រដ្ឋាភិបាលជប៉ុន នឹងអនុម័តវិធានកាន់តែតឹងរ៉ឹងទប់ទល់នឹងរីរុសកូរ៉ូណាក្នុងរាជធានីនៅថ្ងៃសុក្រ គឺច្រើនសប្តាហ៍បន្ទាប់ពីបញ្ចប់ស្ថានភាពអាសន្ន ហើយនៅសល់តែជាង១០០ថ្ងៃប៉ុណ្ណោះ មុនកម្មវិធីកីឡាអូឡាំពិកទីក្រុងតូក្យូ ត្រូវបានលើកពេល។ ការរឹតបន្តឹងថ្មី គឺមិនសូវតឺងតែងដូចការបិទទាំស្រុងនៅក្នុងប្រទេសដទៃទៀតទេ ហើយភាគច្រើនអំពាវនាវឱ្យភោជនីយដ្ឋាននិងបារ បិទនៅម៉ោង៨យប់ ដោយព្រមានដោយផាកពិន័យចំពោះអ្នកដែលមិនធ្វើតាម។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
វិធានការនានាបានចូលជាធរមានរួចហើយនៅក្នុងតំបន់ដែលជាចំណុចក្តៅ រួមមានទីក្រុងអូសាកា ទីដែលការកើនឡើងវិញនៃករណីឆ្លងបានបង្ខំឱ្យកម្មវិធីដុតគប់ភ្លើងអូឡាំពិកនៅតាមផ្លូវសាធារណៈ ត្រូវបានត្រូវលើកពេល។ ការប្រកួតកីឡាឆ្នាំ២០២០ ដែលត្រូវពន្យារពេលដោយសារជំងឺរាតត្បាត ត្រូវចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា នៅទីក្រុងតូក្យូ ប៉ុន្តែការកើនឡើងនៃករណីឆ្លងវីរុសនៅក្នុងតំបន់នានានៃប្រទេសកំពុងបង្កការព្រួយបារម្ភថ្មី។
រដ្ឋាភិបាលជប៉ុន បានប្រកាសស្ថានភាពអាសន្នដោយសារវីរុសនៅតំបន់ជាច្រើន ដោយចាប់ផ្តើមពីខែមករា ហើយលើកដកចេញបន្តិចម្តងៗ ហើយវិធានការ បានដកចេញនៅទីក្រុងតូក្យូចុងក្រោយគេ។ ប៉ុន្តែករណីឆ្លងនានាបានងើបឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងតំបន់ខ្លះ ដែលវិធានការនេះ ត្រូវបានលុបចោលយ៉ាងឆាប់ជាពិសេសនៅក្រុងអូសាកា។
អភិបាលក្រុងតូក្យូលោកស្រី Yuriko Koike បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «វាជាការបន្ទាន់ដែលយើងចាត់វិធានការកាន់តែខ្លាំងឡើងៗ ដូចជាការកាត់បន្ថយលំហូរប្រជាជនរវាងទីក្រុងធំៗ បើមិនដូច្នេះទេ យើងនឹងឃើញមានការឆ្លងរាលដាលហើយកាន់តែធ្ងន់ធ្ងរ»។
ប្រទេសជប៉ុន បានចៀសផុតស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ដូចនៅប្រទេសផ្សេងទៀត ហើយមានមនុស្សស្លាប់សរុបប្រមាណជា៩៣០០នាក់។
ប៉ុន្តែការចាក់វ៉ាក់សាំងមានសភាពយឺត ដោយមានតែការអនុញ្ញាតឲ្យចាក់តែវ៉ាក់សាំង Pfizer- BioNTech ប៉ុណ្ណោះ ហើយគ្រូពេទ្យ បានរាយការណ៍ពីការរាលដាលនៃសន្តានមេរោគថ្មី ដែលឆ្លងកាន់តែខ្លាំង។ ការចាក់ថ្នាំបង្ការសម្រាប់មនុស្សចាស់គ្រោងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយគេមិនរំពឹងថា នឹងមានការអនុញ្ញាតឲ្យចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និង AstraZeneca មុនខែឧសភាទេ។ វិធានការថ្មី គឺគ្របដណ្តប់តំបន់កណ្តាលទីក្រុងតូក្យូ ហើយតំបន់ផ្សេងទៀត នឹងត្រូវប្រកាសនៅថ្ងៃសុក្រ ហើយនឹងត្រូវអនុវត្តចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃទី១១ ខែឧសភា៕