ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីរុស​បំប្លែង​ថ្មី​អូមីក្រុង ក្លាយជា​វីរុស​កូវីដ១៩ នាំ​មុខ​គេ​នៅ​សហរដ្ឋ​អាមេរិក


អ្នកធ្វើដំណើរ ដើរ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Miami កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្នុង​ទីក្រុង Miami រដ្ឋ Florida សហរដ្ឋ​អាមេរិក។
អ្នកធ្វើដំណើរ ដើរ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Miami កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្នុង​ទីក្រុង Miami រដ្ឋ Florida សហរដ្ឋ​អាមេរិក។

បុរស​ម្នាក់នៅ​ក្នុងរដ្ឋ Texas សហរដ្ឋ​អាមេរិក ដែល​បាន​ស្លាប់​ដោយសារ​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង (Omicron) កាលពី​ថ្ងៃ​ចន្ទ អាច​ជា​មនុស្ស​ដំបូងគេ​ដែល​បាន​ស្លាប់​ដោយសារ​វីរុស​នេះ។ ឥឡូវ​នេះ វីរុស​នេះ ​បាន​ក្លាយជា​ប្រភេទ​វីរុស​កូវីដ១៩ ដែល​នាំមុខ​គេ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

មន្ត្រី​សុខាភិបាល​ស្រុក Harris នៃ​រដ្ឋ Texas បាន​និយាយ​ថា បុរស​ដែល​បាន​ស្លាប់​នោះ​ មាន​អាយុ ជាង ៥០ ឆ្នាំ មិន​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ នោះទេ និង​ថែមទាំង​មាន​ជំងឺ​ប្រចាំកាយ​ទៀត​ផង ដែល​ធ្វើ​ឲ្យ​គាត់​ងាយ​រងគ្រោះចំពោះ​អាការៈ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ១៩។

មជ្ឈមណ្ឌល​គ្រប់គ្រងនិង​បង្ការ​ជំងឺ (CDC) របស់​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ករណី​ឆ្លង​ដោយសារ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​នេះ​មាន​ចំនួន ៧៣% ក្នុង​ចំណោម​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ទាំង​អស់​នៅក្នុង​សហរដ្ឋ​អាមេរិក គិត​ត្រឹម​ថ្ងៃសៅរ៍​កន្លង​ទៅ។

ការ​ឆ្លង​រាលដាល​យ៉ាង​ឆាប់​រហ័ស​ដូច​ភ្លើង​ឆេះព្រៃ​នៃ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​នេះ បាន​ធ្វើឲ្យ​អាជ្ញាធរ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​អនុវត្ត​ឡើងវិញ​នូវ​វិធានការ​រឹតបន្តឹង​ពី​មុន ឬ​ក៏​ដាក់​ចេញ​នូវ​វិធានការ​ថ្មី​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

អភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​អ្នកស្រី Muriel Bowser បាន​ដាក់​បញ្ជា​ឲ្យ​អនុវត្ត​ឡើងវិញ​នូវ​ការ​ពាក់​ម៉ាស់ជាចាំបាច់​នៅក្នុង​អាគារ​ផ្សេងៗ។ រី​ឯ​អភិបាល​ទីក្រុង Boston រដ្ឋ Massachusetts អ្នកស្រី Michelle Wu វិញ បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ចាប់ពី​ខែ​ក្រោយ​តទៅ ពលរដ្ឋត្រូវតែ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ១៩ មុន​ពេលចូលក្នុង​កន្លែង​អាជីវកម្ម​មួយ​ចំនួន ដូចជា​កន្លែង​ហាត់ប្រាណ ភោជនីយដ្ឋាន និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ជាដើម។

ជា​ថ្មី​ម្ដងទៀត​នៅ​ពេល​នេះ មន្ទីរពេទ្យ​នៅ​ទូទាំងសហរដ្ឋ​អាមេរិក​ផ្ទុក​ទៅ​ដោយ​អ្នកជំងឺ​កូវីដ១៩ ដែល​ទើប​ឆ្លង​ថ្មីៗ។ ស្ថានការណ៍​នេះ​គឺ​កាន់តែ​ស្មុគស្មាញ​បន្ថែម​ទៀត​ដោយសារតែ​កង្វះ​គិលានុបដ្ឋាយិការ និង​បុគ្គលិក​សុខាភិបាល​ផ្សេងៗ​ទៀត។

​វីរុស​បំប្លែង​ថ្មី​អូមីក្រុង ដែល​គេ​បាន​រកឃើញ​ដំបូងកាលពី​ខែមុន​នៅ​ក្នុង​ប្រទេសមួយ​ចំនួន​នៅទ្វីប​អាហ្រ្វិក ឥឡូវនេះ​បាន​ឆ្លង​រាលដាល​ដល់​ប្រទេសជិត ៩០ នៅ​ជុំវិញ​ពិភពលោក។ ករណី​នេះ​បាន​ធ្វើឲ្យ​អង្គការ​សុខភាព​ពិភពលោក (WHO) ជំរុញពលរដ្ឋឲ្យ​លុបចោល​ការ​ធ្វើដំណើរកម្សាន្ត​របស់​ខ្លួន​នៅ​ក្នុង​ឱកាស​បុណ្យ​ណូអែល និង​បុណ្យ​ចូលឆ្នាំ​ថ្មីខាងមុខ​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG