ក្នុងថ្ងៃទិវាគ្រូបង្រៀនឆ្នាំនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ បានស្នើទៅក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធ ឱ្យបញ្ឈប់ការរើសអើងគ្រូបង្រៀន និងដំឡើងប្រាក់បៀវត្សរ៍គ្រូបង្រៀនឱ្យបានមួយភាគបួននៃប្រាក់បំពេញការងាររបស់តំណាងរាស្ត្រ ដែលទទួលបានប្រមាណ១៥លានរៀលក្នុងមួយខែ។
នៅព្រឹកថ្ងៃពុធនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានប្រមូលផ្តុំ និងជួបជុំគ្រូបង្រៀននៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញដើម្បីប្រារព្ធទិវាគ្រូបង្រៀនឆ្នាំ២០២២នេះ ដែលមានអ្នកចូលរួមជាង១០០នាក់ ដោយពួកគេបានលើកឡើងពីតម្រូវការ និងបញ្ហាប្រឈមនានា។ ការជួបជុំរបស់ពួកគេត្រូវបានអនុញ្ញាតដោយសាលារាជធានីភ្នំពេញ ដោយមានអ្នកចូលរួមយ៉ាងច្រើន២០០នាក់តែប៉ុណ្ណោះ។ នៅទីកន្លែងប្រារព្ធទិវាគ្រូបង្រៀនឆ្នាំ២០២២ គេក៏ឃើញមានអាជ្ញាធរចម្រុះយ៉ាងតិច៥០នាក់ នៅឃ្លាំមើលសកម្មភាពនៃការជួបជុំនេះផងដែរ។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យថ្លែងក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀននោះថា ឆ្នាំនេះ គ្រូបង្រៀនមួយចំនួនមានការភ័យខ្លាចមិនហ៊ានចូលរួម ដោយសារនៅតាមសាលាមួយចំនួនមានការរឹតត្បិត និងការកត់ឈ្មោះជាដើម។ អ្នកស្រីយល់ថា ក្រសួងអប់រំគួរតែផ្តល់ឱកាសឱ្យគ្រូបង្រៀនបានជួបជុំគ្នានៅថ្ងៃនេះដើម្បីឱ្យគ្រូបង្រៀនអាចលើកឡើងពីបញ្ហា និងតម្រូវការ ក៏ដូចជាមតិយោបល់នានា។
អ្នកស្រីថ្លែងថា៖ «យើងឃើញថា ការរឹតត្បិតសេរីភាព ការរឹតត្បិតការសម្តែងមតិកាន់តែខ្លាំងឡើង។ នេះហើយដែលលោកគ្រូ អ្នកគ្រូមួយចំនួនគាត់ភ័យខ្លាច។ ហើយមិនគួរណាប្រទេសកម្ពុជាយើងយកថ្ងៃ ដែលជាថ្ងៃទិវាគ្រូបង្រៀនពិភពលោកនេះនៅបំពេញការងារទេ គួរតែផ្តល់ថ្ងៃនេះជាថ្ងៃមួយដែលលោកគ្រូអ្នកគ្រូយើងត្រូវតែមកសម្តែងមតិ ឬក៏គាត់ចូលរួមក្នុងកម្មវិធីណាមួយ»។
ចំណែកលោក រ៉ុង ឈុន ទីប្រឹក្សារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលធ្លាប់ជាគ្រូបង្រៀនម្នាក់ត្រូវបានក្រសួងអប់រំលុបឈ្មោះចេញពីក្របខណ្ឌ បានថ្លែងក្នុងពិធីនោះដែរថា បើសិនរដ្ឋាភិបាលចង់ពង្រឹងការអប់រំ គឺត្រូវចាប់ផ្តើមកែលម្អស្ថានភាពគ្រូបង្រៀនឱ្យមានភាពល្អប្រសើរ ដោយត្រូវបើកលំហសិទ្ធិសេរីភាពគ្រូបង្រៀនក្នុងការសម្រេចចិត្ត ជាពិសេសត្រូវដំឡើងប្រាក់ខែគ្រូបង្រៀនយ៉ាងហោចចំនួន៣លាន៨សែនរៀល ឬស្មើ១ភាគ៤នៃប្រាក់បំពេញការងាររបស់តំណាងរាស្រ្ត។
លោក រ៉ុង ឈុន បញ្ជាក់ថា៖ «យើងចង់ឃើញរដ្ឋាភិបាលដំឡើងប្រាក់មូលដ្ឋាន ប្រាក់កម្រិតមូលដ្ឋានជូនគ្រូបង្រៀនក្នុងមួយខែៗឱ្យបានស្មើ១ភាគ៤នៃប្រាក់[ខែ]តំណាងរាស្ត្រ»។
ជាធម្មតា ប្រាក់ខែរបស់តំណាងរាស្រ្តមានប្រមាណ៦លានរៀល ឬ១៥០០ដុល្លារអាមេរិក។ ប៉ុន្តែប្រាក់បំពេញការងារ ដែលរួមទាំងប្រាក់ខែក្នុងនោះផងមានរហូតដល់ទៅជាង១៥លានរៀលក្នុងមួយខែ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ប្រាក់ខែគ្រូបង្រៀនឆ្នាំ២០២២មានចន្លោះពី១លាន២សែនរៀលទៅដល់២លាន១សែនរៀល ហើយក្រសួងនឹងបន្តដំឡើងប្រាក់ខែជូនគ្រូបង្រៀនតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល។ ចាប់ពីដើមឆ្នាំ២០២៣ គ្រូបង្រៀននឹងទទួលបានប្រាក់ខែយ៉ាងតិចចំនួន១លាន៥សែនរៀល ដែលលោកថា នេះជាការលើកកម្ពស់គុណភាព និងជីវភាពគ្រូបង្រៀន។
គ្រូបង្រៀនម្នាក់នៅវិទ្យាល័យសុខ អានក្តីទន្ទឹម ក្នុងខេត្តតាកែវ ដែលចូលរួមក្នុងទិវាគ្រូបង្រៀននេះ លោក គៀន ពន្លក ប្រាប់វីអូអេថា ប្រាក់ខែគ្រូបង្រៀននៅមានកម្រិតទាបនៅឡើយ ដែលជាហេតុធ្វើឱ្យគ្រូមួយចំនួនបង្រៀនក្រៅម៉ោងរដ្ឋជាដើម ដូច្នេះលោកថា បញ្ហានេះក្រសួងត្រូវតែដោះស្រាយដើម្បីកុំឱ្យវិស័យអប់រំកម្ពុជាធ្លាក់ចុះ។
លោកក៏ទទូចសុំឱ្យក្រសួងអប់រំដំឡើងប្រាក់បៀវត្សរ៍ឱ្យដូចទៅនឹងអ្វីដែលសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើសុំ គឺថា ១ភាគ៤នៃប្រាក់ការងាររបស់តំណាងរាស្ត្រ។
លោកថ្លែងថា៖ «អ៊ីចឹងយើងឃើញថា ស្ថានភាព[ប្រាក់បៀវត្សរ៍]នេះគឺនៅតិចមែនទែនសម្រាប់គ្រូបង្រៀន ដែលបង្ខំឱ្យគ្រូបង្រៀនគាត់មានមុខរបរទី២ ជាពិសេសគឺការបង្រៀនគួស៍។ ការបង្រៀនគួស៍នេះមានការគាបសិស្សនៅក្នុងស្ថាប័នរដ្ឋ ដែលធ្វើឱ្យវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាគឺកំពុងតែធ្លាក់ចុះ»។
លោក គៀន ពន្លក បន្ថែមថា ទាក់ទងការចូលរួមសកម្មភាពជាមួយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនេះ លោកក៏រងការគំរាមកំហែងផងដែរ ដោយក្រសួងអប់រំព្រមានដកហូតក្របខណ្ឌគ្រូបង្រៀនរបស់លោកថែមទៀតផង។
នៅថ្ងៃពុធនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក៏បានប្រគល់ញត្តិទៅកាន់មន្ត្រីរដ្ឋសភា ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងអប់រំដើម្បីទាមទារឱ្យស្ថាប័នទាំងនេះស្តារឡើងវិញនូវកម្រិតស្ថានភាពគ្រូបង្រៀន និងលើកកម្ពស់គុណភាពអប់រំ ដែលរួមមានការដំឡើងប្រាក់បៀវត្សរ៍គ្រូបង្រៀន ការដំឡើងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដល់គ្រូបង្រៀន លុបបំបាត់អំពើពុករលួយក្នុងប្រព័ន្ធអប់រំ និងបញ្ឈប់ការរើសអើសគ្រូបង្រៀនជាដើម៕