៅ​ទីក្រុង​និង​ទី​ប្រជុំជន​តូចៗ ​ហើយ​នៅ​ក្នុង​ដំណើរការ​នេះ​ ក្រុមហ៊ុន​បាន​បញ្ឈប់​កម្មករ​រាប់​ពាន់​នាក់។

ផ្នែក​មួយ​នៃ​ដំណើរការ​ផ្ទេរ​ឧស្សាហកម្ម​នេះ ​គឺ​ក្នុង​គោលបំណង​ផ្លាស់​ប្តូរ​ឧស្សាហកម្ម​ដែល​មាន​ជាតិ​ពុល​ទៅ​ឲ្យ​ឆ្ងាយ​ពី​ទីក្រុង​ធំៗ ​ប៉ុន្តែ​គម្រោង​នេះ​ក៏​មាន​បំណងផ្លាស់​ប្ដូរ​ទីតាំង​ឧស្សាហកម្ម​នានាដែល​បាន​ជួប​ប្រទះ​នូវ​ជម្លោះ​សង្គម​និង​ជំងឺ​កម្មករ​ដែល​បាន​មក​ពីការងារ។

លោក Li ​បាន​និយាយ​ថា៖ «ពួក​គេ​(រដ្ឋាភិបាល)គិត​ថា ​ការ​ផ្លាស់​ប្តូរ​ទីតាំង​រោង​ចក្រ​ទាំង​នោះ អាច​ជួយ​ឱ្យ​ពួក​គេ​បន្ថយ​កំណើនជម្លោះ​និង​បញ្ហា​ទាំង​នេះ​ដែល​មាន​កើត​មាននៅ​ក្នុង​ទី​ក្រុង»។

ក្រុម​អ្នក​វិភាគ​ឧស្សាហកម្ម​បាន​និយាយ​ថា​ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​វត្ថុធាតុ​ដើម​ និង​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​ការ​បំពុល​បរិស្ថាន​ ទំនង​ជា​នឹង​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ធ្យូង​ថ្ម​ផ្សេង​ទៀត​ ធ្វើ​ការ​បញ្ឈប់​កម្មករនៅ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

លោក Hu Xingdou សាស្ត្រាចារ្យ​សេដ្ឋកិច្ច​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ប៉េកាំង​បាន​និយាយ​ថា៖ «វិស័យ​ឧស្សាហកម្ម​ភាគ​ច្រើន​ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​បញ្ឈប់​ការងារ​គឺ​ជា​អ្នក​ដែល​មាន​ការ​ប្រកួត​ប្រជែង​តិចតួច​ឬ​សហគ្រាស​ដែល​មាន​ជាតិ​ពុល​ខ្លាំង​ដូច​ជា​ការ​រុក​រក​រ៉ែ​ធ្យូង​និង​ឧស្សាហកម្ម​ដែល​ជិត​បិទទ្វារ​ផ្សេង​ទៀត»។

រដ្ឋាភិបាល​ចិន​ជៀស​វាង​ការ​ពិភាក្សា​ជា​សាធារណៈ​អំពី​បញ្ហា​អត់​ការងារ​ធ្វើ​នេះ​ ដែល​ពេល​ថ្មី​នេះ​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​និយាយ​ថា ​ការងារ​ថ្មី​នៅ​តែ​បន្ត​កើន​ឡើង​នៅ​ក្នុង​អត្រា​ខ្ពស់ ​ជាង​អត្រា​គោលដៅប្រចាំ​ឆ្នាំ​ដែល​បាន​កំណត់​ បើ​ទោះ​បី​ជា​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​នៅ​តែ​បន្ត​ធ្លាក់​ចុះ។

ប៉ុន្តែក្រុម​អ្នក​វិភាគ​និយាយ​ថា​ សំខាន់​ជាង​រឿង​តួលេខ​នេះ គឺសំណួរ​អំពី​របៀប​នៃ​ការ​គ្រប់គ្រង​ការ​បញ្ឈប់​ការងារ​នេះ។

​លោក Geoffrey Crothall នាយក​ទំនាក់​ទំនង​នៃ​អង្គការ China Labor Bulletin​ បាន​ឱ្យ​ដឹង​ថា​ ទីផ្សារ​ការងារ​នឹង​នៅ​តែ​បន្ត​ទទួល​រង​ការ​ឡើង​ចុះ​យ៉ាង​ខ្លាំង​ក្លា។

លោក​ថ្លែង​ថា៖ «បញ្ហា​នោះគ្រាន់​តែ​នៅ​ត្រង់​ថា​ ​តើ​មាន​អ្វី​ដែល​ជា​ការ​ផ្តល់​ឲ្យសម្រាប់​ពួក​គេ​(កម្មករ)​នៅ​ក្នុង​ដំណើរ​ការ​នោះ​ និង​អ្វី​ជាឱកាស​ដែល​ពួក​គេ​មានដើម្បី​អាច​មាន​ការងារ​ឡើង​វិញ​នោះ។ វា​ជា​ការ​លំបាក​ណាស់​ក្នុង​ការ​ធ្វើ​ការ​ព្យាករណ៍​ណា​មួយ​នៅ​ក្នុង​រឿង​នោះ»។

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា ​ខណៈ​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ ​ហើយ​ការ​នាំ​ចេញ​ក៏​បាន​ធ្លាក់​ចុះ​ដែរ​ ក្រុម​ហ៊ុន​បាន​សម្រេច​ចិត្តកាត់​បន្ថយ​ប្រាក់​ឈ្នួល​ជា​ទ្រង់ទ្រាយ​ធំ​ផង​ដែរ ​ហើយ​នៅ​តំបន់​ខ្លះមាន​ពាក្យ​បណ្ដឹង​និង​ការ​តវ៉ា​ជា​ច្រើន ដោយ​សារ​តែ​កម្មករ​មិន​ត្រូវ​បាន​ផ្តល់​សំណង​ឱ្យ​បាន​គ្រប់គ្រាន់​ នៅ​ពេល​ពួក​គេ​ត្រូវ​បាន​គេ​បញ្ឈប់។

ប្រធាន​ក្រុមហ៊ុន Longmay លោក Wang Zhikui បាន​ឱ្យ​ដឹង​ថា ​ការ​កាត់​បន្ថយការងារ​សម្រាប់​ក្រុមហ៊ុន​នេះ ​នឹង​ធ្វើ​ឡើង​ក្នុង​ទម្រង់​ជា​ការ​បញ្ឈប់​ការងារ​ ការ​ឆាប់​ចូល​និវត្តន៍​ និង​ការ​ប្ដូរ​ការងារ។ ក្រុម​អ្នក​វិភាគ​បាន​ឱ្យ​ដឹង​ថា ការ​លូតលាស់​យ៉ាង​ឆាប់​រហ័ស​នៃ​វិស័យ​សេវាកម្ម អាច​ផ្ដល់​ឱកាស​សម្រាប់​កម្មករ​វ័យ​ក្មេង​ដែល​ត្រូវ​បាន​បញ្ឈប់​ជា​ច្រើន ប៉ុន្តែ​បុគ្គលិក​វ័យ​ចំណាស់​ដែល​ត្រូវ​បាន​បញ្ឈប់អាច​នឹង​មាន​ការ​លំបាក​ក្នុង​ការសម្រប​តាម​ការ​ផ្លាស់ប្តូរ​(ការងារ)​នេះ៕

ប្រែ​សម្រួល​ដោយ មាន ឥស្សរាយស

XS
SM
MD
LG