នៅថ្ងៃចន្ទសប្តាហ៍ក្រោយ រដ្ឋសភាជាតិកម្ពុជា នឹងបន្តសម័យប្រជុំលើកទី២ នីតិកាលទី៦ ដោយធ្វើការអនុម័តលើស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផល ប្រេងកាត បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងតាំងពីពីរឆ្នាំមុនជាមួយនឹងក្រុមហ៊ុនរុករកប្រេង KrisEnergy។
រដ្ឋសភាជាតិនឹងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាតនៅក្នុង សម័យប្រជុំលើកទី២ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទសប្តាហ៍ក្រោយ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ដែលមាន៩ជំពូក និង៧២មាត្រានេះ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៧ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន KrisEnergy បានចុះកិច្ចព្រមព្រៀងជាមួយគ្នាសម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតនៅក្នុងប្លុក A នៃដែនសមុទ្រកម្ពុជា។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានប្រាប់ VOA ថាកម្ពុជាអាចទាញយកធនធានធម្មជាតិដែលខ្លួនមានដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិប៉ុន្តែលោកមិនអាចបញ្ជាក់បានថាពេលណាកម្ពុជានឹងអាចទទួលបានផលនេះឡើយ។
លោកបាននិយាយថា៖
«ប្រទេសណាក៏ដោយតែមានធនធានធម្មជាតិគេត្រូវតែជីកយកមកធម្មតាដើម្បីនឹង ជាធនធានរបស់រដ្ឋរបស់ប្រទេសជាតិហ្នឹងហើយ ហើយយកមកបម្រើដល់ផលប្រយោជន៍ប្រទេសជាតិ អាហ្នឹងមានអីចម្លែក»។
VOA មិនអាចសុំការអធិប្បាយពីមន្ត្រីនៃស្ថាប័នពាក់ព័ន្ធ ដូចជាលោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃ ក្រសួងរ៉ែនិងថាមពល និងអ្នកស្រី និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា ដោយពួកគាត់ថាកំពុងជាប់ប្រជុំ។
យ៉ាងណាក៏ដោយ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ត្រូវបានគេដកស្រង់សម្តី ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាជាតិកម្ពុជាថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត នឹងអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិនិងរួមចំណែកអភិវឌ្ឍវិស័យប្រេងកាតនៅកម្ពុជាផងដែរ។
ខណៈដែលសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត អាចនឹងត្រូវបានអនុម័តនៅថ្ងៃចន្ទនេះ លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានបង្ហាញក្តីបារម្ភ ថាការរុករកប្រេងនៅកម្ពុជាអាចនឹងបង្កឲ្យមានហានិភ័យផ្នែកបរិស្ថាននៅក្នុងដែនសមុទ្រ។
លោក សន ជ័យ បាននិយាយថា៖
«ការរុករកប្រេងនេះគឺជាដំណើរភ័យផង អរផង អ៊ីចឹងទៅដើម្បីកាត់បន្ថយអារឿងភ័យហ្នឹង យើងចង់ឲ្យរដ្ឋសភាហ្នឹងអឺ ពិនិត្យពិច័យឲ្យបានច្រើនមុននឹងមានការដាក់ឲ្យមានការអនុម័តទៅលើសេចក្តីព្រាងច្បាប់នេះ»។
លោក ឡេង ប៉េងឡុងបានច្រានចោលការបារម្ភនេះ ដោយលោកបាននិយាយថាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត មានអត្ថន័យគ្រប់គ្រាន់ដើម្បីការពារអត្ថប្រយោជន៍ប្រទេសជាតិនិងបង្កាហានិភ័យផ្សេងៗ៕