ប្រទេសចិនកំពុងបង្អួតពីកិច្ចព្រមព្រៀងថ្មីទិញយន្តហោះចំនួន៣រយគ្រឿងពីក្រុមហ៊ុនផលិតយន្តហោះ Boeing សហរដ្ឋអាមេរិក ដែលត្រូវបានប្រកាសក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីងពីង ទៅកាន់ទីក្រុង Seattle ដែលនៅទីនោះប្រធានាធិបតី ស៊ី នឹងទៅធ្វើទស្សនកិច្ចនៅរោងចក្រតម្លើងយន្តហោះ។
កិច្ចព្រមព្រៀងនោះដែលត្រូវបានរាយការណ៍ជាលើកទីមួយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួផ្លូវការនៃប្រទេសចិននោះ ក៏បានអំពាវនាវដល់ក្រុមហ៊ុនសហរដ្ឋអាមេរិកឲ្យស្ថាបនារោងចក្រនៅក្នុងប្រទេសចិន ក៏ប៉ុន្តែ សេចក្តីលម្អិតរបស់រោងចក្រនោះឬក៏តម្លៃនៃការបញ្ជាទិញយន្តហោះនោះ មិនត្រូវបានចេញផ្សាយទេ។ ប្រធានាធិបតី ស៊ី មានផែនការទៅបំពេញទស្សនកិច្ចរោងចក្រ Everett របស់ក្រុមហ៊ុន Boeing នៅផ្នែកខាងជើងនៃទីក្រុង Seattle។ មេដឹកនាំចិនរូបនោះក៏នឹងបំពេញទស្សនកិច្ចទៅមជ្ឈមណ្ឌល បច្ចេកវិទ្យារបស់មហាក្រុមហ៊ុន Microsoft និងពិភាក្សាតុមូលដោយសម្ងាត់ជាមួយអគ្គនាយកក្រុមហ៊ុនសំខាន់ៗរបស់សហរដ្ឋអាមេរិក និងចិន រួមមានក្រុមហ៊ុន Apple Amazon និងក្រុមហ៊ុន Alibaba។
នៅក្នុងអ្វីដែលត្រូវបានគេចាត់ទុកថា ជាសុន្ទរកថាពីគោលនយោបាយដ៏សំខាន់កាលពីយប់ថ្ងៃអង្គារ ប្រធានាធិបតី ស៊ី ជីងពីង បានអំពាវនាវឲ្យមានទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដើម្បីជួយការពារអ្វីដែលប្រធានាធិបតី ស៊ី បាននិយាយថា នឹងក្លាយជាជម្លោះប្រកបដោយមហន្តរាយរវាងប្រទេសទាំង២ នៅពេលដែលលោកចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅសហរដ្ឋអាមេរិក។
លោក ស៊ី បាននិយាយថា «បើចិននិងសហរដ្ឋអាមេរិកធ្វើកិច្ចសហប្រតិបត្តិការល្អ ប្រទេសទាំង២អាចធ្វើឲ្យសាកលលោកមានស្ថិរភាពកាន់តែខ្លាំងឡើងៗ។ បើប្រទេសទាំង២ មានជម្លោះ ឬប្រឈមមុខដាក់គ្នា វានឹងនាំឲ្យមានមហន្តរាយសម្រាប់ប្រទេសទាំង២ និងពិភពលោកទាំងមូល»៕