គណៈកម្មាធិការរៀបចំកីឡាអូឡាំពិកទីក្រុងតូក្យូ បានដកនាយកពិធីសម្ពោធន៍កីឡានេះ នៅថ្ងៃព្រហស្បតិ៍ ដោយសារលោកនិយាយកំប្លែងអំពីការសម្លាប់រង្គាលក្នុងកម្មវិធីកំប្លែងកាលពីឆ្នាំ១៩៩៨។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP។
មួយថ្ងៃមុនពិធីសម្ពោធន៍ ប្រធានគណៈកម្មាធិការរៀបចំកម្មវិធី គឺលោកស្រី Seiko Hashimoto បាននិយាយថា លោក Kentaro Kobayashi ត្រូវដកចេញ។ លោក ត្រូវបានចោទប្រកាន់ពីបទលេងសើចអំពីការសម្លាប់រង្គាល នៅក្នុងការសម្តែងបែបកំប្លែងរបស់លោករួមមានឃ្លាថា «យើងលេងល្បែងហាយនភាព»។
លោកស្រី Hashimoto បានមានប្រសាសន៍ថា «យើងបានដឹងថា នៅក្នុងការសម្តែងផ្ទាល់របស់លោក លោក Kobayashi បាននិយាយឃ្លាមាក់ងាយសោកនាដកម្មប្រវត្តិសាស្ត្រ។ យើងសូមអភ័យទោសយ៉ាងខ្លាំងចំពោះការសម្រេចបែបនេះ ដែលធ្វើឡើងតែមួយថ្ងៃមុនពិធីសម្ពោធន៍ ការបង្កបញ្ហា និងកង្វល់ដល់ភាគីពាក់ព័ន្ធ ហើយនឹងប្រជាជននៅទីក្រុងតូក្យូ និងទូទាំងប្រទេស»។
រដ្ឋាភិបាលក្រុងតូក្យូ ធ្លាប់មានរឿងអាស្រូវជាច្រើនចាប់តាំងពីទទួលបានសិទ្ធិរៀបចំកម្មវិធីអូឡាំពិកកាលពីឆ្នាំ ២០១៣។
ក្រុមអ្នកស៊ើបអង្កេតបារាំង កំពុងពិនិត្យមើលការចោទប្រកាន់ពីបទសូកប៉ាន់ឲ្យសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិប្រើឥទ្ធិពលលើការបោះឆ្នោតឲ្យទីក្រុងតូក្យូរៀបចំកីឡាអូឡាំពិកនេះ។ បញ្ហានេះបានបង្ខំឱ្យលោក Tsunekazu Takeda ប្រធានគណៈកម្មាធិការអូឡាំពិកជប៉ុន និងជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លាលែងពីតំណែង។
ពិធីសម្ពោធន៍ ដែលពន្យារពេលដោយសារជំងឺរាតត្បាតនោះ គ្រោងធ្វើនៅថ្ងៃសុក្រ។ពិធីនេះ នឹងគ្មានអ្នកទស្សនាទេ ជាវិធានការបង្ការការរាលដាលនៃវីរុសកូរ៉ូណា ប៉ុន្តែទោះជាយ៉ាងណា មន្ត្រី ភ្ញៀវ និងប្រព័ន្ធផ្សព្វផ្សាយនឹងចូលរួម។
លោកស្រី Hashimoto បាននិយាយថា «យើងនឹងធ្វើពិធីសម្ពោធន៍នៅថ្ងៃស្អែក។ ខ្ញុំប្រាកដថា មនុស្សជាច្រើនមិនមានអារម្មណ៍ល្អសម្រាប់កម្មវិធីសម្ពោធន៍កីឡានេះទេ។ ប៉ុន្តែយើងនឹងសម្ពោធនៅថ្ងៃស្អែក ក្នុងស្ថានភាពដ៏លំបាកនេះ»។
កាលពីដើមសប្តាហ៍នេះ លោក Keigo Oyamada អ្នកនិពន្ធភ្លេងដែលត្រូវប្រើក្នុងពិធីនោះ ត្រូវបានបង្ខំឱ្យលាឈប់ ដោយសារលោកធ្លាប់សម្លុតអតីតមិត្តរួមថ្នាក់ ហើយលោកបានអួតអាងនៅក្នុងបទសម្ភាសន៍ក្នុងទស្សនាវដ្តី។ ភ្លេងរបស់លោក នឹងមិនត្រូវបានប្រើទេ។
ប្រទេសជប៉ុន កំពុងតែជំរុញរៀបចំកីឡាអូឡាំពិក ដោយមិនស្តាប់ការណែនាំរបស់អ្នកជំនាញវេជ្ជសាស្ត្ររបស់ជប៉ុនភាគច្រើន។ បញ្ហានេះមួយផ្នែកដោយសារសម្ពាធពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ ដែលត្រូវគេប៉ាន់ប្រមាណថា នឹងប្រឈមការខាតបង់ប្រាក់ចំណូលពីទូរទស្សន៍ពី៣ពាន់លាន ទៅ៤ពាន់លានដុល្លារ បើមិនមានកម្មវិធីកីឡានេះ។
លោក Toshiro Muto នាយកប្រតិបត្តិនៃគណៈកម្មាធិការរៀបចំទីក្រុងតូក្យូ ក៏បានទទួលស្គាល់រឿងខូចឈ្មោះនេះដែរ។
រឿងអាស្រូវចុងក្រោយនេះ កើតឡើងនៅពេលរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី Yoshihide Suga ប្រឈមនឹងការរិះគន់ចំពោះការផ្តល់អាទិភាពដល់កីឡាអូឡាំពិក ទោះបីជាព្រួយបារម្ភអំពីសុខភាពសាធារណៈពេលមានកំណើនការឆ្លងវីរុសកូរ៉ូណាក៏ដោយ៕