ប្រទេសចិនបានធ្វើឲ្យរូបិយប័ណ្ណយាន់ធ្លាក់តម្លៃក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា ដែលនេះជាការចុះតម្លៃទ្វេដងជាចំណាត់ការដ៏ភ្ញាក់ផ្អើល ដែលបានធ្វើឲ្យរង្គើទីផ្សារសាកលលោក ហើយអាចបង្កើនភាពតានតឹងជាមួយគូប្រកួតប្រជែងពាណិជ្ជកម្មរបស់ខ្លួន។
អត្រាទីផ្សារប្រាក់យាន់បានធ្លាក់ចុះ១,៦ ភាគរយនៅថ្ងៃពុធនេះ បន្ទាប់ពីការធ្លាក់ចុះជិតពីរភាគរយកាលពីមួយថ្ងៃមុន ដែលជាការធ្លាក់ចុះដ៏ខ្លាំងបំផុតក្នុងរយៈពេលមួយថ្ងៃរបស់ខ្លួនក្នុងរយៈពេលមួយទសវត្សរ៍នេះ។
ធនាគារកណ្តាលរបស់ចិន ដែលត្រួតត្រាយ៉ាងតឹងរឹងលើរូបិយប័ណ្ណ បានពណ៌នាចំណាត់នេះថា ជាការបណ្តោះអាសន្ន ហើយមានន័យថា ធ្វើឲ្យតម្លៃប្រាក់យាន់ស្របទៅកាន់ទីផ្សារកាន់តែខ្លាំងឡើង។
ធនាគារនោះបានប្រាប់ឲ្យដឹងនៅថ្ងៃពុធនេះថា «បើពិនិត្យមើលស្ថានភាពសេដ្ឋកិច្ចអន្តរជាតិ និងក្នុងស្រុកនៅពេលបច្ចុប្បន្ននេះ មិនមានមូលដ្ឋានសម្រាប់និន្នាការបញ្ចុះតម្លៃប្រាក់យាន់ទេ»។
ក្រុមអ្នកវិនិយោគទុនក្នុងទ្វីបអាស៊ីមានប្រតិកម្មជាអវិជ្ជមាននៅថ្ងៃពុធនេះ ដោយការលក់ដូរភាគហ៊ុនបានធ្លាក់ចុះនៅក្នុងទីក្រុងហុងកុង សៀងហៃ និងតូក្យូ។ សន្ទស្សន៍ទីផ្សារភាគហ៊ុនសំខាន់ក្នុងស.រ.អា និងអឺរ៉ុប ក៏បានធ្លាក់ចុះកាលពីថ្ងៃអង្គារម្សិលមិញដែរ។
ចំណាត់ការនេះបានទទួលការប្រុងប្រយ័ត្ននៅក្នុងស.រ.អា ដែលបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងប៉េកាំងជាយូរយារណាស់មកហើយពីការរក្សាតម្លៃរូបិយប័ណ្ណរបស់ខ្លួនឲ្យនៅទាប ដើម្បីផ្តល់ឲ្យការនាំចេញទំនិញទៅក្រៅប្រទេសរបស់ចិនមានប្រៀប។
លោក Charles Schumerសមាជិកព្រឹទ្ធសភាស.រ.អា ដែលជាអ្នករិះគន់ជាយូរយារណាស់មកហើយដល់គោលនយោបាយរូបិយប័ណ្ណរបស់ចិន បាននិយាយថា ចំណាត់ការនេះជាភស្តុតាងបន្ថែមទៀតថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងបញ្ចុះតម្លៃរូបិយប័ណ្ណរបស់ខ្លួនដោយចេតនា។
សេចក្តីថ្លែងការណ៍ពីក្រសួងរតនាគារស.រ.អាបានប្រាប់ឲ្យដឹងថា ខ្លួននឹងសម្រេចនៅពេលឆាប់ៗនេះពីភាពស្មុគស្មាញនៃចំណាត់ការនេះ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មានសុទិដ្ឋិនិយមច្រើន ដោយនិយាយថា ការបញ្ចុះតម្លៃរូបិយប័ណ្ណនេះទំនងជាជំហានប្រកបដោយការស្វាគមន៍៕