ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កីឡាអូឡាំពិក​ដែល​«គ្មានភាពរីករាយ» ប្រឹងប្រែង​ទាក់ទាញ​អ្នកទស្សនា


នាង Margareta Kozuch កីឡាការិនី​បាល់ទះ​លើ​ឆ្នេរខ្សាច់​របស់​អាល្លឺម៉ង់ ពត់ខ្លួន​ក្នុង​អំឡុងពេល​ហ្វឹកហាត់ មុន​ការចាប់ផ្តើម​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ​ឆ្នាំ២០២០ កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅ​ទីក្រុងតូក្យូ។
នាង Margareta Kozuch កីឡាការិនី​បាល់ទះ​លើ​ឆ្នេរខ្សាច់​របស់​អាល្លឺម៉ង់ ពត់ខ្លួន​ក្នុង​អំឡុងពេល​ហ្វឹកហាត់ មុន​ការចាប់ផ្តើម​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ​ឆ្នាំ២០២០ កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅ​ទីក្រុងតូក្យូ។

ពិធី​បំពាក់​មេដាយ​ជា​ទូទៅ ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ដែល​តំណាង​ឲ្យ​ការ​ប្រកួត​កីឡា​អូឡាំពិក នៅ​ពេល​ដែល​ក្រុម​អត្តពលិក​គ្រប់​វិញ្ញាសារ​ ឱន​ក្បាល​ដើម្បី​ទទួល​យក​នូវ​ការ​បំពាក់​មេដាយ​ដែល​ពួក​គេ​ទទួល​បាន។

ប៉ុន្តែ​ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​ ក្រុម​អត្តពលិក​ នឹង​ត្រូវ​បាន​ប្រគល់​មេដាយ​ទាំង​នោះ​ ដែល​ត្រូវបាន​ដាក់​នៅ​លើ​ថាស​ទៅ​វិញ។ ហើយ​ពួក​គេ​នឹង​លើក​មេដាយ​ទាំង​នោះ​ពាក់​លើ​ក​ដោយ​ខ្លួន​ឯង។

ពិធី​ប្រគល់​មេដាយ​ដោយ​ពាក់​ដោយ​ខ្លួន​ឯង​នេះ គឺជា​ការ​ផ្លាស់ប្តូរ​មួយ​ក្នុង​ចំណោម​ការ​ផ្លាស់ប្តូរ​ជា​ច្រើន​ នៅក្នុងការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ឆ្នាំ​នេះ ខុស​ពី​អ្វី​ដែល​ធ្លាប់​រៀប​ចំ​កាល​ពី​ពេលមុនៗ។

បន្ថែម​លើ​នេះ ការ​ផ្លាស់ប្តូរ​សំខាន់ៗ​ផ្សេង​ទៀត រួមមាន​កីឡដ្ឋាន​ធំៗ​នឹង​គ្មាន​មនុស្ស​ទស្សនា​ដោយ​ផ្ទាល់ ការ​ហាម​ឃាត់​ក្រុម​អត្តពលិក​មិន​ឲ្យ​អបអរ​សាទរ​ដោយ​ការ​ទះ​ដៃ​គ្នា ឬ​ការ​ឱប​គ្នា ហើយ​ក៏​គ្មានកម្មវិធី​កាន់​ភ្លើង​គប់​ផង​ដែរ។

លោក Alessandro Libri ដែល​ជា​អ្នក​សារព័ត៌មាន​ម្នាក់​ប្រចាំ​ទីក្រុង​តូក្យូថ្លែង​ថា ព្រឹត្តិការណ៍​ដែល​ធ្វើ​ឡើង​ដោយ​មាន​ការ​រឹតត្បិត​បែប​នេះ ​គួរ​ឲ្យសោកស្តាយ​ណាស់។

លោក Libri ថ្លែង​ថា៖ «ពិតណាស់ ជន​ជាតិ​ជប៉ុន ​គឺ​ជា​ក្រុម​អ្នក​ដែល​ពូកែ​ខាង​រៀបចំព្រឹត្តិការណ៍​សាកលលោកបាន​យ៉ាង​ល្អ។ ប៉ុន្តែ វា​ជា​កិច្ចការ​ដ៏​ពិបាក​បំផុត ក្នុង​ការព្យាយាម​ធ្វើ​ឲ្យ​ការ​ប្រកួត​កីឡាអូឡាំពិក​ឆ្នាំ​នេះ ​ដែល​គ្មាន​ការ​ចូលរួម​អបអរ​សាទរ​ដែល​ជា​ធាតុ​ស្នូល​ដ៏​សំខាន់​សម្រាប់​ការ​ប្រកួត​គ្រប់​វិញ្ញាសារ​របស់​កីឡា​អូឡាំពិក ទទួល​បាន​នូវ​ស្មារតី​គាំទ្រ​ឡើង​វិញ»។

សំណួរ​ដែល​ពិបាក​ឆ្លើយ​មួយ​ទៀត​នោះ​គឺ​ថា តើ​មនុស្ស​នៅ​ជុំ​វិញ​ពិភពលោក ចាប់​អារម្មណ៍​លើ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំនេះ​ដល់​កម្រិត​ណា។

ខណៈ​ដែល​ការ​រាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ​១៩ កំពុង​តែស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ឡើយ​ មាន​ការ​រំពឹង​ទុក​ថា មនុស្ស​តិចតួច​ណាស់ ​នឹង​មាន​ចំណាប់​អារម្មណ៍​លើ​ព្រឹត្តិការណ៍ឆ្នាំ​នេះ ​ដែល​សារព័ត៌មាន​មួយ​ចំនួន​បាន​ហៅ​ការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​ថា ​ជា​«កីឡា​អូឡាំពិក​ដែល​គ្មាន​ភាព​រីករាយ»។

យោង​តាម​ការស្ទង់​មតិ​មួយ​របស់​ក្រុមហ៊ុន Ipsos ៤៦ ភាគរយ​នៃ​អ្នក​ចូលរួម​ក្នុង​ការ​ស្ទង់​មតិ​នេះ​និយាយ​ថា​ ពួក​គេ​ចាប់​អារម្មណ៍​លើ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​នេះ ដែល​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​តូក្យូ។

អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​មួយ​ទៀត​នោះ​គឺ​ថា ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំនេះ​អាច​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ចម្លង​ជំងឺ​កូវីដ១៩ ទ្រង់ទ្រាយ​ធំ​នៅ​ទីក្រុង​តូក្យូ។

បច្ចុប្បន្ន​នេះ​ ទីក្រុង​តូក្យូកំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាសន្ន​នៅ​ឡើយ ​បន្ទាប់​ពី​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ បាន​កើន​ឡើង។ លោក Libri និយាយ​ថា មក​ទល់​ពេល​នេះ ក្រុម​អត្តពលិក​បីនាក់​ហើយ​ត្រូវបាន​រកឃើញ​ថា បាន​ឆ្លង​ជំងឺ​កូវីដ១៩ ដែល​បង្ក​ឲ្យ​សារព័ត៌មាន​ជា​ច្រើន​សរសេរ​អត្ថបទ​បែប​រិះគន់​ខ្លាំងៗ​លើព្រឹត្តការណ៍​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​នេះ។

លោក​ Libri ថ្លែង​ថា៖ «វា​មិន​គួរ​ក្លាយ​ទៅ​ជា​យ៉ាង​នេះ​សោះ។ ច្បាស់ណាស់ រាល់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ អ្នក​សារព័ត៌មាន​ទទួល​បាន​នូវ​ឱកាស​រិះ​គន់​ខ្លះៗ​ ពី​នេះ​ពីនោះ​ដែរ ប៉ុន្តែ​ស្ថានភាព​ពេល​នេះ​គឺថា មាន​ការ​រិះគន់​ខ្លាំង​ណាស់ ក្នុង​រយៈពេល​ត្រឹម​ពីរបី​ថ្ងៃ មុន​ការ​ប្រកួត​ចាប់ផ្តើម​ដំណើរការ​ប៉ុណ្ណោះ»។

ទោះជា​យ៉ាងណា​ក្តី ក្រុម​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​សង្ឃឹម​ថា នៅ​ពេល​ការ​ប្រកួត​ចាប់​ផ្ដើម ចំណាប់​អារម្មណ៍​របស់​មនុស្ស​នឹង​ងាក​ចេញ​ពី​ជំងឺ​រាតត្បាត​កូវីដ១៩។ ក៏ប៉ុន្តែ​ ការ​បង្វែរ​ចំណាប់​អារម្មណ៍​នេះ ​អាច​ពិបាក​នឹង​កើត​ឡើង​ណាស់។​

លោក Jack Tarrant គឺ​ជា​អ្នកសារព័ត៌មាន​សេរី​ម្នាក់​ប្រចាំ​ទីក្រុង​តូក្យូ។ លោក​និយាយ​ថា មាន​ការ​រឹតត្បិត​ខ្លាំង​ណាស់​លើ​ការ​ចូល​ទៅ​ជួបកីឡាករ​ពី​សំណាក់​ក្រុម​ការងារ​របស់ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន ​ក្រោមគោលការណ៍​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

លោក Tarrant ថ្លែង​ថា៖ «យើង​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ជិត​ក្រុម​អត្ត​ពលិក​ ដើម្បី​ស្គាល់​ពួក​គេ​ឲ្យ​បាន​ច្បាស់ និង​ដឹង​ពី​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ទេ។ ហើយ​ការ​ដឹង​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ទាំង​នេះ​ គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នេះ។ ផ្ទុយ​ទៅ​វិញ អ្វីៗ​នឹង​ធ្វើ​ឡើង​តាម​រយៈ​ការ​សម្ភាសជា​វីដេអូ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទៅវិញ»។

ហើយ​ដើម្បី​បង្កើតទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​ទស្សនា ក្រុម​អ្នក​រៀប​ចំ​កម្មវិធី​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​តាម​អ៊ីនធឺណិត។ អ្នក​គាំទ្រ​អាច​បង្ហោះ​រូបភាព​សែលហ្វី ដែល​នឹង​លេច​ឡើង​នៅ​លើ​ផ្ទាំង​បង្ហាញ​រូបភាព​ធំៗ​ជា​សាធារណៈ។ ពួក​គេ​ក៏​អាច​សរសេរ​ពាក្យ​ថា «អបអរសាទរ» ​តាម​អន​ឡាញ ហើយសារ​អបអរ​នោះ​នឹងផ្សព្វផ្សាយ​ក្នុង​ទម្រង់​ឌីជីថល ​នៅ​លើ​បណ្ដាញ​សង្គម និង​នៅ​លើ​ផ្ទាំង​កញ្ចក់​ទូរទស្សន៍​នៅ​ក្នុង​កីឡដ្ឋាន​ផង​ដែរ។ ក្រុម​អត្តពលិក​ដែល​បាន​បញ្ចប់​ការ​ប្រកួត​ប្រជែង​ក៏​អាច​បង្ហាញ​ប្រតិកម្ម​តប​ទៅ​មិត្ត​ភក្តិ​ និង​ក្រុម​គ្រួសារ​នៅ​ឯ​ប្រទេស​កំណើត​របស់​ខ្លួន ​តាម​រយៈ​សារ​ជា​វីដេអូ​តាម​បណ្តាញ​សង្គម​ផងដែរ។

ប៉ុន្តែ លោក​ Tarrant និយាយ​ថា ​វីធី​បែប​នេះ​ ត្រូវ​បាន​គេ​ព្យាយាម​សាក​ល្បង​ធ្វើ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នានា​នៅ​លើ​ពិភព​លោក​រួច​ហើយ ហើយ​វា​បរាជ័យ ក្នុង​ការ​បង្កើត​ស្មារតី​អបអរ​សាទរ​ជា​រួម​ និង​ពិតប្រាកដ។

លោក​ Tarrant ថ្លែង​ថា៖ «វា​មិនអាច​ដូច​គ្នា​ទេ។ ខ្ញុំ​គិត​ថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ប្រហែល​ជា​ត្រូវ​ការ​ការ​ប្រឹង​ប្រែងបន្ថែម​ទៀត​ដើម្បី​ជំរុញ​ឲ្យ​មាន​ស្មារតី​ចូលរួម​ដ៏​ពិតប្រាកដ ពីព្រោះ​ព្រឹត្តិការណ៍​នេះ​ខុស​ពី​ការប្រកួត​កីឡា​តាម​ក្លឹប​ ឧទាហរណ៍​ដូចជា​នៅ​សហរដ្ឋ​អាមេរិក​ជាដើម។ សម្រាប់​ព្រឹត្តិការណ៍​នេះ​ អ្នក​គាំទ្រ​ហាក់​ដូច​ជា​មិនសូវ​ជា​ចាប់​អារម្មណ៍​ខ្លាំង​លើ​ក្រុម​កីឡាករ ឬ​លើ​កីឡាករណា​មួយឲ្យ​ជាក់​លាក់​នោះ​ទេ។ មនុស្ស​ភាគ​ច្រើនទស្សនា​ព្រឹត្តិការណ៍​អូឡាពិក​នេះ​ម្ដង​ម្កាល​ប៉ុណ្ណោះ។ ដូច្នេះ​យើង​ក៏​មិនគួរ​មាន​ការ​ភ្ញាក់​ផ្អើល​ដែរ នៅ​ពេល​ឃើញ​ទីលាន​ប្រកួត​គ្មាន​មនុស្ស​ចូល​ទស្សនា ហើយ​ដែល​មើល​ទៅ​ហាក់​ដូច​ជាគ្មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ»។

យ៉ាងណាមិញ ពិធី​សម្ពោធ​ចាប់​ផ្ដើម​ការ​ប្រកួត​កីឡាអូឡាំពិក​នៅ​ទីក្រុង​តូក្យូ​ នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​ដូច​ធម្មតា តាម​ប្រពៃណី​របស់​កីឡា​នេះ​កាលពី​ពេល​មុនៗ ដោយ​មាន​ការ​ដើរ​ក្បួន​ព្យុហយាត្រា​របស់​ក្រុម​កីឡាករ ការ​សម្ដែង​តន្ត្រី​ និង​ការ​បាញ់​កាំជ្រួច។

ក៏​ប៉ុន្តែ​ មនុស្ស​ត្រឹមតែ​ជាង​១​ពាន់​នាក់​ប៉ុណ្ណោះ​ត្រូវ​គេ​រំពឹង​ថា ​នឹង​អាច​ចូលរួម​ព្រឹត្តិការណ៍​បើក​សម្ពោធ​នេះ​បាន។ នេះ​មាន​ន័យ​ថា ​ភាគ​ច្រើន​នៃ​កៅអី​សម្រាប់​អ្នក​ចូលរួម​សរុប​ប្រមាណ ៦ម៉ឺន​កៅអី​នៅ​ក្នុង​កីឡដ្ឋាន​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់ ១,៤ ពាន់​លាន​ដុល្លារ នឹង​គ្មាន​មនុស្ស​អង្គុយ។ ហើយ​កីឡដ្ឋាន​ដ៏​ថ្លៃ​មួយ​នេះ​ ត្រូវ​បាន​គេ​សាង​សង់​ឡើង​ក្នុង​គោល​បំណង​សម្រាប់​តែ​ព្រឹត្តិការណ៍​នេះ​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG