ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រាលដាល​ជា​សាកល​នៃ​វីរុស​អូមីក្រុង​នាំ​ឲ្យ​មាន​ការ​បិទ​ខ្ទប់​​ជា​ថ្មី និង​ពន្យារ​ពេល​ការ​បើក​ប្រទេស​ឡើង​វិញ


រូបឯកសារ៖ ប្រជាជន​កំពុង​តម្រង់​ជួរ​រង់ចាំនៅ​កន្លែង​ធ្វើ​តេស្ត​កូចវីដ១៩ នៅ​ Times Square ក្នុងទីក្រុង​ New York ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ២០២១។ (AP)

ប្រទេស​នូវែលសេឡង់នៅ​ថ្ងៃ​អង្គារ​នេះ បាន​ពន្យារ​ពេល​ការ​បើក​ព្រំដែន​អន្តរជាតិ​របស់​ខ្លួន​ឡើង​វិញ ពីព្រោះ​តែ​ការ​រាលដាល​យ៉ាង​ខ្លាំង​នៃ​វីរុស​អូមីក្រុង​(Omicron)​នៅ​ជុំវិញ​ពិភពលោក​ ខណៈ​ដែល​ប្រទេស​ជាច្រើន បាន​ដាក់​វិធានការ​រឹតត្បិត​ឲ្យរក្សា​គម្លាតពីគ្នា​ក្នុង​សង្គម​ឡើង​វិញ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រទេស​ជាច្រើន​បាន​ស្ថិត​នៅ​ក្នុង​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ប៉ុន្មាន​ថ្ងៃ​មុន​បុណ្យ​ណូអែល​និង​បុណ្យ​ចូលឆ្នាំ​សាកល នៅពេល​ដែល​វិបត្តិ​សុខភាព​នៅពេល​ថ្មីៗ​នេះ ក៏ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​ហិរញ្ញវត្ថុ​ដែល​បារម្ភពី​ផល​ប៉ះពាល់នៃ​វិបត្តិ​ចុងក្រោយ​នេះ​ដល់​ការងើបឡើង​វិញ​នូវ​សេដ្ឋកិច្ច​សាកលលោក។

ការឆ្លង​នៃ​វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​អូមីក្រុង កំពុង​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប សហរដ្ឋ​អាមេរិក​និង​ទ្វីប​អាស៊ី រួមទាំង​នៅប្រទេស​ជប៉ុន ដែលនៅ​ទី​នោះមានការឆ្លង​មួយនៅ​ឯ​មូលដ្ឋាន​យោធា​មួយ​កន្លែង​បាន​កើនឡើង​ទៅដល់​យ៉ាងតិច​ណាស់​ក៏១៨០​ករណី​ដែរ។

នៅ​ក្នុង​ប្រទេស​សិង្ហបូរី ក្រសួង​សុខាភិបាល បាន​ធ្វើ​តេស្ត​ដើម្បី​កំណត់​ថា តើ​វីរុស​អូមីក្រុង​បាន​ស្ថិត​នៅ​ពី​ខាង​ក្រោយការឆ្លង​រាលដាល​យ៉ាង​ខ្លាំង​នៅឯ​កន្លែង​ហាត់ប្រាណ​ដែរ​ឬទេ។

ប្រទេស​កូរ៉េ​ខាង​ត្បូង ហូឡង់ អាល្លឺម៉ង់​និង​ប្រទេស​អៀរឡង់ ស្ថិត​នៅ​ក្នុង​បណ្តា​ប្រទេស​ដែលដាក់​ការបិទ​ខ្ទប់​សង្គម​មួយ​ផ្នែក​ឬ​ទាំង​ស្រុង​ឬ​វិធានការ​នៅ​ឃ្លាត​ពីគ្នាឡើង​វិញ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។

នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ជា​ទីកន្លែង​ដែល​វីរុស​បំប្លែង​ខ្លួន​អូមីក្រុង បាន​កើន​ឡើង​យ៉ាង​ខ្លាំង ក៏ប៉ុន្តែ​ចំនួន​មនុស្ស​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យនៅ​មាន​ចំនួន​ទាប​នៅឡើយ លោក​នាយក​រដ្ឋមន្ត្រី Scott Morrison បាន​ជំរុញ​ឲ្យ​មេដឹកនាំ​រដ្ឋ​និង​ដែនដី​បញ្ចៀស​ការបិទ​សកម្មភាព​សង្គម​តទៅ​ទៀត ដោយ​និយាយ​ថា ការកម្រិត​ការ​រាលដាល​នៃ​វីរុស​កើតចេញ​ពី​ការ​ទទួល​ខុសត្រូវ​របស់​បុគ្គល​និមួយៗ​ទៅ​វិញ។

វីរុស​បំប្លែង​ខ្លួន​អូមីក្រុង បាន​ត្រូវ​គេ​រកឃើញលើក​ដំបូង​កាល​ពី​ខែ​មុន​នៅ​ក្នុង​តំបន់ភាគ​ខាង​ត្បូង​នៃ​ទ្វីប​អាហ្វ្រិក​និងនៅ​ទីក្រុង​ហុងកុង ហើយ​រហូត​មកទល់​ពេល​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​នៅ​ក្នុង​ប្រទេស​យ៉ាង​តិច​ក៏៨៩​ដែរ៕

ពាក្យក្នុងសារព័ត៌មាន៖ outrage
សូម​រង់ចាំ

No media source currently available

0:00 0:01:30 0:00
XS
SM
MD
LG