ការសម្រេចមិនអនុញ្ញាតឲ្យអភិវឌ្ឍទីក្រុងរណបលើផ្ទៃដីប្រមាណ១ពាន់ហិកតាមានទាំងដីបឹងផងនោះស្ថិតក្នុងស្រុកល្វាឯមខេត្តកណ្តាល ត្រូវបានសាទរដោយអ្នកតាមដានក្នុងប្រទេសកម្ពុជា ប៉ុន្តែពួកគេចង់ឃើញរដ្ឋាភិបាលរក្សាបឹងជាកន្លែងស្តុកទុកឲ្យបានច្រើន។
កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចមិនយល់ព្រមលើសំណើរបស់ក្រុមហ៊ុនមួយឈ្មោះ«សំណង់ឈ្នះឈ្នះ» ដែលចង់អភិវឌ្ឍទីក្រុងរណបមួយនៅក្នុងឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល នៅលើដីប្រមាណ១ពាន់ហិកតា ដែលមានទាំងបឹងរដ្ឋផងដែរ។
សំណើរបស់ក្រុមហ៊ុននេះត្រូវបានស្នើតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកណ្តាល ហើយស្ថាប័នទាំងពីរនេះបានសម្រេចបញ្ជូនសំណើនេះបន្តទៅប្រមុខរដ្ឋាភិបាលដើម្បីសម្រេច។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានច្រានចោល ហើយបានប្រាប់ក្រសួងកសិកម្មឲ្យបញ្ឈប់ការស្នើសុំការអភិវឌ្ឍន៍នៅតំបន់នោះតទៅទៀត។
លិខិតមួយច្បាប់របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថាក្រុមហ៊ុន«សំណង់ឈ្នះឈ្នះ» បានស្នើសុំការអនុញ្ញាតជាគោលការណ៍ទិញដីរដ្ឋទំហំ១ពាន់ហិកតា ក្នុងឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីរៀបចំតំបន់ទីក្រុងរណបបែបទំនើប និងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែរដ្ឋាភិបាលសម្រេចមិនផ្តល់ឲ្យ។ លិខិតបញ្ជាក់ថារដ្ឋាភិបាលចង់រក្សាទុកផ្ទៃបឹងធម្មជាតិនេះសម្រាប់ជាប្រយោជន៍សាធារណៈ និងជីកឲ្យបានជ្រៅ ដើម្បីរក្សាទុកទឹក។
នៅក្នុងលិខិតនោះ លោក ហ៊ុន សែន ក៏ប្រាប់ទៅក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកណ្តាល«ត្រូវបញ្ឈប់ការទទួល និងលើកសំណើដីតំបន់នេះតទៅទៀត»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃសុក្រនេះ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាក្រុមការងារខេត្តកណ្តាលជាមួយមន្រ្តីក្រសួងកសិកម្ម បានពិនិត្យសំណើរបស់ក្រុមហ៊ុន ហើយបន្តបញ្ជូនទៅរដ្ឋាភិបាល ប៉ុន្តែការសម្រេចយ៉ាងណា គឺលោកធ្វើតែទៅតាមគោលការណ៍និងការសម្រេចរបស់ប្រមុខរដ្ឋាភិបាលតែប៉ុណ្ណោះ។ លោកបន្តថាក្រុមហ៊ុនបានដាក់សំណើជួលដីរដ្ឋ១ពាន់ហិកតានេះ គឺដោយសារតែក្រុមហ៊ុនមើលឃើញពីសក្តានុពលក្នុងភូមិសាស្រ្តនោះ និងបានស្នើសុំតាមរយៈក្រសួងកសិកម្ម និងអាជ្ញាធរខេត្តកណ្តាល។
លោកថ្លែងថា៖ «ក្រុមហ៊ុនគាត់(ក្រុមហ៊ុនសំណង់ឈ្នះ ឈ្នះ)សម្លឹងឃើញខេត្តកណ្តាល។ ក្រុមហ៊ុនទូទៅទូទាំងប្រទេស ឥឡូវ (គឺ) គេសម្លឹងឃើញខេត្តកណ្តាលជាខេត្តដែលមានការអភិវឌ្ឍន៍បន្ទាប់ពីទីក្រុងភ្នំពេញ។ ហើយទោះបីនៅក្នុងកម្រិតកូវីដ១៩ពិតមែនប៉ុន្តែចង់និយាយថាការវិនិយោគ ការចរាចរអចលនទ្រព្យទិញលក់(ដីធ្លី) (និង)ចំណូលពន្ធ(រដ្ឋ)ផ្សេងៗវានៅមានដំណើរការល្អប្រសើរច្រើនជាងបណ្តាកន្លែងផ្សេងៗ»។
មន្ត្រីម្នាក់ដែលធ្វើការនៅក្រុមហ៊ុន«សំណង់ឈ្នះ ឈ្នះ» ដែលដឹងពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុននៅស្រុកល្វាឯម ថ្លែងថាក្រុមហ៊ុនបានឃើញពីសក្តានុពលនៃតំបន់នោះដែលមិនទាន់មានការអភិវឌ្ឍន៍ច្រើននៅឡើយ ទើបក្រុមហ៊ុនដាក់ពាក្យស្នើសុំរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍នៅតំបន់នោះ។
លោកប្រាប់វីអូអេដោយមិនចង់បង្ហាញឈ្មោះរបស់លោក យ៉ាងដូច្នេះថា៖ «ចក្ខុវិស័យយើងយើងឃើញតំបន់ហ្នឹងគួរតែដល់ពេលត្រូវអភិវឌ្ឍ ហើយយើងចង់ឈរជាមួយក្រុមហ៊ុនផ្សេងៗ ទៀតដើម្បីជុំរុញការអភិវឌ្ឍន៍ខាងទន្លេមេគង្គ ដែលមានទីតាំងជាប់ទីក្រុងភ្នំពេញ»។
រដ្ឋាភិបាលកម្ពុជារងការរិះគន់ពីការលុបបឹងក្នុងទីក្រុងភ្នំពេញជាបន្តបន្ទាប់ ដូចជាបឹងកក់ បឹងទំពុន និងបឹងតាមោកជាដើម ដែលនាំឲ្យមានការព្រួយបារម្ភបាត់បង់អាងស្តុកទឹក ដែលនាំឲ្យទីក្រុងជន់លិច ពេលមានភ្លៀងធ្លាក់ខ្លាំង។ ប៉ុន្តែការមិនអនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុន ដើម្បីរក្សាទុកបឹងរដ្ឋនេះ ត្រូវបានអ្នកតាមដាននៅកម្ពុជាបានបង្ហាញការគំាទ្រ ហើយពួកគេក៏ចង់ឲ្យរដ្ឋាភិបាលសិក្សាឲ្យបានស៊ីជម្រៅ មុននឹងជួលដីរដ្ឋឲ្យទៅក្រុមហ៊ុនណាមួយ។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិរបស់សមាគមបណ្ដាញយុវជនកម្ពុជា(Cambodian Youth Network) ជំរុញអាជ្ញាធរនិងរដ្ឋាភិបាលសិក្សាគម្រោងអភិវឌ្ឍន៍គម្រោងដីសម្បទាននិងការលក់ដីរដ្ឋឲ្យបានច្បាស់លាស់ហើយបង្ហាញជាសាធារណៈជាពិសេសត្រូវតែមានការចូលរួមផ្តល់យោបល់ពីភាគីពាក់ព័ន្ធ។ លោកបន្តថាកន្លងទៅ លោកមើលឃើញថាដីរដ្ឋជាច្រើនកន្លែង ត្រូវបានកាត់លក់ជាបន្តបន្ទាប់ជាពិសេសដីព្រៃនិងបឹងធម្មជាតិ ដែលវាធ្វើឲ្យបាត់បង់ប្រព័ន្ធអេកូឡូស៊ី ជាពិសេសប្រភពទឹក។
លោក ហេង គឹមហុង ប្រាប់វីអូអេថា៖ «មានតែការផ្តល់ជាជំហរនូវមូលហេតុសមរម្យ ហើយសមស្របនិងមានការចូលរួមពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ និងការធ្វើការវាយតម្លៃឲ្យបានស៊ីជម្រៅតាមរយៈកម្មវិធីវាយតម្លៃ(ផល)ប៉ះពាល់បរិស្ថាន ដែលយើងអាចដឹងដែលយើងអាចឲ្យគ្រប់ភាគីទាំងអស់ទាំងសង្គមស៊ីវិល ទាំងប្រជាពលរដ្ឋដែលជាអ្នកទទួលរង[ផលប៉ះពាល់ដោយ]ផ្ទាល់នៃការអភិវឌ្ឍន៍មួយនោះ គាត់អាចដឹង(និង)អាចឮ ដែលធ្វើឲ្យពួកគាត់គិតថាគម្រោងអភិវឌ្ឍន៍នោះ នឹងមានសារៈសំខាន់អ្វីខ្លះសម្រាប់ពួកគាត់ និងសេដ្ឋកិច្ចជាតិ»។
អ្នកតាមដានក៏បានបង្ហាញការអបអរសាទរ និងគាំទ្រនូវចំណាត់របស់រដ្ឋាភិបាល តាមរយៈការបង្ហាញមតិរបស់ពួកគេលើបណ្តាញសង្គមហ្វេសប៊ុក។
លោក យ៉ង សាំងកុមារ អ្នកជំនាញផ្នែកកសិកម្មម្នាក់ និងជាអ្នកនយោបាយមួយរូបមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរសារនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា៖ «នៅមានបឹងច្រើនទៀតដែលត្រូវរក្សាទុកនិងជីកឲ្យជ្រៅ ហើយដាំព្រៃលិចទឹកឡើងវិញបង្កើតជាកន្លែងជម្រកត្រីធម្មជាតិ»។
ចំណែកលោក ចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយនិងជាអ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចមួយរូប ក៏បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក ដោយគាំទ្រនូវការសម្រេចរបស់រដ្ឋាភិបាលក្នុងការមិនផ្តល់បឹងធម្មជាតិនេះសម្រាប់ការអភិវឌ្ឍន៍។ លោកបន្តថាកាលពីកន្លងទៅ លោកមើលឃើញថាបឹងជាច្រើនត្រូវបានលុបដែលធ្វើឲ្យលោកមាន«ការខកចិត្តខ្លាំង»។
លោកសរសេរយ៉ាងដូច្នេះថា៖ «កន្លងមកខ្ញុំមានការខកចិត្តខ្លាំងដែលបឹងជាច្រើនកន្លែងត្រូវបានលុបបំបាត់ដើម្បីមហិច្ឆតា។ មានពេលមួយនោះខ្ញុំចង់សសេរថាបើទិញផ្ទះជាប់បឹងមិនប្រាកដថានឹងបាននៅជាប់មាត់ទឹកយូរអង្វែងទេ។ បើចង់នៅក្បែរទឹក សូមកុំទិញដីនៅក្បែរមាត់បឹង សូមទិញដីនៅក្បែរមាត់ទន្លេពីព្រោះគេមិនងាយលុបទន្លេបានទេ»។
គួរបញ្ជាក់ថាភូមិសាស្រ្តស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ដែលព័ទ្ធដោយទន្លេ ត្រូវបានរំពឹងថានឹងក្លាយជាប៉ូលសេដ្ឋកិច្ចមួយទៀតដែលនៅជិតរាជធានីភ្នំពេញ ខណៈក្រុមហ៊ុនមួយចំនួន រួមមានក្រុមហ៊ុន ឃុន សៀ កំពុងអភិវឌ្ឍតំបន់នោះ ហើយក្រុមហ៊ុននេះកាលពីដើមខែកក្កដា ក៏ត្រូវបានរិះគន់អំពីការចាក់ថ្មចូលទឹកទន្លេ ដើម្បីពង្រីកដីផងដែរ៕