ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​តម្រូវ​ឱ្យ​មាន​ឡើង​វិញ​ការធ្វើ​ចត្តាឡីស័ក​បង្ការ​​ជំងឺ​កូវីដ១៩ ដោយសារ​ការព្រួយ​បារម្ភ​អំពី​វីរុស​អូមីក្រុង


រូបឯកសារ៖ អ្នកដំណើរ ដើរ​នៅក្នុង​អាកាស​យានដ្ឋាន​អន្តរជាតិ Suvarnabhumi ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកដំណើរ ដើរ​នៅក្នុង​អាកាស​យានដ្ឋាន​អន្តរជាតិ Suvarnabhumi ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

ប្រទេស​ថៃ បាន​ដាក់​កម្រិត​ឱ្យ​មានការ​ធ្វើ​ចត្តាឡីស័ក​បង្ការ​ជំងឺ​កូវីដ១៩​ឡើងវិញ​ សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ និង​បោះបង់​ចោល​ការលើកលែង​ការ​ធ្វើ​ចត្តាឡីស័ក​ចាប់តាំង​ពី​ថ្ងៃ​អង្គារ ទី២១​ ខែធ្នូ​ ម្សិលមិញ​នេះ​ទៅ ​បណ្តាល​មក​ពី​ការព្រួយ​បារម្ភ​អំពី​ការ​រាលដាល​នៃ​វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​អូមីក្រុង (Omicron)។ នេះ​ បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​សម្រេច​ដើម្បី​បញ្ឈប់​កម្មវិធី​«ការធ្វើ​តេស្ត​រួច​ហើយ​ទៅ»​ (Test and Go) របស់​ថៃ​មាន​ន័យ​ថា ភ្ញៀវ​ទេសចរ​បរទេស ​នឹង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគាររយៈ​ពេល​ពី ៧ថ្ងៃ ​ទៅ​១០​ថ្ងៃ។

ក្នុង​ខណៈនោះ​ដែរ កម្មវិធីសាកល្បងតម្រូវ​ឲ្យ​ភ្ញៀវ​ទេសចរ​ស្ថិត​នៅ​កន្លែង​ជាក់លាក់​មួយ ក៏ប៉ុន្តែ អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​ដំណើរ​ដោយ​សេរី​នៅ​ខាង​ក្រៅ​កន្លែង​ដែល​គេ​ស្នាក់នៅ​នោះ ក៏​នឹង​ត្រូវ​ផ្អាក​នៅ​គ្រប់​កន្លែង​ទាំងអស់ លើក​លែងតែ​កន្លែង​លំហែ​កាយ​សម្រាប់​ទេសចរណ៍​នៅ​កោះ Phuket តែ​ប៉ុណ្ណោះ។

លោក​ស្រី Rachada Dhanadirek អ្នក​នាំពាក្យ​រង​របស់​រដ្ឋាភិបាល បាន​និយាយ​ថា «ក្រោយ​ថ្ងៃ២១ ខែ​ធ្នូ នឹងមិន​មាន​ការចុះ​ឈ្មោះ​ថ្មី​សម្រាប់​កម្មវិធី «ធ្វើ​តេស្ត​ហើយ​ទៅ»​នោះ​ទេ មាន​តែ​ការធ្វើ​ចត្តាឡីស័ក​ឬ​កម្មវិធី​សាកល្បង​នៅ Phuket តែប៉ុណ្ណោះ។

ការប្រកាស​នេះ បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ ​បន្ទាប់​ពី​ប្រទេស​ថៃ​ បាន​រាយការណ៍​ករណី​ដំបូង​នៃ​ការឆ្លង​ក្នុង​ស្រុក​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី​អូមីក្រុង។

ការ​ប្រកាសថ្មី​នេះ​ ក៏​បាន​កើត​មាន​ឡើង​ប៉ុន្មាន​សប្តាហ៍​ បន្ទាប់​ពី​ថៃ​ បាន​បើក​ប្រទេស​ឡើង​វិញ​ដល់​ភ្ញៀវ​ទេសចរ​បរទេស​កាលពី​ខែ​វិច្ឆិកា ដែល​បាន​បញ្ចប់​គោលនយោបាយ​រឹតត្បិត​ការចេញ​ចូល​ដ៏​តឹងរ៉ឹង​រយៈ​ពេល​១៨​ខែ ​ដែល​បាន​ធ្វើ​ឲ្យ​ដួល​រលំ​វិស័យ​ទេសចរណ៍ ដែល​ជា​ឧស្សាហកម្ម​ដ៏​សំខាន់​មួយ​ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចំនួន​៤០​លាន​នាក់ ក្នុង​ឆ្នាំ២០១៩៕

XS
SM
MD
LG