ដូចបានគ្រោងទុក រដ្ឋសភាដែលមានតែសមាជិកមកពីគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានលើកដៃអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតប្រេងកាត ដែលមាន៩ជំពូក និង៧២មាត្រា។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋសភាឱ្យដឹងថា «រដ្ឋសភាបានអនុម័តយល់ព្រមលើខ្លឹមសារសេចក្តីព្រាងច្បាប់ទាំងមូលមានចំនួន ១០៨ សំឡេង» តំណាងរាស្ត្រដែលមានវត្តមានក្នុងរដ្ឋសភា នៅព្រឹកថ្ងៃចន្ទនេះ។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតប្រេងកាតត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១៧ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KrisEngergy សម្រាប់អភិវឌ្ឍន៍អណ្ដូងប្រេងកាតក្នុងប្លុក A នៃដែនសមុទ្រកម្ពុជា ដែលនៅចម្ងាយឆ្ងាយពីឆ្នេរសមុទ្រកម្ពុជា។
មន្ត្រីអង្គការសង្គមស៊ីវិលកាលពីសប្តាហ៍កន្លងទៅបានបង្ហាញក្តីបារម្ភពីការបង្កហានិភ័យផ្នែកបរិស្ថាន ក្នុងដែនសមុទ្រកម្ពុជា ចំពោះការទាញយកប្រេងកាតពីក្នុងសមុទ្រ៕