ប្រជានេសាទក្នុងបឹងតាមោក ដែលស្ថិតនៅជាយរាជធានីភ្នំពេញ និយាយថា ពួកគាត់មិនបានដឹងអំពីគម្រោងអភិវឌ្ឍន៍ថ្មីៗនៅក្នុងបឹងនេះឬក៏កាត់ចំណែកណាមួយនៃផ្ទៃបឹងនេះឲ្យទៅបុគ្គលណាឡើយ។ ប៉ុន្តែអ្វីដែលពួកគាត់បារម្ភកាន់តែខ្លាំងគឺការធ្លាក់ចុះផលនេសាទនៅក្នុងបឹងទំហំជាង៣ពាន់ហិកតានេះ ខណៈមានកំណើននៃចំនួនស៊ង ឬទីកន្លែងបង្ខាំងត្រី ឬហៅម្យ៉ាងទៀតថា ទីដែលហ៊ុមព្រួលបញ្ចូលត្រី។
បឹងតាមោក ឬបឹងទំនប់កប់ស្រូវ ដែលមានផ្ទៃដីចំនួន៣២៣៩ហិកតា ត្រូវបានរដ្ឋាភិបាលដាក់ជាទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ តាមរយៈអនុក្រឹត្យមួយកាលពីខែកុម្ភៈ ឆ្នាំ២០១៦។ ក្រោយមក ផ្ទៃបឹងចំនួន៧៥ហិកតាត្រូវបានកាត់ឲ្យសាលារាជធានីភ្នំពេញ ដើម្បីបង្កើតសួន និងឧទ្យានធម្មជាតិសាធារណៈ។ នេះបើតាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី១៣ខែមីនាឆ្នាំ២០២០។
បន្ទាប់មកទៀត នៅថ្ងៃទី២៧ ខែមេសា ទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចប្រគល់ផ្ទៃបឹងតាមោកទំហំ៣០ហិកតា ឲ្យទៅលោកស្រី គឹម ហ៊ាង ដែលគេស្គាល់ថាជាភរិយាលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាចនិងជាអ្នកជំនួញដ៏មានឥទ្ធិពលមួយរូប។ លិខិតរបស់រដ្ឋាភិបាលមិនបានបញ្ជាក់ឲ្យច្បាស់លាស់អំពីការកាត់ដីនេះទេ ដោយគ្រាន់តែបញ្ជាក់ថា នេះជាការដោះដូរដីដែលលោកស្រី គឹម ហ៊ាង ប្រគល់ដីជិត១០ហិកតាស្ថិតនៅភាគខាងកើតវិមានឈ្នះ-ឈ្នះ នៅតំបន់ទីក្រុងរណបមួយក្នុងសង្កាត់ព្រែកព្នៅ និងនៅអតីតទីលានចាក់សំរាមស្ទឹងមានជ័យក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ។
VOA បានចុះទៅសាកសួរប្រជាពលរដ្ឋនៅតំបន់បឹងតាមោកកាលពីថ្ងៃអង្គារ ដោយបានសាកសួរប្រជានេសាទមួយចំនួន។ ប៉ុន្តែពួកគេមិនដឹងច្រើនអំពីគម្រោងអភិវឌ្ឍន៍នៅទីនោះទេ។
លោក អ៊ុត អាន អាយុ៥៧ឆ្នាំ ប្រជានេសាទមួយរូបមកពីស្រុកស្អាងខេត្តកណ្តាល ប្រាប់វីអូអេ នៅកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ការនេសាទក្នុងបឹងតាមោកថា លោកមិនបានដឹងពីការដោះដូរផ្ទៃបឹងទេ តែអ្វីដែលលោកបានឃើញនៅក្នុងបឹងគឺកំណើនស៊ងត្រី។
លោកនិយាយថា៖«បឹងកាលពីមុនវាលល្វឹង។ ប្រជាពលរដ្ឋយើងរកខាងនេសាទហ្នឹងរុញកំពិស រុញត្រីនាយអាយ បានត្រឹមម៉ាហូបចុកអី ម៉ារស់ ដល់ឥឡូវ។ បច្ចុប្បន្នឥឡូវនេះ យួនវាបោះយកអស់ហើយ។ដី មានកន្លែងណារុញទៀត ណែនពេញបឹងទាំងអស់។បងឯងជិះទូកទៅមើលហើយ បើថាពេញបឹង មិនពេញបឹងចាំមកសួរប្រជាជនប្រជាពលរដ្ឋ»។
អ្នកនេសាទរូបនេះបន្តថា រដ្ឋាភិបាលគួរតែថែរក្សាឲ្យបាននូវទំហំផ្ទៃបឹងនេះឲ្យនៅធំដែលនឹងផ្តល់ឱកាសឲ្យប្រជានេសាទ ឬពលរដ្ឋផ្សេងទៀត ទាញផលប្រយោជន៍ពីបឹងនេះ។ លោកបន្ថែមថា ប្រសិនបើចាក់ដីលុបបឹងនេះ វានឹងកាន់តែរួញទៅ ហើយអ្នកនេសាទនឹងលែងមានឱកាសរកផលនេសាទទៅថ្ងៃខាងមុខ។
«មានតែចាកចេញទៅ! ដូចខ្ញុំនិយាយអ៊ីចឹង មានតែចំណាកស្រុក ហើយទៅធ្វើយួរកំបោរឲ្យគេទេ។ បើរកខ្លួនឯងអត់បានហើយ មានតែស៊ីឈ្នួលគេ»។
អ្នកនេសាទមួយរូបទៀត លោក ហ៊ន ចាន់ និយាយថា លោកមិនដឹងប្រាកដថា ស៊ងទាំងនោះសុទ្ធតែជារបស់ជនជាតិវៀតណាម ឬយ៉ាងណានោះទេ ប៉ុន្តែលោកបានកត់សម្គាល់នូវការថយចុះប្រាក់ចំណូល ដោយសារតែកំណើននៃស៊ងដែលកើនឡើងខ្លាំងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។
«មុន[រកបាន]១០ម៉ឺនរៀល។ ឥឡូវ[រកបាន]តែបួនម៉ឺនប្រាំម៉ឺន ពីរម៉ឺនរៀលអីអស់ហើយ... រួចតែលុយសាំងឥឡូវ ព្រោះមានកន្លែងណារកស៊ី?»
បើតាមការសង្កេតតាមរយៈការធ្វើដំណើរដោយទូកនៅក្នុងបឹងតាមោកនេះ ស៊ងដែលមិនអាចរាប់ចំនួនអស់នោះ ត្រូវបានគេដាក់ពង្រាយនៅក្នុងផ្ទៃបឹង។ ប្រជានេសាទខ្មែររាប់សិបគ្រួសារកំពុងរស់នៅក្នុងបឹងនិងនៅតាមព្រំប្រទល់នៃបឹងនេះ។
បើយោងតាមរបាយការណ៍របស់សមាគមធាងត្នោតដែលមានដាក់ចំណងជើងថា៖«បឹងចុងក្រោយក្នុងរាជធានីភ្នំពេញ» បឹងតាមោក ឬបឹងទំនប់កប់ស្រូវ គឺជាបឹងដែលធំជាងគេបំផុតនៅក្នុងរាជធានីភ្នំពេញ។ បឹងនេះស្ថិតក្នុងសង្កាត់ចំនួន៥នៃខណ្ឌព្រែកព្នៅ និងខណ្ឌកំបូល។
បើតាមរបាយការណ៍នេះ បឹងតាមោកមានប្រជាពលរដ្ឋចំនួន៣១៩គ្រួសារកំពុងរស់នៅ ដែលភាគច្រើនរស់នៅក្នុងព្រំប្រទល់នៃបឹង ឬរស់នៅតាមព្រំប្រទល់បឹង។ ភាគច្រើននៃគ្រួសារទាំងនោះជាអ្នកនេសាទ និងស្ត្រីដែលប្រកបរបរដាំដំណាំលើផ្ទៃបឹងនិងបោកគក់ខោអាវ លាងចាន ហើយនិងប្រើប្រាស់បឹងសម្រាប់ធ្វើជាបង្គន់អនាម័យផងដែរ។ មិនមានគ្រួសារណាមួយមានប្លង់កម្មសិទ្ធិដីធ្លីនោះទេ ដែលធ្វើឲ្យពួកគេងាយរងគ្រោះពីការបណ្តេញចេញដោយបង្ខំ។
សមាគមធាងត្នោតឲ្យដឹងថា គម្រោងរៀបចំបឹងតាមោកនៅមានភាពស្រពិចស្រពិល។ ខ្នងទំនប់នៃបឹង ត្រូវបានអភិវឌ្ឍឲ្យទៅជាមហាវិថីឈ្នះ-ឈ្នះ ហើយផ្ទៃបឹងចំនួន២០ហិកតា បច្ចុប្បន្នកំពុងត្រូវបានចាក់លុប ដើម្បីបង្កើតជាផ្សារបន្លែធំមួយសម្រាប់ផ្គត់ផ្គង់នៅក្នុងរាជធានីភ្នំពេញ។
ប្រជានេសាទក្នុងបឹងតាមោកមួយចំនួនទៀតបានបង្ហាញការបារម្ភចំពោះការកាត់ និងបែងចែកផ្ទៃបឹងតាមោកដែលបានធ្វើឡើងជាហូរហែមកនេះ។ ពួកគាត់និយាយថា ទីក្រុងភ្នំពេញអាចប្រឈមនឹងការជន់លិច ប្រសិនបើផ្ទៃបឹងនេះ កាន់តែរួមតូចទៅនោះ។
អ្នកស្រី ហ៊ រ៉ាវី វ័យ២៨ឆ្នាំ ជាពលរដ្ឋម្នាក់រស់នៅទីនោះ និយាយថា៖ «ផលប្រយោជន៍ដូចថា លូអី មិនមកបង្ហូរពីហ្នឹង? ហើយបើបិទពីហ្នឹងទៅ លូក្នុងក្រុងភ្នំពេញមានទៅណា? ត្រូវបង្ហូរទៅណាវិញ? ចង់សួរចឹង។ ដល់ហើយប្រជាពលរដ្ឋខ្មែរគឺច្រើនណាស់រកស៊ីនៅហ្នឹងច្រើនណាស់»។
ស្ត្រីដែលជាម្តាយមានកូនពីរនាក់រូបនេះបន្ថែមថា គ្មានប្រជានេសាទណាម្នាក់ហ៊ានប្រឆាំងនឹងការអភិវឌ្ឍក្នុងតំបន់បឹងតាមោកនោះទេ ប៉ុន្តែការរកផលនេសាទកាន់តែប្រឈមនឹងការលំបាករួចទៅហើយ នៅពេលមានការដាក់ពង្រាយស៊ងនៅក្នុងបឹងដែលជាការបារម្ភមួយបន្ថែមលើការចាក់ដីលុបបឹងនេះ។
«ប៉ុន្តែសុំសំណូមពរខ្លាំងជាងគេ គឺស៊ងហ្នឹងតាហ្មង! បើអត់ស៊ងហ្នឹងរកអីក៏ស្រួលដែរ។ ប្រជាជន តែបើមានស៊ងចប់ហើយ ដាច់បាយរកតែលុយបង់ឲ្យរដ្ឋលែងមានហើយ»។
បើតាមរបាយការណ៍របស់សមាគមធាងត្នោតចេញផ្សាយកាលពីចុងឆ្នាំ២០១៩ បឹងតាមោកគឺជាអ្នកការពារទឹកជំនន់ ទប់ទល់នឹងលំហូរទឹកមកពីភាគខាងជើង។ ទំនប់បឹងតាមោកជួយបង្វែរលំហូរទឹកពីភាគខាងជើងឲ្យទៅភាគខាងកើតវិញឬរក្សាផ្ទុកទឹកទំហំធំ។ ទំនប់ដែលលាតសន្ធឹងពីកើតទៅលិចតាមបណ្តោយភាគខាងត្បូងនៃបឹងនេះបង្ការទឹកជំនន់មកពីខាងជើងបានយ៉ាងមានប្រសិទ្ធភាព ដោយមិនឲ្យទឹកហូរចូលមកទីក្រុង ហើយជន់លិចមួយផ្នែកធំនៃទីក្រុង។
ជាផ្នែកមួយនៃការបង្ការការកើតមានឡើងនៃគ្រោះមហន្តរាយជំនន់ទឹកភ្លៀង រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ កាលពីពេលថ្មីៗនេះ បានជំរុញអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តទាំងអស់ឲ្យជួយទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក និងបឹងបួ។ លោកបញ្ជាក់ថា សេដ្ឋកិច្ចរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបាននាំឲ្យមានកំណើនសាងសង់គួរឲ្យកត់សម្គាល់។
អភិបាលខណ្ឌព្រែកព្នៅ លោក សុខ សម្បត្តិបដិសេធមិនផ្តល់ការអត្ថាធិប្បាយនៅថ្ងៃពុធនេះ ដោយលោកជាប់ប្រជុំ។ អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ក៏បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយ ដោយបានបង្វែរសំណួរទៅលោក មាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ប៉ុន្តែអ្នកនាំពាក្យរូបនេះមិនលើកទូរស័ព្ទ។វីអូអេក៏បានព្យាយាមទាក់ទងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែនៅមិនអាចសុំការអត្ថាធិប្បាយបានទេ។
ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្បែរបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ និយាយថា ពួកគាត់មិនបានដឹងបញ្ហានៃការដាក់ស៊ងក្នុងបឹងតាមោក ឬបឹងកប់ស្រូវនេះទេ។ ពួកគាត់ក៏មិនបានដឹងអំពីគម្រោងអភិវឌ្ឍន៍នានាក្នុងតំបន់បឹងតាមោកនេះដែរ។ ប៉ុន្តែអ្វីដែលពួកគាត់ បានលើកឡើងនោះគឺជំនន់ទឹកភ្លៀង ដែលអាចកើតមាន ប្រសិនបើបឹងដ៏ធំនេះ ត្រូវបានគេចាក់ដីលុបបំពេញសម្រាប់ការអភិវឌ្ឍ៕