ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​​ឱសថ​កូវីដ១៩​ធំៗកំពុង​ផលិត​វ៉ាក់សាំង​ពិសេស​សម្រាប់​ទប់​ទល់​នឹង​វីរុស​អូមីក្រុង


អ្នក​ដើរ​ទិញ​ឥវ៉ាន់​អំឡុងរដូវ​បុណ្យ​ណូអែលនៅ Leicester Square ក្នុង​ទីក្រុង​ឡុងដ៍ ថ្ងៃ​ពុធ ទី២២ ខែ​ធ្នូ ឆ្នាំ២០២១។
អ្នក​ដើរ​ទិញ​ឥវ៉ាន់​អំឡុងរដូវ​បុណ្យ​ណូអែលនៅ Leicester Square ក្នុង​ទីក្រុង​ឡុងដ៍ ថ្ងៃ​ពុធ ទី២២ ខែ​ធ្នូ ឆ្នាំ២០២១។

ក្រុមហ៊ុន​ផលិត​ឱសថ​ AstraZeneca​ និង​សាកល​វិទ្យាល័យ Oxford ​របស់​ចក្រភព​អង់គ្លេស​និយាយ​ថា​ខ្លួន​កំពុង​អភិវឌ្ឍ​ប្រភេទ​វ៉ាក់សាំង​កូវីដ​ពីរដូស​ទម្រង់​ថ្មី​មួយដែលផ្តល់​ការពារជា​ពិសេស​ប្រឆាំងវីរុស​កូរ៉ូណា​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង។​

លោក​ Sandy Douglas ​ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ Oxford​ បាន​ប្រាប់​កាសែត​ Financial Times ថា​ វ៉ាក់សាំង​ប្រឆាំង​វីរុស​មាន​ហ្សែន​ពីរ​អាច​ត្រូវ​ប្រើប្រាស់​ដើម្បី​ទប់​ទល់​វីរុស​បំប្លែង​ថ្មី​បាន​រហ័ស​ជាង​អ្វី​ដែល​អ្នក​ស្រាវជ្រាវ​ខ្លះ​បាន​គិតក្នុង​ពេល​កន្លង​មក»។​

ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ទស្សនាវដ្តី​វេជ្ជសាស្ត្រ​ The Lancet ​ បាន​បង្ហាញ​ថា​ការ​ការពារ​ដោយ​វ៉ា់ក់សាំង​ AstraZeneca​ បច្ចុប្បន្ន​នេះ​បាន​ចុះ​ខ្សោយប្រសិទ្ធ​ភាព​បន្ទាប់​ពី​ចាក់​ដូស​ទី២​បាន​៣​ខែ។​ការ​សិក្សា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​អំពាវ​នាវ​ឲ្យ​ចាក់​ដូស​ជំរុញ​ដើម្បីទប់​ទល់​នឹងវីរុស​បំប្លែង​ថ្មីប្រភេទ​អូមីក្រុង​ដែល​ឆ្លង​រាល​ដាល​យ៉ាង​លឿន​និង​ឆាប់​រហ័ស។​

ប្រទេស​ថៃ​បាន​កំណត់​ធ្វើ​ចត្តាឡីស័ក​ឡើង​វិញ​ភ្លាមៗ​កាលពី​ថ្ងៃ​អង្គារសម្រាប់អ្នក​ដំណើរ​បរទេស​បន្ទាប់​ពី​ប្រទេស​នេះបាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​អូមីក្រុង​ជា​លើក​ដំបូង។​

បន្ថែម​ពី​លើ​ការ​លុប​ចោល​«ការ​ធ្វើ​តេស្ត​ហើយ​ចេញដំណើរ​»នោះ​ប្រទេស​ថៃ​ក៏​បាន​លុប​ចោល​កម្មវិធី​ដែល​កំណត់​កន្លែង​សម្រាប់​ក្រុម​អ្នក​ទេសចរ​ស្ថិត​នៅ​តែ​អនុញ្ញាត​ឲ្យ​ធ្វើ​ដើរហើរ​ដោយ​សេរី​នៅ​កន្លែង​កំណត់​នោះ។

ប្រទេស​ថៃ​បាន​អនុវត្តនូវ​គោល​នយោបាយ​ថ្មី​ក្នុង​បំណង​ស្តារ​វិស័យ​ទេសចរណ៍​ដែល​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ដោយ​សារ​ការ​រាតត្បាត​នៃ​កូវីដ​១៩។​

ដោយ​ឡែក​នៅ​ក្នុង​ប្រទេសអ៊ីស្រាអ៊ែល​នឹង​ផ្តើម​ការ​ចាក់​វ៉ាក់សាំងកូវីដ១៩ដូស​ទី៤​ដើម្បីទប់​ទល់​នឹងការឆ្លង​នៃ​វីរុស​អូមីក្រុង។​នាយក​រដ្ឋមន្ត្រី​អីស្រាអែល​លោក ​Naftali Bennett​ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា​ក្រុម​ប្រឹក្សា​ផ្តល់​យោប់​ពិសេស​មួយ​បាន​ស្នើ​ឲ្យ​ចាក់​វ៉ាក់សាំង​បន្ថែម​សម្រាប់​មនុស្ស​ដែល​មាន​វ័យ​ពី​៦០​ឆ្នាំ​ឡើង​ទៅ​និង​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយហើយ​នឹង​បុគ្គលិក​ពេទ្យ។​វ៉ាក់សាំង​ដូស​ទី៤​នេះ​ត្រូវ​ចាក់​ក្រោយ​ពី​ចាក់​ដូស​ទី៣​បាន​យ៉ាង​តិច​៤​ខែ។

ដោយ​ឡែក​អង្គការ​សុខភាព​ពិភព​ប្រចាំ​ទ្វីប​អឺរ៉ុបបាន​ប៉ាន់ប្រមាណ​ថា​តំបន់​អឺរ៉ុប​នឹង​អាច​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩​ចំនួន​៧​សែន​នាក់​ទៀត​នៅត្រឹម​ពាក់​កណ្តាល​ឆ្នាំ​២០២២។​

ក្រៅពីនេះប្រទេស​ជប៉ុន​បាន​រក​ឃើញ​ករណី​អ្នកឆ្លង​វីរុស​អូមីក្រុង​ក្នុង​ស្រុក​ជា​លើក​ដំបូង។មន្ត្រី​ក្នុង​ទីក្រុង​កំពុង​ផែ​ Osaka ​ភាគ​កណ្តាល​បាន​និយាយ​ថា ​គ្រួសារ​មួយ​ដែល​មាន​សមាជិក​៣​នាក់​ដែល​មិន​ដែល​ធ្លាប់​ចេញ​ទៅ​ក្រៅ​ប្រទេស​ថ្មី​ៗ​នេះ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​វីរុស​អូមីក្រុង៕​

ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារព័ត៌មាន​ The Associated Press និង Reuters។

XS
SM
MD
LG