ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​លីកាដូ៖​ សកម្មជន​បរិស្ថាន​ដែល​ត្រូវ​បាន​កាត់​ទោស​ហើយ ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​បទ«រួម​គំនិត​ក្បត់»​បន្ថែម​ទៀត


រូបឯកសារ៖ លោក​ ថុន រដ្ឋា​ កញ្ញា​ ឡុង គន្ធា និង​កញ្ញា ​ភួន កែវរស្មី​ (ពី​ឆ្វេង​មក​ស្តាំ) ​ជា​សកម្មជនការពារបរិស្ថាន ដែល​ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​យ៉ាងតិច ១៨ខែ ពីបទញុះញង់។

សកម្មជន​បរិស្ថាន​៣​នាក់​ដែល​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ញុះញង់ ត្រូវប្រឈម​នឹង​បទចោទថ្មីមួយ​ទៀត​គឺ​បទ«​រួម​គំនិត​ក្បត់» ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​អង្គការ​លីកា​ដូ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២១ ​ខែ​កក្កដា​នេះ។

កាល​ពី​ខែ​ឧសភា សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​សកម្មជន​មាតា​ធម្ម​ជាតិ​ទាំង​៣​នាក់ គឺ​កញ្ញា ភួន កែវ​រស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​១៨​ខែ​ដល់​២០​ខែ ពី​បទ​ញុះញង់ ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​របស់​ពួក​គេ​ក្នុង​ការ​ការពារ​បរិស្ថាន​កាល​ពី​កន្លង​មក។

អង្គការ​លីកាដូ​បញ្ជាក់​ថា​ក្នុង​សប្តាហ៍​នេះ ពួកគេ​ទាំង​៣​នាក់​ត្រូវ​បាន​នាំ​ខ្លួន​មក​សាក​សួរ​បន្ថែម​នៅ​តុលាការ ដោយ​មិន​មាន​វត្តមាន​របស់​មេធាវី​ការពារ​ក្តី​នោះ​ទេ។ អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​មួយ​នេះ​បន្ថែម​ថា​ពួកគេ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់ពី​បទ​«រួម​គំនិត​ក្បត់​នេះ» ពាក់ព័ន្ធ​នឹង​សំណុំ​រឿងជាមួយសកម្មជនបរិស្ថាន៣នាក់ផ្សេង​ទៀត​ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីខែមិថុនា​ ​ឆ្នាំ​២០២១ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​រឿង​ប្រមាថ​ព្រះ​មហាក្សត្រ និង​រួម​គំនិត​ក្បត់។

អង្គការ​នេះ​បញ្ជាក់​ថា៖ «​ក្រុម​មេធាវី​ដែល​ការពារ​ក្ដី​ឲ្យ​ពួកគេលើក​មុន​មិន​បាន​ដឹងពីការ​បញ្ជូនពួក​គេ​ចេញ​ពីពន្ធ​នា​គា​រ​ ​ទៅ​តុលា​ការ​ ​ដើម្បី​ធ្វើ​ការ​សាក​សួរនោះ​ទេ​ ​ដូចនេះ​មិនមានវត្តមានរបស់​មេធាវីការ​ពារ​ជន​ជាប់​ចោទនៅក្នុងដំណើរការ​នៃការ​សាកសួរ​នេះ​ទេ»។

គួរ​បញ្ជាក់​ថា​ពួកគេ​ទាំង​៣​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២០ ចំពោះ​សកម្ម​ភាព​លើ​បណ្តាញ​សង្គម​ដែល​ផ្សព្វផ្សាយ​អំពី​គម្រោង​ដើរ​ថ្មើរ​ជើង​ទៅ​កាន់​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ក្បែរ​វិមាន​ឯករាជ្យ ដើម្បី​បង្ហាញ​ក្តី​កង្វល់​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ថ្មីៗ​នៅ​តំបន់​បឹង​តាមោក៕

XS
SM
MD
LG