ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​រក្សាជំហរ​ទៅ​ចូល​ប្រជុំ​សភា​តែ​ឯក​បក្ស


​តាម​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​របស់​ គ.ជ.ប ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៨​ខែ​កញ្ញា ​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​​កម្ពុជា​ឈ្នះ​បាន​៦៨​អាសនៈ​ក្នុង​រដ្ឋ​សភា​ ហើយ​​គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥​អាសនៈ។
​តាម​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​របស់​ គ.ជ.ប ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៨​ខែ​កញ្ញា ​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​​កម្ពុជា​ឈ្នះ​បាន​៦៨​អាសនៈ​ក្នុង​រដ្ឋ​សភា​ ហើយ​​គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥​អាសនៈ។
ភ្នំពេញ៖ ព្រះ​មហាក្សត្រ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​ សីហមុនី ​មិន​ទាន់​កោះ​ប្រជុំ​សភា​ថ្មី​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេមក​ទល់​នឹង​ថ្ងៃ​អង្គារ​នេះ​ ស្រប​ពេល​ដែល​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​មាន​អរិភាព​នឹង​គ្នា​ជុំវិញ​លទ្ធផល​បោះឆ្នោត។

កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៩​ខែ​កញ្ញា ​ព្រះ​មហាក្សត្រ​បាន​កំណត់​ថ្ងៃ​ប្រជុំ​សភា​ថ្មី​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា​ដដែល​នេះ ​ដើម្បី​ផ្តល់​សុពល​ភាព​ដល់​រដ្ឋ​សភា​នីតិកាល​ទី​៥​និង​ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋា​ភិបាល​ថ្មី។

លោក​ជាម ​យៀប​ សមាជិក​គណៈអចិន្ត្រៃ​យ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​សមាជិក​សភា​ជាប់​ឆ្នោត​អណត្តិ​ថ្មី​មាន​ប្រសាសន៍​ថា​ ព្រះមហាក្សត្រ​មិន​ទាន់​បាន​ផ្ញើ​លិខិត​អញ្ជើញ​សមាជិក​សភា​និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូល​ប្រជុំ​សភា​ថ្ងៃ​ដំបូង​នោះ​នៅ​ឡើយទេ។

«លិខិត​អញ្ជើញ​ប្រជុំ​នៅ​មិន​ទាន់​បាន​ទទួល​នៅ​ឡើយ​ទេ​ជូន​ទៅ​តំណាង​រាស្ដ្រ​ដែល​បាន​ជាប់​ឆ្នោត​ប្រកាស​ដោយ​គជប​សរុប​១២៣​រូប។ ភ្ញៀវ​ចូល​រួម​ដែល​មាន​អង្គ​ទូត​ទាំង​អស់​នៅ​កម្ពុជា។ ​អ្នក​មុខ​អ្នក​ការ​ដែល​ជា​សមត្ថកិច្ច​មួយ​ចំនួន​ដូច​ជា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ សមាជិក​សមាជិកា​ព្រឹទ្ធ​សភា​ដែល​ត្រូវ​ចូលរួម​ អង្គការ​ផ្សេងៗ​ដូចជា​តុលាការ​កំពូល​មិន​ទាន់​មាន​នៅ​ឡើយ​ទេ»។

យោង​តាម​រដ្ឋធម្មនុញ្ញ​ព្រះ​មហាក្សត្រ​នឹង​ត្រូវ​កោះ​អញ្ជើញ​សមាជិក​សភា​ថ្មីឲ្យ​ចូល​ប្រជុំ​យ៉ាង​យូរ​បំផុត២៤​ម៉ោងមុន​នឹង​ដល់​ថ្ងៃ​ប្រជុំ​បើក​ឆាក​នោះ។

យ៉ាង​ណា​ក៏​ដោយ​លោក​សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ជំហរ​សារជាថ្មី​ម្តង​ទៀត​នៅ​ព្រឹក​ថ្ងៃ​នេះ ​ក្នុង​ពេល​ដែល​លោក​ចុះ​ទៅ​ជួប​អាជីវករ​នៅ​ផ្សារ​អូឬស្សី​ ក្រុង​ភ្នំពេញ​ថា ​គណបក្សជំទាស់​នឹង​មិន​ចូល​ប្រជុំ​សភា​ទេ ដរាប​ណា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​នានា​មិន​ត្រូវ​បាន​ដោះ​ស្រាយ​នោះ។

«ទាល់​តែ​មាន​ការ​ផ្តល់​យុត្តិ​ធម៌​ជូន​ប្រជារាស្ដ្រ​ រក​ដំណោះ​ស្រាយ​សម​ស្របបាន​យើង​ចូល​រួម​ប្រជុំ»។

យោង​តាម​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៨​ខែ​កញ្ញា ​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​៦៨​អាសនៈ​ក្នុង​រដ្ឋ​សភា​ ហើយគណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥​អាសនៈ។ ប៉ុន្តែ​គណបក្ស​ជំទាស់​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នេះ​ទេ​ហើយ​បាន​ទទូច​ឲ្យ​មាន​ការ​ដោះស្រាយភាព​មិន​ប្រក្រតី​ដែល​ខ្លួន​យល់​ថា​នាំ​ឲ្យ​បាត់បង់​ចំនួន​អាសនៈ​របស់​ខ្លួន​នោះ។

លោក​ជាម ​យៀប​ បញ្ជាក់​ថា​គណបក្ស​កាន់​អំណាច​នៅតែ​រក្សា​ជំហរ​ប្រជុំ​សភា​ដោយ​ឯកបក្ស​ប្រសិន​បើ​គណបក្ស​ជំទាស់​មិន​ចូល​ប្រជុំ​សភា​នោះ​ហើយ​ព្រះ​មហាក្សត្រ​នឹង​យាង​បើក​សម័យ​ប្រជុំ​សភា​ជា​លើក​ដំបូង​នោះ។

«មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ឯង​ក៏​ព្រះ​អង្គ​យាង​បើក​ព្រោះ​ព្រះ​អង្គ​បាន​អញ្ជើញ​១២៣​នាក់​ប៉ុន្តែ​បើ​មាន​តែ​៦៨​ក៏​ព្រះ​អង្គ​នឹង​ប្រារព្ធ​នូវ​ព្រះ​រាជ​ពិធី​នេះ​ដែរ»។

លោក​យឹម​ សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​បញ្ជាក់​បាន​ទេ​ថា​គណបក្ស​ជំទាស់​នឹង​ស្នើសុំ​ព្រះ​មហាក្សត្រ​ពន្យា​ពេល​កោះ​ប្រជុំ​សភា​ដំបូង​ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ ​លោក​ប​ញ្ជាក់​ថា​គណបក្ស​ជំទាស់​នឹង​ដឹកនាំ​ការធ្វើ​មហា​បាតុកម្ម​ថ្ងៃ​ទី​១៥ ដល់​១៧​ខែ​កញ្ញា​នេះ​ដើម្បី​ទាមទារ​ដំណោះ​ស្រាយ​លើ​បញ្ហា​បោះឆ្នោត។

ទាក់​ទង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា​នេះ​អង្គការ​Human ​Rights ​Watch ​ដែល​មាន​មូលដ្ឋាន​នៅក្រុង​ញ៉ីវយ៉ក ​សហ​រដ្ឋ​អាមេរិកបានចេញ​សេចក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​នេះ​ដោយ​ស្តី​បន្ទោស​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ថា​បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​ការ​ចោទ​ប្រកាន់​ដែល​គួរ​ឲ្យ​ជឿជាក់​បាន​ពី​ការ​បន្លំ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​និង​ភាព​មិន​ប្រក្រតី​ដទៃ​ទៀត​ឬ​ភាព​មិន​ត្រឹមត្រូវ​ជា​ប្រព័ន្ធ​ក្នុង​ដំណើរ​ការ​បោះឆ្នោត។ ​អង្គការ​អាមេរិកាំង​ដដែល​បាន​លើក​ពី​តម្រូវការ​ចាំ​បាច់​ឲ្យ​មាន​ការស៊ើប​អង្កេត​លើ​ការ​បោះឆ្នោត​នេះ​ដោយ​ឯករាជ្យ៕
XS
SM
MD
LG