ការសិក្សាថ្មី២របស់ចក្រភពអង់គ្លេស បានបង្ហើបឲ្យដឹងពីទិន្នន័យបឋមថា វីរុសកូរ៉ូណាបំប្លែងខ្លួនអូមីក្រុង (Omicron) ទំនងជាបង្កឲ្យឈឺស្រាលជាងវីរុសបំប្លែងខ្លួនដែលតា (Delta)។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ក៏ប៉ុន្តែ ពួកអ្នកវិទ្យាសាស្ត្រ បានសង្កត់ធ្ងន់ថា ទោះបីការរកឃើញបឋមនេះ នៅទីបំផុតពិតប្រាកដក៏ដោយ ក៏គេត្រូវថ្លឹងថ្លែងលក្ខណៈជំងឺស្រាលរបស់វីរុសអូមីក្រុងជាងវីរុសដែលតានោះ ទៅនឹងភាពងាយឆ្លងរហ័សរបស់អូមីក្រុងជាងវីរុសដែលតា ហើយកត្តាដែលអូមីក្រុង អាចបញ្ចៀសប្រសិទ្ធភាពវ៉ាក់សាំងបាន។ ចំនួនឆ្លងដ៏ច្រើនពីអូមីក្រុង អាចជាបន្ទុកដ៏ធ្ងន់រហូតហួសសមត្ថភាពសម្រាប់មន្ទីរពេទ្យ។
ទោះជាយ៉ាងណាក៏ដោយ លោក Manuel Ascano Jr. អ្នកជីវគីមីវិទ្យានៃសាកលវិទ្យាល័យ Vanderbilt ដែលបានសិក្សាវីរុសនោះ បានបញ្ជាក់ថា ការសិក្សាថ្មីនេះ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ហាក់ដូចគាំទ្រការស្រាវជ្រាវមុនៗដែលប្រាប់ឲ្យដឹងថា វីរុសអូមីក្រុង អាចមិនសូវមានគ្រោះថ្នាក់ដូចជាវីរុសដែលតាទេ។
លោកថា ការរកឃើញថ្មីនេះ គួរជា«សុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន»។
ការសិក្សាថ្មីទាំងពីរនេះ មិនទាន់ត្រូវបានពិនិត្យផ្ទៀងផ្ទាត់ដោយអ្នកជំនាញផ្សេងទៀតនៅឡើយទេ៕